Showing posts with label ព័ត៌មាន​សំខាន់​ៗ. Show all posts
Showing posts with label ព័ត៌មាន​សំខាន់​ៗ. Show all posts

Facebook របស់ Fresh News កើនឡើងដល់១.៥លាននាក់ហើយ ខណៈអ្នកប្រើប្រាស់ Fresh News បន្តកើនជិត៨៣ម៉ឺននាក់

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ចំនួនអ្នកគាំទ្រ និងតាមដានព័ត៌មានលើ Facebook របស់ Fresh News បានកើនឡើងដល់ ១.៥លាននាក់ហើយ ចំណែកអ្នកប្រើប្រាស់ Fresh News បានបន្តកើនឡើងជាលំដាប់រហូតដល់ជិត៨៣ម៉ឺននាក់។ ដោយក្នុងមួយថ្ងៃអមានអ្នក Like នៅលើ Facebook ប្រមាណពី៥០០០-៦០០០នាក់ ដោយឡែកអ្នកប្រើប្រាស់ Fresh News (App) លើទូរស័ព្ទដៃវិញក្នុងមួយថ្ងៃមានអ្នក Install ប្រមាណចាប់ពី១០០០-១៣០០នាក់។

Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile និង Computer ព្រមៗគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់ទាំងអស់របស់ Fresh News ទាំង iOS និង Android។

* រាល់ព័ត៌មានដែលផ្សាយចេញគឺអូតូស្វ័យប្រវត្តិ (Automatic) ទៅកាន់ ៣កន្លែងព្រមៗគ្នា៖

ទី១៖ បង្ហាញនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលជាប្រចាំក្នុងមួយថ្ងៃជាង៣០ម៉ឺន។ (ទិន្នន័យតាម Alexa)
ទី២៖ បាញ់ទៅកាន់ទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ក្បែរ៨៣ម៉ឺននាក់។ (មានតារាងចំនួនអ្នកប្រើប្រាស់)
ទី៣៖ Share ទៅកាន់ Faceboook ដែលមានចំនួនជាង១.៥លាននាក់។ (ចំនួនមាននៅលើ Facebook)

Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយកព័ត៌មានពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែបយ៉ាងពីប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។ Fresh News ក៏មានព័ត៌មានជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជាទៅកាន់ពិភពលោកឲ្យដឹង។

Fresh News សូមទទួលស្វាគមន៍ និងចុះផ្សាយរាល់ព័ត៌មាន ដែលបានកើតមាននៅតាមទីកន្លែងនានា ពីប្រជាពលរដ្ឋកម្ពុជា ដោយអាចផ្ញើមកកាន់ E-mail: appfreshnews@gmail.com និង ទូរស័ព្ទលេខ៖ ០១៧ ៦០៨​ ០០៦។ អង្គភាពយើងខ្ញុំ ក៏ទទួលស្វាគមន៍រាល់ការរិះគន់ នានាពីមិត្តអ្នកអាន ដើម្បីនូវភាពចន្លោះប្រហោង របស់យើងខ្ញុំ៕



Fresh News

នាវាយក្ស ២គ្រឿង ដឹកភ្ញៀវទេសចរជាង ២ពាន់នាក់ ចូលចត​នៅកំពង់ផែ​ព្រះសីហនុ



(ព្រះសីហនុ)៖ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅវេលា​ម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែ​មករា ឆ្នាំ២០១៧នេះ នាវា​ទេសចរណ៍ខ្នាតយក្ស​ចំនួន ២គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រួមជាមួយអ្នកដំណើរ និងភ្ញៀវទេសចរជាង ២ពាន់នាក់។

កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងថា នា​វាទី១ ឈ្មោះ SEABOURN SOJOURN ផ្ទុក​អ្នកដំណើរ​ចំនួន «៤៤៩នាក់ (ស្រី២១៦នាក់)» មាន ២៥សញ្ជាតិ ក្នុងនោះភ្ញៀវ​អាមេរិក ២១០នាក់ និងភ្ញៀវអង់គ្លេស ៧៨នាក់ រួមទាំង​នាវិក​ និងអ្នកបម្រើការចំនួន ៣៥០នាក់ (ស្រី៩៧នាក់)។ នាវានេះ មានបណ្តោយ ១៩៨ម៉ែត្រ ទទឹង២៦ម៉ែត្រ ជម្រៅ ទឹក៦.៤ម៉ែត្រ។

​នា​វាទី២ ឈ្មោះ COSTA VICTORIA ផ្ទុក​អ្នកដំណើរ និង ភ្ញៀវទេសចរចំនួន ១,៩២៨នាក់ រួមទាំង​នាវិក និងអ្នកបម្រើការចំនួន ៧១៨នាក់។ ​នា​វាទាំងពីរ ដែលចូលចតនៅ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុនេះ ជានាវាទី៣ និងទី៤ ហើយ សម្រាប់​ដើមឆ្នាំ២០១៧នេះ។

របាយការណ៍ខាងលើបានបន្ថែមថា នាវា​ទាំងពីរ​នេះ​ បានចេញដំណើរមក​ពី​កំពង់ផែ Laem Chabang ប្រទេស​ថៃ ហើយនឹង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុនៅ​ម៉ោង ៩យប់ថ្ងៃ​ដដែល ដោយ​នា​វាទី១ បន្តដំណើរឆ្ពោះទៅ​កាន់​កំពង់ផែ Hochiminh និង​នា​វាទី២ បន្តទៅកាន់​កំពង់​ផែ Phu Quoc ប្រទេស​វៀតណាម។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា លោកបានចាត់កម្លាំងនគរបាលចេញប្រតិបត្តិការការពារសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាព ជូនភ្ញៀវទេសចរទាំងអស់ រួចជាស្រេចហើយ រហូតដល់នាវាទាំងពីរ ចាកចេញពីខេត្តព្រះសីហនុ៕

Fresh News

កប៉ាល់​ផ្ទុក​យន្តហោះ​ចម្បាំង ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ក្រោយពេល​មាន​ភាព​តានតឹង



កប៉ាល់​ផ្ទុក​យន្តហោះ​ចំបាំង និង​កប៉ាល់ចំបាំង​ចិន ជាច្រើន​គ្រឿង បានធ្វើ​ដំណើរ​ឆ្លងកាត់ ច្រក​សមុទ្រ​របស់​កោះ​តៃវ៉ាន់​។ នេះ​បើតាម​ការបញ្ជាក់​របស់ ក្រសួងការពារជាតិ​តៃវ៉ាន់​។​

កប៉ាល់​ផ្ទុក​យន្តហោះ ឈ្មោះ ឡាំង​នី​ង (Liaoning) បាន​វិល​ត្រឡប់មកវិញ បន្ទាប់ពី​ធ្វើ​សមយុទ្ធ នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​បើក​ឆ្លងកាត់ ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ ក្រោយពេល​មាន ភាព​តានតឹង​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់ បានអោយដឹងថា កប៉ា់ល់​នេះ មិនបាន​បើក​ចូល​ដែនទឹក របស់​កោះ​តៃវ៉ាន់​នោះទេ ប៉ុន្តែ​បើក​ឆ្លងកាត់​តំបន់ ដែនអាកាស​របស់​តៃវ៉ាន់​។​

​វា​គឺជា​ការធ្វើអោយ​ឡើង​កំដៅ កាន់តែខ្លាំង​ឡើង បន្ទាប់ពី​មាន​ភាព​តានតឹង រវាង​ប្រទេសជិតខាង ទាំងពីរ​នេះ ហើយ​អាជ្ញាធរ​តៃវ៉ាន់ បាន​ស្នើអោយ​សាធារណជន បន្ត​ភាព​ស្ងប់ស្ងៀម​។​

​ចិន ចាត់ទុក កោះ​តៃវ៉ាន់ ដែលមាន​រដ្ឋាភិបាល​គ្រប់គ្រង​ខ្លួនឯង គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន ហើយ​ចិន បាន​អះអាងថា នឹង​ប​ញ្ជូ​ល​ទឹកដី​ទាំងពីរ ជាមួយគ្នា ដោយ​ប្រើ​កំលាំង​កងទ័ព ក្នុងករណី​ចាំបាច់​។​

​ភាព​តានតឹង បានចាប់ផ្តើម​កើនឡើង ចាប់តាំងពី ប្រធានាធិបតី ជាប់ឆ្នោត​ថ្មី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបញ្ចប់​អនុស្សរណៈ ផ្នែក​ការទូត​ជាមួយ​ចិន ហើយ​លោ​ត្រាំ ក៍​បានទទួល​ទូរស័ព្ទ អបអរសាទរ​ពី ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ីង​វិ​ន (Tsai Ing-wen) ៕

CEN

រុស្ស៊ី​ប្រាប់​អាមេរិក​ថា ខ្លួន​ជួយ​អស់​លទ្ធភាព​ហើយ​ក្នុងការ​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​



ប្រមុខ​ការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការអធិប្បាយ​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក Ashton Carter លើកឡើងថា យុទ្ធនាការ​ប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​របស់​រុស្ស៊ី​នៅ​ស៊ី​រី សឹងតែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់ និង​ទុក​ឲ្យ​អាមេរិក​ជា​អ្នកដោះស្រាយ​តែម្នាក់ឯង​។ លើសពីនោះ ប្រមុខ​ការពារជាតិ​រុស្ស៊ី ក៏​ប្រាប់​ឲ្យ​លោក Carter ត្រូវ​ចេះ​ប្រយ័ត្ន ពេលធ្វើការ​វាយតម្លៃ​ស្ថានការណ៍​ផងដែរ​។

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​រិះគន់​សម​ភាគី​អាមេរិក Ashton Carter ដែល​ចាត់ទុក​យុទ្ធនាការ​ប្រឆាំង​ភេ​វ​កម្ម​របស់​រុស្ស៊ី​នៅ​ស៊ី​រី ថា​មិន​ទទួលបាន​អ្វី​សោះ​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃទី​១០ ខែមករា លោក Shoigu និយាយថា លោក Carter ច្រឡំ​ប្រទេស​ហើយ ដែល​ចាត់ទុក​រុស្ស៊ី​មិន​ជួយ​អ្វី​សោះ​នោះ ហើយ​លោក Carter ផ្ទាល់​ត្រូវ​ប្រយ័ត្នប្រយែង​ពេល​និយាយ​លើក​ក្រោយៗ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ NBC នៅ​ថ្ងៃទី​៨ ខែមករា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​អះអាងថា រុស្ស៊ី មិនបាន​ជួយ​អ្វី​ឡើយ​។ ពោល គឺ​រុស្ស៊ី ចូលមក​ស៊ី​រី និង​និយាយថា ពួកគេ​នឹង​ប្រយុទ្ធ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​ស៊ី​រី​។ ប៉ុន្តែ​រុស្ស៊ី មិនបាន​ធ្វើ​អ្វី​ទេ ហើយ​ចុងក្រោយ​នោះ អាមេរិក​ត្រូវ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​តែម្នាក់ឯង​។ ហើយ​រុស្ស៊ី វាយប្រហារ​តែ​គោលដៅ​ក្រុម​ឧទ្ទាម​ប្រឆាំង​មួយចំនួន ដែល​រុស្ស៊ី​ចាត់ទុកជា​ក្រុម​រដ្ឋ​ឥស្លាម ឬ​ជាប់​ពាក់ព័ន្ធ​ក្រុម​នេះ​ប៉ុណ្ណោះ​។​

​ប្រមុខ​ការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​ទាត់ចោល​ការលើកឡើង​ខាងលើនេះ និង​បាន​គូសបញ្ជាក់ថា កងទ័ពអាកាស​រុស្ស៊ី បាន​បំពេញ​តាម​បទបញ្ជា​ដែល​ទទួលបាន ខណៈដែល​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​មុខ​ដោយ​អាមេរិក បាន​ត្រឹម​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ប៉ុណ្ណោះ​។ ទន្ទឹមគ្នានេះ លោក ក៏បាន​លើកឡើង​ពី​ការប្រឹងប្រែង​របស់​កង​ទ័ព​រុស្ស៊ី​ទាំងអស់ ដែល​ព្យាយាម​កម្ចាត់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។​

«​យើង​សម្រេចបាន​គោលដៅ ដែល​អគ្គមេបញ្ជាការ​កំ​ពូ​ល​កំណត់​កាលពី​ឆ្នាំមុន​។ បើទោះជា​នេះ​ជា​រឿង​លំបាក​សម្រាប់​យើង ហើយ​យើង​ត្រូវការ​ជំនួយ​ពី​អន្តរជាតិ​ក៏ដោយ យើង​មិនដែល​ទទួល​ជំនួយ​ឡើយ​។ ម្យ៉ាងទៀត ប្រតិបត្តិការ​នេះ តម្រូវ​ឲ្យ​យើង​បញ្ចេញ​គ្រប់​កម្លាំង​ទាំងអស់​រួមទាំង​ការបញ្ជូន​នាវា​មួយក្រុម​ធំ​ទៅកាន់​ស៊ី​រី ពង្រាយ​កងកម្លាំង​អាកាស និង​មន្ត្រីប៉ូលិស​យោធា​ទៀតផង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Shoigu ទាក់ទង​នឹង​ការព្យាយាម​របស់​រុស្ស៊ី​ដែល​ចេញផ្សាយ​ក្នុង​សារព័ត៌មាន RT ។​

