Showing posts with label វប្បធម៌. Show all posts
Showing posts with label វប្បធម៌. Show all posts

ឥណ្ឌា​បើក​មហោស្រព​វប្បធម៌​នៅ​កម្ពុជា ផ្លូវការ​



ភ្នំពេញ​៖ ក្រសួង​វប្បធម៌​ឥណ្ឌា តាមរយៈ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​បើក​មហោស្រព​វប្បធម៌​ឥណ្ឌា ចាប់ពី​ថ្ងៃទី​១០ ខែមករា រហូតដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្តបាត់ដំបង​។​

លោក Naveen Srivastava ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ប្រាប់​ហេតុផល​ដែល​ឥណ្ឌា រៀបចំ​មហោស្រព​វប្បធម៌​នៅ​កម្ពុជា ពីព្រោះ​ឥណ្ឌា​ចង់រឹត​ចំណងមិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ប្រទេស​ទាំងពីរ​ដែលមាន​ទំនាក់ទំនង​ជាង ២​ពាន់​រហូតមក​។

​លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បង្ហើប​ទៀតថា មហោស្រព​វប្បធម៌​ដែល​នឹង​ប្រព្រឹត្តឡើង​ក្នុង​ខេត្ត បាត់ដំបង​ជា​លើកទីមួយ​នេះ ស្របតាម​គោលនយោបាយ​ផ្សព្វផ្សាយ​វប្បធម៌​រវាង​រដ្ឋាភិបាល​ឥណ្ឌា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់ រួមទាំង​កម្ពុជា​ផង​។

​ដោយ​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ឯកអគ្គរដ្ឋទូត​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នៅ​អាស៊ី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់​ឲ្យ ប្រជាជន​ប្រទេស​ទាំងពីរ ពិសេស​គឺ យុវជន​ជំនាន់​ក្រោយ យល់ដឹង​ពី​វប្បធម៌ អរិយធម៌​ដែល​យើង​បាន​ផ្សារភ្ជាប់​កន្លងមក ថែមទៀត​»​។​

​មហោស្រព​ដែល​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី រួមមាន ការសម្តែង​របាំ​បុរាណ​រាមាយណៈ របាំ​បុរាណ​កាតាក់​ឥណ្ឌា របាំ​ប្រពៃណី​ម៉ាន​ងារ ពិធីបុណ្យ​ព្រះពុទ្ធសាសនា និង​បុណ្យ​អាហារ ជាដើម​។ ពិធី​បើក​ព្រឹត្តិការណ៍​មហោស្រព​ឥណ្ឌា​បាន​ប្រព្រឹត្តឡើង កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នា​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ ដោយមាន​ការសម្តែង រាមាយណៈ (​រាមកេរ្តិ៍​) សម្តែង​ដោយ​ក្រុម​សិប្បៈ​ល្បីល្បាញ Kalakshetra និង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ​ជាង ៤០០​នាក់​ចូល​ទស្សនា នៅ​ថ្ងៃ​ដំបូង​។​

​ក្រៅ​គោលបំណង​រឹតចំណង​អរិយធម៌​ភាគី​ទាំងពីរ លោក Naveen Srivastava បន្ថែមថា ឥណ្ឌា​ចូលរួម​សាទរ​ខួប ២៥​ឆ្នាំ នៃ​ទំនាក់ទំនង ការទូត​ឥណ្ឌា និង​អាស៊ាន​ដែល​កម្ពុជា​ជា​សមាជិក​អាស៊ាន​មួយ តែង​ចូលរួម​ជួយ​ជ្រោមជ្រែង​បេស​សកម្ម​ការបរទេស​ឥណ្ឌា​ក្នុង​តំបន់​អាស៊ាន​។​

លោក​ឯកអគ្គរដ្ឋទូត​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ ពិសេស​គឺ យុវជន​ចាប់អារម្មណ៍​ស្វែងយល់​ពី​មហោស្រព​វប្បធម៌​ដែលមាន​ស្រាប់​ថែមទៀត​។ តាម​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ទេសចរ​ឥណ្ឌា​ជាង ១៨​លាន​នាក់​បានធ្វើ​ដំណើរ​ក្រៅប្រទេស ក្នុងនោះ ឥណ្ឌា​ជាង ៣​លាន​នាក់មក​តំបន់​អាស៊ាន និង​ជាង ៣​ម៉ឺន​នាក់មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ ។ កន្លងទៅ រដ្ឋមន្ត្រី​ទេសចរណ៍​លោក ថោង ខុន រំពឹងថា កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ជាង ៧​លាន​នាក់ ក្នុង​ឆ្នាំ ២០២០ ក្នុងនោះ ទេសចរ​ឥណ្ឌា​ជាង ១​សែន​នាក់​៕

ថ្មី​ៗ
អត្ថបទ : រឿន ភារុន

ប្រកួតប្រជែង​គូររូបតួអង្គ​និមិត្តរូបទាំង១០ ស្នាដៃ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧



ភ្នំពេញ: ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ បាន​រកឃើញ​នូវ​លទ្ធផល​ជម្រុះ​ទាំង ១០ ស្នាដៃ ដែល​ត្រូវបាន​បោះឆ្នោត ផ្តល់​ពិន្ទុ​យ៉ាង​សុ​ក្រិត​បំផុត ពី​គណៈកម្មការ​វាយតម្លៃ​ស្នាដៃ នៃ​កម្មវិធី​ប្រកួតប្រជែង​គូររូប​តួអង្គ​និមិត្តរូប (MASCOT) សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំរកា ព​.​ស​. ២៥៦០~២៥៦១ គ​.​ស ២០១៧ ។​

​បើតាម​ការផ្សព្វផ្សាយ របស់​ផេ​ក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កាលពី​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី ប្រកួតប្រជែង សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​បេក្ខជន​ទាំងអស់ ដែល​បានដាក់​ពាក្យ ចូលរួម​ប្រកួត ទាំង​បេក្ខជន ដែល​បាន​ជាប់ និង​បេក្ខជន ដែល​ពុំបាន​ជាប់ ក្នុង​វគ្គ​ជម្រុះ​នេះ​។ ការចូលរួម​របស់​ប្អូនៗ ពិតជា​បង្ហាញ​ពី​ឆន្ទៈ នៃ​ការស្រឡាញ់​ពេញចិត្ត ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​រៀបចំឡើង នាពេលនេះ​។​

​សូម​មិត្តៗ​សិស្ស និស្សិត និង​សាធារណៈជន​ទាំងអស់ ចូលរួម​បោះឆ្នោត​គាំទ្រ​ស្នាដៃ ដែល​ខ្លួន​ពេញចិត្ត តាមរយៈ​ការ Like លើ​រូប​នីមួយៗ ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត ហើយ​អ្នក​ដែល​ទទួលបាន Like ច្រើនជាងគេ នឹង​ទទួលបាន​ជ័យលាភី​។ ចំពោះ​លទ្ធផល​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ២ ៣ នឹង​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៧​។​

​សកម្មភាព​គណ​:​កម្ម​ការ វាយតម្លៃ​លើ​ការប្រកួត​តួអង្គ​និមិត្តរូប និង​ការ​តែង​និពន្ធ​ពាក្យស្លោក អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៧ ដែលមាន​ការចូលរួម ពី​សាស្ត្រាចារ្យ មកពី​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្ប​: តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​ក្រុមការងារ រៀបចំ​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ដើម្បី​សម្រេច​ជ្រើសរើស ស្នាដៃ​ចំនួន ១០ (​ចំពោះ​ផ្នែក​នីមួយៗ​) ចុងក្រោយ ដាក់​ឲ្យ​សាធារណជន បោះឆ្នោត​។ កុំ​ភ្លេច​តាមដាន នឹងចូលរួម​បោះឆ្នោត​គាំទ្រ​ស្នាដៃ​ដែល​លោកអ្នក​គាំទ្រ​។​

