Showing posts with label ការអភិវឌ្ឍ. Show all posts
Showing posts with label ការអភិវឌ្ឍ. Show all posts

Facebook របស់ Fresh News កើនឡើងដល់១.៥លាននាក់ហើយ ខណៈអ្នកប្រើប្រាស់ Fresh News បន្តកើនជិត៨៣ម៉ឺននាក់

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ចំនួនអ្នកគាំទ្រ និងតាមដានព័ត៌មានលើ Facebook របស់ Fresh News បានកើនឡើងដល់ ១.៥លាននាក់ហើយ ចំណែកអ្នកប្រើប្រាស់ Fresh News បានបន្តកើនឡើងជាលំដាប់រហូតដល់ជិត៨៣ម៉ឺននាក់។ ដោយក្នុងមួយថ្ងៃអមានអ្នក Like នៅលើ Facebook ប្រមាណពី៥០០០-៦០០០នាក់ ដោយឡែកអ្នកប្រើប្រាស់ Fresh News (App) លើទូរស័ព្ទដៃវិញក្នុងមួយថ្ងៃមានអ្នក Install ប្រមាណចាប់ពី១០០០-១៣០០នាក់។

Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile និង Computer ព្រមៗគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់ទាំងអស់របស់ Fresh News ទាំង iOS និង Android។

* រាល់ព័ត៌មានដែលផ្សាយចេញគឺអូតូស្វ័យប្រវត្តិ (Automatic) ទៅកាន់ ៣កន្លែងព្រមៗគ្នា៖

ទី១៖ បង្ហាញនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលជាប្រចាំក្នុងមួយថ្ងៃជាង៣០ម៉ឺន។ (ទិន្នន័យតាម Alexa)
ទី២៖ បាញ់ទៅកាន់ទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ក្បែរ៨៣ម៉ឺននាក់។ (មានតារាងចំនួនអ្នកប្រើប្រាស់)
ទី៣៖ Share ទៅកាន់ Faceboook ដែលមានចំនួនជាង១.៥លាននាក់។ (ចំនួនមាននៅលើ Facebook)

Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយកព័ត៌មានពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែបយ៉ាងពីប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។ Fresh News ក៏មានព័ត៌មានជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជាទៅកាន់ពិភពលោកឲ្យដឹង។

Fresh News សូមទទួលស្វាគមន៍ និងចុះផ្សាយរាល់ព័ត៌មាន ដែលបានកើតមាននៅតាមទីកន្លែងនានា ពីប្រជាពលរដ្ឋកម្ពុជា ដោយអាចផ្ញើមកកាន់ E-mail: appfreshnews@gmail.com និង ទូរស័ព្ទលេខ៖ ០១៧ ៦០៨​ ០០៦។ អង្គភាពយើងខ្ញុំ ក៏ទទួលស្វាគមន៍រាល់ការរិះគន់ នានាពីមិត្តអ្នកអាន ដើម្បីនូវភាពចន្លោះប្រហោង របស់យើងខ្ញុំ៕



Fresh News

ប្រជាពលរដ្ឋ​០២​គ្រួសារ ស្រុក​កំពង់​ត្របែក​ទទួល​បាន​ផ្ទះ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ លោកជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា រួម​ដំណើរ​ដោយ សមាជិក សមាជិកា​គណៈក​ម្មា​ធិ​ការ​សាខា ក្រុម​ប្រតិបត្តិ​សាខា មន្ត្រី​អនុសាខា​ស្រុក​កំពង់ត្របែក អ្នកស្ម័គ្រចិត្ត និង​យុវជន កាកបាទក្រហម បាន​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់​ផ្ទះ ចំនួន ២​ខ្នង ទំហំ ៤​ម​x៥​ម ធ្វើ​អំពី​ឈើ ជញ្ជាំង​និង​ដំបូល​ប្រក់​ស័ង្កសី ជូន​ដល់​គ្រួសារ​ក្រីក្រ គ្មាន​ទីពឹង ចំនួន ២​គ្រួសារ ១- ឈ្មោះ ចាន់ សា​រួន ភេទ​ស្រី អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ចំណង​ទាក ឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ២- ឈ្មោះ អ៊ឹម រតនា ភេទ​ប្រុស អាយុ ៧៨​ឆ្នាំ រស់នៅ​ភូមិ​កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

លោកស្រី ចាន់ សា​រួន និង​លោកយាយ​អ៊ឹម រតនា បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សាខា​កាកបាទ​ក្រហមកម្ពុជា ដែល​បាន​សាងសង់​ផ្ទះ​ជូន​ពួកគាត់ ឲ្យ​មាន​កន្លែង​ស្នាក់នៅ​សមរម្យ ភ្លៀង​លែង​ទទឹក រស់​នៅ​បាន​ស្រួល ព្រមទាំង​បាន​ជួយ​ឧប​ត្ថ​ម្ភ​ស្បៀង​និង​ថវិកា​ជាច្រើន​ទៀតផង សម្រាប់​ដោះស្រាយ​ជីវភាព។

លោក​ បាន​នាំ​យក​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែង​យកចិត្តទុកដាក់ គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​មិន ប្រកាន់​វណ្ណៈ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ក្រៅពី​ការផ្តល់​ផ្ទះ សាខា​បាន​ផ្តល់​ជូន​នូវ​អំណោយ​បន្ថែមទៀត​ដោយ​ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥​គក កន្ទេល ០១ ឃី​ត ០១​កញ្ចប់ មី ០១​កេស ត្រីខ ០១​យួរ ចំរោះ​ទឹកស្អាត ០១​កំ​ប្លេ និង​ថវិកា ចំនួន ១០០,០០០​រៀល​។

លោក​ប្រធាន បាន​ជួយឧបត្ថម្ភ ថវិកា​ផ្ទាល់ខ្លួន បន្ថែម ១០០,០០០​រៀល​ក្នុង ១​គ្រួសារ និង​ចែកជូន​អ្នកចូលរួម​ទាំងអស់ មាន​លោកតា លោកយាយ​ក្នុង​ម្នាក់ ៥,០០០​រៀល ក្មេងៗ ក្នុង​ម្នាក់ ១,០០០​រៀល អ្នក​ស្ម័គ្រ​ចិត្ត និង​យុវជន ក្នុង​ម្នាក់ ១០,០០០​រៀល សរុប​ថវិកា ចំនួន ៧០០,០០០​រៀល។

លោក បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​កូន​តូចៗ​ដែល​រស់​នៅតាម​មាត់ទន្លេ កុំ​បណ្តោយ​អោយ​កូន​នៅ​ម្នាក់ឯង ត្រូវ​មើលថែរក្សា​កូន​អោយ​បានល្អ កុំ​បណ្តោយ​អោយ​លេង​ទឹក​បណ្តាលអោយ​លង់ទឹក​ស្លាប់ និង​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ជួយ​ថែរក្សា​លោកយាយ​ចាស់ជរា​គ្មាន​ពឹង​ផង​ជួយ​យក​អាសា​គាត់​ផង​ចាត់ទុកថា​ជាការ​ធ្វើបុណ្យ​ធ្វើ​ទាន និង​ចេះ​ជួយ​គ្នា​ក្នុង​គ្នា​ក្រ៕

កម្ពុជា​ថ្មី
សៅគ្រី

ក្រសួងពាណិជ្ជកម្ម ជ្រើសរើស​ប្រធាន​ក្រុម​ទី​ប្រឹក្សា​ថ្មី ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ឆ្នាំ​២០១៧



ភ្នំពេញ ៖ ក្រុម​ទី​ប្រឹក្សា និង​ជំនួយការ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​មាន​សមាជិក​ចំនួន ២០​រូប បាន​ជួប​ប្រជុំ​គ្នា​ជា​លើកដំបូង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​របស់​ខ្លួន​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង ជាពិសេស​ធានា​បាន​នូវ​ការអនុវត្ត​គោលដៅ​សំខាន់ៗ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ ២០១៧ ឲ្យ​ទទួល​បាន​ជោគជ័យ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា រសៀល​ថ្ងៃទី ១១ ខែមករា ឆ្នាំ​២០១៧​នេះ ក្រុម​ទី​ប្រឹក្សា និង​ជំនួយការ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​មាន​សមាជិក​ចំនួន ២០​រូប បាន​ជួបប្រជុំគ្នា​ជា​លើកដំបូង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​របស់​ខ្លួន ក្រោម​អធិបតីភាព លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។

ក្រសួង​បន្ថែម​ថា គោលបំណង​សំខាន់​នៃ​ការបោះឆ្នោត​ជ្រើសរើស​នេះ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង ជាពិសេស​ធានា​បាន​នូវ​ការអនុវត្ត​គោលដៅ​សំខាន់ៗ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ ២០១៧ ឲ្យ​ទទួល​បាន​ជោគជ័យ​។ ជា​លទ្ធផល បេក្ខជន​ដែល​ត្រូវ​បាន​អង្គប្រជុំ​ផ្តល់​សេចក្តី​ទុកចិត្ត និង​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន គឺ​លោក វ៉ា រុត​សាន ដែល​ជា​មន្ត្រី​ជាន់ខ្ពស់ មាន​ចំណេះដឹង និង​បទពិសោធន៍​យូរ​ឆ្នាំ​ខាង​ការងារ​កម្មសិទ្ធិបញ្ញា និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​ប្រទេស និង​អន្តរជាតិ។

នៅ​ក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​អបអរសាទរ​ចំពោះ លោក វ៉ា រុត​សាន និង​បាន​ថ្លែង​អំណរគុណ​ដល់​ទី​ប្រឹក្សា និង​ជំនួយការ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​ជូន​ក្រសួង​ពាណិជ្ជកម្ម​។ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្ដែផ្ដាំ​ដល់​ប្រធាន​ទីប្រឹក្សា​ថ្មី ឲ្យ​បន្ត​ដឹកនាំ​សមាជិក​ទាំងអស់ ដើម្បី​បំពេញភារកិច្ច​ជូន​ក្រសួង​ប្រកបដោយ​ស្មារតី​យកចិត្ត​ដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់៕