​តាំងពី​ដើមទី​មក ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ាស៊ីនតោន មាន​ទស្សនៈ និង​គោលដៅ​ផ្ទុយគ្នា​លើ​ទាំង​ជម្លោះ​នៅ​ស៊ី​រី និង​ការប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ អាមេរិក ចោទ​រុស្ស៊ី​ថា គិតតែ​ជួយ​ការពារ​របប​ប្រធានាធិបតី​អាសាដ និង​វាយប្រហារ​តែ​គោលដៅ​ក្រុម​ឧទ្ទាម​ប្រឆាំង​។ ឯ​រុស្ស៊ី​ឆ្លើយ​វិញ​ថា អាមេរិក​មិន​ជួយ​សហការ​ដើម្បី​កំណត់​មុខសញ្ញា​ក្រុម​ឧទ្ទាម ឬ​ក្រុម​ជ្រុលនិយម​ឲ្យ​ច្បាស់​ឡើយ គឺ​គិតតែ​រឿង​ទម្លាក់​លោក អាសាដ ពី​តំណែង​ប្រធានាធិបតី​ប៉ុណ្ណោះ​៕

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា

ក្រៅពី​រម្លឹក​មរតក​ន​យោ​បាយ អូ​បា​ម៉ា អរគុណ​និង​លា​ប្រជាជន​អាមេរិក​ក្នុង​សុន្ទរកថា​ចុងក្រោយ​



ប្រធានាធិបតី​ជិត​ផុត​អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានផ្តល់​សុន្ទរកថា​ជា​លើកចុងក្រោយ​ទៅកាន់​ប្រជាជន​អាមេរិក​មុន​លោក​ផ្ទេរអំណាច​នៅ​ថ្ងៃ ២០ មករា​ខាងមុខ​។ ថ្លែង​សុន្ទរ​ថា​ប្រកបដោយ​មនោសញ្ចេតនា និង​អារម្មណ៍​ជ្រាលជ្រៅ​បំផុត​នោះ ប្រធានាធិបតី​ស្បែក​ខ្មៅ​ដែល​អ្នកផង​ទាំងពួង​ចូលចិត្ត​នេះ​ផ្តោតអារម្មណ៍​លើ​បញ្ហា​ជាច្រើន​តាំងពី​បញ្ហានយោបាយ​ក្នុង​ស្រុង ដល់​បញ្ហា​សន្តិសុខ​,​បញ្ហា​បរិស្ថាន និង សមិទ្ធផល​នយោបាយ​ដែល​លោក​ម្រេច​បាន​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ​។

សូមស្តាប់ពត៌មានលម្អិត


សុន្ទរកថា​ចុងក្រោយ​របស់​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានក្លាយ​ជា​សារ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​អាមេរិក​និង​ប្រជាជន​ទាំងអស់​លើ​ពិភពលោក​។ ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​នេះ ស្ត្រី​ទីមួយ​លោកស្រី Michelle Obama, អនុ​ប្រធានាធិបតី Joe Biden, បណ្តា​មន្ត្រី​ដែល​បំពេញការងារ​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា សុទ្ធ​តែមាន​វត្តមាន​។ ហើយ​សុន្ទរកថា​ចុងក្រោយ​បង្កប់​ដោយ​មនោសញ្ចេតនា និង​អារម្មណ៍​ជ្រាលជ្រៅ​បំផុត ហើយ​វា​បង្ហាញ​ពី​ភាព​អាឡោះអាល័យ​នៅពេលដែល​ប្រធានាធិបតី​ទី ៤៤ ត្រូវ​ចាកចេញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។

​សុន្ទរកថា​ចុងក្រោយ​នេះ ក្រៅពី​រំលឹក​ឡើងវិញ​សមិទ្ធផល​ទាំង​អម្បាលម៉ាន​ដែល​លោក​សម្រេចបាន​ក្នុងពេល ៨​ឆ្នាំ លោក​បាន​ទាញយក​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​។ ប៉ុន្តែ​ប្រធានាធិបតី​រូបនេះ​នៅតែ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​សហរដ្ឋអាមេរិក​ដោយ​លោក​បន្ត​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​បន្ត​ចូលរួម​ឲ្យ​សកម្ម​ក្នុង​រឿង​នយោបាយ និង​បន្ត​ជឿជាក់​លើ​«​ប្រព័ន្ធ​ប្រជាធិបតេយ្យ​»​។ លោក​បញ្ចប់​សុន្ទរកថា​ដោយ​ប្រើ​ពាក្យស្លោក «Yes we can. Yes we did. Yes we can»​។

១.«Chicago» កន្លែង​មាន​អនុស្សាវរីយ៍​ច្រើន​សម្រាប់​លោក អូ​បា​ម៉ា​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានជ្រើសរើស​យក​ទីក្រុង Chicago ដើម្បី​ផ្តល់​សុន្ទរកថា​ចុងក្រោយ មុន​ចេញ​លោក​ចាក​ពី​តំណែង​។ តាមពិតទៅ​ប្រធានាធិបតី​រូបនេះ​បាន​ត្រឡប់​ទៅកាន់​ទីក្រុង Chicago ជា​កន្លែង​ដែល​លោក​ប្រកាស​ជ័យជម្នះ​ក្នុង​ឆ្នាំ ២០០៨​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ Chicago ជា​កន្លែង​ពិសេស​សម្រាប់​លោក​គឺ វា​ក៏​ជា​ស្រុកកំណើត​, ជា​កន្លែង​ដែល​លោក​បាន​ជួប​លោកស្រី Michelle Obama និង​ជា​កន្លែង​ដែល​ចាប់ផ្តើម​ការងារ​សាធារណៈ​មុន​ឈានទៅ​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ដែរ​។

២. អូ​បា​ម៉ា រំលឹក​សមិទ្ធផល​សំខាន់ៗ ៨​ឆ្នាំ​

​ប្រធានាធិបតី អូ​បា​ម៉ា បាន​ឆ្លៀត​លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​រដ្ឋបាល​លោក​សម្រេច​ក្នុងពេល ៨​ឆ្នាំ​។ សមិទ្ធផល​នេះ​មិន​ត្រឹមត្រូវ​ជួយ​ប្រជាជន​អាមេរិក​ឲ្យ​រួច​ផុតពី​បញ្ហាលំបាក​សេដ្ឋកិច្ច​និង​សង្គម​ប៉ុណ្ណោះ​ទេ តែ​វា​ជួយ​រក្សា​សន្តិសុខ​ផង​ដល់​ប្រជាជន​អាមេរិក​ដែរ​។​

​រឿង​សមិទ្ធផល​សេដ្ឋកិច្ច គេ​ចាំបាន​ច្បាស់​ថា ប្រធានាធិបតី​រូបនេះ​ចូលកាន់​តំណែង​ពេលដែល​សេដ្ឋកិច្ច​អាមេរិក​ស្ថិតក្នុង​វិបត្តិ​។ រដ្ឋបាល​លោក​បាន​ប្រឹងប្រែង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ស្ថា​រ​សេដ្ឋកិច្ច​នេះ​ឡើងវិញ​និង​កាត់បន្ថយ​អត្រា​អ្នកគ្មានការងារ​ធ្វើ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះ​។

​សមិទ្ធផល​សំខាន់​ផ្សេងទៀត ដែល បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​ដែរនោះ​មានការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា​វិញ​, ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​, គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស និង​ការ​កម្ចាត់​ក្រុម​ភេរវជន​ក្នុងនោះ​មានការ​សម្លាប់​មេខ្លោង​ក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន​។

​រឿង​ប្រឆាំង​ភេរវកម្ម លោក​បាន​ឆ្លៀត​អួតអាង​ថា រដ្ឋបាល​លោក​បាន​កម្ចាត់​ក្រុម​ភេរវជន​រាប់ម៉ឺន​នាក់​ហើយ​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​បាន​កម្ចាត់​មេខ្លោង​ក្រុម​នេះ​ជា​បន្តបន្ទាប់​និង​បាន​ដណ្តើម​ទឹកដី​បាន​ពាក់កណ្តាល​ពីនេះ​។ លោក​ប្រកាសប្រាប់​អ្នកចូលរួម​ដោយមាន​ជំនឿ​ចិត្ត​ខ្ពស់ ថា​ក្រុម​នេះ​នឹងត្រូវ​កម្ចាត់​ចោល​ឆាប់ៗ ហើយ​«​រាល់​អ្នក​ដែល​គំរាមកំហែង​អាមេរិក​មិនដែល​នៅបាន​សុខសាន្ត​ឡើយ​»​។​

៣.​អូ​បា​ម៉ា នៅ​បារម្ភ​ពី​បញ្ហា​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរស្បែក​ក្នុងសង្គម​អាមេរិក​

​ក្រៅពី​ការជាប់ឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ រឿង​មួយទៀត​ដែល​ធ្វើ​ឲ្យ​លោក អូ​បា​ម៉ា ខ្វាយខ្វល់​គឺ «​ការរើសអើង​ជាតិ​សាសន៍​និង​ពណ៌​សម្បុរស្បែក​»​នៅ​បន្ត​ចាក់ស្រេះ​ក្នុងសង្គម​អាមេរិក​។​

​គេ​ធ្លាប់​គិតថា សមាជិក​ព្រឹទ្ធ​ស្បែក​ខ្មៅ បា​រ៉ា​ក់ អូ​បា​ម៉ា ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឆ្នាំ ២០០៨ ប្រហែលជា​ថ្ងៃ​អ​វ​សាន្ត​នៃ​ការរើសអើង​ជាតិ​សាសន៍​និង​ពណ៌​សម្បុរស្បែក​ហើយ​។ តែ ៨​ឆ្នាំ​មកនេះ បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​នៃ​តែ​លងបន្លាច​អាមេរិក​ទៀត​។​

​ក្នុងពេល​សុន្ទរកថា លោក អូ​បា​ម៉ា ទទួលស្គាល់ថា បែកខ្ញែក​គ្នា​រឿង​ជាតិ​សាសន៍​និង​ព៌​ណ​សម្បុរស្បែក​នេះ​នៅតែ​ធ្ងន់ធ្ងរ​ក្នុងសង្គម​អាមេរិក ដែល​ចាំបាច់​ត្រូវ​កែប្រែ​។​

«​ក្រោយពេល​ខ្ញុំ​ជាប់ឆ្នោត វា​មាន​ការជជែក​គ្នា​ពី​ការប្រែប្រួល​បញ្ហា​ជាតិ​សាសន៍​ក្នុងសង្គម​អាមេរិក (Post-racial America)​។ ប៉ុន្តែ​ការយល់ឃើញ​នេះ​មិន​កើតឡើង​ពិតប្រាកដ​ឡើយ​។ បញ្ហា​ពូជសាសន៍​នៅតែ​ជា​កម្លាំង​ដ៏​ខ្លាំង​បង្ក​ឲ្យ​មានការ​បែកខ្ញែក​គ្នា​ក្នុងសង្គម​យើង​។ ជារួម​ខ្ញុំ​មើលឃើញថា វា​មានការ​ប្រសើរឡើង​ជាង ១០ ឬ​២០​ឆ្នាំមុន​។ ប៉ុន្តែ យើង​មិនទាន់​ទៅដល់​កន្លែង​ដែល​យើង​ត្រូវ​ទៅ​ឡើយ​»​។​

៤ .​អូ​បា​ម៉ា ទទូច​ឲ្យ​ប្រជាជន​បន្ត​ជឿជាក់​លើ «​ប្រជាធិបតេយ្យ​» និង​ប្រឡូក​ក្នុង​នយោបាយ​

​ក្នុងពេល​ថ្លែង​សុន្ទរកថា​នេះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាជន​អាមេរិក​បន្ត​ការជឿជាក់​លើ​របប​ប្រជាធិបតេយ្យ ដោយ​បន្ត​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​បញ្ហានយោបាយ​និង​ឈរឈ្មោះ​ប្រកួត​យក​តំណែង​នយោបាយ​ជាដើម​។ ហើយ​លោក​បាន​អះអាងថា «​ឈ្នះ​ឬ​ចាញ់​ក្នុង​នយោបាយ​» ជា​រឿង​ធម្មតា​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​។

​លោក​ក៏​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ចូលរួម​ប្រកួតប្រជែង​ដោយ​ឈរឈ្មោះ​ដើម្បី​កាន់កាប់​មុខងារ​នយោបាយ​ដើម្បី​កែប្រែ​បញ្ហា​ប្រឈម បើសិន​មិន​ពេញចិត្ត​ចំពោះ​មន្ត្រី​ដែលជា​តំណាង​របស់ខ្លួន​នោះ​។