​ដោយ​ចេញពី​ឆន្ទៈ នៃ​ការស្រឡាញ់​ពេញចិត្ត ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជាពិសេស​គោលបំណង ចូលរួម​គាំទ្រ​ការប្រកួតប្រជែង គូររូប​តួអង្គ​និមិត្តរូប (MASCOT) និង​តែង​និពន្ធ​ពាក្យស្លោក (SLOGAN) នេះ​ជា​សកម្មភាព​របស់​ប្អូនៗ និស្សិត​នៃ សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ ដែល​កំពុង​គូររូប​តួអង្គ និមិត្តរូប យ៉ាង​មមាញឹក ដើម្បី​ដាក់​ស្នាដៃ​របស់ខ្លួន ចូលរួម​ប្រកួតប្រជែង​៕

CEN
ដោយ: បញ្ញា​ស័ក្តិ​

​ស្រា​បៀរ Heineken បានរៀបចំ​កម្មវិធី Touch The Music ឆ្លង​ឆ្នាំ​ថ្មី​​​



កាលពី​ថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ ២០១៦ ស្រា​បៀរ Heineken® បានរៀបចំ​កម្មវិធី “Touch The Music” ឆ្លង​ឆ្នាំ​ថ្មី​នៅ​ក្លិប Marquee ដោយបាន​ធ្វើ​ឲ្យ​កក្រើក​ក្រុង​កោះ​ពេជ្រ ហើយ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង និង​ការសរសើរ​ពី​អ្នកចូលរួម​ជាច្រើន​។

កម្មវិធី “Touch The Music” បាន​ទាក់ទាញ​ទស្ស​និក​យ៉ាងច្រើន​កុះករ​បានមក​ចូលរួម​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ក្លិប Marquee ខណៈពេល​ពួកគេ​បាន​រីករាយ​ក្រេប​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់​នៃ​ស្រា​បៀរ Heineken ទស្សនា​ទស្សនីយភាព និង​សកម្មភាព​បែ្ល​ក​អស្ចារ្យ​របស់​មនុស្ស​យន្ត​ជាច្រើន​ប្រភេទ ព្រមទាំង​រីករាយ​ស្តាប់​តន្ត្រី និង​រាំលេង​កម្សាន្ត​រហូតដល់​ថ្ងៃ​រះ​។

កម្មវិធី “Touch The Music” គឺជា​កម្មវិធី​ថ្មី​ចុងក្រោយ​ក្នុង​វេទិកា​តន្ត្រី​ក្នុង​តំបន់ Heineken Green Room ដែល​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​និង​កំពុង​ឈានចូល​ឆ្នាំ​ទី​ពីរ​ហើយ​។ កម្មវិធី “Touch The Music” ធ្វើ​ឲ្យ​កម្មវិធី​វេទិកា​តន្ត្រី​ថ្មី​ជា​លក្ខណៈ​សកល​មាន​ឈ្មោះថា #LIVEYOURMUSIC របស់​ស្រា​បៀរ Heineken បាន​ឈានទៅ​កម្រិត​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹត្តិការណ៍​នានា ដែលមាន​បង្ហាញ​មនុស្ស​យន្ត Sonic Droids ដែលមាន​កម្ពស់​ខ្ពស់ជាង​ភ្ញៀវ​ចូលរួម​កម្មវិធី​រហូត​ដល់​ពីរ​ម៉ែត្រ​កន្លះ​ខណៈពេល​មនុស្ស​យន្ត​ទាំងនេះ​ដើរ​ដោយ​សេរី​កាត់​តាម​ហ្វូងមនុស្ស អម​ជាមួយនឹង​ចង្វាក់ភ្លេង EDM​។ មាន​ឌី​ជេ​ឆ្នើម​មួយចំនួន​ដូចជា​ឌី​ជេ Ara ពី​ប្រទេស​ហ្វីលីពីន និង​ឌី​ជេ​ឆ្នើម​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ដូចជា​ឌី​ជេ Maily, ឌី​ជេ Snow Y និង​ឌី​ជេ Pink ។​

ក្រៅពី​ទស្សនីយភាព​គួរ​ឲ្យ​ទាក់ទាញ ភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​ប៉ះ និង​ទំនាក់ទំនង​ជាមួយ​មនុ​ស្សយ​ន្ត Sonic Droids ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​ខុសៗ​គ្នា​ក្នុង​គោលបំណង​ផ្តល់​ការកម្សាន្ត​សម្រាប់​អ្នក​ចូលចិត្ត​វិស័យ​តន្ត្រី​ទាំងនេះ និង​បើក​ទំព័រ​ថ្មី​សម្រាប់​ពួកគេ​បង្កើន​បទពិសោធន៍​ក្នុងការ​ចូលរួម​កម្មវិធី​តន្ត្រី​។​

​ខណៈពេល​មនុស្ស​យន្ត Droid នីមួយៗ​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ក្នុង​កម្មវិធី​ជប់លៀង​នេះ តន្ត្រី​អម​ជាមួយនិង​ទស្សនីយភាព​ដែល​បាន​រចនា​រៀបចំឡើង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នឹង​ធានាថា Heineken Green Room “Touch The Music” គឺ​ពិតជា​កម្មវិធី​ពិសេស​មួយ​ដែល​មិនអាច​បំភ្លេចបាន​ដោយ​ប្រ​បាច់​បញ្ចូល​គ្នា​រវាង​តន្ត្រី និង​កាយវិញ្ញាណ​ផ្សេងៗ​គ្នា​។​

​បើក​ទំព័រ​ថ្មី​នៃ​ការទទួលបាន​បទពិសោធ​ន៍​ក្នុងការ​ស្តាប់​តន្ត្រី​ជាមួយ​ស្រា​បៀរ Heineken និង​ឆែក​មើល​ព័ត៌មាន និង​រូបថត​ទាំងអស់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ Heineken៖ (www.facebook.com/heineken)​។ សូម​ទទួលបាន​យក​បទពិសោធន៍​ក្នុងការ​ស្តាប់​តន្ត្រី​លើសពី​បទពិសោធន៍​ស្តាប់​តន្ត្រី​តាម​វិធី​ធម្មតា​ដូច​បច្ចុប្បន្ន​!

