Showing posts with label ជាតិ. Show all posts
Showing posts with label ជាតិ. Show all posts

នាវាយក្ស ២គ្រឿង ដឹកភ្ញៀវទេសចរជាង ២ពាន់នាក់ ចូលចត​នៅកំពង់ផែ​ព្រះសីហនុ



(ព្រះសីហនុ)៖ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅវេលា​ម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែ​មករា ឆ្នាំ២០១៧នេះ នាវា​ទេសចរណ៍ខ្នាតយក្ស​ចំនួន ២គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រួមជាមួយអ្នកដំណើរ និងភ្ញៀវទេសចរជាង ២ពាន់នាក់។

កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងថា នា​វាទី១ ឈ្មោះ SEABOURN SOJOURN ផ្ទុក​អ្នកដំណើរ​ចំនួន «៤៤៩នាក់ (ស្រី២១៦នាក់)» មាន ២៥សញ្ជាតិ ក្នុងនោះភ្ញៀវ​អាមេរិក ២១០នាក់ និងភ្ញៀវអង់គ្លេស ៧៨នាក់ រួមទាំង​នាវិក​ និងអ្នកបម្រើការចំនួន ៣៥០នាក់ (ស្រី៩៧នាក់)។ នាវានេះ មានបណ្តោយ ១៩៨ម៉ែត្រ ទទឹង២៦ម៉ែត្រ ជម្រៅ ទឹក៦.៤ម៉ែត្រ។

​នា​វាទី២ ឈ្មោះ COSTA VICTORIA ផ្ទុក​អ្នកដំណើរ និង ភ្ញៀវទេសចរចំនួន ១,៩២៨នាក់ រួមទាំង​នាវិក និងអ្នកបម្រើការចំនួន ៧១៨នាក់។ ​នា​វាទាំងពីរ ដែលចូលចតនៅ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុនេះ ជានាវាទី៣ និងទី៤ ហើយ សម្រាប់​ដើមឆ្នាំ២០១៧នេះ។

របាយការណ៍ខាងលើបានបន្ថែមថា នាវា​ទាំងពីរ​នេះ​ បានចេញដំណើរមក​ពី​កំពង់ផែ Laem Chabang ប្រទេស​ថៃ ហើយនឹង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុនៅ​ម៉ោង ៩យប់ថ្ងៃ​ដដែល ដោយ​នា​វាទី១ បន្តដំណើរឆ្ពោះទៅ​កាន់​កំពង់ផែ Hochiminh និង​នា​វាទី២ បន្តទៅកាន់​កំពង់​ផែ Phu Quoc ប្រទេស​វៀតណាម។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា លោកបានចាត់កម្លាំងនគរបាលចេញប្រតិបត្តិការការពារសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាព ជូនភ្ញៀវទេសចរទាំងអស់ រួចជាស្រេចហើយ រហូតដល់នាវាទាំងពីរ ចាកចេញពីខេត្តព្រះសីហនុ៕

Fresh News

វៀត​ណាម​ស្នើ​​កម្ពុជាឲ្យ​ផ្តល់​បរិយាកាស​ងាយ​ស្រួល​ដល់​ប្រជា​ជន​ខ្លួន

នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc (Reuters)

មេដឹក​នាំ​វៀត​ណាម​បាន​ស្នើដល់​កម្ពុជា ​ក្នុងការ​ផ្តល់​បរិយាកាស​ងាយ​ស្រួល​ដល់​អ្នក​រកស៊ី និង​ប្រជា​ជន​ខ្លួនដែល​បាន​មក​រស់​នៅ​និង​រកស៊ី​នៅ​កម្ពុជា ដោយ​ថា​ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរឲ្យ​កាន់តែ​ប្រសើរ នេះ​បើ​តាមខ្លឹមសារចុះផ្សាយរបស់​សារព័ត៌មាន​​វៀតណាមមួយ។

សារព័ត៌មាន ទួយជែរញូវ (Tuoi Tre News) បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១០​ម្សិល​មិញ​ថា ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​លោក​ ស ខេង នៅ​ប្រទេស​វៀត​ណាម​ ​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក ​ង្វៀន ស៊ុងហ៊្វុក បាន​ស្នើដល់​លោក​ ស ខេង ក្នុង​ការ​ផ្តល់​បរិយាកាស​ងាយ​ស្រួល​ដល់​អ្នក​ជំនួញ និង​ប្រជា​ជន​ខ្លួនឲ្យ​រក​ស៊ី ​និង​រស់​នៅ​បាន​ថិត​ថេរ​ ​ដើម្បី​ធ្វើ​ឲ្យ​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​​ទាំង​ពីរ​កាន់​តែ​ប្រសើរ។

បើតាមសារព័ត៌មាន ទួយជែរញូវ​ ដែលដកស្រង់សម្តីលោក លោក ​ង្វៀន ស៊ុងហ៊្វុក បាន​បន្ត​ថា ​ប្រទេស​វៀត​ណាម​ចង់​ឲ្យ​កម្ពុជារក្សា​បាន​នៅ​សន្តិភាព​ ភាព​រីក​ចម្រើន និង​ស្ថេរភាពរបស់​ខ្លួន ហើយ​​ក៏ចង់​ឲ្យ​កង​កម្លាំង​សន្តិសុខ​របស់​ប្រទេស​ទាំង​ពីរ​បន្ត​ផ្លាស់​ប្តូរ​ការ​សិក្សា​ពីគ្នា និងពង្រឹង​យន្តការ​ដែល​មាន​ស្រាប់​សម្រាប់​ទំនាក់​ទំនង​សន្តិសុខ​នេះ។

នាយក​រដ្ឋ​មន្ត្រី​វៀតណាម​បាន​បន្ត​ទៀត​ថា ​គ្រប់​កាលៈទេសៈបែប​ណា​ក៏​ដោយ​ប្រទេ​ស​វៀតណាម​ និង​កម្ពុជា​គួរ​តែ​ស្ថិត​នៅ​ជា​មួយ​គ្នា​ ហើយជា​ការ​ឆ្លើយ​តបលោក​ ស ខេង បាន​ទទួល​យក​សំណើ​នោះ​ដោយ​សន្យា​ថានិង​រៀប​ចំឯកសារ​ក្នុង​ការ​គាំ​ទ្រ​សហគមន៍​វៀត​ណាម​ដែល​រស់​នៅ​កម្ពុជា​នេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដដែល។

ដំណើរ​ទស្សនកិច្ច​របស់​លោក ស ខេង ទៅ​វៀត​ណាម​នេះ បានធ្វើឡើង​មុន​ពេល​នៃ​ការ​ជួប​ចរចារ​​ជា​មួយ​បក្ស​ប្រឆាំង​ នៅក្រោយ​ថ្ងៃ​ទី​១១​ខែមករា​នេះ៕

VOD
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​

ធ្លាយ​រឿងអាស្រូវ​ពុករលួយ​របស់​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​សង្គមកិច្ច​

ភ្នំពេញ: លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា បាន​រង​ការចោទប្រកាន់​ពី​មន្ត្រី​មួយចំនួន​ថា បាន​ប្រើ​អំណាច និង​ឥទ្ធិពល​របស់ខ្លួន​បញ្ចូល​កូន​ឈ្មោះ ឡុង ឈន់ ក្នុង​ក្របខណ្ឌ​ពិសេស​ជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​នៅ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​របស់​ក្រសួង​សង្គមកិច្ច​។
​ជាមួយនឹង​ការចោទប្រកាន់​នេះ មន្ត្រីរាជការ​ទាំងនោះ ក៏បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ពិនិត្យ​លើ​ករណីនេះ​ផង​។​

​យោងតាម​លិខិត​ដាក់ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ទទួលបាន បាន​ឲ្យ​ដឹងថា ក្រសួង ស្ថាប័ន មន្ត្រីរាជការ​ចូល​ក្របខណ្ឌ​រដ្ឋ​តាម​ការប្រឡង និង​ការបញ្ចូល​ពិសេស គឺ​ផ្អែកលើ​សមត្ថភាព​បុគ្គល ប៉ុន្តែ​លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញ វត្ថុ នៃ​ក្រសួង​សង្គមកិច្ច បាន​ប្រើ​ឥទ្ធិពល​និង​អំណាច​បញ្ចូល​កូនបង្កើត​ឈ្មោះ ឡុង ឈន់ ក្នុង​ក្របខណ្ឌ​ពិសេស​ដែល​កំពុង​សិក្សា​នៅក្រៅ​ប្រទេស​។

​យោងតាម​លិខិត​ស្នើសុំ​របស់​ក្រសួង​សង្គមកិច្ច និង​អតីតយុទ្ធជន និង​យុវនីតិសម្បទា ទិ​ស្តីការគណៈរដ្ឋមន្ត្រី ផ្តល់​ក្របខណ្ឌ​ពិសេស​ចំនួន ១៩​កន្លែង សម្រាប់​មន្ត្រីរាជការ​ជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច របស់​ក្រសួង​សង្គមកិច្ច ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ តទៅ​។
​ប៉ុន្តែ​ក្របខណ្ឌ​ពិសេស​ចំនួន​១៩​នាក់ អ្នកខ្លះ​មាន​សមត្ថភាព អ្នកខ្លះ​បក្ខពួក (​លុយ​) និង​អ្នកខ្លះ​កូន​អ្នកធំ មាន​ក្របខណ្ឌ ប៉ុន្តែ​គ្មាន​វត្ត​មាននៅ​វិទ្យាស្ថាន​ទេ​។ ជាក់ស្តែង​ឈ្មោះ ឡុង ឈន់ (​កើត​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៩៣) ជា​កូនបង្កើត​លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល​និង​ហរិញ្ញវត្ថុ (​ខ្នងបង្អែក​យ៉ាង​ធំ​នៅ​ក្រសួង​សង្គមកិច្ច​) ប្រើ​ឥទ្ធិពល​និង​អំណាច​បញ្ចូល​កូន​ក្នុង​ក្របខណ្ឌ​ពិសេស​ជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​នៅ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​។

​មន្ត្រី​នៅ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​បានបញ្ជាក់​ថា ឈ្មោះ ឡុង ឈន់ (​កូនបង្កើត​លោក​សួង ម៉េង​ឡុង​) គ្មាន​នៅក្នុង​ស្រុក​ខ្មែរ​ទេ គឺ​សិក្សា​នៅក្រៅ​ប្រទេស​។ បន្ទាប់ពី​មាន​ក្របខណ្ឌ​ជា​គ្រូបង្រៀន​មិនដែល​ឃើញ​មុខ​ទេ ប៉ុន្តែ​ដោយសារ​ខ្នងបង្អែក បក្ខពួក​អ្នកធំ ហើយ​ឪពុក​ប្រើ​ឥទ្ធិពល​និង​អំណាច គឺ​ក្រោយ​បញ្ចូល​ក្របខណ្ឌ បង្គាប់ការ​មក​ធ្វើ​ជំនួយការ​ផ្ទាល់​ឪពុក​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ប៉ុន្តែ​នៅ​សិក្សា​នៅក្រៅ​ប្រទេស គឺ​ខុស​ប្រកាស​ស្តីពី​ការបញ្ជូន​ក្របខណ្ឌ​មន្ត្រីរាជការ សម្រេច​ត្រង់​ប្រការ​២ ត្រូវ​ឆ្លង​កា​តើ​ការធ្វើ​កម្មសិក្សា​រយៈពេល​១២​ខែ​។

​នៅក្នុង​លិខិត​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា នៅក្នុង​ក្រសួង​សង្គមកិច្ច​កើតមាន​អំពើ​អយុត្តិធម៌ និង​បក្ខពួក​ពុករលួយ យ៉ាងខ្លាំង (​រៀបចំ​កូន ប្អូន និង​បក្ខពួក​ជាច្រើន​កន្លែង​សំខាន់ៗ ហើយ​ស៊ី​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា ជំនួយការ ទីប្រឹក្សា ថ្នាក់​ស្មើ​នាយកដ្ឋាន អគ្គនាយក និង​អនុរដ្ឋលេខាធិការ​ជាច្រើន​។

​ជាមួយគ្នានេះ មន្ត្រី​នៅ​ក្រសួង​សង្គមកិច្ច ក៏បាន​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ពិនិត្យ​ករណី​ឈ្មោះ ឡុង ឈន់ អ​អំពី​ការចូល​ក្របខណ្ឌ​ពិសេស ហើយ​អវត្តមាន​បំរើកា​រងារ និង​បក្ខពួក​ពុករលួយ ប្រើប្រាស់​ថវិកា​គ្មាន​តម្លាភាព​របស់​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា ផង​។​

​ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​មិនមាន​អ្នកទទួល​។​

​សូមជម្រាបថា ពាក់ព័ន្ធ​លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា គឺមាន​អាស្រូវ​ជាច្រើន​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ ដែល​នឹងត្រូវ​មន្ត្រីរាជការ​នៅក្នុង​ក្រសួង​លាតត្រដាង​ការពិត ដើម្បី​ឲ្យ​រដ្ឋមន្ត្រីក្រសួង និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានដឹង​ដើម្បី​ចាត់វិធានការ​ត​តាមច្បាប់​៕​

CEN
ដោយ: ឧ​ត្ត​ម​

​មិន​នឹកស្មាន​ដល់​ថា ថៃ នរៈ​ពិ​ទូ ចេះ​កែច្នៃ​គ្រឿងញៀន ដាក់​ក្នុង​ស្រា​ឲ្យស្រីចូល​ក្លិប​កម្សាន្ត ផឹក​ឲ្យមាន​ចំណង់​ផ្លូវភេទ



បាត់ដំបង​: ដល់ក​ស្មាន​មិន​ដល់​ថា​... តារា​សម្តែង ថៃ នរៈ​ពិ​ទូ មាន​ជំនាញ​ចេះ​កែច្នៃគ្រឿងញៀន​
​ដាក់​ក្នុង​ស្រា​បៀរ និង​ស្រា​បាំ​រាំងឲ្យស្រីៗ​ផឹក ដែល​គេ​ចាត់ទុកថាជា​ថ្នាំសម្រើប ដើម្បី ឲ្យស្រីៗមាន​អា​ម្មណ៍ចំណង់​ផ្លូវភេទ​។​

ករណីនេះ បាន​ត្រូវ​រកឃើញ​ក្នុង​ប្រតិបត្តិការដែល​កម្លាំង​នគរបាលខេត្តបាត់ដំបង ឆ្មក់​ចូល​បង្ក្រាប​ទីតាំងហាង​ខារ៉ាអូខេ មួយកន្លែង យី​ហា ដឺ​សោ​ន ហ្វា​មី​លី កាលពី​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​។​

​ជាមួយគ្នានេះដែរ សមត្ថកិច្ច​សូម​អំពា​វ​នាវ​ដល់​នារីៗដែល​ចូលចិត្ត​ដើរលេងចូល​ក្លិប​រាំ ក្លិប​ខារ៉ាអូខេ សូមឲ្យមានការ​ប្រយ័ត្នចំពោះ​បញ្ហា​នេះ ប៉ូលិស​បាន​ចាប់ខ្លួន តារា​សម្តែង ថៃ នរ​ៈពិ​ទូ និង​បក្ខពួក​៥​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន នៅក្នុង​បន្ទប់​ខារ៉ាអូខេ ដឺ​សោ​ន ហ្វា​មី​លី នៅ​ខេត្តបាត់ដំបង និង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការកាលពី​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​។​

​សូមជម្រាបថា កាលពី​យប់​ថ្ងៃទី​៩ ខែ មករា ឆ្នាំ ២០១៧ វេលា​ម៉ោង ១១​និង​២០​នាទី តាម​ការចង្អុល​ណែនាំ​ពី ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង បាន​ដឹកនាំ​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស និង​កម្លាំង​បង្ការ​បង្ក្រាប ចុះ​ធ្វើការ​ត្រួតពិនិត្យ នៅ​ទីតាំង​ខារ៉ាអូខេ មួយកន្លែង ដែល​បានផ្តល់​ទីកន្លែង ឲ្យ​ប្រើប្រាស់ និង​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន មួយ​ករណី នៅ​ហាង​ខា​រា​អូ​ខេ ឈ្មោះ ដឺ​សោ​ន ហ្វា​មី​លី (The Sound Family KTV ) ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្នុង​នោះបាន​ឃាត់ខ្លួន មនុស្ស​ចំនួន ៦​នាក់​៖
១ -​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ២ -​ឈ្មោះ ថៃ នរ​ពិ​ទូ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ៣ -​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ​រស់នៅ​ភូមិ ១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។ ៤ -​ឈ្មោះ ហាប់​សុ​វត្ថ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង ។ ៥ -​ឈ្មោះ អោក រតនៈ​ប៊ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧ ឆ្នាំ រស់នៅ​សង្កាត់ បឹងកក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។ ៦ -​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ ២៩ ឆ្នាំ រស់នៅ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

​សមត្ថកិច្ច បាន​រកឃើញ ថ្នាំញៀន​ប្រភេទ កេ​តា​ម៉ី​ន Ketamene k ទម្ងន់ ០,៨៨​ក្រាម​
​ពុម្ព​សម្រាប់​កែច្នៃ​ថ្នាំញៀន អ៊ិ​ច​ស្តា​ស៊ី ចំនួន ២ ថ្នាំ​ងុ​យ​ដេក Diazepam អំពូល ចំនួន​២​អំពូល Diazepam គ្រាប់ ចំនួន ១៦​បន្ទះ ដែក​កែស​ចំនួន​៣ និង​គម្រប​ដប​កែច្នៃ សម្រាប់​ជក់​ថ្នាំញៀន ចំនួន​១ បំពង់​ទុយោ​សម្រាប់​បឺត ចំនួន​១​ដុំ ថង់​សម្រាប់​ច្រក​ថ្នាំញៀន ក្រដាស់​អាលុយមីញ៉ូម ចំនួន​១​ដុំ និង​សម្បក​ថ្នាំ​មួយចំនួន ។​

​ជន​ស័​ង្ស​យ និង​វត្ថុតាង កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាមច្បាប់​។ ហើយ​នៅ​រសៀល​ថ្ងៃទី​១០ ខែ មករា ឆ្នាំ​២០១៧​នេះ អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង ដែលមាន​លោក​ព្រះរាជអាជ្ញារង ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា បាន​ដឹកនាំ​កម្លាំង​នគរបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​ខាងលើ មិន​ឲ្យ​ដំណើរការ​អាជីវកម្ម ដោយ​រង់ចាំ ការស្រាវជ្រាវ ស៊ើបអង្កេត​បន្ត​៕

CEN
ដោយ: ពិដោរ

នគរបាលអន្ដោប្រវេសន៍ បន្តចាប់ខ្លួនជនជាតិវៀតណាម​១៤នាក់ ដែលចូលមក​រស់នៅ និងធ្វើការ​ខុសច្បាប់ នៅខណ្ឌ​ច្បារអំពៅ



(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនជាតិវៀតណាម​១៤នាក់ ក្នុងនោះស្រីម្នាក់ ដែលចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាត នៅក្នុងសិប្បកម្មឈើ ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើង​ដោយ​សហការជាមួយកម្លាំងនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ បន្ថែមថា ក្រោយត្រួតពិនិត្យនៅក្នុងទីតាំងសិប្បកម្មឈើខាងលើ កម្លាំងជំនាញឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ស្រីម្នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រោយឃាត់ខ្លួនជនទាំងនេះ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដ។

ជាមួយគ្នានោះ លោកប្រធាននាយកដ្ឋានបានឲ្យដឹងថា ក្រោមការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនគរ​បាល​ជំនាញ នឹងបន្ដត្រួតពិនិត្យ និងបណ្ដេញជនបរទេសណា ដែលបានលួចឆ្លងដែន និងធ្វើការដោយគ្មានច្បាប់អនុញ្ញាតិ ពីប្រទេសកម្ពុជាជាបន្ដបន្ទាប់៕

Fresh News

កម្ពុជានិងវៀតណាម សម្រេចចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ស្តីពី​វិស័យការពារជាតិ​សម្រាប់ឆ្នាំ២០១៧



(ហាណូយ)៖ រដ្ឋមន្រ្តីការពារជាតិ​កម្ពុជា​និងវៀតណាម​បានចុះហត្ថលេខា​​រួមគ្នា លើគំរោង​សហប្រតិបត្តិការ​មួយ​សម្រាប់​ឆ្នាំ​២០១៧​ រវាង​​ក្រសួង​​​ទាំង​ពីរ​នៅក្នុង​ជំនួប​សន្ទនា​របស់​រដ្ឋមន្ត្រីទាំងពីរ​កាល​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។ នេះបើ​តាមការ​ដកស្រង់សេចក្តីរាយការណ៍​​ចេញពី​សារព័ត៌មាន​​វៀតណាម Vietnam Net នៅល្ងាច​ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

ជំនួបខាងលើ​បានធ្វើឡើង​នៅទីស្នាក់ការ​នៃទីបញ្ជាការ​យោធា​ជាន់ខ្ពស់​ភូមិភាគ០៥ នៅក្រោយពីពិធី​ទទួលស្វាគមន៍​ត្រូវបានប្រារព្ធ​ឡើង​សម្រាប់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលបានទៅបំពេញទស្សនកិច្ច​ចំនួនបួន​​ថ្ងៃ​ ​​នៅប្រទេសវៀតណាម​ចាប់ពីថ្ងៃទី០៨ ខែមករា​ ហើយនៅក្នុង​កិច្ចសន្ទនា​រវាងរដ្ឋមន្រ្តី​ទាំងពីរូប​ ក៏បានបង្ហាញការ​ពេញ​ចិត្ត​​ពេញ​ថ្លើម​​យ៉ាង​ខ្លាំង​​ចំពោះ​​សមិទ្ធិ​ផល​ដែល​ទទួល​បាន​​ពី​កិច្ច​​សហ​ប្រតិបត្តិការ​យោធា​​ទ្វេភាគី​កាលពី​ឆ្នាំ២០១៦ ជាពិសេស​ការផ្លាស់​ប្តូរគណៈប្រតិភូ, ការបណ្តុះ​បណ្តាល​បុគ្គលិក និងការការពារបន្ទាត់ព្រំដែន។

ក្នុងឱកាសនោះដែរ​នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា​កម្ពុជាតែងតែ​អរគុណ​ជានិច្ច​ចំពោះការ​ជួយជ្រោមជ្រែង​របស់​ភាគី​វៀតណាម ​នៅអំឡុង​គ្រា​លំបាករបស់ខ្លួន​ប្រឆាំងនឹង​របបប្រល័យ​ពូជសាសន៍​ប៉ុលពត និងបុព្វហេតុ​នៃការកសាង​ជាតិ​បច្ចុប្បន្ននេះ ហើយរដ្ឋមន្រ្តីក្រសួង​​ការពារជាតិ​វៀតណាម ​លោក Ngo Xuan Lich ក៏បាន​បង្ហាញពី​ការពេញចិត្តរបស់​លោកចំពោះការ​គាំទ្ររបស់​កម្ពុជាដល់​វវៀតណាម​ក្នុង​ការ​ស្វែងរក​ក៏ដូចជាបញ្ជូនសាកសព​របស់ទាហានស្ម័គ្រចិត្ត​ និងក្រុមអ្នកជំនាញ​វៀតណាមទៅ​កាន់​មាតុប្រទេស​វិញផងដែរ។

ជាចុងក្រោយរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ​បានសង្កត់ធ្ងន់​ថា ​អាទិភាព​ចម្បង​នៃកិច្ចសហប្រតិបត្តិការ​ស្តីពីវិស័យ​ការពារជាតិ​​នៅឆ្នាំ​នេះ​រួមទាំង​ឆ្នាំក្រោយៗ​ទៀត​គឺការរៀបចំ​នៃការផ្លាស់ប្តូរ​គណៈប្រតិភូ, កិច្ចពិភាក្សា​គោលនយោបាយ​ការពារជាតិ​ថ្នាក់​អនុរដ្ឋមន្រ្តី, ការល្បាតរួមគ្នា​​តាមដែនសមុទ្រ, កិច្ចការព្រំដែន, និងការស្វែងរក​សាកសព​ជនជាតិវៀតណាម​ដែលនៅ​សេសសល់៕

Fresh News

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ បុរសដែលមេបក្សប្រឆាំង​នៅកម្ពុជាហៅ​ថាជនផ្តាច់ការ នឹងឡើង​កាន់តំណែង​ជាមេដឹក​នាំ​មហាអំ​ណាច​ពិភពលោក



(អាមេរិក)៖ ថ្ងៃឡើងកាន់តំណែងប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ដែលជាប្រទេសកំពូលប្រជាធិបតេយ្យ និងមហាអំណាចលើពិភពលោក ត្រូវបានរៀបចំ​ឡើងក្នុងរយៈពេលបួនឆ្នាំម្តង។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង បន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅ។ នៅថ្ងៃទី២០​ ខែមករាខាងមុខនេះលោក ដូ ណាល់ត្រាំ ដែលមេបក្សប្រឆាំងនៅកម្ពុជាលោក សម រង្ស៊ី ហៅថាជាជនផ្តាច់ការនោះ នឹងត្រូវស្បថចូលកាន់តំណែងជាមេដឹកនាំមហាអំណាចពិភពលោក។