៥. អូ​បា​ម៉ា ប្រាប់​មន្ត្រី​របស់លោក​៖ «​អ្នក​បាន​ផ្លាស់ប្តូរ​ពិភពលោក​»

​នៅក្នុងពេល​នោះដែរ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​យក​ពេល​ចុងក្រោយ​នៃ​សុន្ទរកថា​ដើម្បី​បង្ហាញ​ការដឹងគុណ និង​អរគុណ​ដល់​មិត្ត​រួមការ​ងារ​និង​ជាម​ន្ត្រី​ក្នុង​រដ្ឋបាល​លោក​ជាពិសេស​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​អនុ​ប្រធានាធិបតី​Joe Biden​ផង​។ លោក​បាន​ប្រាប់​ពួកគេ​ដែលមាន​វត្ត​មាននៅ​ទីនោះ​ថា ពួកគេ​បាន​ជួយ​បាន​ផ្លាស់ប្តូរ​ពិភពលោក​។​

«​អ្នក​ទាំងអស់គ្នា​បាន​ផ្លាស់ប្តូរ​ពិភពលោក​»​។ លោក អូ​បា​ម៉ា ថ្លែង​ចប់ អ្នកចូលរួម​នាំគ្នា​ជូត​ទឹកភ្នែក​។​

​បន្ត​មកទៀត​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ជឿជាក់​លើ​ប្រទេសជាតិ ហើយ​លោក​បាន​ប្រាប់​អ្នកចូលរួម​ថា​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ការវិវត្ត​នៃ​សហរដ្ឋអាមេរិក​។​

«​ខ្ញុំ​ចាក​ចេញពី​ឆាក​នៅ​យប់​នេះ​ដោយមាន​សុទិដ្ឋិនិយម​ចំពោះ​សហរដ្ឋអាមេរិក​ជាង​ពេល​ខ្ញុំ​ចាប់​ផ្តើមដំបូង​។ ខ្ញុំ​សុំ​ឲ្យ​អ្នក​ទាំងអស់គ្នា​ជឿជាក់​។ មិនមែន​លើ​សមត្ថភាព​របស់ខ្ញុំ​ក្នុងការ​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឡើយ តែ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​អ្នក​»​។​

​លោក​បានបញ្ចប់​សុន្ទរកថា ដោយ​លើកយក​ពាក្យស្លោក​ដែល​លោក​ធ្លាប់ប្រើ​ក្នុងពេល​ឃោសនាបោះឆ្នោត​។ ដែល​ពាក្យស្លោក​នោះ​គឹ​«Yes we can. Yes we did. Yes we can»៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ឥណ្ឌា​បើក​មហោស្រព​វប្បធម៌​នៅ​កម្ពុជា ផ្លូវការ​



ភ្នំពេញ​៖ ក្រសួង​វប្បធម៌​ឥណ្ឌា តាមរយៈ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​បើក​មហោស្រព​វប្បធម៌​ឥណ្ឌា ចាប់ពី​ថ្ងៃទី​១០ ខែមករា រហូតដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្តបាត់ដំបង​។​

លោក Naveen Srivastava ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ប្រាប់​ហេតុផល​ដែល​ឥណ្ឌា រៀបចំ​មហោស្រព​វប្បធម៌​នៅ​កម្ពុជា ពីព្រោះ​ឥណ្ឌា​ចង់រឹត​ចំណងមិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ប្រទេស​ទាំងពីរ​ដែលមាន​ទំនាក់ទំនង​ជាង ២​ពាន់​រហូតមក​។

​លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បង្ហើប​ទៀតថា មហោស្រព​វប្បធម៌​ដែល​នឹង​ប្រព្រឹត្តឡើង​ក្នុង​ខេត្ត បាត់ដំបង​ជា​លើកទីមួយ​នេះ ស្របតាម​គោលនយោបាយ​ផ្សព្វផ្សាយ​វប្បធម៌​រវាង​រដ្ឋាភិបាល​ឥណ្ឌា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់ រួមទាំង​កម្ពុជា​ផង​។

​ដោយ​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ឯកអគ្គរដ្ឋទូត​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នៅ​អាស៊ី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់​ឲ្យ ប្រជាជន​ប្រទេស​ទាំងពីរ ពិសេស​គឺ យុវជន​ជំនាន់​ក្រោយ យល់ដឹង​ពី​វប្បធម៌ អរិយធម៌​ដែល​យើង​បាន​ផ្សារភ្ជាប់​កន្លងមក ថែមទៀត​»​។​

​មហោស្រព​ដែល​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី រួមមាន ការសម្តែង​របាំ​បុរាណ​រាមាយណៈ របាំ​បុរាណ​កាតាក់​ឥណ្ឌា របាំ​ប្រពៃណី​ម៉ាន​ងារ ពិធីបុណ្យ​ព្រះពុទ្ធសាសនា និង​បុណ្យ​អាហារ ជាដើម​។ ពិធី​បើក​ព្រឹត្តិការណ៍​មហោស្រព​ឥណ្ឌា​បាន​ប្រព្រឹត្តឡើង កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នា​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ ដោយមាន​ការសម្តែង រាមាយណៈ (​រាមកេរ្តិ៍​) សម្តែង​ដោយ​ក្រុម​សិប្បៈ​ល្បីល្បាញ Kalakshetra និង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ​ជាង ៤០០​នាក់​ចូល​ទស្សនា នៅ​ថ្ងៃ​ដំបូង​។​

​ក្រៅ​គោលបំណង​រឹតចំណង​អរិយធម៌​ភាគី​ទាំងពីរ លោក Naveen Srivastava បន្ថែមថា ឥណ្ឌា​ចូលរួម​សាទរ​ខួប ២៥​ឆ្នាំ នៃ​ទំនាក់ទំនង ការទូត​ឥណ្ឌា និង​អាស៊ាន​ដែល​កម្ពុជា​ជា​សមាជិក​អាស៊ាន​មួយ តែង​ចូលរួម​ជួយ​ជ្រោមជ្រែង​បេស​សកម្ម​ការបរទេស​ឥណ្ឌា​ក្នុង​តំបន់​អាស៊ាន​។​

លោក​ឯកអគ្គរដ្ឋទូត​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ ពិសេស​គឺ យុវជន​ចាប់អារម្មណ៍​ស្វែងយល់​ពី​មហោស្រព​វប្បធម៌​ដែលមាន​ស្រាប់​ថែមទៀត​។ តាម​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ទេសចរ​ឥណ្ឌា​ជាង ១៨​លាន​នាក់​បានធ្វើ​ដំណើរ​ក្រៅប្រទេស ក្នុងនោះ ឥណ្ឌា​ជាង ៣​លាន​នាក់មក​តំបន់​អាស៊ាន និង​ជាង ៣​ម៉ឺន​នាក់មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ ។ កន្លងទៅ រដ្ឋមន្ត្រី​ទេសចរណ៍​លោក ថោង ខុន រំពឹងថា កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ជាង ៧​លាន​នាក់ ក្នុង​ឆ្នាំ ២០២០ ក្នុងនោះ ទេសចរ​ឥណ្ឌា​ជាង ១​សែន​នាក់​៕

ថ្មី​ៗ
អត្ថបទ : រឿន ភារុន

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ បុរសដែលមេបក្សប្រឆាំង​នៅកម្ពុជាហៅ​ថាជនផ្តាច់ការ នឹងឡើង​កាន់តំណែង​ជាមេដឹក​នាំ​មហាអំ​ណាច​ពិភពលោក



(អាមេរិក)៖ ថ្ងៃឡើងកាន់តំណែងប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ដែលជាប្រទេសកំពូលប្រជាធិបតេយ្យ និងមហាអំណាចលើពិភពលោក ត្រូវបានរៀបចំ​ឡើងក្នុងរយៈពេលបួនឆ្នាំម្តង។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង បន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅ។ នៅថ្ងៃទី២០​ ខែមករាខាងមុខនេះលោក ដូ ណាល់ត្រាំ ដែលមេបក្សប្រឆាំងនៅកម្ពុជាលោក សម រង្ស៊ី ហៅថាជាជនផ្តាច់ការនោះ នឹងត្រូវស្បថចូលកាន់តំណែងជាមេដឹកនាំមហាអំណាចពិភពលោក។

តាមរយៈគេហទំព័រព័ត៌មាន «ខេមបូឌា ដេលី» ចេញផ្សាយនៅពេលបោះឆ្នោតនៅអាមេរិក លោក សម រង្ស៊ី បានលើកឡើងថា «លោកស្រី គ្លីនតុន មានការអប់រំខ្ពស់ជាង មានចិត្តទូលាយជាងប្រកបដោយ បរិយាប័នជាង។ លោកស្រីហាក់យកចិត្តទុកដាក់ខ្លាំងជាងចំពោះសន្តិសុខសង្គម។ ផ្ទុយទៅវិញ លោក ត្រាំ ដែលមានអត្តចរិតច្រឡោត និងឆេវឆាវ ហាក់មានគ្រោះថ្នាក់ សម្រាប់សន្តិភាពពិភពលោក»។ លោក សម រង្ស៊ី បានបន្តយ៉ាងដូច្នេះ «បក្សីដែលមានរោមដូចគ្នា វានៅផ្ដុំជាមួយគ្នា។ លោក ត្រាំ ហាក់ជឿជាក់លើអំណាចផ្ដាច់ការ របស់លុយ ហើយលោក ហ៊ុន សែន ហាក់ជឿជាក់អំណាចផ្ដាច់ការរបស់កាំភ្លើងបូករួមជាមួយនឹងលុយ។ ត្រាំ និងលោក ហ៊ុន សែន ពិតជាមិនមែនអ្នក ប្រជាធិបតេយ្យនោះទេ»។

កម្មវិធីស្បថចូលកាន់តំណែងរបស់បុរសដែលត្រូវលោក សម រង្ស៊ី ចោទថា ជាជនផ្តាច់ការនោះ នឹងប្រព្រឹត្តទៅនាពេលរសៀលថ្ងៃទី២០ ខែមករា ក្នុងរដ្ឋធានី Washington DC។ វាជាកម្មវិធីនៃការចាប់ផ្តើមអាណត្តិថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលមានរយៈពេលបួនឆ្នាំ។ កម្មវិធីឡើងកាន់អំណាចនេះ ត្រូវបានរៀបចំឡើងសម្រាប់ការចាប់ផ្តើមអាណត្តិនីមួយៗ បើទោះបីជាប្រធានាធិបតីរូបនោះបន្តកាន់អំណាច ក្នុងរយៈពេលអាណត្តិទីពីរក៏ដោយក្តី។

ក្រៅពីកម្មវិធីស្បថចូលកាន់ដំណែង ការថ្លែងសន្ទរកថា និងកម្មវិធីផ្សេងៗនោះ ក៏មានការរៀបចំក្បួនព្យុះហយាត្រាតាមបណ្តោយដងវិថី Pennsylvania ផងដែរ។ ប្រធានាធិបតីថ្មី ទស្សនាការធ្វើព្យុះហយាត្រាដែលមានមនុស្សចូលរួមដង្ហែរាប់ពាន់នាក់។

* កាលបរិច្ឆេទ៖
កម្មវិធីតែងតាំងប្រធានាធិបតីទីមួយរបស់អាមេរិក គឺលោក George Washington ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៧៨៩ នៅសាលសហព័ន្ធ ក្នុងទីក្រុង ញ៉ូវយក ជាកន្លែងដែលលោកបានស្បថចូលកាន់ដំណែង។ តែចាប់តាំងពីឆ្នាំ១៧៩៣រហូតដល់ឆ្នាំ១៩៣៣ កម្មវិធីនេះត្រូវបានប្តូរទៅថ្ងៃទី០៤ ខែមីនា។ តែក្នុងករណីដែល​ថ្ងៃនោះត្រូវចំថ្ងៃអាទិត្យ គេនឹងលើកទៅថ្ងៃចន្ទវិញ គឺថ្ងៃទី០៥ ខែមិនា។

ក្រោយមកគឺឆ្នាំ១៩៣៧ ថ្ងៃឡើងកាន់ដំណែងប្រធានាធិបតីថ្មីរបស់អាមេរិក ត្រូវបានផ្លាស់ប្តូរទៅរសៀលថ្ងៃទី២០ ខែមករា ដោយរដ្ឋធម្មនុញ្ញអាមេរិក។ ប៉ុន្តែប្រសិនបើ​ថ្ងៃទី២០ ខែមករា ត្រូវនឹងថ្ងៃអាទិត្យ ប្រធានាធិបតីតម្រូវឱ្យស្បថក្នុងលក្ខណៈឯកជនជាមួយប្រធានមន្ត្រីយុត្តិធម៌ប៉ុណ្ណោះ បន្ទាប់មកកម្មវិធីស្បថនៅមុខសារធារណជន ត្រូវលើកទៅថ្ងៃចន្ទដែលជាថ្ងៃបន្ទាប់ គឺត្រូវនឹងថ្ងៃទី២១ ខែមករា។