ថ្មី​ៗ
អត្ថបទ : ជី ដា​ណា

លោក សុះ ម៉ាច​៖ ល្មម​ដល់ពេល​សិល្បករ ផលិតករ​បង្កើន​ស្នាដៃ​ដើម​និង​គុណភាព​សិល្បៈ​ខ្មែរ​ហើយ​



ភ្នំពេញ​៖ វិស័យ​សិល្បៈ​នៅ​កម្ពុជា មាន​ការវិវត្ត​រីកចម្រើន ទាំង​ផ្នែក​ភាពយន្ត ចម្រៀង​បុរាណ និង​សម័យ ប៉ុន្តែ ផលិតករ អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង រួមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យនេះ ត្រូវ​នាំគ្នា​ប្រឹង​ជំរុញ​ការបង្កើត​ស្នាដៃ​ដើម​របស់​ខ្មែរ​ឲ្យ​បាន​ច្រើន​ថែមទៀត ជាជាង​ការលួចចម្លង​ពី​បរទេស ដើម្បី​លើក​តំកើង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ក្នុងចំណោម​មហាជន​ក្នុងស្រុក​។​

ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក សុះ ម៉ាច បានធ្វើការ​អំពាវនាវ​បែបនេះ​ពេលដែល​គាត់​ធ្វើការ​ឆ្លុះបញ្ចាំង​ដំណើរ​វិវត្តន៍​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​មួយឆ្នាំ​កន្លងមកនេះ និង​បង្ហើប​ឲ្យ​ដឹង​អំពី​គោលដៅ​ដែល​សមាគម​របស់លោក​បានកំណត់​សម្រាប់​អនុវត្តន៍​និង​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៧ ខាងមុខ​។

​លោក សុះ ម៉ាច និយាយថា​៖ «​ល្មម​ដល់​ពេលដែល​យើង​ត្រូវធ្វើ​ខ្លួនឯង​ហើយ ព្រោះ​កូន​ខ្មែរ​បច្ចុប្បន្ន​មាន​ស្នាដៃ និង ពូកែ​ច្រើនណាស់​។ អ្នក​ផលិត​រឿង គួរ​គិតពី​គុណភាព ជៀស​ជាង​គិតពី​បរិមាណ​»​។​
​ជាការ​កត់សម្គាល់​រួម លោក សុះ ម៉ាច និយាយថា​វិស័យ​សិល្បៈ​នៅ​កម្ពុជា​មានការ​កើនឡើង និង​រីកដុះដាល​ជាង​ឆ្នាំ កន្លងទៅ ទាំង​ផ្នែក ភាពយន្ត ផ្នែក​ចម្រៀង​បុរាណ និង​សម័យ​។ ផ្នែក​ភាពយន្ត ចម្រៀង​បុរាណ និង​សម័យ​ក៏​ហាក់ មាន​សន្ទុះ​ងើបឡើង​ដែរ ហើយ​លោក​បាន​និយាយថា​នេះ​ក៏ដោយ​សារ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​ទស្សនិកជន គ្រប់រូប និង​ការជួយ​ជ្រំ​ជ្រែង​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាដើម​។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ ទស្សនិកជន​បាន​ងាក​មក​ស្រលាញ់​វប្បធម៌​ខ្មែរ​ច្រើនជាង​មុន ជាពិសេស​រួមគ្នា អភិរក្ស​សិល្បៈ​បុរាណ​ខ្មែរ ដូចជា ល្ខោនខោល និង​ចាប៉ីដងវែង​ជាដើម​។ លោក បន្ដថា នៅតាម​ស្ថានីយ៍ទូរទស្សន៍ មួយចំនួន ក៏បាន​ចាកផ្សាយ​ពី​សិល្បៈ​បុរាណ​ខ្មែរ ដែល​បង្ហាញ​ការយល់ដឹង​ដល់​កូន​ខ្មែរ​គ្រប់រូប​ផងដែរ​។

​ក្រៅពី​ភាព​រីកចម្រើន​ច្រើន ទាំង​ផ្នែក​បច្ចេកទេស និង​គុណ​ភាពល្អ​ដែល​ជម្រុញ​ឲ្យ​មានការ​ប្រកួត ប្រជែង​គ្នា​យ៉ាង ខ្លាំង​ក្នុងចំណោម​ផលិតករ លោក​សុះ ម៉ាច និយាយថា ប្រការ​គួ​ឲ្យ​លើកទឹកចិត្ត​ដល់​ពួកគេ​មួយទៀត​នោះ​គឺ​ការផ្តល់​ម៉ោង​មាស (​ចាប់ពី​ម៉ោង​៧ ដល់​៩ យប់​) ពី​សំណាក់​ស្ថានីយ៍​ភាពយន្ត​សម្រាប់​បញ្ចាំងភាពយន្ត​ខ្មែរ​។ លោក​សង្ឃឹម​ជឿជាក់ថា ៥​ឆ្នាំ​ខាងមុខ វិស័យ​ភាពយន្ត និង​ចម្រៀង​នៅ​កម្ពុជា មានការ​រីកចម្រើន ខ្លាំង​ថែមទៀត​។​

​ក្រៅពី​គោលដៅ​បង្កើន​ការពង្រឹង​គុណភាព​សិល្បៈ លោក សុះ ម៉ាច និយាយថា​សមាគម ក្នុង​ឆ្នាំ​២០១៧ ក៏​នឹង​ប្រឹង​ផ្តោត​ការយកចិត្តទុកដាក់​ជួយ​ដល់​សិល្ប​ករចាស់ៗ​ផងដែរ​។​
​លោក សុះ ម៉ាច និយាយថា​៖ « សមាគម​សិល្បៈ​ខ្មែរ មិន​ទុក​ពួកគាត់​ចោល​នោះទេ​។ ពួកយើង​តែងតែ​ជួយ ផ្សព្វផ្សាយ និង​រក​សប្បុរសជន​ជួយ​ដល់​ពួកគាត់ ដែលមាន​វ័យចាស់ និង​មាន​ជំងឺ​ជាដើម​»​។ លោក​និយាយថា សម្រាប់​ឆ្នាំ​ថ្មី​ខាងមុខនេះ សមាគម មាន​គម្រោង​រៀបចំ​តន្ត្រី​សប្បុរសធម៌ ជួយ​ដល់​សិល្ប​ករចាស់ៗ ដែល​ជួប​ទុក លំបាក​ក្នុង​ជីវភាព​រស់នៅ​៕

ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

ទូរទស្សន៍ហង្សមាស ប្រកាសដាក់បញ្ចាំង​ខ្សែភាពយន្តភាគ​ឥណ្ឌា​ដ៏ល្បីជា​លើក​ដំបូង នៅដើម​ឆ្នាំ២០១៧​នេះ (Video Inside)



(ភ្នំពេញ)៖ នៅដើមឆ្នាំ២០១៧ ថ្ងៃទី០១ ខែមករាខាងមុខនេះ ទូរទស្សន៍ហង្សមាស (Hang Meas HDTV) ប្រកាសដាក់បញ្ចាំង​ខ្សែភាពយន្ត​ភាគឥណ្ឌា​ដ៏ល្បី ជាលើកដំបូង​ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ទស្សនាដោយសេរី​តាមកញ្ចក់ទូរទស្សន៍។

ខ្សែភាពយន្តរឿង៖ «ប្រពន្ធពស់» ជាខ្សែភាពយន្តដ៏ល្បាញល្បីមួយ​របស់ឥណ្ឌា ជាលក្ខណៈស្នេហា បង្កប់ទៅដោយ​គំនុំសងសឹក លាយឡំជាមួយវេទមន្ត ដែលទេពធីតាពស់ មួយរូបបានប្រែក្រឡាធ្វើជានារីដ៏ស្រស់ស្អាតម្នាក់ ដើម្បីបង្កើតសេចក្តីស្នេហាជាមួយ និងប្រុសម្នាក់បំណងសងសឹកគំនុំពីអតីតកាល។

តើសាច់រឿងអស្ចារ្យយ៉ាងណានោះ សូមរង់ចាំតាមដានទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង១៖០០នាទីរសៀល៕

ទស្សនា Trailer នៃខ្សែភាពយន្តភាគរឿង «ប្រពន្ធពស់»៖



Fresh News

ផលិតករ​ល្បីៗ សម្ដែង​ក្ដី​រំ​ភើប ពេល​ឃើញ​រោង​ភាព​យន្ត «Legend» រៀប​ចំព្រឹត្តិការណ៍​ភាព​យន្ត​ប្រចាំ​ឆ្នាំ លើក​ស្ទួយ​កុន​ខ្មែរ