តាមរយៈគេហទំព័រព័ត៌មាន «ខេមបូឌា ដេលី» ចេញផ្សាយនៅពេលបោះឆ្នោតនៅអាមេរិក លោក សម រង្ស៊ី បានលើកឡើងថា «លោកស្រី គ្លីនតុន មានការអប់រំខ្ពស់ជាង មានចិត្តទូលាយជាងប្រកបដោយ បរិយាប័នជាង។ លោកស្រីហាក់យកចិត្តទុកដាក់ខ្លាំងជាងចំពោះសន្តិសុខសង្គម។ ផ្ទុយទៅវិញ លោក ត្រាំ ដែលមានអត្តចរិតច្រឡោត និងឆេវឆាវ ហាក់មានគ្រោះថ្នាក់ សម្រាប់សន្តិភាពពិភពលោក»។ លោក សម រង្ស៊ី បានបន្តយ៉ាងដូច្នេះ «បក្សីដែលមានរោមដូចគ្នា វានៅផ្ដុំជាមួយគ្នា។ លោក ត្រាំ ហាក់ជឿជាក់លើអំណាចផ្ដាច់ការ របស់លុយ ហើយលោក ហ៊ុន សែន ហាក់ជឿជាក់អំណាចផ្ដាច់ការរបស់កាំភ្លើងបូករួមជាមួយនឹងលុយ។ ត្រាំ និងលោក ហ៊ុន សែន ពិតជាមិនមែនអ្នក ប្រជាធិបតេយ្យនោះទេ»។

កម្មវិធីស្បថចូលកាន់តំណែងរបស់បុរសដែលត្រូវលោក សម រង្ស៊ី ចោទថា ជាជនផ្តាច់ការនោះ នឹងប្រព្រឹត្តទៅនាពេលរសៀលថ្ងៃទី២០ ខែមករា ក្នុងរដ្ឋធានី Washington DC។ វាជាកម្មវិធីនៃការចាប់ផ្តើមអាណត្តិថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលមានរយៈពេលបួនឆ្នាំ។ កម្មវិធីឡើងកាន់អំណាចនេះ ត្រូវបានរៀបចំឡើងសម្រាប់ការចាប់ផ្តើមអាណត្តិនីមួយៗ បើទោះបីជាប្រធានាធិបតីរូបនោះបន្តកាន់អំណាច ក្នុងរយៈពេលអាណត្តិទីពីរក៏ដោយក្តី។

ក្រៅពីកម្មវិធីស្បថចូលកាន់ដំណែង ការថ្លែងសន្ទរកថា និងកម្មវិធីផ្សេងៗនោះ ក៏មានការរៀបចំក្បួនព្យុះហយាត្រាតាមបណ្តោយដងវិថី Pennsylvania ផងដែរ។ ប្រធានាធិបតីថ្មី ទស្សនាការធ្វើព្យុះហយាត្រាដែលមានមនុស្សចូលរួមដង្ហែរាប់ពាន់នាក់។

* កាលបរិច្ឆេទ៖
កម្មវិធីតែងតាំងប្រធានាធិបតីទីមួយរបស់អាមេរិក គឺលោក George Washington ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៧៨៩ នៅសាលសហព័ន្ធ ក្នុងទីក្រុង ញ៉ូវយក ជាកន្លែងដែលលោកបានស្បថចូលកាន់ដំណែង។ តែចាប់តាំងពីឆ្នាំ១៧៩៣រហូតដល់ឆ្នាំ១៩៣៣ កម្មវិធីនេះត្រូវបានប្តូរទៅថ្ងៃទី០៤ ខែមីនា។ តែក្នុងករណីដែល​ថ្ងៃនោះត្រូវចំថ្ងៃអាទិត្យ គេនឹងលើកទៅថ្ងៃចន្ទវិញ គឺថ្ងៃទី០៥ ខែមិនា។

ក្រោយមកគឺឆ្នាំ១៩៣៧ ថ្ងៃឡើងកាន់ដំណែងប្រធានាធិបតីថ្មីរបស់អាមេរិក ត្រូវបានផ្លាស់ប្តូរទៅរសៀលថ្ងៃទី២០ ខែមករា ដោយរដ្ឋធម្មនុញ្ញអាមេរិក។ ប៉ុន្តែប្រសិនបើ​ថ្ងៃទី២០ ខែមករា ត្រូវនឹងថ្ងៃអាទិត្យ ប្រធានាធិបតីតម្រូវឱ្យស្បថក្នុងលក្ខណៈឯកជនជាមួយប្រធានមន្ត្រីយុត្តិធម៌ប៉ុណ្ណោះ បន្ទាប់មកកម្មវិធីស្បថនៅមុខសារធារណជន ត្រូវលើកទៅថ្ងៃចន្ទដែលជាថ្ងៃបន្ទាប់ គឺត្រូវនឹងថ្ងៃទី២១ ខែមករា។

* អ្នកចូលរួម៖
ក្រៅពីសាធារណជន អ្នកចូលរួមក្នុងកម្មវិធីនេះ ជាទូទៅមានដូចជា សមាជិកសភា តុលាការកំពូល មន្ត្រីយោធាជាន់ខ្ពស់ អតីតប្រធានាធិបតី អ្នកទទួលបាន មេដាយ​កត្តិយស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ អតីតប្រធានាធិបតីមុនៗជាទូទៅក៏ចូលរួមក្នុងកម្មវិធីនេះផងដែរ លើកលែងតែក្នុងករណីដែលពួកគេស្លាប់។
កម្មវិធីនេះ​ជាទូទៅ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ច្រើនជាងតាមរដ្ឋធម្មនុញ្ញ លើកលែងតែការធ្វើពាក្យសម្បថ។

តាមទម្លាប់ប្រធានាធិបតីជាប់ឆ្នោតបានមកដល់សេតវិមាន ព្រមទាំងដំណើរការកម្មវិធីនេះរួមជាមួយវត្តមានប្រធានាធិបតីកំពុងកាន់អំណាច។ កម្មវិធីធ្វើពាក្យសម្បថ​ត្រូវបានរៀបចំឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ដោយមានប្រធានមន្ត្រីយុត្តិធម៌ជាអ្នកគ្រប់គ្រង។ យោធាអាមេរិកក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ចាប់តាំងពីការ​ឡើងកាន់អំណាចរបស់អតីតប្រធានាធិបតី Gorge Washington ដោយសារកាលនោះលោកជាមេបញ្ជាការយោធា។

* ទីកន្លែងរៀបចំពិធី៖
កម្មវិធីតែងតាំងប្រធានាធិបតី ស្ទើរទាំងអស់ត្រូវបានរៀបចំនៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ដោយឡែកចំពោះកម្មវិធីធ្វើពាក្យសម្បថវិញ វាអាស្រ័យទៅ​លើអាកាសធាតុ ដែលពេលខ្លះត្រូវបានរៀបចំ នៅខាងក្នុង ឬពេលខ្លះខាងក្រៅនៅខាងក្រៅវិមានកាពីតូល។ និយាយពីកម្មវិធីនៅ​ខាងក្រៅអគារវិញ ពីមុនមកត្រូវបាន​រៀបចំ​ឡើងនៅភាគខាងកើតផ្នែកខាងមុខនៃវិមាន។ តែចាប់តាំងពីខែមិថុនា ឆ្នាំ១៩៨០មក គណកម្មាធិកាបានសម្រេចផ្លាស់ប្តូរទៅភាគខាងលិច នៃវិមានវិញម្តងដើម្បី​សន្សំថវិកា និងផ្តល់ទីតាំងធំទូលាយសម្រាប់អ្នកទស្សនា។

ឈានដល់អាណត្តិលោក Ronald Reagan អតីតប្រធានាធិបតីរូបនេះបានស្នើរៀបចំកម្មវិធីដោយបែរទៅមុខទៅទៅខាងលិចគឺទៅរដ្ឋ California ដែលជារដ្ឋកំណើត​របស់​លោកវិញ។ ចាប់តាំងពីពេល​នោះមក រាល់កម្មវិធីនៅខាងក្រៅវិមានត្រូវបានរៀបចំឡើង បែរមុខទៅទិសខាងលិច។

* អ្នករៀបចំកម្មវិធី៖
ចាប់តាំងពីឆ្នាំ១៩០១មក រាល់កម្មវិធីឡើងកាន់ដំណែង ត្រូវបានរៀបចំឡើងនៅរដ្ឋធានី សហរដ្ឋអាមេរិក ដោយគណកម្មាធិការសភា រួមទទួលបន្ទុកការឡើង កាន់ដំណែង។ គណកម្មាធិការរៀបចំការឡើងកាន់ដំណែងប្រធានាធិបតី ជាអង្គភាពស្របច្បាប់ ក្នុងការរៃអង្គាស និងចូលរួមមូលនិធីសម្រាប់ការរៀបចំ ព្រឹត្តិការណ៍ផ្សេងៗនៅក្នុងកម្មវិធី ជាក់ស្តែងដូចជា ការដើរព្យុះហយាត្រាជាដើម។

* ឥទិ្ធពលនៃកម្មវិធីចំពោះសាធារណជន៖
ថ្ងៃឡើងកាន់ដំណែងនេះ មិនមែនជាថ្ងៃឈប់សម្រាកជាសាធារណៈឡើយ ហើយប្រជាពលរដ្ឋភាគច្រើន នៅតែបន្តធ្វើការដូចធម្មតា។ សាលារៀន ហាងលក់ទំនិញ និងស្ថាប័នផ្សេងៗ ត្រូវបានបើកដំណើរការជាធម្មតា ខណៈដែលប្រព័ន្ធដឹកជញ្ជូន និងសេវាកម្មផ្សេងៗក៏ត្រូវប្រព្រឹត្តទៅតាមគម្រោងរបស់ខ្លួន។ ប៉ុន្តែវាអាចនឹងមានការ​ផ្លាស់ប្តូរចំពោះប្រព័ន្ធផ្សព្វផ្សាយ ដោយសារគ្រប់ព័ត៌មានភាគច្រើននឹងផ្តោតទៅលើកម្មវិធីនេះទាំងស្រុង។

យ៉ាងនេះក្តី ថ្ងៃឡើងកាន់ដំណែងនេះ គឺជាថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិកសហព័ន្ធ ដែលធ្វើការនៅ Washington DC ឬតំបន់ដែលស្ថិតនៅក្បែរនោះ ដោយការឈប់​សម្រាកនេះ ដើម្បីក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ដែលត្រូវរៀបចំកម្មវិធីនេះ។

ចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺនៅក្នុងនិងជុំវិញរដ្ឋធានី Washington DC នឹងរងការរំខានជាខ្លាំងក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ទាំងក្នុងពេល ឬមុន និងក្រោយថ្ងៃឡើង​កាន់ដំណែង។ វាមិនមែនដោយសារការរៀបចំកម្មវិធី និងការដើរព្យុះហយាត្រាប៉ុណ្ណោះទេ ប៉ុន្តែដោយសារការធ្វើបាតុកម្មផ្សេងៗ ដែលត្រូវបានរៀបចំឡើង​នៅថ្ងៃនោះ​ផងដែរ៕

Fresh News

ឧកញ៉ា តុ​ប វី​រ៉ា​ដា ប្រើ​ឥទ្ធិពល​អំណាច​របស់ខ្លួន ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ​នាំ​ចេញទៅ វៀតណាម​



ភ្នំពេញ: មន្ត្រីនគរបាល​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា មាន​ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ត្រី និង​ជា​មេបញ្ជាការរង យោធភូមិភាគ​ទី​១ ឈ្មួញ​ឈើ​ដ៏​ល្បី បាន​ប្រើប្រាស់​រថយន្ត ម៉ាក​យី​ឌុប ជាច្រើន​គ្រឿង ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ រួច​បន្ត​នាំចេញ​ទៅកាន់ ប្រទេស​វៀតណាម តាម​ច្រក ព្រំដែន​ទ្វេភាគី ឡា​បា​ខេ ដោយមាន​ការសម្របសម្រួល និង​ឃុបឃិត​គ្នា ពី​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​នៅ​ច្រកព្រំដែន ពិសេស​គឺ​ជំនាញ រដ្ឋបាល​ព្រៃឈើ​តែម្តង ដែល​គ្រប់គ្រង​ដោយ លោក​វង្ស សុខ​សេរី ជា​នាយ​ខណ្ឌ​ប្រចាំ ខេត្ត​មណ្ឌល​គី​រី ។​

ប្រភព​បាន​បញ្ជាក់ថា លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា មាន​ឋានៈ​ឧ​ត្ត​ម​សេនីយ​ត្រី និង​ជា​មេបញ្ជាការរង យោធភូមិភាគ​ទី​១ បាន​ក្លាយជា​ឈ្មួញ រកស៊ី​ឈើ​ខុសច្បាប់ ប្រចាំខេត្ត​មណ្ឌល​គី​រី ។ លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា កំពុងតែ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ យ៉ាងសកម្ម ចេញពី​តំបន់​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី តាម​រថយន្ត​យី​ឌុប ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​នាំចេញ​តាម​ច្រកព្រំដែន ឡា​បា​ខេ យ៉ាង​រលូន គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​នោះទេ​។​

​បើតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា បាន​ប្រើប្រាស់​កម្លាំង យ៉ាងច្រើន ក្នុង​មុខរបរ ជំនួញ​ឈើ​ខុសច្បាប់ ហើយ​ប្រើ​រូប​ភាពជា​ជំហរ មិន​លាក់បាំង​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​នោះឡើយ ។ ដូច្នេះហើយ​ទើប គេ​សន្និដ្ឋានថា ជំនួញ​ឈើ​ខុសច្បាប់ ខាងលើនេះ មាន​ពាក់ព័ន្ធ​មន្ត្រី​ជាច្រើន សំខាន់​ជំនាញ​រដ្ឋបាល​ព្រៃ​តែម្តង ។​

​មន្ត្រី​យោធា​ភូមិភាគ​ម្នាក់ ផ្តល់ព័ត៌មាន​ថា លោក​ឧកញ៉ា​ផ្កាយ​មួយ តុ​ប វី​រ៉ា​ដា អតីត​ជា​មេការ​ដ៏​ជំនាញ របស់​ក្រុមហ៊ុន​ទ្រី​ភាព និង​ជា​ឈ្មួញ​ដែល មានបទពិសោធន៍ និង​ទំនាក់ទំនង ដោយ​រលូន ជាមួយ​មន្ត្រី​សំខាន់ៗ ដូចជា​ផ្នែក​រដ្ឋបាល​ព្រៃឈើ ជាដើម ។ អញ្ចឹង​ហើយ​បានជា មុខរបរ​មិនសូវ ស្របច្បាប់​របស់គាត់ មិនដែល​មានការ​បង្ក្រាប នោះឡើយ ។​

​ប្រជាពលរដ្ឋ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា ទាំង​ព្រៃឈើ ទាំង​ផ្លូវ​គមនាគមន៍ នៅ​តំបន់​នោះ ត្រូវ​បំផ្លិចបំផ្លាញ អស់ហើយ ដោយសារតែ​ក្រុម​ឈ្មួញ​ឈើ ពិសេស​ឈ្មួញ​ឈ្មោះ តុ​ប រី​រ៉ា​ដា នេះ ហើយ​តំបន់​នោះ អ្នកណា ក៏​ស្គាល់​ឈ្មួញ​ឈើ ដ៏​ល្បីល្បាញ​ម្នាក់​នេះដែរ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ សូម​សំណូមពរ ឲ្យ​គណៈកម្មាធិការ​បង្ក្រាប បទល្មើស​ព្រៃឈើ ដែលមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន មេត្តាជួយ​មើល​ផង ព្រោះ​បើ​ទុក​ឲ្យ​បន្ត ការបំផ្លាញ​ព្រៃឈើ ដូច​រាល់ថ្ងៃ​ទៀត​នោះ មិនយូរ​មិនឆាប់ ព្រៃឈើ នៅ​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ត្រូវ​វិនាស​ហិនហោច ជាក់​ជាមិនខាន​ឡើយ​។​

​ទាក់ទង​ករណីនេះ លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​៕

CEN
ដោយ: មុនីរាជ

ឧកញ៉ា អ៊ុក គឹម​សាន ចេញមុខ​ជាថ្មី រកស៊ី​ដឹកឈើ​ប្រណិត គ្មាន​សមត្ថកិច្ច​បង្ក្រាប​



ភ្នំពេញ​: ឧកញ៉ា អ៊ុក​គឹម​សាន ដែល​ល្បី​ខាង​រកស៊ី​ឈើ ក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង និង​ដឹកជញ្ជូន​ឈើ បានចាប់ផ្តើម​ចេញមុខ សាជាថ្មី ក្នុងការ​ដឹកជញ្ជូន ឈើ​ប្រណីត ដោយ​គ្មាន​អាជ្ញាធរ ពាក់ព័ន្ធ​ហ៊ាន​បង្ក្រាប​នោះទេ​។ ឈើ​ជាច្រើន​នោះ បាន​ត្រូវ​ដឹក​តាម​រថយន្ត​យី​ឌុប ចេញពី​ឃ្លាំង​វាយ​ថ្ម របស់​ឧកញ៉ា អ៊ុក គឹម​សាន​។

មន្ត្រី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ជាង ៣០ គ្រឿង គឺមាន​ចំនួន​៩​គ្រឿង គ្មាន​ប៉េសេ (​លោត​ឆត្រ​) ខណៈ​ត្រូវរ៉ូវ​គ្នា រវាង​ក្រុមហ៊ុន និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ នា​យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ រថយន្ត​យី​ឌុប បាន​ដឹក​ចេញពី តំបន់​ឃ្លាំង​វាយ​ថ្ម ចំនួន​១២​គ្រឿង តាម​សកម្មភាព​សម្រុក​បំផុត ដើម្បី​បន្លំ​ដឹក​ចេញ ជ្រក​តាម​រូបភាព​កាត់​ប៉េសេ ។ ឧកញ៉ា អ៊ុក គឹម សាន កំពុង​កេណ្ឌ​ប្រមូល​អតីត​អ្នករកស៊ី​ឈើ ដឹកឈើ​មក​ដាក់ នៅក្នុង​ឃ្លាំង​វាយ​ថ្ម​បន្តទៀត ចាំ​ប្រមូល​ទិញ ទាំង​មិនមាន​ព្រៃ​សម្បទាន នៅ​ស្រុក​សៀម​ប៉ាង​។​

​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​ធ្នង់ ចេញពី​ឃ្លាំង​វាយ​ថ្ម មិន​ត្រឹមតែ​មានការ​បើកភ្លើង​ខៀវ ពី​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប៉ុណ្ណោះ​ទេ បន្ទាប់ពី​កាត់​ប៉េសេ​នោះ រូបភាព​នា យប់នោះ​ផងដែរ ក៏មាន​ការបន្លំ រថយន្ត​ធំ​មួយគ្រឿង​មក តាម​ឡាន​ខ្សែ​កាត់​ប៉េសេ​នេះ កាច់ចង្កេះ ទៅ​ចំណុច​ស្រែ​ពក ព្រំប្រទល់​ស្រុក​សេ​សាន ខេត្ត​ស្ទឹង ត្រែង និង​ស្រុក​កូន​មុំ ខេត្តរតនគិរី ។ អ្នកធ្វើ​សកម្មភាព បន្លំ​ដឹកឈើ​ប្រណីត ចេញពី​ចំណុច ឃ្លាំង​វាយ​ថ្ម ជ្រក​ក្រោម​ប៉េសេ ឧកញ៉ា អ៊ុក គឹម​សាន គឺមាន​ឈ្មោះ ណែម ត្រូវ ជា​ប្អូន​ឧកញ៉ា អ៊ុក គឹម​សាន និង​ឈ្មោះ ផល្លី ត្រូវជា​ឪពុកមា​។​

​លោក មាស ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​បញ្ជាក់ថា "​គ្មាន​ករណីនេះ កើតមាន​ទេ ម្យ៉ាងទៀត​ខ្ញុំ មាន​កម្លាំង និង​មន្ត្រី​ជំនាញ​ចាំមើល ចាំ​កត់​នៅ​កន្លែង ឃ្លាំង​វាយ​ថ្ម​នោះ​អស់ហើយ​។ គេ​បាន​រាយការណ៍​មក​ថា ឧកញ៉ា អ៊ុក គឹម​សាន ដឹកជញ្ជូន​ឈើ​ប្រណីត ធ្នង់​ចេញពី​ឃ្លាំង​វាយ​ថ្ម ស្ថិតក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មាន​ប៉េសេ​ត្រឹមត្រូវ និង​យកមក​ស្តុក​ទុក នៅ​ចំណុច​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​" ។​

​គួរ​បញ្ជាក់ថា រាល់​ការដឹកជញ្ជូន​ពី ស្រុក​សៀម​ប៉ាង​មក​នោះ គឺ​កាច់ចង្កេះ មិនបាន​ចូល ក្នុង​ឃ្លាំង​ស្របច្បាប់ បែរជា​បន្លំ​ដឹក​បន្ត ទៅកាន់​ខេត្តព្រៃវែង , ស្វាយរៀង ឆ្លងទៅ​វៀតណាម និង​មានការ​ទម្លាយ ឲ្យ​ដឹង​ទៀតថា គ្រាន់តែ​ដឹកឈើ​ជាង ៣០ ឡាន​យី​ឌុប មាន​៩​គ្រឿង គ្មាន​ប៉េសេ ព្រមទាំង​ប្រើ​រូបភាព​បន្លំ​ទៀត ត្រង់​ថា​ដឹក​ពី​ចំណុចឃ្លាំង​វាយ​ថ្ម ស្រុក​សៀម​ប៉ាង ចូល​ទឹកដី ខេត្តស្ទឹងត្រែង បែរជា​បង្វែ​ទិសដៅ​ទៅកាន់ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ចូល​ខេត្តកំពង់ចាម ខេត្តកណ្តាល ដើម្បី​កាច់ចង្កេះ ទៅ​វៀតណាម ផ្ទុយ​ពី​លិខិតអនុញ្ញាត (​ប៉េសេ​)​។​

​លោក​ឧកញ៉ា អ៊ុក គឹម​សាន មិនអាច​សុំ​ការអត្ថាធិប្បាយ បានទេ ពាក់ព័ន្ធ​ករណី​ខាងលើនេះ​៕

CEN
ដោយ: ​ឧ​ត្ត​ម​

​ចោទ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តស្វាយរៀង ទទួល​សំណូក​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​



ស្វាយរៀង: លោកស្រី គង់ គី​ណា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា ខេត្តស្វាយរៀង បាន​រង​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី ក្នុងការ​ជ្រើសរើស មន្ត្រី​ជាប់កិច្ចសន្យា និង​ក្រៅ​កិច្ចសន្យា ឲ្យ​ចូល​បំពេញការងារ ក្នុង​ក្របខ័ណ្ឌ​ពេញសិទ្ធិ ចំនួន​៤.០០០​ដុល្លារ ក្នុង​មួយ​នាក់​។ ករណីនេះ ត្រូវបាន​ប្តឹង​ចូលមក អង្គភាព​ប្រឆាំង​អំពើ​ពើ​ពុករលួយ​។​

ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ផ្សព្វផ្សាយ​ថា ករណី​ប្តឹង​ចោទប្រកាន់​លោកស្រី គង់ គី​ណា នោះ គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ពាក្យ​ប្តឹង ចោទប្រកាន់ថា លោកស្រី គង់ គី​ណា អនុវត្តន៍​មិន​ប្រក្រតី​។ ជាមួយគ្នា​នោះ លោកស្រី គង់ គី​ណា បានធ្វើការ​បកស្រាយ​បំភ្លឺ ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយបាន​លើកឡើងថា ការចោទប្រកាន់​ទាំងនោះ គឺ​ការ​មួលបង្កាច់ ខុសពី​ការពិត​។
​លោកស្រី បាន​បញ្ជាក់ថា ករណី​ទទួល​ប្រាក់ ចំនួន ៤.០០០ ដុល្លារ ក្នុង​មួយ​នាក់ ជា​ថ្នូរ​នឹង​ការបញ្ចូល​ក្របខ័ណ្ឌ លោកស្រី​បាន​បដិសេធថា ពុំ​ពិត​ឡើយ ដោយ ​ដំណើរការ នៃ​ការជ្រើសរើស​មន្ត្រី ឲ្យ​ចូល​ក្របខ័ណ្ឌ​ពេញសិទ្ធិ មន្ទីរ​អនុវត្ត​ត្រឹមត្រូវ តាម​ស្មារតី​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា ដោយ​ជ្រើស​រើសយក មន្ត្រី​មាន​សមត្ថភាព តាម​កម្រិត​សញ្ញាបត្រ និង​ឧបនិស្ស័យ​៕



CEN
ដោយ: ដាវុធ

ពលរដ្ឋ១៧គ្រួសារ សុំអន្តរាគមន៍ពីសម្តេចតេជោ ក្រោយ​ចាញ់បោក «សមាគមជន​​ពិការអភិវឌ្ឍន៍​សន្សំប្រាក់» ជាង១២​ម៉ឺនដុល្លារ រឿងសន្សំលុយ​បានការខ្ពស់