កម្ពុជា​ថ្មី
ឌួង​វិ​រះ​ជ័យ​

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា សរសើរអាជ្ញាធរជាតិអប្សរា ដែលបំពេញបេសកកម្មអភិរក្សប្រាសាទអង្គរ ទទួលបានជោគជ័យ



(សៀមរាប)៖ នៅក្នុងជំនួបរវាងលោក សុខ សង្វារ អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយលោក Michael Chan រដ្ឋមន្ត្រីពាណិជ្ជកិច្ចកម្មអន្តរជាតិ នៃរដ្ឋ Ontarioប្រទេសកាណាដា​ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ លោក Michael Chan បានថ្លែងស្ងើចសរសើរចំពោះស្ថាដៃដូនតាខ្មែរ ដែលបានសាងសង់ ប្រាសាទយ៉ាងល្អឥតខ្ចោះ ជាពិសេសលោកពិតជាស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ដែលបំពេញបេសកកម្មដ៏ធំធេង របស់ខ្លួន បានទទួលលទ្ធផលយ៉ាងជោគជ័យ។

លោកបានបញ្ជាក់ថា «មុនចេញដំណើរមក ប្រពន្ធខ្ញុំបានស្វែងរកក្នុងប្រព័ន្ធអ៊ីនធើណិតអំពីអង្គរ ហើយបានដឹងថាអង្គរពិតជាអស្ចារ្យណាស់ យើងបានដឹងថា ថ្មីៗនេះអង្គរបានក្លាយជាគោលដៅទស្សនាដ៏ល្អបំផុតលើលោកទៀតផង»។

លោក Michael Chan រដ្ឋមន្ត្រីពាណិជ្ជកិច្ចកម្មអន្តរជាតិនៃរដ្ឋ Ontario ប្រទេសកាណាដា​ បានមកបំពេញទស្សនកិច្ច និង ស្វែងយល់អំពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

នៅក្នុងឱកាសនោះដែរ លោក សុខ សង្វារ បានបញ្ជាក់ឲ្យដឹងអំពីភាពជោគជ័យ នៃការគ្រប់គ្រងរមណីយដ្ឋានអង្គររយៈពេល ជាង២០ឆ្នាំកន្លងមកនេះ របស់អាជ្ញាធរ ជាតិអប្សរា តាមរយៈយន្តការICC Angkor និងកិច្ចសហប្រតិបត្តិការយ៉ាងល្អពី សំណាក់ដៃគូជាតិ និងអន្តរជាតិជាច្រើនទៀត។ មិនត្រឹមតែជោគជ័យនៅអង្គរទេ យន្តការICC-Angkor ត្រូវបានបណ្តាប្រទេសជាច្រើនយកគំរូទៅអនុវត្តតាមទៀតផង។ ក្រៅពីនេះមន្ត្រីជំនាញ៤រូបផ្សេងទៀត ក៏បានធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី អំពីកិច្ចការអភិរក្សជួសជុលប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ ការអភិវឌ្ឍនិងគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍន៍សហគមន៍ក្នុងរមណីយដ្ឋានអង្គរ និងការគ្រប់គ្រងបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។

ជាមួយគ្នានោះដែរ លោក សុខ សង្វារ ក៏បានបង្ហាញជូនគណៈប្រតិភូកាណាដាអំពីការវិវត្តសំខាន់ៗដែលពាក់ព័ន្ធនឹងការរៀបចំ គ្រប់គ្រង រមណីយដ្ឋានអង្គរ។ លោកបានបន្តថា ចាប់ពីអង្គរត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៩២ មក តាមរយៈឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអង្គរត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាក់ស្តែង ការរៀបចំគណៈកម្មាធិការអន្តរជាតិICC-Angkor ក្នុងឆ្នាំ១៩៩៣ ការកំណត់តំបន់ការពារក្នុងឆ្នាំ១៩៩៤ ការបង្កើតអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ១៩៩៥ ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងបេតិកភណ្ឌក្នុងឆ្នាំ១៩៩៦ គោលនយោបាយបើកលំហជើងមេឃឆ្នាំ១៩៩៧យុទ្ធសាស្ត្រឈ្នះៗដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងក្នុងឆ្នាំ១៩៩៨។ កត្តាទាំងនេះហើយ ដែលជំរុញឲ្យអង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ឆ្នាំ២០០៤៕

Fresh News

NBC ដាក់​ឲ្យ​ដេញថ្លៃ​សាច់ប្រាក់ ៤០​ពាន់​លាន​រៀល​លើក​ទី​៤



​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ប្រកាស​ដាក់​ឲ្យ​ដេញថ្លៃ​សាច់ប្រាក់ ៤០​ពាន់​លាន​រៀល (​ជិត​១០​លាន​ដុល្លារ​) លើក​ទី​៤ សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែលមាន​តម្រូវការ​ប្រាក់រៀល​នៅក្នុង​ចរន្ត​ឥណទាន​របស់ខ្លួន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ NBC នៅ​ថ្ងៃទី​១០​ខែមករា​។​

NBC នឹងដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់រៀល​លើក​ទី​៤​នេះ នៅ​ថ្ងៃទី​១៧​ខែមករា​ឆ្នាំនេះ​។ ការដេញថ្លៃ​នេះ គឺ​ស្ថិតក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល​ត្រូវបាន NBC ដាក់​ឲ្យ​អនុវត្ត​ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០១៦ មក ដើម្បី​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល និង​ផ្ដល់​កម្ចី​ប្រាក់រៀល​ជាមួយ​អត្រា​ការប្រាក់​សមរម្យ​។ តាមរយៈ​ប្រតិបត្តិការ​នេះ NBC នឹង​ផ្ដល់ទុន​បង្វិល​ជា​ប្រាក់រៀល ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាមួយ​អត្រា​ការប្រាក់​ក្នុង​កម្រិត​ណាមួយ​។

​គួរ​បញ្ជាក់ថា ការដេញថ្លៃ​ប្រាក់រៀល​របស់ NBC នេះ គឺ​ប្រព្រឹត្ត​ទៅជា​រៀងរាល់ខែ​។ សាច់ប្រាក់​ដាក់​ឲ្យ​ដេញថ្លៃ ៣​លើក​មុននេះ គឺមាន​ទំហំ ៤០​ពាន់​លាន​រៀល​ដូចគ្នា​។ ហើយ​ទឹកប្រាក់​ដេញថ្លៃ​បាន​សរុប​ក្នុង​លើក​មុនៗ មិន​លើសពី ១២​ពាន់​លាន​រៀល​នោះទេ ជាមួយនឹង​អត្រា​ការប្រាក់ ៣​ភាគរយ​ក្នុង​១​ឆ្នាំ​។

ថ្មី​ៗ
អត្ថបទ : ញ៉ុង​ ហេង

សាលាបឋមសិក្សា​៣​នៅ​សៀមរាប ចាប់ផ្តើម​«​រៀន​ពេញ​មួយថ្ងៃ​» ក្នុង​គម្រោង​សាកល្បង​



សាលាបឋមសិក្សា​ចំនួន​៣​នៅក្នុង​ស្រុក​អង្គរធំ​នៃ​ខេត្តសៀមរាប បានចាប់ផ្តើម​កម្មវិធី​សិក្សា​ពេញ​មួយថ្ងៃ ដែល​នេះ​គឺជា​គម្រោង​សាកល្បង​របស់​ក្រសួង​អប់រំ​ចាប់ពី​ខែមករា​នេះ​ទៅ​។ សាលាបឋមសិក្សា ដូន​ឪ​, ត្រពាំង​ស្វាយ និង​គោក​គ្រើល ត្រូវបាន​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ ដើម្បី​អនុវត្ត​សាកល្បង​នូវ​កម្មវិធី «​សាលារៀន​ជំនាន់​ថ្មី​» ដែល​តម្រូវ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​សិក្សា​ពេញ​មួយថ្ងៃ​នៅ​សាលារៀន ដោយ​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​សាលារៀន​តែម្តង​។​

លោក រស់ សា​លីន អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គម្រោង​សាកល្បង​ដែល​បន្ថែម​ម៉ោង​រៀន និង​ម៉ោង​បង្រៀន​នេះ គឺជា​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ឯកសារ​ទស្សនទាន​រប​ស់​ក្រសួង​អប់រំ ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ជាតិ​ក្នុងការ​បង្កើន​គុណភាព​ធនធានមនុស្ស​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​ដដែល​បា​នប​ន្យ​ល់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​ក្រសួង​អប់រំ​ចាប់ផ្តើម​អនុវត្ត​គម្រោង​សាកល្បង​ដោយ​បន្ថែម​ការរៀន និង​ការបង្រៀន​ពេញ​មួយថ្ងៃ និង​ផ្តល់​អាហារ​ថ្ងៃត្រង់​ដែលមាន​កម្រិតស្តង់ដារ​មួយ​ស្មើនឹង​ប្រទេស​ក្នុង​តំបន់​ទៅដល់​សិស្សានុសិស្ស​។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ការបង្កើន​គុណភាព​សិស្ស​ថ្នាក់បឋមសិក្សា​»​។​

​គម្រោង​សាកល្បង​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ធនាគារពិភពលោក និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​។​

«​សម្រាប់​អនុវត្ត​គម្រោង​នេះ យើង​ចំណាយ​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ថវិកា​ទាំងនោះ​ត្រូវ​ចំណាយ​ទៅលើ​ការឧបត្ថម្ភ​គ្រូបង្រៀន ការ​បំប៉ន​បច្ចេកទេស ការងារ​ពិនិត្យ​តាមដាន​គម្រោង​នេះ និង​ការចំណាយ​លើ​អាហារ​ថ្ងៃត្រង់ ជាដើម​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក រស់ សា​លីន​។​