(ភ្នំពេញ)៖ ផលិតករល្បីៗ ដែលបានបង្ហាញស្នាដៃ ផលិតរឿងជាច្រើន ដាក់បញ្ចាំងនៅក្នុងរោងភាពយន្ត បានបង្ហាញសុទិដ្ឋិនិយមរៀងៗខ្លួន ចំពោះព្រឹត្តិការណ៍​ភាពយន្តប្រចាំឆ្នាំ ត្រូវបានរោងភាពយន្ត Legend រៀបចំឡើងប្រចាំ​ឆ្នាំ២០១៦នេះ ដែលជាក្ដីសង្ឃឹមថ្មីមួយ ជួយជ្រោមជ្រែងលើកកំពស់វិស័យកុនខ្មែរ និងជាការផ្ដល់កម្លាំងចិត្ត​ដ៏ធំធេង ដល់ផលិតករទាំងអស់ ដើម្បីបន្តកិច្ចការផលិតភាពយន្ត​ខ្មែរបន្តទៀត មិនភ័យបារម្ភខ្លាចខ្វះទីផ្សារ ដាក់បញ្ចាំង។

ព្រឹត្តិការណ៍ភាពយន្ត​ប្រចាំឆ្នាំ២០១៦ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ របស់ប្រទេសកម្ពុជា ត្រូវបានប្រារព្ធឡើង នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅរោងភាពយន្ត Legend ទូលគោក ផ្សារទំនើប TK Avenue ដោយមានការអញ្ជើញចូលរួម ពីសំណាក់ផលិតករល្បីៗ តារាសម្ដែង មានកេរ្តិ៍ឈ្មោះ និងទទួលបានប្រជាប្រិយភាព អ្នកដឹកនាំការផលិត និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ទៀត។

លោក ប៉ុល វិបូ ហៅ នីត ជាផលិតករ និងជាចាងហ្វាងផលិតកម្ម «Angkor Picture» បានថ្លែងឲ្យដឹងថា លោកពិតជាមានសេចក្ដីរីករាយ ដែលបានឃើញរោងភាពយន្ត Legend រៀបចំព្រឹត្តិការណ៍នេះ​ឡើង ដើម្បីឲ្យផលិតករទាំងអស់ ប្រឹងប្រែងផលិតភាពយន្ត​ឲ្យមានគុណភាព ប្រកួតប្រជែងគ្នា ហើយក៏ក្នុងន័យចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យ​ភាពយន្តខ្មែរ របស់យើងផងដែរ។

ចំណែកលោក អ៉ិន សុភិន ចាងហ្វាង​ផលិតកម្ម មហាហង្ស ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា ក្នុងនាមលោកជាអ្នកបម្រើ ក្នុងវិស័យភាពយន្តច្រើនឆ្នាំមកហើយ លោកសូម​កោតសរសើរ ចំពោះរោងភាពយន្ត Legend ដែលបានផ្ដួចផ្ដើមគំនិត រៀបចំកម្មវិធីនេះឡើង។ ជាការពិតផលិតកម្ម មហាហង្ស បានផលិតភាពយន្ត​ជាច្រើន ក្នុងមួយ​ឆ្នាំៗ​​ ដើម្បីដាក់បញ្ចាំង​ក្នុ​ងរោងភាពយន្ត ប៉ុន្តែនេះជាលើកទី១ហើយ សម្រាប់​ប្រទេសកម្ពុជាយើង ដែលបានការចាត់ចំណាត់ថ្នាក់ ថា តើភាពយន្តមួយណា ដែលល្អបំផុត ទទួលបានការគាំទ្រពីទស្សនិកជនច្រើនជាងគេ ប្រចាំឆ្នាំ។

យ៉ាងណាមិញ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture ក៏បានបង្ហាញក្ដីរំពឹងថា ភាពយន្តខ្មែរនឹងមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលផលិតបានហើយ មិនខ្វះទីផ្សារបញ្ចាំង។ ផលិតកម្ម LD បានទទួលជោគជ័យ​ ក្នុងការ​ផលិតរឿងជាច្រើន ជាពិសេសផ្ដោតសំខាន់​លើគុណភាព ហើយព្រឹត្តិការណ៍នេះ ក៏ជាសញ្ញាមួយបង្ហាញឲ្យដឹងថា ភាពយន្តនីមួយៗ ត្រូវពង្រឹងលើគុណភាព ជាចំបង​ផងដែរ។

ងាកមកផលិតករវ័យ​ក្មេង លោក ចាន់ ណារ៉ូណាន់ តំណាងផលិតកម្ម «ឥន្ទ្រានិម្មិត» ដែលធ្វើឲ្យកក្រើកភាពយន្តខ្មែរ​ តាមរយៈការផលិតរឿង «កំណត់ហេតុនាងនាថ» បានបញ្ជាក់ថា លោកពិតជាមានមោទនភាព ​និងមិននឹកស្មានដល់ថា រឿងរបស់ខ្លួនត្រូវជាប់ជា​រឿង​ ទទួលបានការគាំទ្រ ខ្លាំងជាងគេ ពីទស្សនិកជន​ឡើយ។ ក្រៅពីចំណុចខ្លាំង ភាពយន្តខ្មែរ ក៏នៅមានចំណុចខ្វះខាត​​​មួយចំនួនទៀត ដើម្បីបន្តការសិក្សា និងកែលម្អ ដើម្បីឈានទៅរកវាយលុកទីផ្សារទាំងក្នុង និងក្រៅស្រុក ហើយលោក​រំពឹងថា ភាពយន្តខ្មែរនឹង​កាន់តែរីកចម្រើនខ្លាំងទៀត សម្រាប់ឆ្នាំ២០១៧​ខាងមុខនេះ​។ លោកក៏រំពឹងដែរថា​ ព្រឹត្តិការណ៍ដូចគ្នានេះ នឹងបន្តកើតមានឡើងសម្រាប់ ឆ្នាំក្រោយៗទៀត​។

ដោយឡែក អ្នកស្រី គីវ ឆវ៉េត នាយកប្រតិបត្តិប្រចាំ រោងភាពយន្ត Legend បានថ្លែងឲ្យដឹងថា គុណភាពភាពយន្តខ្មែរ មានការរីកចម្រើនគួរ​​កត់​​​សម្គាល់ ហើយនៅតែទទួល​បានការគាំទ្រខ្លាំង ពីទស្សនិកជនក្នុងស្រុក។ ​ការបង្កើតឲ្យមានព្រឹត្តិការណ៍ភាពយន្ត​ ប្រចាំឆ្នាំ២០១៦នេះ គឺជាការបង្ហាញឆន្ទៈ​ក្នុង​ការ ចូលរួម​លើកទឹកចិត្ត ដល់សិល្បករ​ ផលិតករ និងគាំទ្រវិស័យភាពយន្ត​​នៅកម្ពុជា។ លោកស្រីរំពឹងដែរថា ព្រឹត្តិការណ៍ដូចគ្នានេះ នឹងត្រូវរៀបចំធ្វើឡើងបន្តទៀត សម្រាប់ឆ្នាំក្រោយៗទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន និងផលិតកម្មធំៗចំនួន ៨ មានដូចជា ក្រុមហ៊ុន WML,Sabay MVP ផលិតកម្ម RED PICTURE ផលិតកម្ម LD Picture ផលិតកម្ម មហាហង្ស ផលិតកម្ម Rock និងផលិតកម្ម ឥន្ទ្រានិម្មិតជាដើម​ ត្រូវបានអញ្ជើញ​ឲ្យចូលរួម ក្រោយពីខ្សែភាពយន្តរបស់ពួកគេ បានក្លាយជាខ្សែភាពយន្តដ៏ល្បីពេញនិយម និង​រកប្រាក់ចំណូលបានខ្ពស់​សម្រាប់ឆ្នាំនេះ។ ​