(កំពង់ចាម)៖ ប្រជាពលរដ្ឋរស់នៅភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន១៧គ្រួសារ បានសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកត្តិព្រឹត្តិបណ្ឌិត ឱ្យជួយរកយុត្តិធម៌ជួនពួកគាត់ ដោយចោទប្រកាន់ថា «សមាគមជនពិការអភិវឌ្ឍន៍សន្សំប្រាក់» បានឆបោកលុយរបស់ពួកគាត់​ជាង​១២ម៉ឺនដុល្លារ (ដប់ពីរម៉ឺនដុល្លារ) ដោយលួងលោមឲ្យលុយទៅផ្ញើហើយទទួលបានការប្រាក់ខ្ពស់។

លោក ធឿន ថា តំណាងប្រជាពលរដ្ឋទាំង១៧គ្រួសារ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះថា សមាគមជនពិការអភិវឌ្ឍន៍សន្សំប្រាក់ ដែលមាន ឈ្មោះ យ៉ាន យ៉ឺក ជាប្រធានស្នាក់ការកណ្តាល ដែលមានទីតាំនៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងបានសម្រេចប្រគល់សិទ្ធិ សមាគមន៍​ជនពិការអភិវឌ្ឍន៍សន្សំប្រាក់សាខាខេត្តកំពង់ចាមទៅឱ្យឈ្មោះលុយ សុជាតិ ជាប្រធាន ឈ្មោះ ហេង ហ៊ាន អនុប្រធានទី១ ឈ្មោះ សេក សាវ៉ាត ប្រធាន​គណនេយ្យ និងបានបង្កើតសាខានេះ នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងមួយសាខាទៀត​នៅខេត្តកំពង់ឆ្នាំង ហើយមានបុគ្គលិកជិត១០នាក់។

លោកបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីសមាគមន៍នេះបានបង្កើតឡើង ឈ្មោះ សេក សាវ៉ាត ជាប្រធានគណនេយ្យ រួមនិងប្រធាន អនុប្រធានសមាគមន៍នេះ បានឱ្យប្រជា​ពលរដ្ឋ​នៅក្នុងភូមិដាក់ប្រាក់សន្សំ និងទទួលបានការប្រាក់ចំនួន៣ភាគរយ ដោយពួកគេលួងលោមថា «ទុកនៅធនាគារមានការប្រាក់ទាប និងទុកនៅផ្ទះមិនចំណេញ​អីទេ»។

លោបន្តថា បន្ទាប់ពីមានការលួងលោមយ៉ាងដូច្នេះ ប្រជាពលរដ្ឋនៅក្នុងភូមិមួយចំនួនបានយកប្លង់ស្រែ ប្លង់ផ្ទះ ទៅដាក់ធនាគារ ដើម្បីយកលុយទៅដាក់សមាគមន៍​នេះ​បានការលើសចំណេញបានខ្លះ និងខ្លះទៀតប្រមូលលុយដែលមានតិចតួច យកទៅដាក់ដើម្បីទទួលបានការប្រាក់ តែលិតផលចុងក្រោយ ខ្លះបានការប្រាក់តិចតួច ខ្លះ​ទៀត​មិនបាន រហូតមកដល់ពេលនេះ ត្រូវបានសមាគមន៍នេះ ឆបោកទាំងអស់ដែលមានខ្លះអស់ជាង៣ម៉ឺនដុល្លារ និងខ្លះទៀត១ម៉ឺនដុល្លារ ខ្លះ៥ពាន់ដុល្លារ ខ្លះ២ពាន់​ដុល្លារខ្លះ១០លានរៀល សារ៉ុបទាំង១៧គ្រួសារ ទាំងលុយដុល្លារ និងលុយខ្មែរ ជាង១២ម៉ឺនដុល្លារ ហើយផ្ទះដែលជាទីស្នាក់នោះបានទំលាក់ស្លាក​ចោលដាក់លក់​ឥវ៉ាន់​ទៅវិញ។

លោក ម៉េង ធី ក៏ជាអ្នកតំណាងប្រជាពលរដ្ឋ១៧គ្រួសារនេះបានបញ្ជាក់ថា នៅក្នុងលិខិតទទួលប្រាក់របស់ ប្រជាពលរដ្ឋមាន១-ឈ្មោះសេក សាវ៉ាតប្រធានគណនេយ្យ ២-ឈ្មោះលុយ សុជាតិ ប្រធាន ៣-ឈ្មោះ ហេង ហ៊ាន អនុប្រធាន និងមានឈ្មោះ តេង សាំងឈ្មោះ ប្រាជ្ញ ពៅ ជាក្រុមការងាររបស់សមាគមនេះ ជាអ្នកទទួលប្រាក់ពី​ប្រជាពលរដ្ឋទាំង១៧គ្រួសារ ព្រមទាំងបានផ្តិតមេដៃទទួលស្គាល់ និងមានលិខិតបញ្ចាក់បោះត្រាពីលោកម៉ៅ គង់ មេឃុំសំពោងជ័យផងដែរ។

លោក ធី បានបន្តថា រហូតមកដល់ពេលនេះ ទោះជាប្រធាន អនុប្រធាន ប្រធានគណនេយ្យ បានផ្តិតមេដៃ និងមានលិខិតបោះត្រា បញ្ជាក់ពីមេឃុំថា បានទទួលលុយពី​ប្រជាពលរដ្ឋក៏ដោយ ពួកគេហាក់បីមិនទទួលខុសត្រូវព្រមទាំងធ្វើការបដិសេធថា មិនបាន ទទួលប្រាក់ពីប្រជាពលរដ្ឋទាំង១៧គ្រួសារនោះទេ ហើយថែមទាំងថា «ទៅប្តឹងណាក៏ប្តឹងទៅ»។

លោកថា បន្ទាប់មកពួកគាត់ទាំង១៧គ្រួសារបានដាក់ពាក្យបណ្តឹងទៅ កាន់សាលាដំបូងខេត្តកំពង់ចាម អស់រយៈជាង២ខែហើយនៅមិនទាន់បានចាប់ខ្លួន​ជនឆបោក​នោះនៅឡើយ។ បានឮថាត្រឹមតែហៅសាកសួរឱ្យត្រឡប់មកផ្ទះវិញតែប៉ុណ្ណោះ។

បន្ថែមពីលើនេះ លោក ធឿន ថា តំណាងប្រជាពលរដ្ឋ១៧គ្រួសារ បានប្រាប់អង្គភាពព័ត៌មាន Fresh News បន្តថា «គ្រួសារដែលចាញ់បោកមានជាង២០គ្រួសារ តែគ្រួសារ​ដាក់ប្តឹងមានចំនួន១៧គ្រួសារ ដែលចាញ់បោកសមាគមជនពិការ ដោយលោកបានអះអាងថា ពួកគេបានដើរបោក និងបំផុសប្រជាពលរដ្ឋថា ដាក់លុយក្នុងធនាគារ បានការប្រាក់តិចតួចណាស់ ហើយបងទុកនៅផ្ទះក៏មិនបានផលអីដែរ ចឹងយកមកផ្ញើកន្លែងវាមកបានការប្រាក់៣ភាគរយ ចឹងប្រជាពលរដ្ឋដែលចាញ់បោក​ក៏នាំគ្នា​យកប្លង់ផ្ទះ ឬក៏ប្លង់ដី អ្នកខ្លះយកលុយសុទ្ធទៅដាក់ អ្នកខ្លះបានការប្រាក់ប្រមាណជា១ឆ្នាំ និងអ្នកខ្លះបាន២ឬ៣ខែ ហើយបន្ទាប់មកវាបានយកលុយ​ជាង១២ម៉ឺនដុល្លារ​យកទៅបាត់ ដោយមិនបានទូរទាត់សងប្រជាពលរដ្ឋរងគ្រោះវិញ តាំងពីខែវិច្ឆិកា ២០១៦មកម្ល៉េះ»។

ប្រជាពលរដ្ឋទាំង១៧គ្រួសារងគ្រោះដោយការឆបោករបស់សមាគមន៍សន្សំប្រាក់ បានសំណូមពរដល់សម្តេចតេជោហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយអន្តរាគមន៍ រកយុត្តធម៌ឱ្យពួកគាត់ផង ព្រោះពួកគាត់ពេលនេះកំពុងជួបទុក្ខ លំបាករកប្រាក់បង់ឱ្យធនាគារ បើគ្មានប្រាក់នោះទេពួកគាត់ប្រឈម និងការរឹបអូសដី​ស្រែ​ផ្ទះ​សម្បែង​របស់ពួកគាត់ហើយ។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះរាជអាជ្ញា បានកោះហៅប្រជាពលរដ្ឋឈ្មោះ ធឿន ថា ទៅសួរនាំ ហើយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ នឹងហៅរូបលោក ទៅសួរនាំ​ម្តងទៀត ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយ នៅឡើយទេ។

គួរបញ្ជាក់ថា សមាគមជនពិការដែលបានឆបោកប្រជាពលរដ្ឋ មាន៣កន្លែង ទី១ជាទីស្នាក់ការបណ្តាល ស្ថិតនៅស្រុកបាធាយ ហើយចំណែក សាខា១ទៀត ស្ថិតនៅស្រុក​ជើងព្រៃ និងមួយសាខាទៀតនៅខេត្តកំពង់ឆ្នាំង ដែលមានបុគ្គលប្រហែលជិត១០នាក់៕

Fresh News

អភិបាលខណ្ឌសែនសុខ បញ្ជាឲ្យវាយរបងថ្មរំលោភផ្លូវ របស់នាយករងវិទ្យាល័យមួយ, ម្ចាស់របងវាយតែពាក់កណ្តាល ទុកពាក់កណ្តាល



(ភ្នំពេញ)៖ ក្នុងតួនាទីជាមន្ត្រីរាជការ គប្បីធ្វើជាគំរូគេក្នុងការអនុវត្តន៍ច្បាប់ ប៉ុន្តែមន្រ្តីខ្លះ បែរជាហ៊ានរំលោភយកដីផ្លូវអស់ទំហំ៧ម៉ែត្រ ក្នុងទំហំទទឹងផ្លូវសរុប២០ម៉ែត្រ ដែលមានកំណត់ក្នុងប្លង់អិលម៉ាប (កំណត់ដោយមន្ទីរសូរិយោដីរាជធានី)។

ជាក់ស្តែង ស្ថិតនៅខាងក្រោយរ៉ាដា ក្រុមទី៦ ភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាយរងសាលាវិទ្យាល័យម្នាក់ បានសង់រំបងថ្មរំលោភផ្លូវ ដោយមិនខ្លាចនឹងច្បាប់នោះទេ។ ប៉ុន្តែចំពោះសកម្មភាពរំលោភមួយនេះ ត្រូវបានអភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានបញ្ជាឲ្យវាយកម្ទេចចោល ដោយមិនឲ្យរំលោភបែបនេះទេ។

ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលសម្តែងការមិនពេញចិត្តចំពោះទង្វើរំលោភច្បាប់មួយនេះ បានប្រាប់ភ្នាក់ងារ Fresh Newsថា «ម្ចាស់ផ្ទះអ្នករំលោភយកដីផ្លូវនេះនេះ មានមុខងារជានាយករង នៃវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ»។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ អភិបាលខណ្ឌសែនសុខ បានទៅហាមឃាត់ឲ្យវាយរបងចេញ ក្រោយលោកបានដឹងតែប៉ុន្មានម៉ោង ប៉ុន្តែមន្ត្រីរូបនោះនៅតែមិនបញ្ឈប់ ដោយអះអាងថា «សុំធ្វើជាបណ្តោះអាសន្ន»។

ដោយមើលឃើញអំពើរំលោភទាំងចេតនាស្រស់ៗយ៉ាងជាក់ច្បាស់នេះ និងមិនរុញរា ផងនោះ អភិបាលខណ្ឌសែនសុខ បានចេញលិខិតព្រមានទុកពេល០៣ថ្ងៃ ដើម្បីវាយរបងចេញពីលើផ្លូវ ដោយខ្លួនឯង បើមិនអនុវត្តន៍នឹងមានវិធានតាមច្បាប់។

បន្ទាប់ពីទទួលបានលិខិតព្រមានពីអភិបាលខណ្ឌ មន្ត្រីរំលោភផ្លូវ បានវាយរបងចេញហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ តែវាយតែពាក់កណ្តាលប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិម្នាក់ៗសម្តែងការ មិនសប្បាយចិត្ត និងបានទទូចដល់លោក អភិបាលខណ្ឌសែនសុខម្តងទៀត ត្រូវអនុវត្តច្បាប់ឲ្យបានស្មើៗគ្នា កុំយោគយល់ ទោះជាមន្ត្រីថ្នាក់ណាក៏ដោយ ឲ្យតែបំពានច្បាប់ព្រោះជាផ្លូវសាធារណៈរបស់រដ្ឋ ត្រូវប្រើរួម។