* អ្នកចូលរួម៖
ក្រៅពីសាធារណជន អ្នកចូលរួមក្នុងកម្មវិធីនេះ ជាទូទៅមានដូចជា សមាជិកសភា តុលាការកំពូល មន្ត្រីយោធាជាន់ខ្ពស់ អតីតប្រធានាធិបតី អ្នកទទួលបាន មេដាយ​កត្តិយស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ អតីតប្រធានាធិបតីមុនៗជាទូទៅក៏ចូលរួមក្នុងកម្មវិធីនេះផងដែរ លើកលែងតែក្នុងករណីដែលពួកគេស្លាប់។
កម្មវិធីនេះ​ជាទូទៅ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ច្រើនជាងតាមរដ្ឋធម្មនុញ្ញ លើកលែងតែការធ្វើពាក្យសម្បថ។

តាមទម្លាប់ប្រធានាធិបតីជាប់ឆ្នោតបានមកដល់សេតវិមាន ព្រមទាំងដំណើរការកម្មវិធីនេះរួមជាមួយវត្តមានប្រធានាធិបតីកំពុងកាន់អំណាច។ កម្មវិធីធ្វើពាក្យសម្បថ​ត្រូវបានរៀបចំឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ដោយមានប្រធានមន្ត្រីយុត្តិធម៌ជាអ្នកគ្រប់គ្រង។ យោធាអាមេរិកក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ចាប់តាំងពីការ​ឡើងកាន់អំណាចរបស់អតីតប្រធានាធិបតី Gorge Washington ដោយសារកាលនោះលោកជាមេបញ្ជាការយោធា។

* ទីកន្លែងរៀបចំពិធី៖
កម្មវិធីតែងតាំងប្រធានាធិបតី ស្ទើរទាំងអស់ត្រូវបានរៀបចំនៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ដោយឡែកចំពោះកម្មវិធីធ្វើពាក្យសម្បថវិញ វាអាស្រ័យទៅ​លើអាកាសធាតុ ដែលពេលខ្លះត្រូវបានរៀបចំ នៅខាងក្នុង ឬពេលខ្លះខាងក្រៅនៅខាងក្រៅវិមានកាពីតូល។ និយាយពីកម្មវិធីនៅ​ខាងក្រៅអគារវិញ ពីមុនមកត្រូវបាន​រៀបចំ​ឡើងនៅភាគខាងកើតផ្នែកខាងមុខនៃវិមាន។ តែចាប់តាំងពីខែមិថុនា ឆ្នាំ១៩៨០មក គណកម្មាធិកាបានសម្រេចផ្លាស់ប្តូរទៅភាគខាងលិច នៃវិមានវិញម្តងដើម្បី​សន្សំថវិកា និងផ្តល់ទីតាំងធំទូលាយសម្រាប់អ្នកទស្សនា។

ឈានដល់អាណត្តិលោក Ronald Reagan អតីតប្រធានាធិបតីរូបនេះបានស្នើរៀបចំកម្មវិធីដោយបែរទៅមុខទៅទៅខាងលិចគឺទៅរដ្ឋ California ដែលជារដ្ឋកំណើត​របស់​លោកវិញ។ ចាប់តាំងពីពេល​នោះមក រាល់កម្មវិធីនៅខាងក្រៅវិមានត្រូវបានរៀបចំឡើង បែរមុខទៅទិសខាងលិច។

* អ្នករៀបចំកម្មវិធី៖
ចាប់តាំងពីឆ្នាំ១៩០១មក រាល់កម្មវិធីឡើងកាន់ដំណែង ត្រូវបានរៀបចំឡើងនៅរដ្ឋធានី សហរដ្ឋអាមេរិក ដោយគណកម្មាធិការសភា រួមទទួលបន្ទុកការឡើង កាន់ដំណែង។ គណកម្មាធិការរៀបចំការឡើងកាន់ដំណែងប្រធានាធិបតី ជាអង្គភាពស្របច្បាប់ ក្នុងការរៃអង្គាស និងចូលរួមមូលនិធីសម្រាប់ការរៀបចំ ព្រឹត្តិការណ៍ផ្សេងៗនៅក្នុងកម្មវិធី ជាក់ស្តែងដូចជា ការដើរព្យុះហយាត្រាជាដើម។

* ឥទិ្ធពលនៃកម្មវិធីចំពោះសាធារណជន៖
ថ្ងៃឡើងកាន់ដំណែងនេះ មិនមែនជាថ្ងៃឈប់សម្រាកជាសាធារណៈឡើយ ហើយប្រជាពលរដ្ឋភាគច្រើន នៅតែបន្តធ្វើការដូចធម្មតា។ សាលារៀន ហាងលក់ទំនិញ និងស្ថាប័នផ្សេងៗ ត្រូវបានបើកដំណើរការជាធម្មតា ខណៈដែលប្រព័ន្ធដឹកជញ្ជូន និងសេវាកម្មផ្សេងៗក៏ត្រូវប្រព្រឹត្តទៅតាមគម្រោងរបស់ខ្លួន។ ប៉ុន្តែវាអាចនឹងមានការ​ផ្លាស់ប្តូរចំពោះប្រព័ន្ធផ្សព្វផ្សាយ ដោយសារគ្រប់ព័ត៌មានភាគច្រើននឹងផ្តោតទៅលើកម្មវិធីនេះទាំងស្រុង។

យ៉ាងនេះក្តី ថ្ងៃឡើងកាន់ដំណែងនេះ គឺជាថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិកសហព័ន្ធ ដែលធ្វើការនៅ Washington DC ឬតំបន់ដែលស្ថិតនៅក្បែរនោះ ដោយការឈប់​សម្រាកនេះ ដើម្បីក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ដែលត្រូវរៀបចំកម្មវិធីនេះ។

ចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺនៅក្នុងនិងជុំវិញរដ្ឋធានី Washington DC នឹងរងការរំខានជាខ្លាំងក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ទាំងក្នុងពេល ឬមុន និងក្រោយថ្ងៃឡើង​កាន់ដំណែង។ វាមិនមែនដោយសារការរៀបចំកម្មវិធី និងការដើរព្យុះហយាត្រាប៉ុណ្ណោះទេ ប៉ុន្តែដោយសារការធ្វើបាតុកម្មផ្សេងៗ ដែលត្រូវបានរៀបចំឡើង​នៅថ្ងៃនោះ​ផងដែរ៕

Fresh News

Facebook បង្កើតគំរោងថ្មី ដើម្បីលើកស្ទួយ​ទំនាក់ទំនង ជាមួយ​បណ្តាញ​សារព័ត៌មាននានា និងទប់ស្កាត់​ព័ត៌មានឆបោក



(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានបង្កើតគំរោងថ្មីមួយឈ្មោះថា «Journalism Project» នៅ​ថ្ងៃ​​​​ព្រហស្បតិ៍នេះ​ដោយសារតែ​ក្រុមហ៊ុន​បណ្តាញ​ទំនងទំនង​សង្គម​ដ៏ធំជាងគេលើពិភពលោកមួយនេះ​កំពុងព្យាយាមធ្វើឲ្យ​ទំនាក់ទំនង​របស់ខ្លួនជាមួយនឹង​បណ្តាស្ថាប័ន​ព័ត៌មាននានា​មានភាពស៊ីជម្រៅ​ជាងមុន​កាន់​តែ​ខ្លាំង។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

Facebook បានឲ្យដឹងថា​ក្រុមហ៊ុននឹង​ចូលរួម​សហការ​ជាមួយបណ្តា​ស្ថាប័ន​ជាភាគី​ទីបី​ដើម្បីលើកកម្ពស់ «អក្ខរកម្មព័ត៌មាន» និងជួយដល់​អ្នក​ប្រើប្រាស់ចំនួនប្រហែលជាង ២ពាន់លាននាក់របស់ខ្លួនក្នុងការ​សម្រេច​ចិត្ត​ជ្រើសរើសថា​តើប្រភព​ពត៌មាន​ណាមួយ​ដែលអាចឲ្យ​ជឿទុកចិត្ត​​បាន​ ហើយបន្ថែម​ពីនេះ​ក្រុមហ៊ុន​នឹងនៅតែ​បន្តធ្វើយ៉ាងណា​ដោះស្រាយ ​ជាមួយបញ្ហា​នៃការផ្សព្វ​ផ្សាយ​ដំណឹង​ឆបោក​នៅលើបណ្តាញ​ទំនាក់ទំនង​សង្គមដ៏ធំនេះ​ផងដែរ។

គួរបញ្ជាក់ថា​សេចក្តីប្រកាសនេះ​ត្រូវបានធ្វើឡើង​មិនដល់មួយ​សប្តាហ៍នោះ​ឡើយ បន្ទាប់ពី​ក្រុមហ៊ុន Facebook បានអះអាងថា​កំពុង​ចរចា​​ជាមួយ​អតីត​អ្នកសារព័ត៌​មាន ​ក៏ដូចជាអ្នក​សម្របសម្រួល​កម្មវិធី​នៃស្ថានីយ៍​ទូរទស្សន៍ CNN គឺលោកស្រី Campbell Brown ដើម្បី​ឲ្យ​​មក​ធ្វើ​ជា​​អ្នក​ដឹក​នាំ​​ក្រុម​​នៃ​ភាព​ជាដៃ​គូ​​ព័ត៌មាន​​របស់ក្រុមហ៊ុន៕

Fresh News

ថៃ នរៈសត្យា មិន​​ការពារ ​​ថៃ នរៈ​​វិទូ រឿង​​​​ពាក់ព័ន្ធ​គ្រឿង​ញៀន



​ក្រោយ​ការ​ចាប់ខ្លួន​លោក ​ថៃ នរៈវិទូ ជាអតីតតារា​សម្ដែង ​​និងជាអតីត​ហ្វ្រេស៊ី ​លោក​ថៃ នរៈសត្យាជា​​​ឪពុក ដែលមាននាទី​ជា​​​រដ្ឋលេខាធិកា​របស់​ក្រសួង​​វប្បធម៌ និង​វិចិត្រ​​សិល្បៈ ​បានអះអាងថា​​​លោកមិន​​លូកដៃ​​​ក្នុងរឿង​កូនប្រុស​ត្រូវ​តុលាការ​ខេត្ត​បាត់ដំបង​​​ចោទប្រកាន់​ពីបទ​​​​ពាក់ព័ន្ធ​​​​រឿង​គ្រឿង​ញៀន​នៅ​នោះ​​ឡើយ។ យ៉ាងណាមិញ លោកថា​ទឹកចិត្ត​ជា​ឪពុក គឺអាណិត ហើយ​​ឈឺចាប់​​​​​​ តែ​មិនអាច​ល្មើស​ច្បាប់​​​​​បណ្ដាលឲ្យមានការ​រិះគន់នោះឡើយ។

​​​លោក​បាន​ផ្ដល់សម្ភាសន៍​ថា ​លោកមិនបានដឹង​រឿង​​​ពាក់ព័ន្ធ​នឹង​រឿង​កូនប្រុស​ ភ្លើត​ភ្លើន​រហូត​​​​​​​​​​​បាន​ក្លាយជា​បក្សពួក​របស់​​ក្រុម​​អ្នកជួញដូរ​គ្រឿង​ញៀន​នៅខេត្ត​បាត់ដំបង​នោះទេ ដោយសារតែ​ពេលកន្លងមក​​​​លោក និ​​​ង​​លោក ថៃ ​នរៈវិទូ ​ជា​កូនប្រុស ​​​​​​ស្ថិត​នៅ​ក្រៅ​បន្ទុកពីគ្នា​​​ចាប់តាំង​ពី​​​​​​លោករៀប​​​ការ​​​ឲ្យកូនប្រុស​មានគ្រួសាររៀង​ខ្លួន។ លោកថា​​ការងារ​រវល់ គឺជាមូលហេតុដែល​មិនអាច​ឲ្យ​លោក​បានដឹង​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​​​​រឿង​កូនប្រុស ប៉ុន្តែ​លោក​ក៏មិនបាន​ប្រកែក​​ថា​​​លោក ថៃ នរៈវិទូ ​រង​ការ​ប្រកាន់ ហើយ​​​មិនបានពាក់ព័ន្ធ​នឹងរឿងជួញ​ដូរ​គ្រឿង​ញៀន​នោះឡើយ។ លោកថា ​មិនមានគម្រោង​​​ជួយ​ដោះ​កូនប្រុស​ពីការ​ចោទប្រកាន់​នោះទេ បើទោះជា​លោក​មាន​​​​​​​​​​​​​​នាទី​ជាមន្ត្រី​​ដែលមាន​ឥទ្ធិពលម្នាក់​នៅ​​​ក្នុង​ក្រសួង​មួយ។ ​

លោកនិយាយថា៖ ​«​​​ទឹកចិត្ត​​ឪពុក​បានត្រឹមតែ​អាណិត ​តែ​​បើឲ្យខ្ញុំទៅធ្វើអី​​ខុស​នឹង​ច្បាប់​​​ខ្ញុំមិនធ្វើទេ ខ្ញុំ​​ទុកសិទ្ធិអោយ​​​តុលាការ​គាត់ដោះស្រាយ​​ ​ធ្វើ​មិច​បើ​កូន​​យើង​​ចឹង​​!»។