​ក្រសួង​អប់រំ​កំពុងធ្វើការ​ងារ​ជាច្រើន​ដើម្បី​កែទម្រង់​ប្រព័ន្ធ​អប់រំ ដែល​ត្រូវបាន​រិះគន់​តាំងពី​យូរ​ឆ្នាំ​មកហើយ​ថា «​នៅ​ខ្សោយ​» ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រសួង​អប់រំ​បានធ្វើ​យុទ្ធនាការ​ចាំបាច់​ជាច្រើន​ដែរ​ដើម្បី​បង្កើន​ការចូល​រៀន​រវាង​សិស្សស្រី និង​សិស្ស​ប្រុស​ឲ្យ​ច្រើន​ដូចគ្នា និង​ពិសេស​ការចុះឈ្មោះ​ចូលរៀន​នៅ​ថ្នាក់បឋមសិក្សា​ដោយ​ឥតគិតថ្លៃ​ជាដើម​។
​
​យោងតាម​របាយការណ៍​របស់​របស់​ក្រសួង​អប់រំ កុមារ​អាយុ ៦​ឆ្នាំ ឬ​៧០​ខែ ចំនួន​២៧.៥១៤៨​នាក់ បាន​ចុះឈ្មោះ​ចូលរៀន​នៅក្នុង​ឆ្នាំ​សិក្សា​កន្លងទៅ ដែល​ធ្វើ​ឲ្យ​ភាគរយ​នៃ​ការចុះឈ្មោះ​ចូលរៀន​នៃ​កុមារ​កម្ពុជា​កើន​ដល់​៩៩,៤ ភាគរយ​៕

ថ្មី​ៗ
អត្ថបទ : លាង ដឺ​លុច

លោក ឡុង ឌីម៉ង់៖ ទឹកប្រាក់ជាង៥០០លានដុល្លារ ត្រូវបានផ្ញើ​មកស្រុក តាមរយៈពលករ​ខ្មែរធ្វើការ​នៅកូរ៉េ​ក្នុង​ឆ្នាំ២០១៦



(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ ទឹកប្រាក់មានរហូតជាង៥០០លានដុល្លារ ត្រូវបានផ្ញើមកស្រុក តាមរយៈពលករខ្មែរដែលកំពុងបម្រើការងារនៅកូរ៉េខាងត្បូង។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត បានចុះសួរសុខទុក្ខ និងស្វាគមន៍ បងប្អូនពលករកម្ពុជាចំនួន៤៣នាក់ ផ្នែកឧស្សាហកម្ម ដែលទើបមកដល់សាធារណរដ្ឋកូរ៉េ ហើយកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ នៅវិទ្យាស្ថាន Ansung ខេត្តGyeonggi នៃសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ មុននឹងចេញទៅបម្រើការងារនៅតាមរោងចក្រ។

ជាមួយគ្នានោះ លោក ឡុង ឌីម៉ង់ និងក្រុមការងារ ក៏បានជួបពិភាក្សាការងារជាមួយនឹង លោក Kim Yong Boo នាយកផ្នែកបណ្ដុះបណ្ដាលពលករបរទេស នៃវិទ្យាស្ថាន Ansung និងសហការី។

លើកឡើងក្នុងកិច្ចប្រជុំនោះ លោកឯកអគ្គរាជទូត បានចាត់ទុកថាការបញ្ជូនពលករពីកម្ពុជា មកបម្រើការងារគីមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសទាំងពីរ និងការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។ «ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៦ ទឹកប្រាក់ប្រមាណជាង៥០០លានដុល្លា បានហូរចូលកម្ពុជា តាមរយៈបងប្អូន​ពលករ​ខ្មែរ ដែលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ផ្ញើជូនទៅក្រុមគ្រួសារ»។

បន្ថែមពីលើនេះ លោកបានចាត់ទុកថា សាធារណរដ្ឋកូរ៉េ គឺជាសាលាដ៏ធំមួយ ដែលបានបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេស ដល់ពលករកម្ពុជាប្រមានជាង៥ម៉ឺននាក់ ដែលកម្ពុជាកំពុងមានតម្រូវការពលករជំនាញបែបនេះ។

ឆ្លៀតក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ និងក្រុមការងារ បានបន្ដអប់រំផ្សព្វផ្សាយពីការថែរក្សាសុខភាព សុវត្ថិភាព ក្នុងការរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ការផ្ដល់សេវាសាធារណៈរបស់ស្ថានទូត និងការរៀបចំទុកដាក់សន្សំថវិការ ជូនបងប្អូនពលករដែលទើបនឹងមកដល់សាធារណរដ្ឋកូរ៉េ៕

Fresh News

សម្តេច​តេ​ជោ ហ៊ុន សែនៈ ការសម្ពោធ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យច្រកទ្វារព្រំដែន​អន្តរជាតិត្រពាំង​ក្រៀល ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង កម្ពុជា ឡាវ​



ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ អញ្ជើញ​ធ្វើជា​អធិបតី​រួមគ្នា ក្នុង​ពិធី​សម្ពោធ​ដាក់ ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​ទីស្នាក់ការ ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន អន្តរជាតិ​រវាង​កម្ពុ​ជា (​ត្រពាំង​ក្រៀល​-​ខេត្តស្ទឹងត្រែង​) និង​ឡាវ (​ច្រក​ណង​ណុ​ក​ខៀន​-​ខេត្ត​ចម្ប៉ា​សាក់​) នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ ថ្លែង​សន្ទរកថា ក្នុង​ពិធី​សម្ពោធ បន្ទាប់មក បាន​អញ្ជើញ​កាត់​ខ្សែបូរ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​អគារ ទីស្នាក់ការ​ត្រួតពិនិត្យ​នេះ​។

​បន្ទាប់ពី​ពិធី​សម្ពោធ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ទស្សនា ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ដែលមាន​ទីតាំង នៅក្នុង​ខេត្ត​ចម្ប៉ា​សាក់​។

​ការបើក​ឲ្យ​ប្រើប្រាស់ ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន ជាមួយ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ថ្មី​នេះ បង្ហាញ​ពី​ការរីកចំរើន​ថ្មី​មួយ ក្នុង​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​។ ការបើក​ឲ្យ​ប្រើប្រាស់​នេះ ក៏​នឹង​ឆ្លើយតប​ផងដែរ ចំពោះ​តម្រូវ​ការពង្រឹង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ព្រមទាំង​ជួយ​សម្រួល បន្ថែមទៀត ដល់​ពាណិជ្ជកម្ម តាម​ព្រំដែន ទេសចរណ៍ និង​កា​រត​ភា្ជ​ប់ រវាង​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​មានការ​ពេញចិត្ត ពេញ​ថ្លើម ចំពោះ​ការរីកចំរើន ឥតឈប់ឈរ នៅ​ទំនាក់​ទំនងជា​មិត្តភាព និង​សហប្រតិបត្តិការ ប្រកបដោយ​ផ្លែផ្កា លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំងពីរ កម្ពុជា ឡាវ ដែលជា​ប្រទេស​ភូមិ​ផង របង​តែមួយ មាន​ប្រពៃណី សហការ​ជួយឧបត្ថម្ភ គាំទ្រ​គ្នា​ទៅវិញទៅមក ប្រកបដោយ​ភាពស្មោះសរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា កិច្ចសហការ​រៀបចំ​រួមគ្នា នូវ​ពិធី​សម្ពោធ​ដាក់ ឲ្យ​ប្រើប្រាស់​នូវ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន​អន្តរជាតិ រវាង​កម្ពុជា (​ច្រក​ត្រពាំង​ក្រៀល​-​ខេត្តស្ទឹងត្រែង​) និង​ឡាវ (​ច្រក​ណង​ណុ​ក​ខៀន​-​ខេត្ត​ចម្ប៉ា​សាក់​) គឺជា​សម​ទ្ធិ​ផល​ថ្មី មួយទៀត ដើម្បី​ពង្រឹងពង្រីក ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ កម្ពុជា ឡាវ​។
​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ បាន​ត​ភ្ជាប់​ទៅវិញទៅមក រវាងផ្លូវ​ជាតិ​លេខ​៧ របស់​កម្ពុជា ជាមួយ​ផ្លូវជាតិ​លេខ​១៣ របស់​ឡាវ ដែលជា​ច្រករបៀង ដឹកជញ្ជូន​ផ្លូវគោក ដ៏​មាន​សក្តានុពល ក្នុង​ការតភ្ជាប់ ប្រទេស​ទាំងពីរ និង​ជា​បណ្តាញ​គមនាគមន៍ ត​ភ្ជាប់ រវាង​កម្ពុជា ឡាវ វៀតណាម ព្រមទាំង​បណ្តា​ប្រទេស នៅក្នុង​តំបន់​មេគង្គ​ផងដែរ​។

​ការអភិវឌ្ឍន៍​បណ្តាញ គមនាគមន៍​ត​ភ្ជាប់ រវាង​ប្រទេស​ទាំងពីរ ព្រម​ជាមួយនឹង​ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ត្រួតពិនិត្យ​ការចេញ ចូល ឆ្លងកាត់​ព្រំដែន ប្រកបដោយ​ភាពងាយស្រួល គឺ​ពិតជា​បាន​ចូលរួម​បង្កើន ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន ការបង្កើន​លំហូរ ភ្ញៀវ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា ប្រទេស​ទី​៣ ឆ្លងកាត់​ព្រំដែន ព្រមទាំង​ជួយ​សម្រួល ដល់​ការផ្លាស់ប្តូរ ទំនិញ​កសិផល ការបង្កើន​ទំនាក់ទំនង ផ្សាភ្ជាប់​គ្នា រវាង​ប្រជាពលរដ្ឋ នៅ​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ស្របតាម​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត របស់​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ ប្រទេស​ទាំងពីរ កម្ពុជា ឡាវ​៕