ម្យ៉ាងទៀតចំណាត់ការនេះ ក៏ជាសារព្រមានដល់បុគ្គលមួយចំនួនទៀត ឲ្យបញ្ឈប់មានគំនិត ប្ញកំពុងរំលោភយកដីផ្លូវ ដីមាត់លូ ប្រឡាយ បឹង ជាដើម ប្រសិនបើពួកគេនៅតែប្រព្រឹត្តត្រូវតែទទួលទោសតាមច្បាប់៕

Fresh News

មាតា​ធម្មជាតិ​ត្រៀម​ប្តឹង​នៅ​សឹង្ហ​បុរី និង​បង្កើន​យុទ្ធនាការ​ប្រឆាំង​ការ​បូម​ខ្សាច់​



វ៉ាស៊ីនតោន៖ ឃ្លី​ប​វីដេអូ​រយៈពេល​ជាង​ពីរ​នាទី​បង្ហាញ​ពី​សកម្មជន​ម្នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​ចោទ​ជា​សំណួរ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ពី​ភាពមិនប្រក្រតី​ថ្មី​ក្នុង​ការនាំ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា​។​

«​ខ្ញុំ​សូម​មាន​សំណួរ​ថ្មី​មួយទៀត​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដូចតទៅ​៖ ហេតុអ្វី​បានជា​តួលេខ​ដែល​មាតា​ធម្មជាតិ​ទទួលបាន​មកពី​គយ និង​ពន្ធដា​នៃ​ប្រទេស​ឥណ្ឌា​ដែល​បង្ហាញថា​ការនាំចេញ​ខ្សាច់​ពី​ប្រទេស​កម្ពុ​ជាមាន​ចំនួន​១០៨.៦៥៨​តោន ដែលមាន​តម្លៃ​ជាង ២​លាន​៨​សែន​ដុល្លារ​សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ​២០១៣​ដល់​២០១៥ តែ​ឯកសារ​នៃ​នាយកដ្ឋាន​គយ និង​ពន្ធដា​នៃ​ប្រទេស​កម្ពុជា​មិនបាន​បង្ហាញ​ពី​តួលេខ ដែល​នាំ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា​ទាល់តែ​ស‍ោះ​»​។​

Facebook API failed to initialize.
​នេះ​គឺជា​សំណួរ​ដែល​សួរ​ដោយ​លោក​ថុ​ន រដ្ឋា សកម្មជន​បរិស្ថាន​វ័យក្មេង​ម្នាក់ ដែល​បាន​លើក​សំណួរ​នេះ​ឡើង​ដោយ​កប់​ខ្លួន​ក្នុង​ខ្សាច់​រហូត​ត្រឹម​ក​នៅក្បែរ​ព្រែក​ជាប់មាត់​សមុទ្រ​ក្នុង​ខេត្តកោះកុង​។​

ការបង្ហាញ​ថ្មី​នេះ​កើតមានឡើង បន្ទាប់ពី​ក្រសួង​រ៉ែ និង​ឋា​ម​ពល​មិនបាន​ផ្តល់​ចម្លើយ​ច្បាស់លាស់​ទៅ​រដ្ឋសភាជាតិ ពាក់ព័ន្ធ​នឹង​ភាពខុសគ្នា​រវាង​តួលេខ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​សឹង្ហ​បុរី​ដែល​អង្គការ​មាតា​ធម្មជាតិ​បាន​រកឃើញថា មាន​ចំនួន​ជាង​៧០​លាន​តោន ក្នុងខណៈ​ពេលដែល​ទិន្នន័យ​របស់​កម្ពុជា​បង្ហា​ញ​ថា មានតែ​ជិត​៣​លាន​តោន​តែប៉ុណ្ណោះ​។​

​លោក ឌិ​ត ទីណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ការបំភ្លឺ​ជូន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភាជាតិ​កាលពី​ពាក់កណ្តាល​ខែធ្នូ​ថា ក្រសួង​រ៉ែ និង​ថាមពល មិនមែនជា​ស្ថាប័ន​ផ្តាច់មុខ​តែមួយគត់ ដែល​ទទួលបន្ទុក​ការនាំចេញ​ខ្សាច់​នោះទេ​។​

​លោក​បន្ថែមថា ការនាំចេញ​ខ្សាច់​ត្រូវ​អនុវត្តតាម​នីតិវិធី​ដោយឡែក និង​ផ្សេង​ពីគ្នា​ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ និង​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងគ្នា​។ ចំណែក​ការកត់ត្រា​ពី​ការនាំចេញ​នាំចូល និង​ការកំណត់​ប្រភេទ​ទំនិញ​របស់​ប្រទេស​នីមួយៗ​ក៏មាន​វិធីសាស្ត្រ​ខុសគ្នា ដែល​លោក​ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​នៃ​តួលេខ​ដែល​បានបង្ហាញ​ពី​ប្រទេស​នីមួយៗ​មាន​ចំនួន​ខុសគ្នា​។​

«​ពេលដែល​ប្រទេស​នីមួយៗ គាត់​មាន​វិធាន​ប្រភពដើម​ខុសគ្នា ការកត់ត្រា​របស់គាត់​ក៏​អាច​ខុសគ្នា មិនមែន​ខ្ញុំ​អ្នក​និយាយ​ទេ​គឺ UN COMTRADE នៅក្នុង DATA Base (​ទិន្នន័យ​) គឺ​គាត់​សរសេរ​ខ្លួនឯង ហើយ​យើង​ក៏​មិនដឹងថា ប្រព័ន្ធ​កត់ត្រា​របស់​សាំង​ហ្កា​ពួរ​យ៉ាងម៉េច​ដែរ ដូច្នេះហើយ​បើ​ឲ្យ​ក្រសួង​មក​វិភាគ​ថា តើ​អ្នកណា​ខុស​អ្នកណា​ត្រូវមាន​សាំង​ហ្កា​ពួរ​ខុស កម្ពុជា​ខុស ឬមួយ​ក៏ UN ខុស​។ យើង​មិន​យកមក​វិភាគ​បែបនេះ​ទេ​។ សូម​ឲ្យ​ដឹងថា ម្នាក់ៗ​ហើយ​ប្រព័ន្ធ​នីមួយៗ​គេ​ធ្វើឡើង​សុទ្ធ​តែមាន​គោលដៅ​របស់គេ ហើយ​សុទ្ធ​តែមាន​គោលការណ៍​ក្នុងការ​ប្រើប្រាស់​របស់គេ​ខុសៗ​គ្នា​»​។​

​រីឯ​ករណី​នាំ​ខ្សាច់​ទៅ​ឥណ្ឌា​នេះ​ត្រូវ​លោក ទីណា ប្រាប់​សារព័ត៌មាន The Phnom Penh Post ថា វា​អាច​ថា​មាន​ការនាំ​ខ្សាច់​កម្ពុជា​បន្ត​ពី​សឹង្ហ​បុរី​ទៅ​ប្រទេស​ដទៃ ហើយ​បើ​ដូចនេះ​មែន វា​មិនមែនជា​កំហុស​របស់​កម្ពុជា​ទេ​។​

​ប៉ុន្តែ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​គឺ​លោក អា​ឡិច​សាន់​ដ្រូ ហ្កុ​ន​ហ្សា​ឡេស​ដា​វីត​សុន បានបញ្ជាក់​ប្រាប់ វី​អូ​អេ ថា​ឯកសារ​ថ្មី​ដែល​លោក​ទើប​ទទួលបាន​បង្ហាញថា ខ្សាច់​ដែល​ឥណ្ឌា​នាំចូល​គឺមាន​ប្រភព​នាំចេញ​ផ្ទា​ល់ពី​ប្រទេស​កម្ពុជា ដែល​ផ្ទុយ​ពី​ការអះអាង​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​។​

«​ឯកសារ​ដែល​យើង​មាននៅ​ក្នុង​ដៃ គឺ​បញ្ជាក់ថា​ខ្សាច់​នេះ​គឺ​ប្រភព​មកពី​ប្រទេស​កម្ពុជា​។ អីចឹង​អ្វីដែល​យើង​កំពុងតែ​ធ្វើ​ហ្នឹង​គឺ​ក្រៅពី​ទិញ​ឯកសារ​ថ្មី​មួយទៀត​មកពី​សឹង្ហ​បុរី​ដែល​និយាយ​អំពី​ករណី​ដែល​អាច​នឹងមាន គឺ​សឹង្ហ​បុរី​នាំ​ខ្សាច់​ចូល​ពី​កម្ពុជា​យើង​លក់​ត​ហ្នឹង យើង​បាន​ទិញ ហើយ​យើង​ឃើញថា​សម្រាប់​ឆ្នាំ​២០១៤​និង​២០១៥ គឺ​មិនមាន​ទ‍េ​»​។​

​លោក​អា​ឡិច កំពុង​ប្រមូល​ឯកសារ​បន្ថែមទៀត​ដើម្បី​ឱ្យគេ​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​នាំ​ខ្សាច់​ទាំង​នោះមក​ប្រទេស​ឥណ្ឌា​។​

លោក​អា​ឡិច ដែល​ត្រូវបាន​រដ្ឋាភិបាល​ហាមឃាត់​មិនឱ្យ​ចូល​ប្រទេស​កម្ពុជា​បញ្ជាក់ថា លោក​កំពុង​សិក្សា​ពី​នីតិវិធី​ប្តឹង​នៅ​តុលាការ​សឹង្ហ​បុរី​ប្រឆាំងនឹង​ក្រុមហ៊ុន ឬ​រដ្ឋាភិបាល​សឹង្ហ​បុរី​ចំពោះ​ការនាំ​ខ្សាច់​ចូល​ដោយ​ខុសច្បាប់​ក្នុងពេល​កន្លងមក​។​

«​ផ្លូវ​អាចមាន​ពីរ​។ ផ្លូវ​ទីមួយ​គឺ​ដាក់ពាក្យ​ប្តឹង​លើ​ក្រុមហ៊ុន​ឯកជន ឬក៏​ស្ថាប័ន​របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ការ​នាំចូល​ខ្សាច់​ពី​កម្ពុជា ដែល​កម្ពុជា​នាំចេញ​ដោយ​ខុសច្បាប់​ឬក៏​គេ​ហៅថា​រត់ពន្ធ ឬក៏​ផ្លូវ​ទី​ពីរ​ដាក់ពាក្យ​ប្តឹង ដោយសារ​ខ្សាច់​នេះ​បណ្តាលឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្តកោះកុង ហើយ​ក៏មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជីវភាព​រស់នៅ​ប្រជាជន​មូលដ្ឋាន​ក្នុង​ខេត្ត​កោះ​កុ​ង‍​»​។​
​


ថ្មី​ៗ
អត្ថបទ : ម៉ែន គឹម​សេង VOA

មេធាវី​ថា ចៅក្រម​ស៊ើបសួរ រក្សា​សំណុំរឿង មន្ត្រី​អាដហុក និង​មន្ត្រី គជប ហួស​កាលកំណត់​



ភ្នំពេញ​៖ សំណុំរឿង​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​បញ្ចប់​ក្នុងដំណាក់កាល នៃ​ការ​ស៊ើបសួរ​ហើយ កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៦​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ មិនទាន់​បន្ត​នីតិវិធី យ៉ាងណា​ទៀត​នោះទេ​។ មេធាវី អះអាងថា ចៅក្រម​ស៊ើបសួរ គួរតែ​បន្ត​នីតិវិធី​ឲ្យ​បាន​ឆាប់រហ័ស ដោយ​មិនត្រូវ​រក្សាទុក​សំណុំរឿង រហូត​ហួស​កាលកំណត់​បែបនេះ​ឡើយ​។​

លោក​មេធាវី សំ សុ​គង់ នឹងដាក់​លិខិត​ទៅកាន់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី ភ្នំពេញ នៅ​ថ្ងៃទី​១០ មករា ដើម្បី​ស្នើ​ឲ្យ​ចេញ​ដីកា​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ថា​ត្រូវ លើកលែង​ការចោទប្រកាន់ លើ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ឬក៏​ត្រូវបញ្ជូន សំណុំរឿង ទៅ​ជំនុំជម្រះ​។ លោក សំ សុ​គង់ ដែលជា​មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប របស់​មន្ត្រី អាដហុក និង​មន្ត្រី​គ​.​ជ​.​ប បាន​អះអាងថា វា​ជាការ​ខុស​នឹង​នីតិវិធី ដែល​ចៅក្រម​ស៊ើបសួរ ពន្យារពេល​មិន​ព្រម​ចេញ​ដីកា​ដំណោះស្រាយ រហូត​ហួសការ​កំណត់​បែបនេះ​។