សម្រាប់ភាពយន្ត ដែលទទួលបានការគាំទ្រច្រើន ជាងគេប្រចាំឆ្នាំ មានដូចជាភាពយន្តរឿង​ «អ្នកនាងម្ចាស់ឡឺកឺ» របស់ផលិតកម្ម មហាហង្ស, រឿង «ចន្ទ្រា» របស់ផលិតកម្ម អង្គរភីឈ័រ, រឿង​«សិស្សប្អូនសំណព្វចិត្ត» របស់ផលិតកម្មរ៉ក់ (Rock), ​រឿង«កំពូលអ្នកសុំទានជួបស្នេហ៍» របស់ផលិតកម្ម អិលឌី (LD Picture), រឿង «ទង់ព្រលឹង» របស់ផលិតកម្មរ៉េដ (RED Picture), រឿង«កំណត់ហេតុនាងនាថ» ​របស់ផលិតកម្មឥន្ទ្រានិម្មិត, រឿង«Joking Jazz 4G, Captain America,The Conjuring 2» របស់ ក្រុមហ៊ុនវេសស្តេក(WML), រឿង« ប៉ុបពីទៅហូលីវូដ»​និងរឿង«Fast 888» របស់ក្រុមហ៊ុនសប្បាយ( Sabay MVP) ជាដើម៕​

Fresh News

រដ្ឋមន្រ្តី ថោង ខុន៖ ព្រឹត្តិការណ៍សម្ដែងសិល្បៈរួមអាស៊ាន-ចិន ចាប់ផ្ដើមនៅរាត្រីនេះហើយ ក្នុងនោះមានភ្ញៀវទេសចរចូល ទស្សនាជាង១៥០០នាក់



(សៀមរាប)៖ នារាត្រីនេះការសំដែងសិល្បៈរួមអាស៊ាន-ចិន ក្រោមប្រធានបទ «ការតភ្ជាប់ក្នុងភាពចំរុះគ្នា Connectivity In Diversity» បានចាប់ផ្តើមហើយ។ ដើម្បីរំលឹកខួបអនុស្សាវរិយ៍ លើកទី២៥ នៃទំនាក់ទំនងដៃគូរសន្ទនាអាស៊ាន-ចិន សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការយល់ដឹងតាមរយៈវប្បធម៌សិល្បះ និងទេសចរណ៍ និងដើម្បីធ្វើឲ្យទំនាក់ទំនងរវាង ប្រជាជនអាស៊ាន និង ចិនកាន់តែរឹងមាំ និងខិតជិតគ្នា រាជរដ្ឋាភិបាលបានចាត់តាំងបង្កើតក្រុមការងារអន្តរក្រសួង មួយដែលមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងមានអនុប្រធាន និងសមាជិកមកពីក្រសួង ការបរទេស និងសហប្រតិបតិ្តការណ៍អន្តរជាតិ, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្ថាប័ន អាជ្ញាធរនិងសមត្ថកិច្ច ពាក់ពាន់ចូលរួម។

ក្នុងកម្មវិធី២ថ្ងៃពីថ្ងៃទី២៧-២៨ ខែធ្នូ មានកម្មវីធីសិក្ខាសាលាទស្សនកិច្ច និងកម្មវិធីសំដែងសិល្បះរួមគ្នា ពេលរាត្រីនៅប្រាសាទបាយ័ន ដែលមានការចូលរួម ពិប្រតិភូ និងក្រុមសិល្បៈពីប្រទេសសមាជិកអាស៊ានទាំង១០ និងចិន ចំនួន៣៥០នាក់ (ក្នងនោះក្រុមសិល្បៈរបស់ក្រសួងវប្បធម៌វិចិត្រកម្ពុជាចំនួន១៧០នាក់)។

កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងមានការចូលរួមពីដំណាងក្រសួងការបរទេសចិន មជ្ឈមណ្ឌល ចិន-អាស៊ាន អង្គទូតនៃស្ថានទូត ចិន និង អាស៊ាន ប្រចាំកម្ពុជា លោកអភិបាលខេត្ត ប្រធានក្រុមប្រឺក្សាខេត្ត មន្ត្រីរាជការ និងទេសចរប្រមាណ១៥០០នាក់៕

Fresh News

មូលហេតុ​នៃ​ការផ្តួចផ្តើម​ផលិត​រឿង​ភាគ «​ភក្តី​ស្នេហ៍​ទ្វេ​ភព​»



ភ្នំពេញ: កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ចាងហ្វាង​ផលិតកម្ម និង​ជា​ផលិតករ​នៃ​ផលិតកម្ម AD MUSIC លោក អ៊ុង ឌុ​ច​សិ​ត្ថា​វីរៈ បានលើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​ស្ថានីយទូរទស្សន៍​​ភី​អិន​អិន ពី​មូលហេតុ​ចម្បង​ដែល​ភី​អិន​អិន សម្រេចចិត្ត​ប្រគល់​រឿង​ទុំ​ទាវ​អោយមក​ផលិតកម្ម​លោក​យកមក​ផលិត​ថ្មី​និង​ថត​ជា​ខ្សែភាពយន្ត​ភាគ​ដោយ​ដាក់​ចំណងជើង «​ភក្តី​ស្នេហ៍​ទ្វេ​ភព​» និង​កំពុងតែ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​ថា​ដោយសារតែ​រឿង​ទុំ​ទាវ ជា​រឿង​អក្សរសិល្ប៍​ខ្មែរ​ដ៍​ល្បី និង​មាន​បង្កប់​នូវ​ទស្សនៈ​មួយ​គឺ​នំ​មិនធំ​ជាង​នាឡិ ដែល​ផ្តល់​ជា​ចម្ងល់​ដល់​យុវ​វជន​សម័យថ្មី ហើយ​មកដល់​សព្វថ្ងៃនេះ​អ្វីដែល​យុវជន​ទទួលបាន​គឺ​ហាក់ដូចជា​ផ្ទុយស្រឡះ និង​ម្យ៉ាងទៀត​ដោយ​ភី​អិន​អិន​មាន​គោលការណ៍​គាំទ្រ​នូវ​សាច់រឿង​ក្នុងស្រុក​ច្រើន​ជាជាង​ការទិញ​សាច់រឿង​បរទេស​ក្នុងនោះ​ភី​អិន​អិន បានកំណត់​អោយ​លោក​រក្សា​នូវ​សាច់រឿង​បុរាណ​តាម​លំនាំ​រឿង​ដើម​ចំណែកឯ​សាច់រឿង​សម័យ​គឺ​ត្រូវ​និពន្ធ​ទៅតាម​បរិបទ​សម័យ​បច្ចុប្បន្ន​ដើម្បីអោយ​មានកា​រ​ទាក់ទាញ​ជូន​ទស្សនិកជន​ទស្សនា​។​