​លោក​បដិសេធ​ឡើង​ទៅ​ខេត្ត​បាត់ដំបង ​ទៅ​​មើលកូនប្រុស​ដែលត្រូវ​​​​​​​​អាជ្ញាធរ​ចាប់ខ្លួន​​​ ​​ដោយថា​វត្តមានរបស់​លោកនឹងអាច​ធ្វើឲ្យចំណាត់​ការ​ផ្លូវ​ច្បាប់​មានភាព​ស្ទាក់ស្ទើរ ឬទើស​ទាល់​សម្រាប់​ក្រុម​សមត្ថកិច្ច​។ ​​​លោកថា ​ខ្លួន​បាន​ត្រឹមតែ​មាន​តំណាង​គ្រួសារ​ឡើង​ទៅមើល​​​​​​​ដើម្បី​ជួយលើកទឹកចិត្ត​ដល់​កូនប្រុស​កុំឲ្យឯកោ​ប៉ុណ្ណោះ តែ​​សម្រាប់​​​​​​​​​​​​​​វិធានការ​​​​​ការពារ​កូនប្រុស​អោយ​នៅ​ក្រៅឃុំ​គឺ​លោកមិនធ្វើ​នោះទេ ដើម្បី​បញ្ចៀស​នូវ​ការ​រិះគន់​​​។

លោកនិយាយថា៖ ​«​លូវ​ហ្នឹង​​ខ្ញុំមានការ​ទៅ​ប្រជុំនៅ​ខេត្ត​ផ្សេង ​​រឿង​ហ្នឹង​ប្រហែលគ្រួសារ​ខ្ញុំ(ប្រពន្ធ កូន) ​ទៅ​​​​​​មើល តែ​​មិនមែនទៅដោះស្រាយ​ទេ គឺ​​យើង​ទុកអោយច្បាប់​​​​​គាត់ចាត់ចែង ​​​​សម្រាប់ខ្ញុំជា​ឪពុក​​​ ខ្ញុំ​អត់ចង់ឃើញ​កូន​​ត្រូវ​​​ជាប់ឃុំចឹងទេ​ ហើយក៏រឹត​មិនចង់​​​អោយ​កូនប្រុស​​​​​ស្អុយ​ឈ្មោះ​ចឹងទៀត តែ​ធ្វើមិច​​បើ​​​​​​ច្បាប់​​​​រកឃើញ​ចឹង​ ចឹង​​យើង​រង់ចាំ​​​​​​​​​ស្ដាប់​ការ​ដោះស្រាយ​​របស់​​​ច្បាប់​វិញ ​​​​​យើងអត់​​​​ទៅធ្វើអ្វី​លើស​ពី​និតិវិធីច្បាប់​បាន​ទេ​!»។ ​​

លោកមិនហ៊ានរំពឹងថា​លោក ថៃ នរៈវិទូ ​​រួច​ផុត​ពីការ​ចោទ​ប្រកាន់នោះទេ ​បន្ទាប់ពីខាង​សមត្ថកិច្ច​រកឃើញ​​​​​​ជន​​ពាក់ព័ន្ធ​​​គ្រឿង​ញៀន​មួយ​ក្រុម​ធំនៅ​ខេត្ត​​​បាត់ដំបង​​​​មានគ្នា​​​៦​នាក់ ហើយ​​ក្រោយសារភាព​​​​​​គឺ​​​លោកថៃ នរៈវិទូ ​​ក៏ជា​​​​​​​​​បក្ស​ពួក​​ក្នុង​​​​​រឿង​​ប្រើប្រាស់ និងចែកកចាយ​គ្រឿង​ញៀនម្នាក់ដែរ។ ​

លោកនិយាយថា៖ ​​«​​​​ខ្ញុំអត់ដឹងថា​​​​គេ​(ថៃ​ នរៈវិទូ) ធ្វើ​អីខ្លះ​ទេរាល់ថ្ងៃ ​តែខ្ញុំ​អត់ថា​​​​​​​​​កូនខ្ញុំ​ត្រូវទេ ចាំ​​មើលនិតិវិធីច្បាប់សិន!»។

យោងតាមព័ត៌មានចុះផ្សាយ គឺ​​​លោក ថៃ​​ នរៈវិទូ និង​បក្ស ពួក​ត្រូវ​បាន​​​​​​​​មន្ត្រី​ប៉ូលីស​​​​​ខេត្ត​បាត់ដំបង​​​ចាប់បាន​​​កាលពី​​​រសៀលថ្ងៃទី​​​១០ខែមករា ​​​នៅ​ក្នុង​​ហាងមួយ​​​​ ក្រោមការ​ដឹកនាំដោយ​ លោក ប៉ង់ ចាន់សុយុទ្ធារា ​មន្ត្រីជាន់ខ្ពស់​​​បង្រ្កាប​គ្រឿង​ញៀននៅខេត្តបាត់ដំបង។

ព័ត៌មានផ្សាយថា ទីតាំងខារ៉ាអូខេយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV) ត្រូវបានប៉ូលិសចុះបង្ក្រាប ហើយបានរកឃើញសារធាតុញៀនជាច្រើន និង​មនុស្សពាក់ព័ន្ធចំនួន​​​៦​នាក់។

លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យចំនួន៦នាក់ គឺទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះ ថៃ នរៈពិទូ (អតីតតារាសម្ដែង) ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។ ទី៥ ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង គឺជាមុខសញ្ញាដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទាំងនោះ។ លោកថា វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ) ៣ថង់ ទម្ងន់០,៨៨ក្រាម។ ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀនអ៊ិស្តាស៊ីចំនួន២។ ថ្នាំអំពូលDiazepam ២អំពូល ថ្នាំគ្រាប់ ZEPAM ១៦បន្ទះ និងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

លោក ស៊ាន សុណាល់ ថា លោក ថៃ នរៈវិទូ និងជនសង្ស័យដែលត្រូវចាប់បាន៥រូបទៀត នឹងប្រឈមជាប់ពន្ធនាគារ ប្រសិនបើរកឃើញថាពិតជាជាប់ពាក់ព័ន្ធលើករណីចែកចាយគ្រឿងញៀនដូចអ្វីដែលបានចោទប្រកាន់។ អ៊ីចឹងហើយទើបម្នាក់ៗមានការ​កោត​សរសើរ​​ បន្ទាប់ពី​លោក​ថៃ នរៈសត្យា ជា​​មន្ត្រី​ជាន់ខ្ពស់ ប្រកាស​ថា​មិន​​​​​​​​​​ការពារ​​កូនប្រុស​ក្រោយការ​ចាប់ខ្លួន ​​​​​​​ហើយទុកអោយច្បាប់​ដោះស្រាយ៕

VOD
ដោយ លោក វង្ស សុម៉ាលីន​​

ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា «ថ្លែងសុន្ទរកថា​ជាលើកចុងក្រោយ» លាហើយ​ប្រជាជន​អាមេរិក!



(វ៉ាស៊ីនតោន)៖ មុនពេលរៀបចំខ្លួន​ចាកចេញពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ការ​ថ្លែង​​សុន្ទរកថា​​ដ៏​រំជួល​ចិត្ត​​​ជា​លើកចុង​ក្រោយ​ នៅក្នុង​ឱកាស​ដើម្បីលា​ប្រជាជន​អាមេរិក​ក្នុងនាមជា​មេដឹកនាំ​កំពូល​របស់​ប្រទេស។ នេះបើតាម​​ការ​ចេញ​ផ្សាយ​​​ដោយ​​​សារ​ព័ត៌មាន​ Business Insider នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

លោកប្រធានាធិបតី​អាមេរិក​បានថ្លែង​​ទៅកាន់​អ្នកចូល​រួមម្នាក់​នៅឯ​ទីក្រុង Chicago ដូច្នេះថា «អ្នកទាំង​អស់​គឺជា​ការផ្លាស់ប្តូរ... អ្នក​បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សង្ឃឹម​របស់មនុស្សរាល់គ្នា ហើយដោយសារតែអ្នក សហរដ្ឋអាមេរិកបានក្លាយជាកន្លែង​ដែលប្រសើរ​ និងរឹងមាំ​ជាងមុន​​នៅពេល​ដែលពួក​យើង​បានចាប់ផ្តើម»។

លោក បារ៉ាក់ អូបាម៉ា បានបញ្ចប់ការថ្លែង​សុន្ទរកថា​ ជាមួយនឹង​ឃ្លាដ៏ល្បីល្បាញ​ប្រចាំយុទ្ធ​នា​ការ​ឃោសនា​បោះឆ្នោត​ទាំងពីរ​លើករបស់រូបលោកថា «ពិតណាស់! យើង​ទាំង​អស់គ្នាអាចធ្វើបាន។ ពិតណាស់! យើង​បាន​ធ្វើវា។ ពិតណាស់​! យើងអាចធ្វើបាន»។ ទន្ទឹមគ្នានេះ​ដែរប្រជាជន​អាមេរិក​ទាំងអស់​ដែលមាន​វត្តមាន​នៅទីនោះបាន​ឆ្លើយតបទៅនឹង​ការថ្លែងសារ​​ដោយ​រួម​គ្នា​​ស្រែកដដែលៗ​ថា «បួនឆ្នាំ​ទៀតៗ» ប៉ុន្តែលោក អូបាម៉ា និយាយទាំងអស់សំណើចថា «ខ្ញុំមិនអាចធ្វើបែបនឹងបានទេ»។

នៅក្នុង​ឱកាស​នោះ​ដែរលោក បារ៉ាក់ អូបាម៉ា ក៏បានគូស​បញ្ជាក់បន្ថែមថា «ខ្ញុំបានប្តេជ្ញា​ចំពោះ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិកលោក ដូណាល់ ត្រាំ ថាក្រុមរដ្ឋបាល​របស់ខ្ញុំ នឹងធានាឲ្យបាននូវ​ការផ្ទេរ​​អំណាច​ដ៏រលូន​បំផុតមួយតាមតែអាចធ្វើទៅបាន ដូចកាលដែលអតីតប្រធានាធិបតី George W. Bush បានរៀបចំសម្រាប់ខ្ញុំ ក៏ប៉ុន្តែអ្វីៗ​គឺវាអាស្រ័យ​លើរូបយើង​ទាំងអស់​ដើម្បីធានឲ្យបានថា​រដ្ឋាភិបាល​របស់ពួកយើង​អាច​ជួយ​យើង​ដោះស្រាយ​បញ្ហាដែល​យើងនៅតែ​កំពុងប្រឈម​»។

គួរបញ្ជាក់ដែរ​នៅសល់​តែ​ ១០ថ្ងៃទៀតប៉ុណ្ណោះ​លោក ដូណាល់ ត្រាំ នឹងស្បថ​ចូលកាន់​តំណែង​ជាប្រធានាធិបតី​អាមេរិកទី​ ៤៥ ជាផ្លូវការហើយ​៕

Fresh News

ដូ​ណា​ល់ ត្រាំ តែង​តាំ​កូនប្រសា ជាទី​ប្រឹក្សា​ជាន់ខ្ពស់នៅ​សេត​វិមាន​



លោក​ប្រធានាធិបតី ជាប់ឆ្នោត​ថ្មី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​តែងតែ​កូនប្រសារ​បស់ខ្លួន ឈ្មោះ Jared Kushner អោយធ្វើជា​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់នៅ​សេត​វិមាន​។​

Jared Kushner អាយុ ៣៥​ឆ្នាំ នឹង​ទទួល​រ៉ាប់​រងធ្វើ​កិច្ច​ការសំខាន់ៗ នៅ​សេត​វិមាន រួមមាន​ទាំង​ធ្វើ​កិច្ចការគោលនយោបាយ​ការបរទេស និង​ផ្ទៃក្នុង​របស់​អាមេរិក​។​

​ការតែងតាំង​កូនប្រសា​របស់ខ្លួន អោយ​កាន់តំណែង​ដ៍​ធំ​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​នឹង​ផុត​អាណត្តិនៅ​ថ្ងៃទី ២០ មករា ខាងមុខ បាន​ណែនាំ​អោយ​លោក ដូ​ណា​ល់ ត្រាំ កុំអោយ​ប៉ុនប៉ងយក​សេត​វិមាន ធ្វើជា​កន្លែង​ដែល គ្រប់គ្រង​ជំនួញ​គ្រួសារ​។​

Jared Kushner ដែលជា​ស្វាមី​របស់ Ivanka Trump បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​យុទ្ធនា​ការបោះឆ្នោតកន្លងទៅ ដែល​ធ្វើអោយ​ឪពុកក្មេករបស់ខ្លួនឈ្នះ​ការបោះឆ្នោត ប្រធានាធិបតី​។​