​មេធាវី​រូបនេះ បកស្រាយ​ថា​តាម​នីតិវិធី ចៅក្រម​ស៊ើបសួរ មាន​រយៈពេល​យ៉ាងយូរ​តែ ២០​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការចេញ​ដីកា​ដំណោះស្រាយ បន្ទាប់ពី​ខ្លួន បញ្ចប់​ការ​ស៊ើបសួរ លើ សំណុំ រឿង​ណាមួយ​។ លោក​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​ចៅក្រម​ស៊ើបសួរ បានសម្រេច​បិទ​ការ​ស៊ើបសួរ លើ​សំណុំរឿង​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប តាំងពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ មកម្ល៉េះ​។ ដូច្នេះ បើ​យើង​គិត​មកដល់ពេលនេះ វា​បាន​លើស​ជាង​១០​ថ្ងៃ​ហើយ​»​។​

​បើតាម​លោក មេធាវី​ខាងលើ ប្រសិនបើ [​ចៅក្រម​ស៊ើបសួរ​] រក​មិនឃើញ​ទោសកំហុស ឬ​ភស្តុតាង​គ្រប់គ្រាន់​ទេ ចៅក្រម​ស៊ើបសួរ អាច​នឹង​លើកលែង​ការចោទប្រកាន់ ហើយ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ប៉ុន្តែ ប្រសិនបើ​មាន​ភស្តុតាង​គ្រប់គ្រាន់ ចៅក្រម​ស៊ើបសួរ នឹង​រក្សា​បទ​ចោទ​ដដែល ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ ជាមិនខាន​។ នេះ​បើតាម​ការពន្យល់​របស់​លោក សំ សុ​គង់ ដដែល​។

​ក្នុង​រយៈកាល​ចុងក្រោយ​នេះ សាធារណជន​មួយចំនួន ហាក់​សង្ឃឹមថា មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប អាច​នឹង​មានឱកាស បាន​រួច​ផុតពី​ការឃុំ​ឃាំង បន្ទាប់ពី​មានការ​សម្របសម្រួល​ផ្នែក​នយោបាយ​រវាង​សម្តេច ហ៊ុន សែន និង​ឯកឧត្តម កឹម​សុខា​។ ហើយ​បច្ច័យ​នៃ​ការសម្របសម្រួល​នេះ ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមទាំង​មេឃុំ ស៊ា​ង ចែត ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស តាម​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​កម្ពុជា​។​

​មន្ត្រី​អាដហុក​ទាំង​៤​រូប រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​លោក​នី ចរិយា អគ្គលេខាធិការរងរ​បស់ គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ​«​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​» នៅក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​រវាង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ និង​ឯកឧត្តម កឹម សុខា​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ទីប្រឹក្សា​ផ្ទាល់​សម្តេច ហ៊ុន សែន ចេញផ្សាយ​សៀវភៅ «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​»



​លោក រស់ ច​ន្ត្រា​បុត្រ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​ផ្សាយ​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​» ។ សម្រាប់​ស្នាដៃ​ដែលមាន​កម្រាស់​ជាង​៤០០​ទំព័រ​នេះ អ្នកនិពន្ធ បាន​រៀបរាប់​ពី​ប្រវត្តិ​ដ៏​ជូរចត់​របស់​កម្ពុ​ជាកា​លពី​អតីតកាល និង​បាន​លើក​ពី​គុណសម្បត្តិ​របស់​សម្តេច ហ៊ុន សែន ក្នុង​ដំណើរ​សាង​សន្តិភាព​នៅ​កម្ពុជា​។

​ពុំទាន់​មាន​អ្នកស្រាវជ្រាវ​ខ្មែរ ឬ​បរទេស​ណាមួយ ចងក្រង​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ពេញលេញ​ចប់​ចុង​ចប់​ដើមឡើយ​ទាក់ទង​នឹង «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​»​។ នេះ​ជាការ​កត់សម្គាល់​របស់​បណ្ឌិតសភា​ចា​រ្យ រស់ ច​ន្ត្រា​បុត្រ ដោយបាន​អះអាងថា ស្នាដៃ «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​» របស់លោក ជាការ​ប្រមូលផ្តុំ​ឯកសារ​ផ្លូវ​ការដែល​រំលឹក​ពី​អតីតកាល​ដ៏​ជូរចត់ និង​បង្ហាញ​ពី​ស្នាដៃ​របស់​សម្តេច ហ៊ុន សែន ក្នុង​ដំណើរ​ការកសាង​សន្តិភាព​។​

​លោក រស់ ច​ន្ត្រា​បុត្រ សាស្ត្រាចារ្យ វិទ្យាសាស្ត្រ​នយោបាយ និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច ហ៊ុន សែន ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ស្ថានភាព​នយោបាយ​អន្ត​រ​ជាតិ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​សម្បើម​អស្ចារ្យ​មកលើ​អាយុជីវិត​កម្ពុជា ពោលគឺ​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាមលោកលើកទីពីរ​ម​ក​ម្ល៉េះ​។​

​នៅ​ផ្នែក​ទីមួយ អ្នកនិពន្ធ​បាន​សង្ខេប​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​នៅ​កម្ពុជា ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៧៩ ដោយ​ចាប់ផ្តើម​បង្ហាញ​ពី​ស្ថានភាព​របស់​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​តូចតាច​ដែល​រងគ្រោះ​ដោយ​ការប៉ះទង្គិច​គ្នា​រវាង​ប្លុក​ទាំងពីរ គឺ​សហរដ្ឋអាមេរិក (​លោក​សេរី​) និង​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត (​មនោគមន៍វិជ្ជា​កុម្មុយនីស្ត​) ដែល​គេ​ដាក់ឈ្មោះថា «​សង្គ្រាមត្រជាក់​» មុន​លើកឡើង​ពី​សម័យ​អាណានិគម​បារាំង ​ចលនា​ខ្មែរឥស្សរៈ និង​វៀត​មិញ​។​

​លោក រស់ ច​ន្ត្រា​បុត្រ បាន​រៀបរាប់​ផងដែរ​ពី​ស្ថានភាព​របស់​កម្ពុជា​ដែល​ស្ថិតក្នុង​ចន្លោះ «​ញញួរ និង​ត្រ​នា​ប់​» ពី​សម័យ​សង្គមរាស្ត្រនិយម សម័យ​សាធារណរដ្ឋ​ខ្មែរ រហូតដល់​សម័យ​ខ្មែរក្រហម​ប្រល័យពូជសាសន៍​។ បន្ថែម​ពីលើ​នេះ លោក​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានការណ៍​មួយចំនួនបន្ថែមទៀត ដូចជា ចលនា​តស៊ូ​ប្រឆាំង​ខ្មែរក្រហម ឬ​សេរីការ សង្គ្រាម​ក្នុង​ព្រះរាជ​វង្ស និង​ប្រវត្តិ​នយោបាយ​ការបរទេស ជាពិសេស​ការ​កាត់ផ្តាច់​ទាំងស្រុង​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។​

​នៅ​ផ្នែក​ទី​ពីរ​នៃ​សៀវភៅ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ​២០១៦​កន្លងមកនេះ អ្នកនិពន្ធ បាន​រៀបរាប់​ពី​សកម្មភាព​នានា​ដែល​ឈានដល់​ថ្ងៃ​រំដោះ «៧ មករា ឆ្នាំ​១៩៧៩» ដែល​ក្នុងនោះ មាន​សម្តេច ហ៊ុន សែន ដែលជា​មេដឹកនាំ​ចលនា​តស៊ូ​ដ៏​សំខាន់​មួយរូប​ដែល​បញ្ជា​ផ្នែក​ខាងកើត​ទន្លេមេគង្គ​។ លោក​បាន​រៀបរាប់​ទាក់ទង​នឹង​សង្គ្រាម​ដែល​នៅ​បន្ត​លើ​ទឹកដី​កម្ពុជា ដូចជា​សង្គ្រាម​តាម​ព្រំដែន​កម្ពុជា​-​ថៃ និង​ការបង្កើត​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​ជាដើម​។​

​នៅ​ផ្នែក​បន្តបន្ទាប់ អ្នកនិពន្ធ​បានលើកឡើង​ពី​ដំណើរ​ចរចា​សន្តិភាព រហូតដល់​បាន​សន្តិភាព​ពេញលេញ​។ លោក​បាន​កត់សម្គាល់ថា តួអង្គ​សំខាន់​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា គឺ​សម្តេច ហ៊ុន សែន និង​សម្តេចព្រះ នរោត្តម សីហនុ​។ ចំណែកឯ​អ្នក​ពន្លត់ភ្លើង​សង្គ្រាម​នៅ​កម្ពុជា គឺ​សម្តេច ហ៊ុន សែន​។​

​ក្នុង​អារម្ភកថា​របស់ខ្លួន សម្តេច ហ៊ុន សែន បាន​ចាត់ទុកថា នេះ​ជា​ស្នាដៃ​ដំបូង​ដែល​និយាយ​អំពី​សន្តិភាព​នៅ​កម្ពុជា និង​ផ្តល់​តម្លៃ​សន្តិភាព​ពិតប្រាកដ​។ សម្តេច​លើកឡើងថា​៖ «​ស្នាដៃ​នេះ ជា​សក្ខីភាព​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប​ដែល​បង្ហាញថា សង្គ្រាម​ប្រើពេល​វេលា​ខ្លី ហើយ​ងាយស្រួល​ក្នុង​ការឆាបឆេះ​ដុតបំផ្លាញ តែ​សន្តិភាព​វិញ ត្រូវការ​ពេលវេលា​យូរអង្វែង​ដើម្បី​ពន្លត់ភ្លើង​សង្គ្រាម និង​កសាង​អ្វីដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​អន្តរាយ​»​។ សម្រាប់​សម្តេច ស្នាដៃ​ចងក្រង​របស់លោក រស់ ច​ន្ត្រា​បុត្រ អាច​ឲ្យ​កូន​ខ្មែរ​ទាំងអស់​ទុកជា​មេរៀន​ប្រចាំជីវិត​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ប៉ូលិស ឈាន ពិសិដ្ឋ អាច​ត្រូវ​ប្តូរ​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត



នាយរង​ប៉ុស្តិ៍​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ អាច​ត្រូវ​ប្តូរ​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត​។ នេះ​បើតាម​ការបញ្ជាក់​របស់​អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ​។ គម្រោង​ផ្លាស់ប្តូរ​នេះ អាច​ជាប់​ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​នាពេល​ចុងក្រោយ​នេះ​។

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១០ ខែមករា​ថា លោក ឈាន ពិសិដ្ឋ ទំនង​ត្រូវ​ផ្លាស់ប្តូរ​ចេញពី​ច្រកទ្វារ​ប៉ោយប៉ែត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់​អារម្មណ៍​។ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​នេះ គឺពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​កើតឡើង​កន្លងមក​។ តែ​យ៉ាងណាក៏ដោយ លោក​អភិបាលខេត្ត មិន​ច្បាស់​ថា​ប៉ូលិស​ស័ក្តិ​៤ ឈាន ពិសិដ្ឋ នឹងត្រូវ​ប្តូរ​ទៅធ្វើ​ការ​នៅ​កន្លែង​ណា​ទេ ការផ្លាស់ប្តូរ​គឺ​អាស្រ័យ​លើ​ស្ថាប័ន​សា​មី (​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​)​។

​លោក សួន បវរ បន្ត​ដោយ​លើក​ពីស​ម្តី​របស់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដូច្នេះ​ថា​៖« មិន​ជាក់លាក់​ថា​នឹង​ផ្លាស់ប្តូរ​យ៉ាងម៉េច​ទេ ប៉ុន្តែ​បើតាម​លោក សុខ ផល បើ​ឲ្យ​គាត់​(​ឈាន ពិសិដ្ឋ​) នៅ​កន្លែង​ហ្នឹង​ទៀត អាច​កើតមាន​បញ្ហា​ដដែល បញ្ហា​ដែល​ចម្រូងចម្រាស​»​។

​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ ក៏​ចង់​ឲ្យ​លោក ឈាន ពិសិដ្ឋ សម្របសម្រួល​បញ្ចប់រឿង​ជាមួយ លោក ឌិន ពុ​ទ្ធី ដែល​រង​ការចោទប្រកាន់ថា​បាន​បើកឡាន​បុក​ខ្លួន​ឲ្យ​សន្លប់​កាលពីពេល​កន្លងមក​នោះ​។ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​៖«​របួស​គាត់​ដូចជា​សះស្បើយ​អស់ហើយ យើង​ចង់​ឲ្យ​បញ្ចប់​បញ្ហា ចង់​ឲ្យ​ស្ងប់ស្ងាត់ ម្យ៉ាង​គ្រោះថ្នាក់​នោះ​មិន​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវិត​ដែរ​»​។​

​ទាក់ទង​នឹង​ព័ត៌មាន​ពី​ការប្តូរ​ទីកន្លែង​ធ្វើការ​របស់លោក ឈាន ពិសិដ្ឋ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណ​ថន មិន​អត្ថាធិប្បាយ​ឡើយ ដោយ​បញ្ជាក់ថា​បញ្ហា​នេះ​លោក​មិនទាន់​ក្តាប់បាន​។​