CEN
ដោយ: មុនីរាជ

ថ្នាក់ដឹកនាំក្រសួងបរិស្ថាន, អង្គការ​ CI និងក្រុមហ៊ុន​ Mitsui បានចុះកិច្ចព្រមព្រៀងលើគម្រោងរេដបូករយៈពេល៣ឆ្នាំ ដើម្បីអនុវត្តនៅដែនជម្រកសត្វព្រៃ ព្រៃឡង់​



(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់ការរៀបចំគម្រោងរេដបូកក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់​ ជាមួយតំណាងក្រុមហ៊ុនជប៉ុន Mitsui និងអង្គការអភិរក្សអន្តរជាតិ (CI) ក្នុងក្របខណ្ឌយន្តការឥណទានកាបូនរួមគ្នា (JCM) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

កិច្ចព្រមព្រៀងនេះគឺជាក្របខណ្ឌសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន​ អង្គការ​ CI និងក្រុមហ៊ុន​ Mitsui ក្នុងការសិក្សា រៀបចំរួមគ្នា នូវគម្រោងរេដបូកក្នុងរយៈពេលបីឆ្នាំខាងមុខ​ ដើម្បីអនុវត្តនៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់។ នៅក្នុងដំណាក់កាលនេះ ក៏មានការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់ការអនុវត្តការការពារនិងអភិរក្សព្រៃឈើ​ និងការលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងក្នុងចំណោមខេត្តទាំងបួនគ្របដណ្តប់តំបន់ព្រៃឡង់។​

សូមបញ្ជាក់ថា​ គម្រោងរេដបូកដែលនឹងត្រូវចាប់ផ្តើមរៀបចំនាពេលនេះ មានគោលបំណងបង្កើតយន្តការហិរញ្ញវត្ថុ និរន្តរភាព សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសដែនជម្រកសត្វព្រៃ ព្រៃឡង់ ឱ្យកាន់តែមានប្រសិទ្ធភាព​ រួមទាំងជួយដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិដ៏មានសារ:សំខាន់នេះផងដែរ។ម្យ៉ាងទៀតគម្រោងនេះនឹងចូលរួមក្នុងការកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសក្នុងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។​

បច្ចុប្បន្ននេះ​ ក្រសួងបរិស្ថានបានកំពុងសហការជាមួយអង្គការ​ WCS និងក្រុមហ៊ុន​ Disney ក្នុងការអនុវត្តគម្រោងរេដបូក ក្រោមរូបភាពទីផ្សារស្ម័គ្រចិត្តនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា​ ហើយក៏កំពុងសហការជាមួយអង្គការ​ Wildlife Alliance ក្នុងការរៀបចំគម្រោងប្រភេទនេះសម្រាប់អនុវត្តនៅក្នុងឧទ្យានជាតិ ជួរភ្នំក្រវ៉ាញ ភាគខាងត្បូងផងដែរ៕

Fresh News

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យ EWHA កូរ៉េ



(សៀមរាប)៖ ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមួយនិងសាកលវិទ្យាល័យ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្ត្រី អេវ៉ា (EWHA WOMANS MEDICAL CENTER) នៃក្រុងសេអ៊ូល របស់សាធារណរដ្ឋកូរ៉េ បានរៀបចំនៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងគោលបំណងដើម្បីការផ្លាស់ប្ដូរនូវបទពិសោធន៍គ្នាទៅវិញទៅមកខាងជំនាញវេជ្ជសាស្ត្រ, ការផ្លាស់ប្ដូរការងារអ្នកស្ម័គ្រចិត្តខាងវេជ្ជសាស្ត្រ និងការបញ្ជូនអ្នកជម្ងឺ រវាងគ្នាទៅវិញទៅមក ពិសេសខាងកម្ពុជា ឱ្យទៅព្យាបាលនៅកូរ៉េ។

ពិធីនេះ គឺខាងភាគីកម្ពុជា ស្ថិតក្នុងវត្តមានរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ត្រីសុខាភិបាលខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមនិងមន្ត្រីជំនាញ ផងដែរ ។ ចំណែកឯខាងភាគីកូរ៉េ គឺមានវត្តមានរបស់លោក ថាក សឿងឃ្យូ អគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ខ្វាន ­ចាង គីម នៃមន្ទីរវះកាត់បេះដូង និងសរសៃឈាមបេះដូង នៃសាកលវិទ្យាល័យ អេវ៉ា តំណាងឱ្យលោកវេជ្ជបណ្ឌិត គីម សឿង ចុល នាយកសាកលវិទ្យាល័យ អេវ៉ា រួមជាមួយនិងក្រុមការងាររបស់សាកលវិទ្យាល័យ អេវ៉ា មួយចំនួនទៀតផងដែរ។

លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានថ្លែងឱ្យអ្នកសារព័ត៌មានដឹងថា ការចុះកិច្ចព្រមព្រៀងនេះ គឺជាការផ្ដួចផ្ដើមគំនិតដោយលោក អគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងគោលបំណងដើម្បីមានការវិវឌ្ឍន៍នូវសេវាសុខាភិបាលឱ្យមានរីកចម្រើនសម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងការពង្រឹងនូវចំណងមិត្តភាព សហប្រតិបត្តិការ រវាង ប្រទេសនិងប្រជាជនកូរ៉េ ជាមួយនិងកម្ពុជា ពិសេសនៅខេត្តសៀមរាប យើងនេះ។

លោកបានបញ្ជាក់ថា ៖ ការចុះកិច្ចព្រមព្រៀងនេះ គឺមានខ្លឹមសារសំខាន់ចំនួន ៣ គឺ ៖ ទី១) គឺធ្វើឱ្យការអភិវឌ្ឍន៍ និងមានវឌ្ឍនភាព នូវសេវាសុខាភិបាល គឺសំដៅលើគុណភាពសេវា និងសមត្ថភាព នៃវិស័យសុខាភិបាល រវាងភាគីទាំងសង្ខាង ពិសេសគឺខាងភាគីកម្ពុជាយើង។ ទី២) គឺដើម្បីរឹតចំណងសាមគ្គីភាព តាមរយៈមានការផ្លាស់ប្ដូរអ្នកស្ម័គ្រចិត្ត រវាងគ្នាទៅវិញទៅមក ដោយមានការទទួលយកអ្នកស្ម័គ្រចិត្ត ជាគ្រួពេទ្យខាងផ្នែកឯកទេស ខាងភាគីកូរ៉េ មកសហការ ផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ ដល់ក្រុមគ្រូពេទ្យកម្ពុជា។ ទី៣) គឺការបញ្ជូន​អ្នកជម្ងឺ ឱ្យទៅព្យាបាលនៅសាកលវិទ្យាល័យ អេវ៉ា នៅពេលដែលខាងភាគីកម្ពុជាយើង អស់លទ្ធភាពក្នុងការព្យាបាល ពិសេសក្នុងករណីធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក ការវះកាត់ធំៗ ដូចជា ការវះកាត់បេះដូង ជាដើមនោះ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា៖ ភាគីទាំងពីរ នឹងធ្វើផែនការរួមគ្នា ដើម្បីពិនិត្យមើលថាតើយើង នឹងចាប់ផ្ដើមនូវសកម្មភាពអ្វីខ្លះ ដើម្បីឱ្យបានសម្រេចនូវគោលបំណងទាំងបីខាងលើនេះ។ នៅក្នុងពិធីនារសៀលនេះ ខាងភាគីកូរ៉េ បានប្រគល់ជូននូវឱសថ និងបរិក្ខាពេទ្យ មួយចំនួន ផងដែរ ដល់ខាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់ប្រើប្រាស់ ពិសេសសម្រាប់ពេលធ្វើការវះកាត់ព្យាបាលអ្នកជម្ងឺ៕

Fresh News

ម៉្សៅទឹកដោះគោដ៏ល្បី របស់​អូស្ត្រាលី ម៉ាក​ ROYAL AUSNZ ទទួលបាន​ការគាំទ្រ​ខ្ពស់លើទីផ្សារ​កម្ពុជា​



(ភ្នំពេញ)៖ ROYAL AUSNZ ជាម៉្សៅទឹកដោះគោសរីរាង្គ ដែលផលិតនៅប្រទេសអូស្ត្រាលី តាមបែបធម្មជាតិ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់​មុខ​ដោយក្រុមហ៊ុន Beautex Cambodia Co., Ltd ដោយមានលិខិតអនុញ្ញាតិ ពីក្រសួងសុខាភិបាលលេខ ០២៧អបស/ឪអបស ចុះថ្ងៃទី២២ មករា ឆ្នាំ២០១៥ បានទទួលការគាំទ្រខ្ពស់ ពីសំណាក់អតិថិជន ទូទាំងប្រទេស។

ម៉្សៅទឹកដោះគោ ROYAL AUSNZ ផ្សំពីសារធាតុដែលសំបូរទៅដោយវិតាមីន ជំនួយដល់ការលូតលាស់ខួរក្បាល និងរាង្គកាយរបស់កុមារ ជួយបំប៉នភ្នែក ឆ្អឹង និង មុខងារថ្លើម និងប្រព័ន្ធប្រសាទ ព្រមទំាងការពារប្រឆំាងនឹងជំងឺមហារីក ពិសេសមានសារៈសំខាន់ សម្រាប់បង្កើនប្រសិទិ្ធភាព ប្រព័ន្ធរំលាយអាហារ ​(ពោះវៀន) និងជួយកុមារមិនឲ្យក្តៀន និងមានទម្ងន់តាមស្តង់ដារ។