លោក​បញ្ជាក់​បន្ថែមថា​រឿង «​ភក្តី​ស្នេហ៍​ទ្វេ​ភព​»​លោក​មានការ​ផលិត​យ៉ាង​សម្រិតសម្រាំង ដោយ​ចំណាយ​ពេលវេលា​ក្នុង​ការផលិត​រហូតដល់​ទៅមួយ​ឆ្នាំ​មុននឹង​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ ហើយក៏​មានការ​ថ្លឹងថ្លែង​សាច់រឿង រវាង​សម័យកាល​ចាស់ និង​សម័យកាល​ថ្មី ក្នុង​សាច់រឿង​តែមួយ​ដោយសារតែ​រឿងនេះ​មាន​លាយ​គ្នា​ទាំង​ឈុត​ឆាក​បូរាណ និង​សម័យ​។

​ជាពិសេស បទ​ចំរៀង​ក្នុង​រឿងនេះ​គឺ​ត្រូវ​ច្រៀង​ថ្មី​ទាំងអស់ ដោយ​រក្សារ​ប៉ា​រ៉ូ​ល​ចាស់​សរុប​ទាំងអស់​២០​បទ បូករួម​ទាំង​ការ​ស្មូត្រ​ដោយ​អ្នកជំនាញ​ផងដែរ​។​

​រឿង «​ភក្តី​ស្នេហ៍​ទ្វេ​ភព​» គ្រង​ដំណែង​តួឯក​ដោយ​លោក អ៊ុន សុទ្ធា ចាប់​ដៃគូ​ជាមួយ​តារា​សម្បុរ​ស្រអែម កញ្ញា មឿង សុ​ផា​ណែ​ត រួមជាមួយ​នឹង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត ហើយក៏​កំពុងតែ​អង្រួន​ចិត្ត​ប្រិយមិត្ត​ទស្សនិកជន​អោយ​ទន្ទឹងរង់ចាំ​ទស្សនា​ពីមួយ​សប្តាហ៍​ទៅមួយ​​សប្តាហ៍ និង​មាន​ចាក់ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ៨:០០-៩:០០​យប់ នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​៕



CEN
ដោយ: ក្រុមហ៊ុន

ឧបករណ៍​ភ្លេង​អន្ទង​ព្រលឹង​

ដោយៈ​ Tin Sokhavuth

អស់​លោក​អ្នក​នាង​កញ្ញា​ប្រាកដ​ជា​ឆ្ងល់​ខ្លាំងណាស់​​ថា តើ​ឧបករណ៍​ភ្លេង​មួយ​ណា​ទៅ ដែល​អាច​អន្ទង​ព្រលឹង​របស់​ជន​ជាតិ​អាមេរិកាំង​ស្ទើរ​តែ​ទាំងអស់​​ ឲ្យ​លង់លក់​ក្នុង​ក្តី​ស្រមៃ​នៃ​ពិភព​​ដ៏​អណ្តែតអណ្តូង​ ដែល​ពោរពេញ​ទៅ​ដោយ​ភាពផ្អែមល្ហែម​លាយឡំ​នឹង​ភាព​កំសត់​នៃ​ការនឹករលឹក​​ស្រុក​កំណើត​​​។ ឧបករណ៍​ភ្លេង​នោះ គឺ​ជា​ HARMONICA។



សម្រាប់​ជនជាតិ​អាមេរិកាំង ឧបករណ៍​ភ្លេង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​​​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ ពិន​សួគា (celestial harp) ដោយ​ហេតុ​តែ​វា​មាន​សម្លេង​​ស្រួយ​ដ៏​ស្រទន់ ស្រដៀង​នឹង​សម្លេង​ខ្លុយ​​ខ្មែរ​យើង​ដែរ​​។

ឧបករណ៍​ភ្លេង​ harmonica មិន​ត្រឹម​តែ​​ត្រូវគេ​​យក​ទៅ​ប្រើ​សម្រាប់​ផ្លុំ​បទ​ភ្លេង​​​តែ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​និមិត្ត​រួប​នៃ​ផ្នត់​គំនិត​របស់​ជនជាតិ​អាមេរិកាំង​ទាំងមូល​ដែរ​។ សរុបមក លក្ខណៈ​ពិសេស​នៃ​ឧបករណ៍​នេះ គឺ​ភាព​សាមញ្ញ​ ភាពងាយស្រួល ភាពគ្រប់​ជ្រុងជ្រោយ និង​ភាពប្រកប​ដោយ​គុណភាព​។ គឺ​ថា វា​តំណាង​ឲ្យ​ផ្នត់​គំនិត​របស់​ជនជាតិ​អាមេរិកាំង ដែល​ចូល​ចិត្ត​នូវ​​អ្វី​ដែល​មាន​​លក្ខណៈ ងាយ​ស្រួល សាមញ្ញ គ្រប់​ជ្រុងជ្រោយ និង​ប្រកប​ដោយ​គុណភាព​។ ហើយ​បើ​យោង​តាម​ទស្សនវិទ្យា ប្រព័ន្ធ​គំនិត​ប្រភេទ​នេះ​ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ជា​​ប្រព័ន្ធ​គំនិត pragmatism ដែលអាច​​បក​ប្រែ​មក​​ជា​ភាសា​ខ្មែរ​យ៉ាង​ស្រួល​ស្តាប់​ថា​ជា​គំនិត ​បាន​ការនិយម ឬ​ បាន​ស៊ី​និយម ។

ផ្ទុយ​ទៅ​វិញ សម្រាប់​ជនជាតិ​អឺរុប ដែល​នៅ​ក្នុង​នោះ​​ក៏​មាន​​ជនជាតិ​បារាំង​ផងដែរ គឺ​គេ​ចូល​​នូវ​អ្វី​ៗ​ដែល​មាន​លក្ខណ​ជា​ទ្រឹស្តី​។ ហើយ​គ្រប់​ទង្វើ​​ទាំងឡាយ​របស់​ពួក​គេ​ ច្រើន​តែ​ផ្អែក​​​ទៅ​លើ​ទ្រឹស្តី​ណា​មួយ ដែល​​ពួក​គេ​ចូលចិត្ត​។ ជាក់ស្តែង សម្រាប់​ជនជាតិ​បារាំង គេចូលចិត្ត​ធ្វើ​អ្វី​ៗ​ ដោយ​សំអាង​​ទៅ​លើ​ទ្រឹស្តី​នៃ​​​ការពិចារណា​​។ គំនិត​របៀប​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ទ្រឹស្តី rationalism ដែល​អាច​បកប្រែ​មក​ជា​ភាសា​ខ្មែរ​ថា​ជា​ទ្រឹស្តី​ពិចារណា​និយម​។ ចំណែក​ឯជនជាតិ​អង់គ្លេស​វិញ គេ​ចូលចិត្ត​ធ្វើ​អ្វី​ៗ​ដោយ​និយម​ទៅ​លើទ្រឹស្តី​នៃ​​ការសាកល្បង​​ពិសោធ​។ គំនិត​របៀបនេះ​ ត្រូវ​ឲ្យ​ឈ្មោះ​ថា​ជា​ទ្រឹស្តី empiricism ដែល​​អាច​បកប្រែ​មក​ជា​ភាសា​ខ្មែរ​យ៉ាង​ស្រួល​ស្តាប់​ថា​ជា​ទ្រឹស្តី ចង់ដឹង​សាក​មើល ។ ហើយ​ក្រៅ​ពី​ទ្រឹស្តី​ទាំងពីរ​នេះ នៅ​មាន​ទ្រឹស្តី​ជាច្រើន​ទៀត​រាប់មិន​អស់​។