​ក្រោយពី​មានការ​តែងតាំង​នេះ គណបក្ស​ប្រជាធិបតេយ្យ បានស្នើ​អោយ​លោក ដូ​ណា​ល់ ត្រាំ ពិចារណា​ឡើងវិញអំពី​ការដាក់​កូនប្រសារប​ស់​ខ្លួន អោយ​កាន់តំណែង​សំខាន់ នៅក្នុង​សេត​វិមាន ព្រោះ​វា​ជា​អំពើ​បក្សពួកនិយម ហើយ​ប្រឆាំងនឹង​ច្បាប់​។​

​ប៉ុន្តែ​ក្រុម​សមាជិក​របស់ លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​ចំពោះការលើកឡើង​របស់ បក្ស​ប្រជាធិបតេយ្យ ហើយ​និយាយថា ច្បាប់​ដែល​ហាមឃាត់មិនអោយ​មន្ត្រី ផ្តល់​ការងារ​ដល់​សាច់ញាតិ មិន​ត្រូវគេ​អនុវត្តន៍នៅ​សេត​វិមាន​នោះទេ​៕

CEN

សម្តេច​តេ​ជោ ហ៊ុន សែនៈ ការសម្ពោធ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យច្រកទ្វារព្រំដែន​អន្តរជាតិត្រពាំង​ក្រៀល ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង កម្ពុជា ឡាវ​



ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ អញ្ជើញ​ធ្វើជា​អធិបតី​រួមគ្នា ក្នុង​ពិធី​សម្ពោធ​ដាក់ ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​ទីស្នាក់ការ ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន អន្តរជាតិ​រវាង​កម្ពុ​ជា (​ត្រពាំង​ក្រៀល​-​ខេត្តស្ទឹងត្រែង​) និង​ឡាវ (​ច្រក​ណង​ណុ​ក​ខៀន​-​ខេត្ត​ចម្ប៉ា​សាក់​) នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ ថ្លែង​សន្ទរកថា ក្នុង​ពិធី​សម្ពោធ បន្ទាប់មក បាន​អញ្ជើញ​កាត់​ខ្សែបូរ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​អគារ ទីស្នាក់ការ​ត្រួតពិនិត្យ​នេះ​។

​បន្ទាប់ពី​ពិធី​សម្ពោធ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ទស្សនា ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ដែលមាន​ទីតាំង នៅក្នុង​ខេត្ត​ចម្ប៉ា​សាក់​។

​ការបើក​ឲ្យ​ប្រើប្រាស់ ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន ជាមួយ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ថ្មី​នេះ បង្ហាញ​ពី​ការរីកចំរើន​ថ្មី​មួយ ក្នុង​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​។ ការបើក​ឲ្យ​ប្រើប្រាស់​នេះ ក៏​នឹង​ឆ្លើយតប​ផងដែរ ចំពោះ​តម្រូវ​ការពង្រឹង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ព្រមទាំង​ជួយ​សម្រួល បន្ថែមទៀត ដល់​ពាណិជ្ជកម្ម តាម​ព្រំដែន ទេសចរណ៍ និង​កា​រត​ភា្ជ​ប់ រវាង​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​មានការ​ពេញចិត្ត ពេញ​ថ្លើម ចំពោះ​ការរីកចំរើន ឥតឈប់ឈរ នៅ​ទំនាក់​ទំនងជា​មិត្តភាព និង​សហប្រតិបត្តិការ ប្រកបដោយ​ផ្លែផ្កា លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំងពីរ កម្ពុជា ឡាវ ដែលជា​ប្រទេស​ភូមិ​ផង របង​តែមួយ មាន​ប្រពៃណី សហការ​ជួយឧបត្ថម្ភ គាំទ្រ​គ្នា​ទៅវិញទៅមក ប្រកបដោយ​ភាពស្មោះសរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា កិច្ចសហការ​រៀបចំ​រួមគ្នា នូវ​ពិធី​សម្ពោធ​ដាក់ ឲ្យ​ប្រើប្រាស់​នូវ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន​អន្តរជាតិ រវាង​កម្ពុជា (​ច្រក​ត្រពាំង​ក្រៀល​-​ខេត្តស្ទឹងត្រែង​) និង​ឡាវ (​ច្រក​ណង​ណុ​ក​ខៀន​-​ខេត្ត​ចម្ប៉ា​សាក់​) គឺជា​សម​ទ្ធិ​ផល​ថ្មី មួយទៀត ដើម្បី​ពង្រឹងពង្រីក ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ កម្ពុជា ឡាវ​។
​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ បាន​ត​ភ្ជាប់​ទៅវិញទៅមក រវាងផ្លូវ​ជាតិ​លេខ​៧ របស់​កម្ពុជា ជាមួយ​ផ្លូវជាតិ​លេខ​១៣ របស់​ឡាវ ដែលជា​ច្រករបៀង ដឹកជញ្ជូន​ផ្លូវគោក ដ៏​មាន​សក្តានុពល ក្នុង​ការតភ្ជាប់ ប្រទេស​ទាំងពីរ និង​ជា​បណ្តាញ​គមនាគមន៍ ត​ភ្ជាប់ រវាង​កម្ពុជា ឡាវ វៀតណាម ព្រមទាំង​បណ្តា​ប្រទេស នៅក្នុង​តំបន់​មេគង្គ​ផងដែរ​។

​ការអភិវឌ្ឍន៍​បណ្តាញ គមនាគមន៍​ត​ភ្ជាប់ រវាង​ប្រទេស​ទាំងពីរ ព្រម​ជាមួយនឹង​ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ត្រួតពិនិត្យ​ការចេញ ចូល ឆ្លងកាត់​ព្រំដែន ប្រកបដោយ​ភាពងាយស្រួល គឺ​ពិតជា​បាន​ចូលរួម​បង្កើន ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន ការបង្កើន​លំហូរ ភ្ញៀវ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា ប្រទេស​ទី​៣ ឆ្លងកាត់​ព្រំដែន ព្រមទាំង​ជួយ​សម្រួល ដល់​ការផ្លាស់ប្តូរ ទំនិញ​កសិផល ការបង្កើន​ទំនាក់ទំនង ផ្សាភ្ជាប់​គ្នា រវាង​ប្រជាពលរដ្ឋ នៅ​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ស្របតាម​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត របស់​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ ប្រទេស​ទាំងពីរ កម្ពុជា ឡាវ​៕



CEN
ដោយ: មុនីរាជ

មាតា​ធម្មជាតិ​ត្រៀម​ប្តឹង​នៅ​សឹង្ហ​បុរី និង​បង្កើន​យុទ្ធនាការ​ប្រឆាំង​ការ​បូម​ខ្សាច់​



វ៉ាស៊ីនតោន៖ ឃ្លី​ប​វីដេអូ​រយៈពេល​ជាង​ពីរ​នាទី​បង្ហាញ​ពី​សកម្មជន​ម្នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​ចោទ​ជា​សំណួរ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ពី​ភាពមិនប្រក្រតី​ថ្មី​ក្នុង​ការនាំ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា​។​

«​ខ្ញុំ​សូម​មាន​សំណួរ​ថ្មី​មួយទៀត​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដូចតទៅ​៖ ហេតុអ្វី​បានជា​តួលេខ​ដែល​មាតា​ធម្មជាតិ​ទទួលបាន​មកពី​គយ និង​ពន្ធដា​នៃ​ប្រទេស​ឥណ្ឌា​ដែល​បង្ហាញថា​ការនាំចេញ​ខ្សាច់​ពី​ប្រទេស​កម្ពុ​ជាមាន​ចំនួន​១០៨.៦៥៨​តោន ដែលមាន​តម្លៃ​ជាង ២​លាន​៨​សែន​ដុល្លារ​សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ​២០១៣​ដល់​២០១៥ តែ​ឯកសារ​នៃ​នាយកដ្ឋាន​គយ និង​ពន្ធដា​នៃ​ប្រទេស​កម្ពុជា​មិនបាន​បង្ហាញ​ពី​តួលេខ ដែល​នាំ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា​ទាល់តែ​ស‍ោះ​»​។​

Facebook API failed to initialize.
​នេះ​គឺជា​សំណួរ​ដែល​សួរ​ដោយ​លោក​ថុ​ន រដ្ឋា សកម្មជន​បរិស្ថាន​វ័យក្មេង​ម្នាក់ ដែល​បាន​លើក​សំណួរ​នេះ​ឡើង​ដោយ​កប់​ខ្លួន​ក្នុង​ខ្សាច់​រហូត​ត្រឹម​ក​នៅក្បែរ​ព្រែក​ជាប់មាត់​សមុទ្រ​ក្នុង​ខេត្តកោះកុង​។​

ការបង្ហាញ​ថ្មី​នេះ​កើតមានឡើង បន្ទាប់ពី​ក្រសួង​រ៉ែ និង​ឋា​ម​ពល​មិនបាន​ផ្តល់​ចម្លើយ​ច្បាស់លាស់​ទៅ​រដ្ឋសភាជាតិ ពាក់ព័ន្ធ​នឹង​ភាពខុសគ្នា​រវាង​តួលេខ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​សឹង្ហ​បុរី​ដែល​អង្គការ​មាតា​ធម្មជាតិ​បាន​រកឃើញថា មាន​ចំនួន​ជាង​៧០​លាន​តោន ក្នុងខណៈ​ពេលដែល​ទិន្នន័យ​របស់​កម្ពុជា​បង្ហា​ញ​ថា មានតែ​ជិត​៣​លាន​តោន​តែប៉ុណ្ណោះ​។​

​លោក ឌិ​ត ទីណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ការបំភ្លឺ​ជូន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភាជាតិ​កាលពី​ពាក់កណ្តាល​ខែធ្នូ​ថា ក្រសួង​រ៉ែ និង​ថាមពល មិនមែនជា​ស្ថាប័ន​ផ្តាច់មុខ​តែមួយគត់ ដែល​ទទួលបន្ទុក​ការនាំចេញ​ខ្សាច់​នោះទេ​។​

​លោក​បន្ថែមថា ការនាំចេញ​ខ្សាច់​ត្រូវ​អនុវត្តតាម​នីតិវិធី​ដោយឡែក និង​ផ្សេង​ពីគ្នា​ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ និង​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងគ្នា​។ ចំណែក​ការកត់ត្រា​ពី​ការនាំចេញ​នាំចូល និង​ការកំណត់​ប្រភេទ​ទំនិញ​របស់​ប្រទេស​នីមួយៗ​ក៏មាន​វិធីសាស្ត្រ​ខុសគ្នា ដែល​លោក​ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​នៃ​តួលេខ​ដែល​បានបង្ហាញ​ពី​ប្រទេស​នីមួយៗ​មាន​ចំនួន​ខុសគ្នា​។​

«​ពេលដែល​ប្រទេស​នីមួយៗ គាត់​មាន​វិធាន​ប្រភពដើម​ខុសគ្នា ការកត់ត្រា​របស់គាត់​ក៏​អាច​ខុសគ្នា មិនមែន​ខ្ញុំ​អ្នក​និយាយ​ទេ​គឺ UN COMTRADE នៅក្នុង DATA Base (​ទិន្នន័យ​) គឺ​គាត់​សរសេរ​ខ្លួនឯង ហើយ​យើង​ក៏​មិនដឹងថា ប្រព័ន្ធ​កត់ត្រា​របស់​សាំង​ហ្កា​ពួរ​យ៉ាងម៉េច​ដែរ ដូច្នេះហើយ​បើ​ឲ្យ​ក្រសួង​មក​វិភាគ​ថា តើ​អ្នកណា​ខុស​អ្នកណា​ត្រូវមាន​សាំង​ហ្កា​ពួរ​ខុស កម្ពុជា​ខុស ឬមួយ​ក៏ UN ខុស​។ យើង​មិន​យកមក​វិភាគ​បែបនេះ​ទេ​។ សូម​ឲ្យ​ដឹងថា ម្នាក់ៗ​ហើយ​ប្រព័ន្ធ​នីមួយៗ​គេ​ធ្វើឡើង​សុទ្ធ​តែមាន​គោលដៅ​របស់គេ ហើយ​សុទ្ធ​តែមាន​គោលការណ៍​ក្នុងការ​ប្រើប្រាស់​របស់គេ​ខុសៗ​គ្នា​»​។​

​រីឯ​ករណី​នាំ​ខ្សាច់​ទៅ​ឥណ្ឌា​នេះ​ត្រូវ​លោក ទីណា ប្រាប់​សារព័ត៌មាន The Phnom Penh Post ថា វា​អាច​ថា​មាន​ការនាំ​ខ្សាច់​កម្ពុជា​បន្ត​ពី​សឹង្ហ​បុរី​ទៅ​ប្រទេស​ដទៃ ហើយ​បើ​ដូចនេះ​មែន វា​មិនមែនជា​កំហុស​របស់​កម្ពុជា​ទេ​។​