កាលពីចុងសប្ដាហ៍នេះ ក្រុមហ៊ុន Beautex Cambodia ក៏បានរៀបចំកម្មវិធីជួបជុំអ្នកចែកចាយ ROYAL AUSNZ ទូទាំងប្រទេស ដែលបានធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដើម្បីជាការថ្លែងអំណរគុណ​ដល់ការគាំទ្រ របស់ក្រុមហ៊ុន ចំពោះអតិថិជន និងអ្នកចែកចាយទាំងអស់ ហើយក៏ផ្តល់ទំនុកចិត្តបន្ថែម លើគុណភាព​ផលិតផលរបស់ Royal Ausnz ដែលធ្វើបទបង្ហាញពីអ្នកតំណាង​រោងចក្រផលិតម៉្សៅទឹកដោះគោ ពីប្រទេសអូស្រ្តាលី ពីអាហាររូបត្ថម្ភ របស់អ្នកម្តាយ និង​ទារក ដោយសាស្រ្តចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ដែលជាអ្នកឯកទេសផ្នែកសម្ភព និងរោគស្រ្តី ប្រចាំគ្លីនិកលុច្ស ដើម្បីទុកជាចំណេះដឹង ផ្នែកសុខភាព ដល់​សារធារណជនផងដែរ។

គួរបញ្ជាក់ថា ម៉្សៅទឹកដោះគោ ROYAL AUSNZ ផលិតពីទឹកដោះគោស្រស់ តាមបទដ្ឋានចំណីអាហារ និងការត្រួតពិនិត្យយ៉ាងតឹងរឹង មុននឹងអនុញ្ញាត ឲ្យចែកចាយនៅលើទីផ្សារ ហើយ ROYAL AUSNZ មានកសិដ្ឋានចិញ្ចឹមគោផ្ទាល់នៅរដ្ឋ Victoria ប្រទេសអូស្រ្តាលី កសិដ្ឋានផ្ទាល់នេះ អនុញ្ញាតឲ្យ​ក្រុមហ៊ុនផលិតម៉្សៅទឹកដោះគោ ដែលស្រស់តាមបែបធម្មជាតិ ដោយចំណាយពេលត្រឹមតែ២០នាទីប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនទឹកដោះគោស្រស់ ពីកសិដ្ឋានទៅរោងចក្រចំរាញ់ទឹកដោះ និងរយៈពេលតែ១២ម៉ោងប៉ុណ្ណោះ ក្នុងការបំលែង ពីទឹកដោះគោស្រស់ ទៅជាម៉្សៅទឹកដោះគោ។ ពិសេស ម៉្សៅទឹកដោះគោនេះ មិនមានសារធាតុគីមីសម្រាប់ទុកបានយូរ (No Preservatives) មិនមានសារធាតុគីមីបំលែងពណ៌ (No Artificial Color) មិនមាន​បន្ថែមរសជាតិ (No Synthetic Flavor) និងមិនបានឆ្លងកាត់ការបំលែង ហ្សែន GMO (GMO FREE)។

ដោយសារលក្ខណៈពិសេសទាំងអស់នេះហើយ ទើបម៉្សៅទឹកដោះគោ Royal Ausnz បានទទួលមេដាយប្រាក់ ៣ឆ្នាំជាប់គ្នា 2014-2015-2016 ពីប្រទេស​អូស្ត្រាលី​លើគុណភាព និងអត្ថប្រយោជន៍ចំពោះសុខភាព ដែលជំរុញ ដល់ការលូតលាស់របស់ទារក និងកុមារ។ ម៉្សៅទឹកដោះគោ Royal Ausnz ក៏ត្រូវ​បានទទួលស្គាល់ពីសំណាក់ សមាគមន៏ចំណីអាហារអ៊ីស្លាម ដែលមានន័យថា វាមិនមានសារធាតុខ្លាញ់ជ្រូក ដែលប៉ះពាល់ដល់ការប្រើប្រាស់ របស់​បងប្អូនអ៊ីស្លាមទាំងអស់ផងដែរ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទំនាក់ទំនង៖ 016 9000 11 / 012 742 000,វេបសាយ៖ www.gotop.com.au/, ហ្វេសប៊ុក: Royal Ausnz Cambodia, អ៊ីម៉ែល​៖ info@royalausnzcambodia.com​ និងអញ្ជើញ​ទៅកាន់​ទីតាំង​៖ ផ្ទះលេខ​ 544,ផ្លូវ 1986,​ សង្កាត់ភ្នំពេញ,​ ខណ្ឌសែនសុខ​, រាជធានីភ្នំពេញ៕​

Fresh News

សេវាអ៊ិនធឺណិតអ៊ុបទិកក្រោមដី​របស់ TODAY ISP បាន​មកដល់​ក្រុងតាខ្មៅ​ហើយ



(ភ្នំពេញ)៖ ដើម្បីជាការឆ្លើយតបនឹងតម្រូវការអ៊ិនធឺណិតគុណភាពខ្ពស់ ដែលកំពុងតែកើនឡើងឥតឈប់ ក្រុមហ៊ុន TODAY ISP បានពង្រីកបណ្តាញ​អ៊ិនធឺណិត​អ៊ុបទិកក្រោមដី របស់ខ្លួន ទៅដល់ទីក្រុងតាខ្មៅហើយ។

នេះជាដំណឹងល្អសម្រាប់ ម្ចាស់អាជីវកម្មនានា ក៏ដូចជាអ្នកប្រើប្រាស់តាមគេហដ្ឋាន មានឱកាសទទួលយកសេវាម្មអ៊ិនធឺណិតថ្មី ដែលមានគុណ​តម្លៃ​ពិតប្រាកដ។

ក្រុមហ៊ុន បានភ្ជាប់មកជាមួយនូវ ការបញ្ចុះតម្លៃ ៥០% សម្រាប់អតិថិជនក្រុងតាខ្មៅ ដែលភ្ជាប់ប្រើប្រាស់តាមគេហដ្ឋាន និងល្បឿនទ្វេដង សម្រាប់ការប្រើ​ប្រាស់​តាមអាជីវកម្ម ឬសហគ្រាសផ្សេងៗ។

សូមចូលទៅកាន់តំណរ https://www.facebook.com/events/1187653577950815/ ។ ជាមួយគ្នានោះដែរក្រុមហ៊ុន នឹងបើកឲ្យមានការបោះឆ្នោតជាពិសេស ដើម្បីស្វែងរកសាលា នៅក្រុងតាខ្មៅផ្ទាល់ ក្នុងការទទួលយកអ៊ិនធឺណិតឥតគិតថ្លៃពីក្រុមហ៊ុន TODAY ISP នៅពាក់កណ្តាលខែមករានេះ។

ក្រុមហ៊ុន TODAY ISP ក៏នឹងពង្រីកសេវាកម្មទៅដល់ខេត្តសៀមរាបឆាប់ៗនេះផងដែរ លោកអ្នកដែលចាប់អារម្មណ៍ ឬក៏មានបំណងចង់តាមដាន​ព័ត៌មាន​បច្ចេកវិទ្យាថ្មី អាចចុះឈ្មោះក្នុងបញ្ជី Newsletter ក្នុងគេហទំព័ររបស់ក្រុមហ៊ុនបាន។

ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់៖ 087215577 ឬ 023215577 ឬចូលទៅក្នុងវិបសាយផ្ទាល់ www.today.com.kh៕

Fresh News

លោក ប៉ា សុជាតិវង្ស បើកកិច្ចប្រជុំពង្រឹង​សេវា​រថយន្តក្រុង​សាធារណៈ, ១១ខែដឹកជញ្ជូន​អ្នកដំណើរ ជាង២លាននាក់ បានចំណូល​ជាង២០ពាន់លានរៀល



(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្ត្រីរដ្ឋាករស្វយ័ត សាធារណៈរថយន្តក្រុង ដើម្បីបង្កើនសមត្ថភាពបម្រើសេវាសាធារណៈរថយន្តក្រុង ឲ្យកាន់តែប្រសើរ ថែមទៀត និងរកមធ្យោបាយអភិវឌ្ឍន៍ វិស័យដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ឲ្យកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាល ក៏បានបញ្ជាឲ្យ ប្រធានរដ្ឋាករស្វយ័ត្នត្រូវរៀបចំចំណតនីមួយៗ ឲ្យមានរបៀបរៀបរយឡើងវិញ ព្រោះកន្លងមកចំណតស្ទើរទាំងអស់ មានសភាពមិនសមរម្យ គ្មានអនាម័យបរិស្ថាន សម្រាប់អ្នករង់ចាំជិះរថយន្តឡើយ ធ្វើឲ្យអ្នកជិះគេធុញទ្រាន់ មិនចង់ជិះ ។

លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា រយៈពេល ១១​ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ២០១៦ មានអ្នកជិះសរុបចំនួន ២,១៦៧,០២២នាក់ ក្នុងនោះអ្នកមានបង់ថ្លៃចំនួន ១,៣៤២,១២៩ នាក់
អ្នកឥតបង់ថ្លៃមានចំនួន ៨២៤,៨៩៣នាក់ ជាមធ្យម ជិះ៦ពាន់នាក់ក្នុងមួយថ្ងៃ និងរកចំណូលបាន ជាង២០ពាន់លានរៀល និងចំណាយ ជាង១៤ពាន់លានរៀល។

លោកបានបន្តទៀតថា សាលារាជធានីត្រៀមនឹង បង្កើនខ្សែរត់បន្ថែមទៀត ដោយសារចិន គ្រោងបញ្ជូនរថយន្តក្រុងចំនួន១០០ គ្រឿងនៅពេលឆាប់ៗខាងមុខនេះ ។

ជាមួយគ្នានោះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ក៏បានណែនាំឲ្យអ្នកបើកបរ ត្រូវមានសុជីវធម៌ នៅក្នុងការបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍។ ដោយកន្លងមកសព្វថ្ងៃ គេសង្កេតឃើញថា អ្នកបើកបររថយន្តក្រុង និងរដ្ឋាករស្វយ័តមួយចំនួន មិនទាន់មានការបើកបរគោរពច្បាប់នៅឡើយ។