សរុបមក​ គ្មាន​ទ្រឹស្តីណា​​ល្អ​ជាង​ទ្រឹស្តី​ណា​នោះ​ទេ គឺ​វា​អាស្រ័យ​តែ​​ទៅ​លើការនិយម​ចូល​ចិត្ត​តែ​ប៉ុណ្ណោះ​។ ហើយ​​យើង​​ក៏​មិន​អាច​​និយាយ​​​ថា​ គំនិត​របស់ជនជាតិ​ណា​មួយ​ល្អ​ជាង​គំនិត​របស់​ជនជាតិ​ណា​មួយ​​ទៀត​បាន​ទេ គឺ​វា​អាស្រ័យ​ទៅ​តាមកាលៈទេសៈ​ផ្សេង​ៗ​គ្នា​។ ដូចនេះ​ សម្រាប់​រូប​ខ្ញុំ​បាទ​ផ្ទាល់​ គំនិត​ បានការនិយម ឬ​ បាន​ស៊ី​និយម ដែល​ភាសា​អង់គ្លេស​ហៅ​ថា pragmatism គឺ​ជា​ជម្រើស​របស់​ខ្ញុំ​បាទ​​ផ្ទាល់​។ ហើយ​គឺ​អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​បាទ​ចូលចិត្ត​ផ្លុំ​ harmonica នៅ​ពេល​ទំនេរ ព្រោះ​វា​ជា​ឧបករណ៍​មាន​លក្ខណៈ​ pragmatism សម្រាប់​ខ្ញុំ​បាទ​។

យ៉ាងណាមិញ harmonica គឺ​ជា​ឧបករណ៍​ភ្លេង​​​ដែល​មាន​តម្លៃ​ថោក​ជាង​​ឧបករណ៍​ភ្លេង​ដទៃទៀត​ តែ​​នេះ​មិន​មាន​ន័យ​ថា​យើង​មិន​អាច​យក​វា​ទៅ​ផ្លុំ​បទភ្លេង​ល្បី​ៗ​នៅ​ក្នុង​វង់​ភ្លេង​ធំ​បាន​នោះ​ទេ​។ ផ្ទុយ​ទៅវិញ​ បើ​យើង​ចេះ​ឲ្យ​ប្រាកដ យើង​អាច​យក​​វា​ទៅ​ផ្លុំ​​បទភ្លេង​អ្វី​ក៏​បាន និង​នៅ​ទីណា​ក៏​បាន​ដែរ​។ បើ​ចង់​ជ្រាប​ច្បាស់​ ចូរ​យើង​ទស្សនា​ការប្រគុំ​តន្ត្រី​ harmonica ដូច​ខាង​ក្រោម​នេះ៖



ចាង​ហ្វាង​ផលិតកម្ម មហា​ហង្ស៖ ​«មាន​អ្នក​ទស្សនា​​ខ្លះ​មួ​ម៉ៅ​ ព្រោះ​តែ​គ្មាន​​កៅអី​អង្គុយ​​ ទស្សនា​រឿង​ សួ​ស្ដី​​លោក​គ្រូ​កំឡោះ»​



(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៉ិន សុភិន បានថ្លែងឲ្យដឹងថា កាលពីម្សិលមិញនេះ ដោយសារតែមានអ្នកសម្រុកទិញសំបុត្រ ចូលទស្សនា ​រឿង ​«សួស្ដីលោកគ្រូកំឡោះ»​ ច្រើនពេក បានធ្វើឲ្យមានទស្សនិកជនខ្លះ ទិញមិនទាន់គេ ហើយកើតក្ដីខឹងក្រោធ មួម៉ៅ ព្រោះតែអស់កៅអីចូលអង្គុយទស្សនា តម្រូវ​ឲ្យពួកគេត្រឡប់ទៅវិញទាំង​ខកបំណង។

លោក អ៉ិន សុភិន បាបន្ដទៀតថា រយៈពេលនៃការដាក់បញ្ចាំង រឿង «សួស្ដីលោកគ្រូកំឡោះ» លោកសង្កេតឃើញថា មានមហាជន ក៏ដូចជាទស្សនិកជន ជាពិសេស​យុវវ័យ បានមកចូលរួមទស្សនា​យ៉ាងច្រើនកុះករ ធ្វើឲ្យលោកស្មាន​មិនដល់សោះថា រឿង «សួស្ដីលោកគ្រូកំឡោះ» ទទួលបានការគាំទ្រ ខ្លាំងបែបនេះសោះ។

លោក អ៉ិន សុភិន និយាយថា « អូ.. ពីម្សិលមិញហ្នឹង.! មានអ្នកទៅទស្សនាច្រើនមែន.. រហូតមានបងប្អូនខ្លះ គាត់រអ៊ូរទាំ ព្រោះតែគ្មានកន្លែងអង្គុយមើល។ តែទោះបីជាយ៉ាងណា ក៏ក្រុមការងារ នឹងសម្របសម្រួល ធ្វើយ៉ាងណា ដើម្បីឲ្យបងប្អូនបានទស្សនាទាំងអស់គ្នា សូមបងប្អូនសម្រួលអារម្មណ៍ និងរងចាំក្រុម​ការងារជាអ្នកចាត់ចែង..!»។

រឿង «សួស្ដីលោកគ្រូកំឡោះ» ជាប្រភេទរឿងកំប្លែង កាច់កុងឌឺដង និងមនោសញ្ចេតនា ជាពិសេស​គឺផ្ដោតសំខាន់លើការអប់រំច្រើន ហើយតួសម្ដែងក៏សុទ្ធតែ កំពុងមានទីផ្សារគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។ ជាពិសេសមានសាច់រឿងល្អជាងមុន និងមានការអប់រំច្រើនក្នុងសង្គម រស់នៅ​របស់សិស្សានុសិស្ស ជាពិសេសការសិក្សារបស់យុវវ័យ ហើយក៏ប្រមូលផ្ដុំដោយ អ្នកដឹកនាំ និងនិពន្ធមានស្នាដៃល្អៗផងដែរ។

សូមបញ្ជាក់ថា រឿង «សួស្ដីលោកគ្រូកំឡោះ» មានវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀតដូចជា អ្នកនាង សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, អ្នកនាង ខ្ញុង, កញ្ញា នីឡា, កញ្ញា ម៉ៅ គឹមធីតា, លោក ងួន សុបិន, លោក អូន ឧស្សាហ៍, លោក លឹម រដ្ឋា, កញ្ញា ផាន់ ផាផួង, កញ្ញា យ៉ែម ស្រីពេជ្រ, លោក ផាត់ គង់, លោក ស្រេង វណ្ណ ព្រមទាំងតារាកិត្តិយស ជាច្រើនដួងទៀត៕

Fresh News

Matt នឹង​បង្ហាញខ្លួន​ថ្មី​ជាមួយ​ខ្សែភាពយន្ត​ភាគ​ថៃ​ដែល​នឹង​ចាក់ផ្សាយ​នៅ​ភី​អិន​អិន​



តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​នៃ​ប្រទេស​ថៃ​គឺ​កញ្ញា Peeranee Kongthai ឬ Matt ដែល​ប្រិយមិត្ត​ធ្លាប់បាន​ស្គាល់​រួចមកហើយ​តាមរយៈ​ខ្សែភាពយន្ត​ភាគ​ថៃ​ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ដូចជា​រឿង «​កូនក្រមុំ​រីករាយ​» និង​រឿង «​ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ​»​។​