​វីដេអូ និង​រូបថត ប៉ូលិស ដួលសន្លប់​មុខ​រថយន្ត បាន​កើតឡើង​តាំងពីព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ ក្បែរ​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មន្ត្រី​ប៉ូលីស​ឈ្មោះ ឈាន ពិសិដ្ឋ ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ ដោយមាន​ស្នាម​ជាំ​ជាប់​ភ្លៅ និង​ដាក់​រណប​បំពង​ករ និង​មាន​លិខិតបញ្ជាក់​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ផងដែរ​។

​ក្រសួងមហាផ្ទៃ បាន​វាយតម្លៃ​ករណីនេះ​ថា ម្ចាស់​រថយន្ត​លោក ឌិន ពុ​ទ្ធី មាន​ចេតនា​បើករថយន្ត​បុក​លោក ឈាន ពិសិដ្ឋ មន្ត្រីប៉ូលិស​នាយរង​ប៉ុស្តិ៍​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ប៉ោយប៉ែត​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អយ្យការ​អម សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក៏បាន​បញ្ជាក់ដែរថា ប៉ូលិស​ឈ្មោះ ឈាន ពិសិដ្ឋ ពិតជា​ត្រូវ​រថយន្ត​របស់ ឈ្មោះ​ឌិន ពុ​ទ្ធី បុក​រហូតដល់​សន្លប់​ពិតមែន ។ អយ្យការ​អម សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បើក​ការស៊ើបអង្កេត​លើ​ឈ្មោះ ឌិន ពុ​ទ្ធី ពីបទ​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​៕

ថ្មី​ៗ
អត្ថបទ : ខន ចំប៉ា

លោក គង់ វិមាន ​ចុះពិនិត្យ និងដោះស្រាយ​ការថ្នាំងថ្នាក់​ របស់​​កម្មករក្នុងក្រុមហ៊ុន​ចំការ​កៅស៊ូ «CRCK2» នៅស្រុកស្ទោង រឿង​ប្រាក់ខែ​មិនស្មើគ្នា



(កំពង់ធំ)៖ ក្នុងការយកចិត្តទុកដាក់ជីវភាព របស់​កម្មករឲ្យកាន់តែមានភាពប្រសើឡើង ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៧ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានចុះពិនិត្យ និងដោះស្រាយការថ្នាំងថ្នាក់ របស់​កម្មករក្នុងក្រុមហ៊ុនចំការកៅស៊ូ «CRCK2» ស្ថិតក្នុង​ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលតែងតែមានការរអ៊ូរទាំ ពីកម្មករថាក្រុមហ៊ុន មិនបានគោរពលក្ខខណ្ឌក្នុងការបើកប្រាក់។

​លោក ស្រ៊ីម សុគា ជាកម្មករចំការកៅស៊ូ បានលើកឡើងថា ចាប់ពីខែ វិច្ឆិកា និងខែធ្នូ ឆ្នាំ​២០១៦ កម្មករចូលដំបូងមានរយៈពេលពីរខែ ក្រុមហ៊ុនបានគិតឲ្យតម្លៃកម្មករគិតចំនួនដើម នៃការជៀរជ័រ ដោយគិតតម្លៃមួយដើម៥០​រៀលក្នុងមួយថ្ងៃ លុះដល់ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុន​គិតជាគីឡូក្នុងការជៀរជ័រ ដល់ពេលបើកប្រាក់ខែធ្វើឲ្យកម្មករខ្លះបានតិច កម្មករខ្លះបានច្រើន បានជាធ្វើឲ្យកម្មករខ្លះមិនសុខចិត្ត​។

លោក ឈីវ តិច ជាអ្នកបកប្រែឲ្យតំណាងក្រុមហ៊ុនចំការកៅស៊ូ បានលើកឡើងថា ចំពោះកម្មករមានពីរក្រុម​ ក្រុមអ្នកចាស់ និងអ្នកថ្មី ការជៀរយកជ័រកៅស៊ូ​ ក្រុមហ៊ុន​បាន​ឲ្យកម្មករ​ជៀរយកជ័រ ដោយគិតជាដើមព្រោះខែទី១ និងទី២ នោះកៅស៊ូបានជៀរយកមុខ ហើយមិនសូវមានចេញជ័រទេ លុះដល់ខែទី៣ ទើបកៅស៊ូមាន​ជ័រច្រើន ហើយក្រុមហ៊ុនគិតតម្លៃ​កៅស៊ូជាគីឡូវិញ ទើបធ្វើឲ្យអ្នកចាស់ និងអ្នកថ្មីបើកប្រាក់បានខុសគ្នា។

ជាមួយគ្នានោះ លោក គង់ វិមាន បានលើកឡើងដោយស្នើឲ្យក្រុមហ៊ុន ជួយពន្យល់ដល់​កម្មករឲ្យបានច្បាស់លាស់ ពីតម្លៃជៀរជ័រក្នុង ខែវិច្ឆិកា និងខែធ្នូ ចំពោះអ្នកចូលថ្មី និងខែបន្ទាប់ប្រសិនបងប្អូន មិនបានយល់ទើបធ្វើឲ្យមានការតវ៉ាយ៉ាងដូច្នេះ។

ក្នុងនោះដែរលោកអភិបាលរងខេត្ត បានបន្តចុះពិនិត្យការសាងសង់ការិយាល័យការងារ របស់សហគមន៍ដោយផ្តល់ថវិកាផ្ទាល់ខ្លួន ដើម្បីបញ្ចប់ការសាងសង់ និងជំរុញប្រជាពលរដ្ឋឲ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ៕

Fresh News

រដ្ឋមន្ដ្រីក្រសួងធម្មការ នឹងចូលបំភ្លឺជូនគណៈកម្មការទី៧ នៃរដ្ឋសភា នៅរសៀលនេះ



(ភ្នំពេញ)៖ លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នឹងដឹកនាំមន្ត្រីជាន់ខ្ពស់របស់ក្រសួងចំនួន២៣រូប ចូលបំភ្លឺជូនគណៈកម្មការទី៧នៃរដ្ឋសភា នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ចូលបំភ្លឺនេះ ធ្វើតាមការកោះអញ្ជើញរបស់លោក ញ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជំវិញបញ្ហាចំនួន៣ គឺ៖
ទី១៖ អំពីបញ្ហាទីតាំងរបស់ពុទ្ធសាសនបណ្ឌិត ទី២៖ អំពីបញ្ហាពុទ្ធិកសាកលវិទ្យាល័យ ទី៣៖ អំពីបញ្ហាប្រាក់ខែ និងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា​។

សូមបញ្ជាក់ថា ចាប់តាំងពីចូលប្រជុំពេញអង្គនៅក្នុងរដ្ឋសភាវិញ តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦មក ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំង បានធ្វើការកោះហៅរដ្ឋមន្រ្តីមួយចំនួនដើម្បីទៅបំភ្លឺជាបន្តបន្ទាប់ក្នុងនោះមានរដ្ឋមន្រ្តីក្រសួងរ៉ែ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាដើម។ ប៉ុន្តែការកោះហៅសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅបំភ្លឺរឿង លោក កែម ឡី នោះត្រូវបានច្រានចោលដោយប្រធានរដ្ឋសភា ដោយសារតែសំណុំរឿងនោះ ស្ថិតនៅក្នុងដៃតុលាការ៕

Fresh News

ការបោះបង្គោលព្រំដែន រវាងកម្ពុជា-ឡាវ បានសម្រេច​​ជាង៨៣ភាគរយ



(ភ្នំពេញ)៖ គិតរហូតដល់ពេលនេះ ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា-ឡាវ បានសម្រេចប្រមាណជាង៨៣ភាគរយហើយ ខណៈដែលបង្គោល​សេស​សល់ភាគីទាំងពីរកំពុងព្យាយាមដោះស្រាយបន្តទៀត។ នេះបើតាមការអះអាងរបស់ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា។

ប្រទេសកម្ពុជា និង ប្រទេសឡាវ មានព្រំដែនជាប់គ្នាប្រវែង៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥បង្គោល ប៉ុន្តែរហូតដល់ពេលនេះ ភាគីទាំងពីរបានបោះសម្រេចចំនួន១២១ បង្គោលហើយ នៅសល់តែប្រមាណ២៤បង្គោលទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី​ឡាវ អញ្ជើញ​ជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ៕

Fresh News

ប្រធានមន្ទីរសាធារណការ ខេត្តកណ្ដាល ព្រមាន​ចាត់វិធានការ​តាមច្បាប់ ចំពោះ​រថយន្ដផ្ទុក​លើសទម្ងន់​ដែលមិនស្ដាប់​ការណែនាំ​



(កណ្តាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ប្រកាសព្រមានដល់ម្ចាស់រថយន្ដដឹកទំនិញ និងរថយន្ដដឹកដី ដឹក​ខ្សាច់​ទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ខេត្តកណ្ដាល ប្រសិនបើនៅបន្ដមិនស្ដាប់ការណែនាំ ដោយដឹកទំនិញលើសទម្ងន់ទៀត មន្ទីរសាធារណការ នឹងប្រើ​ធម៌ក្ដៅ ចាត់វិធានការតាមផ្លូវច្បាប់ជាមិនខាន។

ថ្លែងបែបនេះ នៅពេលដែល​លោក​ដឹកនាំក្រុមការងារជំនាញ ចុះបើកការដ្ឋានជួសជុលផ្លូវលេខ​មួយចំនួន នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដែលរង​ការ​ខូចខាត ក្លាយទៅជាផ្លូវថ្លុក សំបុកមាន់ បង្កឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងជួសជុលឡើងវិញ ​ដើម្បីសម្រួលចរាចរ ដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជា​ពិសេសងាយស្រួលដល់​ពលរដ្ឋរស់នៅជាប់ដងផ្លូវ អាចប្រកបរបរលក់ដូរបានស្រួលផងដែរ និងបានជួសជុលបង្ហើយផ្លូវលេខ២១A​។

​ក្នុងឱកាសបើកការដ្ឋាននោះ លោកប្រធានមន្ទីរសាធារណការ បានប្រកាសព្រមានធ្ងន់ៗ ដល់ក្រុមអ្នករកស៊ីដឹកទំនិញ ដឹកដី ​ដឹកខ្សាច់ថា «​សូម​ឲ្យគោរព​ខ្លួន​​ឯង​​ផង ត្រូវផ្ទុកតាមទម្ងន់កំណត់ កុំដាក់លើសទម្ងន់ ហើយកុំចាំទាល់តែមន្ទីរ​មានវិធានការក្តៅនោះ ប៉ុន្តែបើបងប្អូនទាំងនៅមិន​គោរពតាមការណែនាំ​នោះ មន្ទីរនឹងមានវិធានក្តៅទៅលើរថយន្តណា មិនគោរពច្បាប់នាពេលដ៏ខ្លីខាងមុខ»។

ជាមួយគ្នានោះដែរ លោកបានបញ្ជាក់ថា ​ដោយមានការណែនាំពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​លោក ម៉ៅ ភិរុណ អភិបាល​ខេត្តកណ្តាល បានក្រើនរំលឹកជាប្រចាំឲ្យលោកខិតខំ ដឹកនាំកម្លាំងមន្ត្រីជំនាញចុះពិនិត្យគ្រប់ផ្លូវ ដែលមន្ទីរជាអ្នកទទួលមើលថែទាំ កុំ​ឲ្យផ្លូវទាំងនោះក្លាយជាផ្លូវផ្លុកសំបុកមាន់ ឬក៏រហូតដល់ផ្តាច់ចរាចរ​នោះ​។

លោកប្រធានមន្ទីរបន្តថា ក្រោយពីរដូវភ្លៀងធ្លាក់នោះ លោកបានដឹកនាំកម្លាំងមន្ត្រីជំនាញចុះទៅជួសជុល រួចរាល់ជាស្ថាពរ ហើយមិនមានផ្លុកសំបុកមាន់​​​​​ទៀតនោះទេ ហើយទន្ទឹម​និងលោកជួសជុលរួច សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់​ស្របដងផ្លូវទាំងអស់ សូមចូលជួយថែរក្សាផ្លូវ ដោយកុំយកសំរាម​ចោលមាត់លូ ប្រសិនឃើញមានកំណក់ដីនៅមាត់លូ សូមជួយកាយចោលផង ដើម្បីសម្រួលផ្លូវទឹកកុំឲ្យ ទឹកកកស្ទះនៅលើផ្លូវធ្វើឲ្យផ្លូវឆាប់ខូចខាតទៅវិញ ព្រោះការចូលរួមពីបងប្អូននេះ គឺជាការសំខាន់បំផុតមិនអាចខ្វះខាតបានទេ៕​

Fresh News