សូមបញ្ជាក់ផងដែរថា អង្គការ JICA របស់ជប៉ុន បានសម្រេចផ្តល់រថយន្ត ដល់សាលារាជធានី ចំនួន១៤០គ្រឿង ក្នុងនោះ៨០គ្រឿង ប្រគល់នៅខែធ្នូ ចុងឆ្នាំ២០១៧ និង៦០គ្រឿងទៀតឆ្នាំ
២០២០ ខាងមុខនេះ ៕

Fresh News

ក្រោយ MoU រវាងកម្ពុជា-សិង្ហបុរី៖ កម្ពុជានឹងបញ្ជូន គ្រូបង្គោល៨០នាក់ ទៅសិក្សាជំនាញសំខាន់៣មុខ នៅប្រទេសសិង្ហបុរី



(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការចុះអនុស្សណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី នៅរសៀលថ្ងៃទី០៩ ​ខែមករា ឆ្នាំ២០១៧ នេះរួចនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនគ្រូបង្គោលចំនួន ៨០នាក់ ទៅសិក្សាជំនាញសំខាន់ៗចំនួន៣មុខ នៅប្រទេសសិង្ហបុរី, នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។

លោក ហេង សួរ បានបញ្ជាក់ថា «តាមរយៈអនុស្សណៈនេះ ប្រទេសសិង្ហបុរី នឹងបណ្តុះបណ្តាលគ្រូបង្គោល ផ្នែកបច្ចេកវិទ្យាចំនួន ៨០នាក់ ចំនួន៣សប្តាហ៍ នៅវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី លើ៣មុខជំនាញ រួមមាន៖ ១.ជំនាញទំនាកទំនងព័ត៌មានវិទ្យាចំនួន ៣២នាក់, ២.ជំនាញបច្ចេកវិទ្យាគ្រឿងយន្តចំនួន ៣២នាក់, ៣.ជំនាញអេឡិចត្រូនិកចំនួន ១៦នាក់»។

លោកអ្នកនាំពាក្យបានបន្តថា គ្រូបច្ចេកទេសដែលត្រូវបញ្ជូនទៅបណ្តុះបណ្តាល នៅប្រទេសិង្ហបុរីនោះ គឺជាគ្រូបច្ចេកទេសដែលកំពុងបង្រៀន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានបន្ថែមថា ក្រោយការបណ្តុះបណ្តាល គ្រូបច្ចេកទេសបង្គោលទាំង ៨០នាក់នោះ ត្រូវមានកាតព្វកិច្ចបង្រៀនបន្ត ដល់គ្រូបច្ចេកទេសផ្សេងៗទៀត «ក្នុងអត្រាគ្រូបង្គោល ១នាក់ ត្រូវបង្រៀនបន្តដល់គ្រូបច្ចេកទេស ៣នាក់ផ្សេងទៀត»។

វិទ្យាស្ថានអប់រំបច្ចេកទេស (ITE) របស់សិង្ហបុរី គឺជាវិទ្យាស្ថានដ៏ល្បីល្បាញមួយទាំងក្នុងតំបន់ និងសកលលោក ពាក់ព័ន្ធនឹងផ្នែកអប់រំបច្ចេកទេសវិជ្ជាជីវៈ ហើយតាមរយៈអនុស្សណៈនេះ គុណភាពគ្រូបច្ចេកទេសវិជ្ជាជីវៈ លើ៣មុខជំនាញខាងលើ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែម ដើម្បីបំពេញ តាមតម្រូវការទីផ្សារការងារ ក៏ដូចជាជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៅកម្ពុជាផងដែរ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសិង្ហបុរី តូនី តាន់ កេងយាំ នៅប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ មានអនុស្សារណៈចំនួន២ ដែលត្រូវចុះហត្ថលេខាក្នុងនោះរួមមាន៖

ទី១.អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី។
ទី២.ពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសិង្ហបុរី៕

Fresh News

ការដ្ឋាន​សួនច្បារ​ចេនឡា​ ឈានដល់​ការដាំ​ដើមត្នោត​ និង​ក្រាល​ស្មៅ​



ភ្នំពេញ ​៖ សួនច្បារ​ចេនឡា ក្បែរ​ផ្សារ​ដើម​គរ​ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ដែល​គេ​ទុក​ចោល​ជា​យូរ​មកហើយ​នោះ មកដល់ពេលនេះ បាន​ស្ថាបនា​ឡើងវិញ​ហើយ ​ហើយ​មកដល់ពេល​នេះ ការដ្ឋាន​បាន​ឈានដល់​ការដាំ​ដើមត្នោត​ និង​ក្រាល​ស្មៅ​ហើយ​ដែរ​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា​ មកដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​កែលម្អ​សួនច្បារ​ចេនឡា​ ដោយ​ធ្វើ​សកម្មភាព​ដាំ​ដើមត្នោត​ និង​ក្រាល​ស្មៅ ដើម្បី​បង្កើន​សោភ័ណ​ភាព​ថ្មី​រាជធានី​ភ្នំពេញ​មួយកម្រិត​ថែមទៀត។​

តាម​អ្វី ​ដែលជា​ពង្រាង​ក្នុងការ​កែលម្អ ​​សោភណភាព​សួន​នេះ គឺ​នឹង​ត្រូវ​រៀបចំ​ឡើងជា​កន្លែង​លម្ហែ​កម្សាន្ត ដែល​មាន​ទីធ្លា ផ្លូវ​ថ្មើរជើង សួន​ផ្កា ស្មៅ ដើមឈើ បង់​អង្គុយ​សាធារណៈ ភ្លើង​បំភ្លឺ​សួន ជា​ដើម​។​

គួរ​រំលឹក​ផងដែរ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ​នៅក្នុង​វេទិកា​សាធារណៈ​មួយ​ នៅក្នុង​មជ្ឈមណ្ឌល​ចេនឡា​ប្រជាពលរដ្ឋ​ ក៏បាន​ស្នើឲ្យ​មានការ​ជួល​ជុល​ឡើងវិញ​ផងដែរ​ ចំពោះ​សួនច្បារ​ចេនឡា​នេះ​ផងដែរ ហើយ​ក្នុងឱកាស​កាលនោះ ​លោក ​ឃួ​ង ស្រេង ​អភិបាលរង​រាជធានី​ភ្នំពេញ ​ក៏បាន​ស្នើ​ឲ្យ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​ធ្វើការ​ជួសជុល​ឡើងវិញ​ឲ្យ​ឆាប់ៗ​ផងដែរ​៕

កម្ពុជា​ថ្មី
ស្រីរ័ត្ន​

រាជរដ្ឋាភិបាល​កម្ពុជា កំណត់​បែងចែក​រមណី​យ​ដ្ឋា​ន​ឆ្នេរសមុទ្រ​ជា ៥ ប្រភេទ​



បើតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​៩​ខែមករា​នេះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦​ ក្នុងឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់​ឲ្យ​អនុវត្ត​នូវ​សេចក្តីសម្រេច
​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​១៣១ សសរ ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ស្តីពី
“​គោលការណ៍​ណែនាំ​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​”​។

យោងតាម​ប្រសាសន៍​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ភាពជា​ដៃគូ រដ្ឋ​-​ឯកជន លើក​ទី​១ ស្តីពី “​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​”​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា សេចក្តីសម្រេច​នេះ​មាន​គោលដៅ​ដាក់​ឲ្យ​អនុវត្ត “​គោលការណ៍​ណែនាំ​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​” ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ដល់​ការចូលរួម​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ​ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​និ​ររ​ន្ត​រ​ភាព​។ ឯកសារ​នេះ ​គឺជា​ឯកសារ​គ្រឹះ​សម្រាប់​ធានា​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ប្រកបដោយ​និរន្តរភាព​បរិស្ថាន ​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើកតម្កើង​ឧត្តមភាព​របស់​ឆ្នេរសមុទ្រ​កម្ពុជា ​ឱ្យក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍ កម្រិត​អន្តរជាតិ​ដ៏​ទាក់ទាញ ដែល​ផ្តល់នូវ​បទពិសោធន៍​គុណភាព​ខ្ពស់ សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។​

​ផ្អែកលើ​សក្តានុពល និង​លក្ខណៈពិសេស នៃ​ធម្មជាតិ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​បែងចែក​រមណី​យ​ដ្ឋា​ន​ឆ្នេរសមុទ្រ​ជា ៥ ប្រភេទ គឺ​៖ ទី​១. ឆ្នេរ​អភិរក្ស​ស្នូល ទី​២. ឆ្នេរ​អេកូ​ទេសចរណ៍ ​ទី​៣.​ឆ្នេរ​កម្សាន្ត​បែប​ប្រណិត ទី​៤. ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ និង​ទី​៥.​ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ទាប ​និង​បានកំណត់​ទម្រង់​អ្នក​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ (Developer) ជា ២ ប្រភេទ គឺ (​ទី​១). អ្នក​អភិវឌ្ឍ​ជា​រដ្ឋ (State Management) និង (​ទី​២). អ្នក​អភិវឌ្ឍ​ឆ្នេរ​មាន​ទម្រង់​ចម្រុះ (Co-Management) ដែល​អាចជា​ភាពជា​ដៃគូ រដ្ឋ​-​ឯកជន (PPP) ​ឬ​ភាពជា​ដៃគូ សហគមន៍​-​រដ្ឋ​-​ឯកជន (CPPP) ដោយ​ការអភិវឌ្ឍ​របស់​ផ្នែក​ឯកជន ឬ​សហគមន៍ គឺធ្វើឡើង​ក្រោម​ទម្រង់ (DBO-Design, Build, Operate) ដោយ​ជាប់កិច្ចសន្យា​ជាមួយ​រដ្ឋ ផ្សាភ្ជាប់​ជាមួយ​សៀវភៅ​បន្ទុក​មួយ​ច្បាស់លាស់ ​និង​បាន​គាំទ្រ​ឱ្យមាន​ការរៀបចំ​នូ​វធ​ម្មនុញ្ញ​ឆ្នេរ (Beach Charter) សម្រាប់​ឆ្នេរ​នីមួយៗ ដោយ​ផ្អែកលើ​គោលការណ៍​ភាពជា​ដៃគូ ​រដ្ឋ​-​ឯកជន​-​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ដៃគូ​អភិវឌ្ឍ (4Ps)​ស្រប​អភិក្រម​សមាហរណកម្ម​ពី​គ្រប់ភាគី (Integrated Approach)​។