​ប៉ុន្តែ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​គឺ​លោក អា​ឡិច​សាន់​ដ្រូ ហ្កុ​ន​ហ្សា​ឡេស​ដា​វីត​សុន បានបញ្ជាក់​ប្រាប់ វី​អូ​អេ ថា​ឯកសារ​ថ្មី​ដែល​លោក​ទើប​ទទួលបាន​បង្ហាញថា ខ្សាច់​ដែល​ឥណ្ឌា​នាំចូល​គឺមាន​ប្រភព​នាំចេញ​ផ្ទា​ល់ពី​ប្រទេស​កម្ពុជា ដែល​ផ្ទុយ​ពី​ការអះអាង​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​។​

«​ឯកសារ​ដែល​យើង​មាននៅ​ក្នុង​ដៃ គឺ​បញ្ជាក់ថា​ខ្សាច់​នេះ​គឺ​ប្រភព​មកពី​ប្រទេស​កម្ពុជា​។ អីចឹង​អ្វីដែល​យើង​កំពុងតែ​ធ្វើ​ហ្នឹង​គឺ​ក្រៅពី​ទិញ​ឯកសារ​ថ្មី​មួយទៀត​មកពី​សឹង្ហ​បុរី​ដែល​និយាយ​អំពី​ករណី​ដែល​អាច​នឹងមាន គឺ​សឹង្ហ​បុរី​នាំ​ខ្សាច់​ចូល​ពី​កម្ពុជា​យើង​លក់​ត​ហ្នឹង យើង​បាន​ទិញ ហើយ​យើង​ឃើញថា​សម្រាប់​ឆ្នាំ​២០១៤​និង​២០១៥ គឺ​មិនមាន​ទ‍េ​»​។​

​លោក​អា​ឡិច កំពុង​ប្រមូល​ឯកសារ​បន្ថែមទៀត​ដើម្បី​ឱ្យគេ​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​នាំ​ខ្សាច់​ទាំង​នោះមក​ប្រទេស​ឥណ្ឌា​។​

លោក​អា​ឡិច ដែល​ត្រូវបាន​រដ្ឋាភិបាល​ហាមឃាត់​មិនឱ្យ​ចូល​ប្រទេស​កម្ពុជា​បញ្ជាក់ថា លោក​កំពុង​សិក្សា​ពី​នីតិវិធី​ប្តឹង​នៅ​តុលាការ​សឹង្ហ​បុរី​ប្រឆាំងនឹង​ក្រុមហ៊ុន ឬ​រដ្ឋាភិបាល​សឹង្ហ​បុរី​ចំពោះ​ការនាំ​ខ្សាច់​ចូល​ដោយ​ខុសច្បាប់​ក្នុងពេល​កន្លងមក​។​

«​ផ្លូវ​អាចមាន​ពីរ​។ ផ្លូវ​ទីមួយ​គឺ​ដាក់ពាក្យ​ប្តឹង​លើ​ក្រុមហ៊ុន​ឯកជន ឬក៏​ស្ថាប័ន​របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ការ​នាំចូល​ខ្សាច់​ពី​កម្ពុជា ដែល​កម្ពុជា​នាំចេញ​ដោយ​ខុសច្បាប់​ឬក៏​គេ​ហៅថា​រត់ពន្ធ ឬក៏​ផ្លូវ​ទី​ពីរ​ដាក់ពាក្យ​ប្តឹង ដោយសារ​ខ្សាច់​នេះ​បណ្តាលឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្តកោះកុង ហើយ​ក៏មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជីវភាព​រស់នៅ​ប្រជាជន​មូលដ្ឋាន​ក្នុង​ខេត្ត​កោះ​កុ​ង‍​»​។​
​


ថ្មី​ៗ
អត្ថបទ : ម៉ែន គឹម​សេង VOA

បុរសខ្លាំងហ្វីលីពីន៖ «មនោគមវិជ្ជារបស់ក្រុម ISIS បានចូលមកដល់ទឹកដីហ្វីលីពីនហើយ»



(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែង​នៅថ្ងៃចន្ទនេះ​ថា​ មនោគមវិជ្ជា​ដែលប្រកប​ដោយអំពើ​ហិង្សា​ដ៏ឃោរឃៅ​​របស់ក្រុម ISIS បានចូលមក​ដល់​ប្រទេស​ហ្វីលីពីន​ហើយ។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​​នាល្ងាចថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

ថ្លែងក្នុងពិធីមួយ​ដែលប្រារព្ធ​ឡើង​នៅឯវិមាន​ប្រធានាធិបតី​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា «ពេល​នេះ​ពួកយើង​ទាំងអស់​គ្នា​បាន​​ទទួល​​ស្គាល់​​​​ថា​មនោគមវិជ្ជា​បាន​មកដល់​ទឹកដី​ប្រទេសហ្វីលីពីន​ហើយ»។ លោក​ប្រធានាធិបតី​ហ្វីលីពីន​បានបន្ថែម​ថា​ បណ្តា​ក្រុម​​ភេរ​​វករ​​​កំពុង​តែ​​ប្រើ​ប្រាស់​ការជួញដូរ​គ្រឿងញៀន​ ដើម្បី​ផ្គត់ផ្គង់​បណ្តាញ​ក្រុម​របស់​ពួកគេ​នៅលើ​កោះ Mindanao ភាគខាង​កើត​ហ្វីលីពីន។

ជាមួយគ្នានេះដែរ​មេបញ្ជាការ​ប៉ូលិសជាតិ​ហ្វីលីពីន​លោក Ronald Dela Rosa បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា កងកម្លាំង​ការពារ​សន្តិសុខ​កំពុងតែ​ឃ្លាំមើល​យ៉ាងដិតដល់​ចំពោះ​ក្រុមភេរវក​​បរទេស​ចំនួន​ពី​ ០៥នាក់ ដល់១០នាក់ ដែលអាចមានវត្តមាននៅក្នុង​ប្រទេស ហើយ​លោក​ក៏បានបញ្ជាក់​ដែរថា អាជ្ញាធរ​ហ្វីលីពីន​បានទទួល​ដំណឹងថា​ ក្រុមភេរវករ​បរទេស​កំពុងតែ​ហ្វឹកហ្វឺន​នៅហ្វីលីពីន មុននឹង​ត្រូវបញ្ជូន​ទៅ​កាន់​ប្រទេស៊ីរី។

គួរបញ្ជាក់ដែរថាលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាក់​កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ថាក្រុម ISIS មានទំនាក់ទំនង​ដោយផ្ទាល់​​ជាមួយ​​​ក្រុមឧទ្ទាម​អ៊ីស្លាម Maute ដែលនៅ​ភាគខាង​កើតហ្វីលីពីន៕

Fresh News

លោក ដូណាល់ ត្រាំ បញ្ជាឲ្យអគ្គរដ្ឋទូតទាំងអស់ ​ដែលតែងតាំងដោយលោក បារ៉ាក់ អូបាម៉ា លាលែងពីតំណែង និងត្រឡប់មកអាមេរិកវិញមុនថ្ងៃទី២០ ខែមករា



(អាមេរិក)៖ វាពិតប្រាកដណាស់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក បានចាប់ផ្តើម​កែប្រែមុខមាត់នៃវិស័យការទូត របស់សហរដ្ឋអាមេរិក ចំពោះមុខអន្តរជាតិ ខណៈដែលលោកបានចេញ​បញ្ជាឲ្យ​អគ្គរដ្ឋទូតអាមេរិក​ទាំងអស់ នៅតាមបណ្តា​ប្រទេសនានា​ ដែលត្រូវបាន​តែងតាំង​ដោយ​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​ជិតផុតអាណត្តិ​លាលែងពីតំណែង​ និងចាកចេញពីបណ្តា​ប្រទេសទាំងនោះ​ឲ្យបានមុន​ថ្ងៃលោកឡើង​កាន់តំណែង​ថ្ងៃទី២០ ខែមករា ខាងមុខនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Independent របស់អង់គ្លេស នាល្ងាចថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

សារព័ត៌មានអឺរ៉ុប​បានចេញ​ផ្សាយថា វាជា​ហានិភ័យមួយ​សម្រាប់អាមេរិក​ក្នុងការបោះ​ជំហានបែបនេះ ខណៈមន្ត្រីទូតថ្មី​ក៏មិនទាន់ត្រូវ​បានតែងតាំង ហើយអគ្គរដ្ឋទូត​នៅតាមបណ្តា​ប្រទេសសំខាន់ៗ​ដូចជា ចក្រភពអង់គ្លេស, អាល្លឺម៉ង់, និង កាណាដា ក៏ត្រូវដកចេញថែមទៀត ដែលជាហេតុធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេពិបាកក្នុងការ​រកកន្លែង​ស្នាក់នៅ ពេលមកដល់អាមេរិកវិញ និងកិច្ចការងារការទូតសំខាន់ៗ អាចនឹងត្រូវរាំងស្ទះផងដែរ។

តាមការអះអាង​​ពីក្រុមការងារ​អន្តរកាល​​របស់លោក ត្រាំ អគ្គរដ្ឋទូត​តាមបណ្តា​ប្រទេសជា​ច្រើន​ ត្រូវបាន​​សម្រេចឲ្យ​លាលែង​ពីតំណែង តាមរយៈ​លិខិត​បញ្ជាដែលត្រូវបាន​បញ្ជូនទៅកាន់​ពួកគេ​តាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ។ មន្ត្រីជាន់ខ្ពស់តំណាងលោក ត្រាំ បានគូសបញ្ជាក់ថា «វាគ្មានអ្វីគួរឲ្យឈឺចាប់» សម្រាប់​រឿងនេះឡើយ ដោយវាជារឿងធម្មតាដើម្បីធានាឲ្យបានថា មន្ត្រីដែលត្រូវបានតែងតាំងដោយលោក បារ៉ាក់ អូបាម៉ា នឹងអាចលាលែង​ចេញពីតំណែងឲ្យ​ទាន់ពេលវេលា​កំណត់។

គួរបញ្ជាក់ថា ​កន្លងមកលោក ត្រាំ ធ្លាប់បាន​បង្ហើបថា​លោកនឹងតែងតាំង​លោកមេធាវី David Friedman ធ្វើជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីស្រាអែល និងអភិបាលរដ្ឋ Iowa លោក Terry Branstad ធ្វើជា​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ចិន។ ទោះបីជា​បែបនេះក្តី អ្នកវិភាគ​បានលើកឡើងថា ​លោក ត្រាំ ទំនងជា​មិនអាចធ្វើការ​តែងតាំង​អគ្គរដ្ឋទូត ទៅតាមបណ្តា​ប្រទេសនានា​ឲ្យបានគ្រប់​ចំនួន ទាន់ពេល​ដែលលោក​ ឡើង​ស្បថចូលកាន់​តំណែងជាផ្លូវការ​នោះឡើយ។

ពាក់ព័ន្ធនឹងរឿងនេះ ប្រពន្ធទីមួយរបស់លោក ត្រាំ គឺលោកស្រី Ivana Trump បានបង្ហើបរួចទៅហើយថា​លោកស្រី ចង់ធ្វើជា​អគ្គរដ្ឋទូតអាមេរិក​សាធារណរដ្ឋ​ឆេក ប៉ុន្តែគេពុំទាន់​ទទួលបានការបញ្ជាក់ជាផ្លូវការថា​លោកស្រី នឹងអាចត្រូវតែង​តាំងឬក៏អត់នោះទេ៕

Fresh News

ហាមមិនស្ដាប់! នាវាពិឃាដអាមេរិក បាញ់ព្រមានបីគ្រាប់សំដៅទៅរកនាវាល្បាតអ៊ីរ៉ង់ នៅតំបន់ឈូងសមុទ្រពែរ៍



(វ៉ាស៊ីនតោន)៖ នាវាពិឃាដអាមេរិក USS Mahan បានបាញ់ព្រមានចំនួនបីគ្រាប់សំដៅទៅរកនាវាល្បាតអ៊ីរ៉ង់បួនគ្រឿង បន្ទាប់ពីនាវាល្បាតទាំងនេះ បានបង្កើនល្បឿនកាន់តែលឿន ដោយមិនស្ដាប់ការព្រមាន ឆ្ពោះមកក្បែរនាវាពិឃាដអាមេរិក នៅក្នុងតំបន់ច្រក សមុទ្រ Hormuz នៃឈូងសមុទ្រពែរ៍ នៅថ្ងៃអាទិត្យ ម្សិលមិញ​។ នេះបើតាមមន្ត្រីក្រសួងការពារអាមេរិកពីរនាក់ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។