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​កម្ពុជា (​តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​) ​បានរៀបចំ​កែលំអរ​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍ “​ឆ្នេរ​អូ​ត្រេះ ជា​ឆ្នេរ​កម្សាន្ត​បែប​ប្រណីត
(Luxury Beach)” “​ឆ្នេរ​អូ​ឈើទាល​ជា​ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​”( Popular Leisure Beach)” និង “​ឆ្នេរ​ឯករាជ្យ ​ជា​ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​”(Popular Leisure Beach)” ហើយ​នាពេលខាងមុខ ​ផ្អែកលើ​សេចក្តីសម្រេច​របស់​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ស្តីពី “​គោលការណ៍​ណែនាំ​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​” គ​.​អ​.​ឆ​.​ក
នឹង​រៀបចំ​ផែនការមេ​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ (Master Plan) ដោយ​ត្រូវ​មានភ្ជាប់​ជាមួយនឹង​ផែនការ​គ្រប់គ្រង​ទេសចរណ៍ ​សម្រាប់​ឆ្នេរ​នីមួយៗ (Tourism Management Plan) របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ​និង​ប្លង់គោល​និង​ផែនការ​ប្រើប្រាស់​ដី អម​ជាមួយ​ការរៀបចំ​ធម្មនុញ្ញ (Beach Charter) របស់ខ្លួន
​សំដៅ​កំណត់​កាតព្វកិច្ច​នៃ​ភាគី​នីមួយៗ ក្នុងការ​ចូលរួម​អភិវឌ្ឍ និង​អភិរក្ស​បរិស្ថាន និង​កាតព្វកិច្ច​នៃ​ការចូលរួម​ហិរញ្ញវត្ថុ ទ្រទ្រង់​ការថែទាំ​ឆ្នេរ ដែលមាន​ប្រភព​មកពី​ជាអាទិ៍​៖ ថ្លៃ​ប្រើប្រាស់ (user fee) Tourism- Levy ​ការបង់​វិភាគទាន​ឈរលើ​គោលការណ៍​អ្នក​បំពុល​អ្នក​បង់ (Polluter Payer) (​ប៉ុន្តែ​មិនមាន​កម្រៃ​ចូល​- entrance fee) នោះទេ ​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ដល់​ការ សម្រេច​ឱ្យបាន​ចក្ខុវិស័យ ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​ឱ្យបាន ១​លាន​នាក់​និង​ទេសចរ​ជាតិប្រមាណ ២​លាន​នាក់ នៅ​ឆ្នាំ​២០២០ សម្រាប់​ខេត្ត​ព្រះសីហនុ ​ដូច​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ២០១៦-២០២៥ ៕

CEN
ដោយ: ដា​វុ​ធ​

ទិញ និងកក់ Sky Tree ខុនដូរ ឥឡូវនេះ លោកអ្នក​នឹងទទួលបាន ការផ្ដល់​ជូនយ៉ាង​ពិសេស​ភ្លាមៗ



(ភ្នំពេញ)៖ មធ្យោបាយ ក្នុងការស្វែងរកប្រាក់ចំណេញ ឬប្រាក់ចំនូល របស់បុគ្គលម្នាក់ៗ​ មានភាពខុសៗគ្នា អ្នកខ្លះស្វែងរកតាមរយៈការបំរើការងារ ការ​ប្រកប​អាជីវកម្ម ការធ្វើកសិកម្ម ការធ្វើជំនួញ និងតាមវិធីសាស្រ្តជាច្រើនទៀត។

ពេលនេះលោកអ្នកនឹងចំណេញពីការធ្វើវិនិយោគ ជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ J&L​ (ស្កាយទ្រីខុនដូ) ដោយលោកអ្នក មិនមានការកក់ប្រាក់ជាមុន មិនចាំបាច់មានប្រាក់តម្កល់ និងមិនអស់ការប្រាក់ ប្រសិនជាលោកអ្នកមិនមានលទ្ធភាព បង់គ្រប់គ្រាន់ទេនោះ លោកអាចធ្វើការកម្ចី ពីធានាគារណាមួយ ដែលលោកអ្នកពេញចិត្ត។​

លោកអ្នកសម្រេចចិត្តទិញ ឬកក់ ស្កាយទ្រីខុនដូនៅពេលនេះ និងមានឱកាសទទួលបានប្រាក់ចំណូលច្រើន លើលពីការរំពឹងទុក ដោយសារតែរយៈ ពីរឬ​បីឆ្នាំ​ខាងមុខទៀត តម្លៃរបស់ស្កាយទ្រីខុនដូ និងមានការកើនឡើង។ លោកអ្នកគ្រាន់តែចំណាយលុយ តិចតួចបង់ជាប្រចាំខែ ដើម្បីទទួលបាននូវការបង្កើន​ប្រាក់ចំណូល និងលំនៅឋាន ក្រុមគ្រួសារជាទីស្រលាញ់របស់អ្នក ទៅថ្ងៃអនាគត។

ប្រសិនបើអ្នកកំពុងស្វែងរក អចលនទ្រព្យដែលមានគុណភាព ពីក្រុមហ៊ុនល្បីឈ្មោះ និងមានប្រសិទ្ធភាព សូមជ្រើសរើសយកក្រុមហ៊ុន អចលនទ្រព្យ J&L​ ដែលជាគម្រោងថ្មី នៅក្នុងប្រទេសកម្ពុជាពិតជា ដៃគូដែលល្អបំផុត។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ J&L​ រាល់ម៉ោងធ្វើការ ចាប់ពីម៉ោង៖ ០៨៖៣០នាទីព្រឹក រហូតទៅដល់ម៉ោង​០៦៖៣០​នាទីល្ងាច និងទៅកាន់​ការិយាល័យ​លក់៖ ផ្ទះលេខ KH1 ផ្លូវ១០៥ សង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងលេខទូរស័ព្ទ៖ ០២៣​/០៨៩/ ០៨១ ៩០១​ ៦៨៨ ឬតាមរយៈ គេហទំព័រ ​www.skytreecondominium.com៕

Fresh News

ប្រជាពលរដ្ឋក្រុងសំរោង ថ្លែងអំណរគុណ​សម្តេចតេជោ ដែលបាន​ប្រែក្លាយពី​គ្រួសក្រហម​៧ខ្សែ ជា​ផ្លូវ​ក្រាលកៅស៊ូ សម្រួល​ដល់ការ​ធ្វើដំណើរ



(ឧត្តរមានជ័យ​)៖​ លោក​ ស ថាវី អភិបាលខេត្ត​ឧត្តរមានជ័យ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត​ នៅព្រឹក​ថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០១៧នេះ​ បានបើក​ការ​ដ្ឋានស្ថាបនាសាងសង់ ​ផ្លូវគ្រួសក្រហម​ ប្រែក្លាយជា​ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន៧ខ្សែ ដែលមានទទឹងផ្លូវប្រវែង៦ម៉ែត្រ​ សរុបប្រវែង៥៦៥០ម៉ែត្រ​ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក​ ស ថាវី អភិបាលខេត្ត​ឧត្តរមានជ័យ​បានថ្លែងឲ្យដឹងថា​ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន៧ខ្សែនេះ គឺប្រើប្រាស់កញ្ចប់ថវិកា អភិវឌ្ឍន៍របស់ខេត្ត ដើម្បីជាការបំរើនូវ​សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង ​មានចំនួន៤ភូមិ គឺភូមិឈូក ភូមិគោកគរ ភូមិដូនកែន​ និងភូមិពុរ ស្ថិតសង្កាត់-ក្រុង​សំរោង​ ។

នាពេលនោះដែល ​ប្រជាពលរដ្ឋក៏បានសម្តែង ការសប្បាយចិត្តយ៉ាងខ្លាំង ព្រមទាំងបានជូនពរ និងថ្លែងអំណរគុណ ចំពោះលោកស ថាវី អភិបាលខេត្ត និងជាពិសេសនោះ គឺសូមថ្លែងនូវអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និងរាល់ការលំបាក របស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសនោះជាក់ស្តែងនៅពេលនេះ គឺបានអភិវឌ្ឍន៍នៅភូមិឃុំ​ របស់ពួកគាត់៕

Fresh News

អាជ្ញាធរអប្សរា បើកយុទ្ធនាការថែទាំនិងព្យាបាលជួយសង្គ្រោះដើមស្ពង់ នៅតំបន់អង្គរ ព្រោះឈើប្រណិតនេះ បានរួមចំណែកទាក់ទាញភ្ញៀវទេសចរ



(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបើកយុទ្ធនាការថែទាំ និងព្យាបាលជួយសង្គ្រោះដើមស្ពង់នានា ដែលមានអាយុកាលរាប់រយឆ្នាំ ក្នុងតំបន់អង្គរ ដើម្បីបន្តអាយុកាលរបស់វាតទៅទៀត ព្រោះដើមស្ពង់នេះ បានរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ដែលចូលទៅទស្សនាតំបន់អង្គរ។

ក្នុងបំណងអភិរក្ស និងថែរក្សាដើមឈើចំណាស់ ដែលដុះក្នុងឧទ្យានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះព្យាបាលប្រភេទដើមឈើចំណាស់ៗជាច្រើន ជាពិសេសដើមស្ពង់។ ជាក់ស្តែង ដើមស្ពង់ចំណាស់មួយដើម នៅជិតខ្លោងទ្វារទន្លេអុំ ត្រូវបានអភិរក្សថែទាំដោយយកចិត្តទុកដាក់ ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ការជួយសង្រ្គោះនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧។

លោក លឹម សៀងហួត បុគ្គលិកជំនាញតាមដានសុខភាព ផ្នែកព្យាបាលដើមឈើ នៃនាយដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឲ្យដឹងថា ដើមស្ពង់ដែលត្រូវបានព្យាបាលនេះ មានការពុកផុយនៅត្រង់គល់ និងចុង។ ដោយសារមានទីតាំងជាប់ផ្លូវដើរ ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ដូច្នេះក្រុមការងាររបស់លោក ប្រញាប់ក្នុងការព្យាបាល ហើយការព្យាបាលនេះ ក៏មានការចាប់អារម្មណ៍ច្រើន ពីសំណាក់ទេសចរដែលកំពុងទស្សនា នៅទីនោះផងដែរ។ ភ្ញៀវទេសចរទាំងនោះ បានសាកសួរពីការងារព្យាបាលដើមស្ពង់ ដែលក្រុមការងារកំពុងជួយសង្រ្គោះនេះ។

ដើមស្ពង់ដែលក្រុមជំនាញកំពុងព្យាបាលនេះ មានបញ្ហា៣ចំណុច៖ ទី១.ដើមអម្ពិលដែលដុះក្បែរនោះ ឫសរបស់វាចាក់ប្រជែងនឹងគល់ដើមស្ពង់, ទី.ការដើរជាន់ឫសស្ពង់ពីសំណាក់មនុស្ស ព្រោះវានៅជិតផ្លូវដើរ ធ្វើឲ្យវាពិបាកស្រូបយកជីវជាតិក្នុងដី និងទី៣.ចំណុចខ្លះនៃគល់ បានពុកផុយ និងមានសត្វកណ្តៀរឡើង។

សម្រាប់វិធីសាស្រ្តនៃការព្យាបាល លោក សៀង ហួត បានរៀបរាប់ថា «ការព្យាបាលដើមស្ពង់ គឺធ្វើឡើងតាមរយៈ ការកោសសំបកពុកផុយចេញលាបជ័រទឹក ដើម្បីការពារពីការជ្រាបទឹកចូលក្នុងសាច់ និងចុងក្រោយបិទដីដំបូក ដើម្បីឲ្យសាច់ឈើដុះឡើងវិញ។ បន្ទាប់មក ក្រុមការងារនឹងបន្តតាមដាន រយៈពេល៦ខែទៅ១ឆ្នាំ ដើម្បីដឹងពីការវិវត្តថ្មីរបស់ដើមស្ពង់»។

យ៉ាងណាក៏ដោយ តាមបទពិសោធន៍របស់ លោក សៀងហួត ដែលកន្លងមក បានចុះព្យាបាលដើមស្ពង់ជាច្រើនដើមនោះ បាននិយាយថា មានតែដើមស្ពង់ដែលមានសាច់ខ្ចីតែប៉ុណ្ណោះ ដែលអាចលូតលាស់ល្អឡើងវិញ ចំណែកស្ពង់ចាស់មានអាយុលើសពី ១០០ឆ្នាំឡើង លទ្ធភាពលូតលាស់មានតិចតួចបំផុត។ ស្ពង់ខ្ចី កោសិការបស់វា ឆាប់លូតលាស់ជាងស្ពង់ចាស់ ដែលកោសិការបស់វាមួយចំនួន បានងាប់ទៅហើយ ដោយការព្យាបាលគ្រាន់តែពន្យារអាយុកាលរបស់វាតែប៉ុណ្ណោះ។

សូមរម្លឹកថា ស្ពង់ជាប្រភេទឈើក្រៅចំណាត់ថ្នាក់មួយ ហើយភាគច្រើនមានដុះនៅតំបន់អង្គរ។ នៅតំបន់អង្គរ ដើមស្ពង់មានដុះច្រើនជាងគេ នៅប្រាសាទតាព្រហ្ម។ ស្ពង់ជាដើមឈើទាក់ទាញ ចំណែកឫសរបស់វាមួយចំនួន ក៏មានផលប្រយោជន៍ការពារ និងទ្រប្រាសាទផងដែរ៕

Fresh News

បង្គោល​អង់​តែ​ន​សិប្បនិម្មិត​ ដែលមាន​ទម្រង់​រូបរាង​ជាដើម​ឈើ​ចំនួន​៦​ដើម ​ត្រូវ​បាន​ដាក់​ដំឡើង រួច​រាល់​ជា​ស្ថាពរ​​



សៀមរាប ៖ បង្គោល​អង់​តែ​ន​សិប្បនិម្មិត​ ដែលមាន​ទម្រង់​រូបរាង​ជាដើម​ឈើ​ចំនួន​៦​ដើម ​ត្រូវ​បាន​ដាក់​ដំឡើង រួច​រាល់​ជា​ស្ថាពរ​​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ផ្សេងៗ​បំពាក់​អង់តែន ​បង្កើន​សេវា​ទូរស័ព្ទ​ និង​ល្បឿន​អ៊ីនធឺណិត​ឲ្យ​បាន​ទូលំទូលាយ​ដល់​ភ្ញៀវទេសចរ ប្រជាជន​ក្នុង​តំបន់​អង្គរ អ្នក​ប្រកប​របរ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ និង​វិស័យ​ឯកជន​នានា​នៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏​ល្បី​មួយ​នេះ​។​
​
តាម​ការ​បញ្ជាក់​ពី​លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បាន​ឲ្យ​ដឹង​ថា បង្គោល​អង់​តែ​ន បាន​ដំឡើង​ចំនួន​៦​ទីតាំង ដូចជា CTL1 នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក CTL2 នៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ CTL3 នៅ​ភូមិ​រហាល សង្កាត់​នគរធំ CTL4 នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក CTL5 នៅ​ខ្លោងទ្វារ​តា​កាវ និង CTL6 នៅតាម​បណ្តោយ​ផ្លូវ​កូ​ម៉ៃ​។

លោក សុខ សង្វារ បន្តទៀតថា បើ​គិត​មកដល់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ ប្រព័ន្ធ​ទូរស័ព្ទ​ស្មា​ត​ជា​ក្រុមហ៊ុន​ដំបូង​គេ ​ដែល​បាន​ដាក់ឲ្យដំណើរការ​សេវា​ទូរស័ព្ទ ​និង​បណ្ដាញ​អ៊ីនធឺណិត​4G​ យ៉ាង​រលូន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​នាពេល​ឆាប់ៗ​ខាងមុខនេះ នឹង​មាន​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេងៗ​ទៀត​ក្នុងប្រទេស​មក​បំពាក់​សេវា​ទូរស័ព្ទ ​និង​សេវា​អ៊ីនធឺណិត​បន្ថែមទៀត​ផងដែរ​។
​
តាមរយៈ​ការ​ដំឡើង​បង្គោល​អង់​តែ​ន​សិប្បនិម្មិត និង​បំពាក់​សេវា​ប្រព័ន្ធ​ទូរស័ព្ទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ នឹង​ធ្វើឲ្យ​​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ដែល​មក​ទស្សនា​តំបន់​អង្គរ មាន​ភាព​ងាយ​ស្រួល​ ទាំង​ការហៅ​ទូរស័ព្ទ ការ​ផុស​រូប​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ផ្សាយ​ផ្ទាល់​វីដេអូ​ពី​ដំណើរ​កម្សាន្ត​របស់ខ្លួន​បាន​ភ្លាមៗ​។ ជាពិសេស​ជាងនេះទៅទៀត វា​បាន​ជួយ​សម្រួល ដល់​ការងារ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ប្រតិបត្តិ​ការងារ​របស់ខ្លួន​ផង​។​
​
នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បានរៀបចំ​ដំឡើង​អង់​តែ​ន​សិប្បនិម្មិត​មាន​រូបរាង​ដូច​ដើមឈើ ​និង​ដាក់ឲ្យ​ដំណើរការ​នៅលើ​ទឹកដី​អង្គរ​បេតិកភណ្ឌ​ពិភពលោក​។

អាជ្ញាធរ​ជាតិ​អប្សរា​ តែងតែ​យកចិត្តទុកដាក់​បំផុត ចំពោះ​ការផ្តល់ជូន​នូវ​ភាពងាយស្រួល​តាមរយៈ​ការរៀបចំ​សេវាកម្ម​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​ចូលមក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​នេះ​ឲ្យ​កាន់តែ​ច្រើនឡើង​។

លើសពីនោះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា ​ក៏បាន​គិតគូរ​ដល់​ការ​អភិរក្ស និង​ការ​ថែរក្សា​សោភ័ណភាព​នៅក្នុង​តំបន់​អង្គរ​ផង​ដែរ ជាក់ស្តែង​ការ​ដំឡើង​អង់​តែ​ន​សិប្បនិម្មិត​សម្រាប់​បំពាក់​ប្រព័ន្ធ​ទូរស័ព្ទ​ ដូច្នេះ​ក៏​តម្រូវឲ្យ​មាន​លក្ខណៈ​ធម្មជាតិ ដែល​អាច​បន្លំ​ និង​រក្សា​បាន​នូវ​ភាព​ស្រស់​បំព្រង ​នៃ​ទេសចរណ៍​ធម្មជាតិ ស្របតាម​បទដ្ឋាន​របស់​តំបន់​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង​៕​

កម្ពុជា​ថ្មី
គឿន​វេត​