មន្ត្រីទាំងពីររូបខាងលើដែលថ្លែងប្រាប់ Reuters​ ​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា នាវាពិឃាដអាមេរិក USS Mahan​ បានទំនាក់ទំនងជាមួយនាវាល្បាតអ៊ីរ៉ង់ តាមរយៈវិទ្យុទាក់ទង ក៏ប៉ុន្តែនាវាល្បាតទំាងបួនគ្រឿងរបស់ឆ្មាំអ៊ីរ៉ង់ មិនបានឆ្លើយតប ទៅនឹងការស្នើសុំឱ្យបន្ថយល្បឿននោះទេ តែផ្ទុយទៅវិញកាន់តែបង្កើនល្បឿនមកជិតនាវា USS Mahan ក្នុងចំងាយប្រហែលជា៨០០ម៉ែត្រ ជាហេតុបង្ខំឱ្យនាវាពិឃាដនេះ សម្រេចចិត្តបាញ់ព្រមានចំនួនបីគ្រាប់ ហើយឧទ្ធម្ភាគចក្រ នៃកងម៉ារីនអាមេរិក ក៏បានគម្រាមថានឹងបាញ់ផងដែរ បើសិននៅតែចូលមកជិត។ ដោយឡែកខាងភាគីអ៊ីរ៉ង មិនទាន់ធ្វើការអត្ថាធិប្បាយណា មួយនៅឡើយទេ ជុំវិញការអះអាងនេះ។

គួររំលឹកថា ករណីស្រដៀងគ្នានេះក៏ធ្លាប់បានកើតឡើង កាលពីខែសីហា ឆ្នាំ២០១៦ ដោយនៅកាលណោះ កងម៉ារីនអាមេរិក ក៏បានបាញ់ព្រមាននាវាល្បាតអ៊ីរ៉ង់ ដែលធ្វើដំណើរមកក្បែរនាវាអាមេរិកចំនួនពីរគ្រឿង ផងដែរ៕

Fresh News

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ នឹងចូលរួម​សម្ពោធហាង RAQIA REPUBLIC នៅថ្ងៃ​ទី១៤ មករា​ខាងមុខនេះ



(ភ្នំពេញ)៖ RAQIA REPUBLIC ជាហាងដែលសំបូរបែប ដោយមានលក្ខណៈពិសេស យ៉ាងទំនើបទាន់សម័យ មានវត្ដមាននៅកម្ពុជាហើយ ដោយពេលព្រឹក​មានលក់អាហារបែបអឺរ៉ុប និងក្វាហ្វេ រសជាតិឈ្ងុយឆ្ងាញ់ ពីអ៉ិតាលីសុទ្ធ១០០% ហើយពេលយប់មានអាហារ ស្រាក្រហម និងភេ្ជសជៈគ្រប់មុខ ជាមួយនឹង​ក្លឹបកំសាន្ដ ដែលមានតារា និង DJល្បីៗទាំងជាតិ និងអន្ដរជាតិផងដែរ ។

សម្រាប់នៅថ្ងៃបើកសម្ពោធហាង RAQIA REPUBLIC នៅថ្ងៃទី១៤ មករាខាងមុខនេះ នឹងមានវត្ដមានកំពូលតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា គឺលោក ព្រាប សុវត្ថិ និងមានការបញ្ចុះតម្លៃពិសេស គឺទិញមួយថែមមួយ គ្រប់មុខទាំងអស់។

កាន់តែពិសេសនោះ សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ រួមទាំងយុវវ័យផងដែរ សូមមកពិសា Caffe Crepe មួយកែវ នឹងថែមជូនមួយកែវ ដោយ​ឥតគិតថ្លៃ អាចពិសាបណ្ដើរ ពិភាក្សាការងារ ឬការសិក្សាបណ្ដើរ ជាមួយនឹងទីតាំងដែលរចនាយ៉ាងទាក់ទាញ ទីធ្លាធំទូលាយ និងអាចវេចខ្ចប់ក៏បាន ជាមួយ​និងកំប៉ុងដ៏ស្រស់ស្អាត ពីហាង RAQIA REPUBLIC ហើយនៅរៀងរាល់ល្ងាច ក៏មានតន្ដ្រីហ្វីលីពីន កំដរយ៉ាងពិរោះរណ្ដំផងដែរ។

សូមចូលរួមគាំទ្រ និងពិសារអាហារ យ៉ាងសប្បាយរីករាយ ជាមួយនឹងការប្រគំតន្ដ្រីពិសេសៗ នៅហាងRAQIA REPUBLIC ដែលមានទីតាំងស្ថិតនៅ សង្កាត់​ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់ប្រព័ន្ធទូរស័ព្ទលេខ៖ ០៧០ ៤០៨ ៧១៩ និង​ចូលទៅកាន់Facebook ៖​ Raqia Loungebar និងសូមចូលចុចទៅលើលីង (https://www.facebook.com/raqia.loungebar?fref=ts) ​​ដើម្បីទស្សនាកម្មវិធីរបស់RAQIA REPUBLIC នៅពេលយប់៕​​​​​

Fresh News

ធ្លាយព័ត៌មានសម្ងាត់៖ «ប្រទេសកូរ៉េខាងជើង បង្កើន​ចំនួន​ទ័ពដល់ ១.២៨​លាននាក់ ជាប់​លេខ ១ លើពិភពលោក!»



(សេអ៊ូល)៖ សៀវភៅសស្ដីពីវិស័យ​ការពារជាតិ​ឆ្នាំ២០១៦ ចុះផ្សាយ​នៅថ្ងៃអង្គារនេះ ​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូងបាន​ឱ្យដឹងថា ​កងទ័ព​កូរ៉េ​ខាងជើង​បច្ចុប្បន្នមានចំនួនសរុបប្រមាណជា ១.២៨លាននាក់ (ជាប់លេខ ១ លើពិភពលោកគិតពីចំនួនកងទ័ព និងលេខ ៤ លើឥទ្ធិពលយោធា) ដោយ​កើនឡើង ៨០,០០០នាក់បន្ថែមក្នុងរយៈពេលពីរឆ្នាំ។ នេះបើ​តាមការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

សៀវភៅស​នេះដដែលបានបញ្ជាក់ទៀតថា កូរ៉េខាងជើង​បានបង្កើន​ចំនួន​កងទ័ព​ថ្មើរជើងពី ១.០២នាក់ដល់ ១.១០លាននាក់ ខណៈកងទ័ពអាកាស​ហាក់​ដូចជា​ត្រូវបាន​កាត់បន្ថយ​ពី ១២០,០០០នាក់មកនៅត្រឹម ១១០,០០០នាក់រីឯកងទ័ពជើង​ទឹក​មិនមាន​ការប្រែប្រួលនោះទេ​គឺនៅចំនួន​ដដែល ៦០,០០០នាក់ ហើយ​នៅរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របបដឹកនាំលោក គីម ជុងអ៊ុន បានបង្កើត​អង្គភាព​យោធា​ថ្មីពីរដែល​ទទួល​បន្ទុកដឹកនាំ​វិស្វកម្ម​យោធា និងការ​សាងសង់​ផ្លូវថ្នល់។

ដោយឡែក​ពាក់ព័ន្ធ​នឹង​សមត្ថភាព​នុយក្លេអ៊ែរ សៀវភៅសនេះបាន​គូសបញ្ជាក់​ថា​កូរ៉េខាងជើង​មាន​សារធាតុ​ភ្លុយតូ​នីញ៉ូម​ប្រមាណ​ជា ៥០គីឡូក្រាម ដោយ​កើន​ឡើង ១០គីឡូក្រាមបើធៀប​ទៅនឹង​ឆ្នាំ២០០៨ ក៏ប៉ុន្តែ​ការប៉ាន់​ប្រមាណ​ពី​បរិមាណ​ជាក់លាក់ មិនទាន់​អាច​ត្រូវបានគេបញ្ជាក់​ឱ្យ​ច្បាស់លាស់​ឡើយ ដោយ សារ​តែការ​ចម្រាញ់​សារធាតុ​ភ្លុយតូ​នីញ៉ូម និងអ៊ុយរ៉ាញ៉ូម​ធ្វើឡើង​ជា​សម្ងាត់៕

Fresh News

ជប៉ុនអះអាងថានឹងតាមដានជានិច្ច នូវរាល់​ព័ត៌មាន​ទាក់ទិន​នឹង «ការអភិវិឌ្ឍន៍គ្រាប់មីស៊ីល​កូរ៉េខាងជើង»



(តូក្យូ)៖ ជប៉ុននឹង​ធ្វើការ​ តាមដាន ប្រមូល ក៏ដូចជាវិភាគ​រាល់ព័ត៌មាន​ទាំងឡាយពាក់ព័ន្ធ​នឹងការ​បាញ់​សាក​ល្បង​គ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយយកចិត្តទុកដាក់​ជាទីបំផុត​ចំពោះ​ស្ថានភាព​នៅក្នុងតំបន់​នាពេល​បច្ចុប្បន្ន។ នេះបើតាមអ្នក​នាំពាក្យរដ្ឋាភិបាលជប៉ុន ដែលចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នៅក្នុងសន្និសីទសារព័ត៌មាន បានថ្លែងថា រដ្ឋាភិបាលទីក្រុងតូក្យូ​នឹងប្រើប្រាស់​គ្រប់លទ្ធភាព​តាមដែល​អាចធ្វើ​ទៅបាន ដើម្បីប្រកាស​សញ្ញា​អាសន្ន និងឃ្លំា​មើលរាល់​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង។

គួរបញ្ជាក់ថាកាលពី​ថ្ងៃអាទិត្យកន្លង​ទៅ កូរ៉េខាងជើង​បានអះអាង​ថា​អាចនឹងបាញ់​សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM នៅគ្រប់ពេលវេលា ​តាមបញ្ជា​លោក គីម ជុងអ៊ុន ហើយថែម​ទាំងបញ្ជាក់​ឡើងវិញ​ដែរថា នយោបាយ​ឈ្លានពាន​របស់​សហរដ្ឋអាមេរិក គឺជា​មូលហេតុ​ជំរុញឱ្យ​កូរ៉េខាងជើងត្រូវតែអភិវឌ្ឍន៍​អាវុធនុយក្លេអ៊ែរ និងមីស៊ីល​ផ្លោងឱ្យ​ខានតែបាន៕

Fresh News

ក្រោយ MoU រវាងកម្ពុជា-សិង្ហបុរី៖ កម្ពុជានឹងបញ្ជូន គ្រូបង្គោល៨០នាក់ ទៅសិក្សាជំនាញសំខាន់៣មុខ នៅប្រទេសសិង្ហបុរី



(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការចុះអនុស្សណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី នៅរសៀលថ្ងៃទី០៩ ​ខែមករា ឆ្នាំ២០១៧ នេះរួចនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនគ្រូបង្គោលចំនួន ៨០នាក់ ទៅសិក្សាជំនាញសំខាន់ៗចំនួន៣មុខ នៅប្រទេសសិង្ហបុរី, នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។

លោក ហេង សួរ បានបញ្ជាក់ថា «តាមរយៈអនុស្សណៈនេះ ប្រទេសសិង្ហបុរី នឹងបណ្តុះបណ្តាលគ្រូបង្គោល ផ្នែកបច្ចេកវិទ្យាចំនួន ៨០នាក់ ចំនួន៣សប្តាហ៍ នៅវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី លើ៣មុខជំនាញ រួមមាន៖ ១.ជំនាញទំនាកទំនងព័ត៌មានវិទ្យាចំនួន ៣២នាក់, ២.ជំនាញបច្ចេកវិទ្យាគ្រឿងយន្តចំនួន ៣២នាក់, ៣.ជំនាញអេឡិចត្រូនិកចំនួន ១៦នាក់»។

លោកអ្នកនាំពាក្យបានបន្តថា គ្រូបច្ចេកទេសដែលត្រូវបញ្ជូនទៅបណ្តុះបណ្តាល នៅប្រទេសិង្ហបុរីនោះ គឺជាគ្រូបច្ចេកទេសដែលកំពុងបង្រៀន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានបន្ថែមថា ក្រោយការបណ្តុះបណ្តាល គ្រូបច្ចេកទេសបង្គោលទាំង ៨០នាក់នោះ ត្រូវមានកាតព្វកិច្ចបង្រៀនបន្ត ដល់គ្រូបច្ចេកទេសផ្សេងៗទៀត «ក្នុងអត្រាគ្រូបង្គោល ១នាក់ ត្រូវបង្រៀនបន្តដល់គ្រូបច្ចេកទេស ៣នាក់ផ្សេងទៀត»។

វិទ្យាស្ថានអប់រំបច្ចេកទេស (ITE) របស់សិង្ហបុរី គឺជាវិទ្យាស្ថានដ៏ល្បីល្បាញមួយទាំងក្នុងតំបន់ និងសកលលោក ពាក់ព័ន្ធនឹងផ្នែកអប់រំបច្ចេកទេសវិជ្ជាជីវៈ ហើយតាមរយៈអនុស្សណៈនេះ គុណភាពគ្រូបច្ចេកទេសវិជ្ជាជីវៈ លើ៣មុខជំនាញខាងលើ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែម ដើម្បីបំពេញ តាមតម្រូវការទីផ្សារការងារ ក៏ដូចជាជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៅកម្ពុជាផងដែរ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសិង្ហបុរី តូនី តាន់ កេងយាំ នៅប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ មានអនុស្សារណៈចំនួន២ ដែលត្រូវចុះហត្ថលេខាក្នុងនោះរួមមាន៖

ទី១.អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី។
ទី២.ពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសិង្ហបុរី៕

Fresh News