​តារា​វ័យ​២៨​ឆ្នាំ​កូនកាត់​ថៃ ណ​វ៉េ​រូបនេះ​អាច​សម្តែង​បាន​គ្រប់​ទម្រង់​ទាំងអស់​នៃ​សាច់រឿង ទាំង​កម្សត់ កំប្លែង មនោសញ្ចេតនា​ស្នេហា ហើយ​កញ្ញា​នឹង​ត្រឡប់មក​សារជាថ្មី​ម្តងទៀត​ដោយ​សម្តែង​ជា​តួឯក​ក្នុង​រឿង «​ល្បិច​ស្នេហ៍​បញ្ឆោត​បេះដូង​»​ឬ Pan Rai Phai Ruk ដែល​នឹងត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ដោយ​រឿងនេះ​តម្រូវអោយ​កញ្ញា​សម្តែង​ជា​តួអង្គ​ដែលមាន​ចិត្ត​គំនុំ​គុំ​គួ​ន​វិញ​ម្តង ទៅលើ​តួអង្គ​ប្រុស​គឺ​លោក Film (Phaisaeng) ហើយ​នេះ​ក៏​ជា​លើកទីមួយ​ដែរ ដែល Film បាន​មាន​វត្តមាន​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​។

​ពួកគេ​ទាំងពីរ​នាក់ នឹង​ចាប់ដៃគ្នា​បង្កើត​នូវ​ឈុត​ឆាក ប្លែកៗ ល្អមើល និង​គួរអោយ​ចង់​ទស្សនា​មិនចេះ​ជិនណាយ រំសាយ​អស់​ទុក្ខ​កង្វល់​រយៈពេល​មួយ​ម៉ោង​ពេញ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​។

«​ល្បិច​ស្នេហ៍​បញ្ឆោត​បេះដូង​» ឬ Pan Rai Phai Ruk ជា​ភាពយន្ត​រៀបរាប់​ពី​ខ្សែជីវិត​របស់​នាង Kemmik (Matt) ជា​នារី​អាកាសចរ​ម្នាក់ ដែល​ជីវិត​របស់​នាង ធ្លាប់បាន​ដិតដាម​នូវ​ស្នាម​អតីតកាល​ដ៏​សែន​ឈឺចាប់​និង​ខកចិត្ត ដោយ​នាង​បាន​បណ្តែតបណ្តោយ​ខ្លួន​ជាមួយនឹង Phaisaeng (Film) ជា​បុរស​សង្ហារ និង​ជា​កូនអ្នកមាន​ម្នាក់ ហើយក៏​បោះបង់​នាង​ចោល​ដោយ​មិន​ទទួលខុសត្រូវ​អ្វី​ទាំងអស់​។ ដោយសារតែ​ការឈឺចាប់​នេះហើយ ទើប​ធ្វើអោយ​នាង​បាន​នឹកឃើញ​ល្បិច និង​ផែនការ​អាក្រក់ ធ្វើយ៉ាងណា​អោយ Phaisaeng ទទួល​ការឈឺចាប់ ដូចដែល​នាង​ធ្លាប់​ទទួល ប៉ុន្តែ​មិន​ដូច​បំណង​ឡើយ ក្តី​គំនុំ​ទាំង​ប៉ុន្មាន​ក៏ត្រូវ​បានក្លាយ​ទៅជា​ស្នេហា​។

​តើ​Kemmik មាន​គម្រោង​បែបណា​ចំពោះ Phaisaeng? តើ​គំនុំ​គុំ​គួ​ន​នេះ​ក្លាយទៅជា​ស្នេហា​ដោយ​របៀប​ណា​?

​ចម្ងល់​ទាំងអស់នេះ​នឹងត្រូវ​លាតត្រដាង​នៅក្នុង​រឿង «​ល្បិច​ស្នេហ៍​បញ្ឆោត​បេះដូង​» ចាប់ពី​ថ្ងៃទី ២៤ ខែធ្នូ រៀងរាល់ថ្ងៃ​ព្រ​ហ​ស្ប​ត្ត៍ ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៦:០០-៧:០០​ល្ងាច នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិ​អិន បន្ទាប់ពី​រឿង «​មាន​សំបុក​តែ​រងារ​» ដែល​នឹង​បញ្ចប់ទៅ​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែធ្នូ ខាងមុខនេះ​៕



ថ្មី​ៗ
អត្ថបទ : ជី ដា​ណា

នឹកស្មានមិនដល់! រឿងភាពយន្តខ្មែរ «កំពូលល្ងង់នៅអាស៊ី» ត្រឹមតែរយៈពេល៤ថ្ងៃ រកចំណូលបានរហូតដល់ ៨ម៉ឺនដុល្លារ



(ភ្នំពេញ)៖ រឿងភាពយន្តខ្មែរ «កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្ម Galaxy បានដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបនៅកម្ពុជា បានរយៈពេល៤ថ្ងៃហើយ បន្ទាប់ពីបានប្រកាសដាក់បញ្ចាំងជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦នេះ។

គិតត្រឹមរយៈពេល៤ថ្ងៃ រឿងភាពយន្តខ្មែរ «កំពូលល្ងង់នៅអាស៊ី» រកចំណូលបានរហូតដល់​៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាម អ្នកគ្រប់គ្រងរោងកុននៅភ្នំពេញ និងសៀមរាបបានឲ្យដឹង។

«កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្ម Galaxy ជារបស់អតីតអ្នកធ្វើពលករ នៅក្នុងប្រទេសកូរ៉េ លោកឡេង ណាវ៉ាត់ត្រា ទទួលបាន៨ម៉ឺនដុល្លារ ដោយមិននឹកស្មានដល់។

ពាក់ព័ន្ធនឹងការរកចំណូលបាន៨ម៉ឺនដុល្លារ នេះ លោកឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានទទួលស្គាល់ថា ការអះអាងរឿងខ្សែរឿងរបស់លោក កើបលុយបាន៨ម៉ឺនដុល្លារត្រឹមរយៈពេល៤ថ្ងៃ គឺជាការពិត។
លោកថានេះជាលទ្ធផលដែលលោកក៍មិនចង់ជឿ ត្រចៀក ក្នុងពេលដែលរឿង «កំពូលល្ងង់នៅអាស៊ី» លោកថា គ្រាន់តែបាន ផលិតឡើងស្ទាបស្ទង់ទីផ្សារភាពយន្ត។ ធៀបនឹងរឿងដំបូងៗដូចគ្នារបស់ផលិតកម្មថ្មីៗ លោកខ្សែរឿងរបស់ខ្លួនបើទោះជាការ ទទួលបានទឹកប្រាក់៨ម៉ឺនក្នុងរយៈពេល៤ថ្ងៃ លោកថានៅចែកគ្នាទៀតគឺមិនទាន់រួចដើម។

លោកនិយាយថា «មុនបញ្ចំងខ្ញុំអត់ដែលនឹកថារឿងហ្នឹង ៤ថ្ងៃរកបានប៉ុណ្ណឹង សូម្បីតែខាងរោងកុនក៏ភ្ញាក់ផ្អើលដែរចឹងហើយទើបខ្ញុំ អរផង រន្ធត់ចិត្តផងនៅពេលរឿងហ្នឹងបាន៨ម៉ឺនត្រឹម៤ថ្ងៃ»។

លោកថា ខ្សែរឿងរបស់លោកមានអ្នកទស្សនាកកកុញនៅផ្សារអ៊ីអន ផ្សារទំនើបទួលគោក និងនៅរោងកុនក្នុងផ្សារទំនើប ស្ទឹងមានជ័យ។

ប៉ុន្តែសម្រាប់រោងទំនើបនៅខេត្តសៀមរាបលោកថាមិនមានអ្នកទស្សនាពេញៗរោងនោះទេ ក្នុងពេលដាក់បញ្ចំងម្ដងៗ។ លោកថាខ្លួន ចង់ស្រក់ទឹកភ្នែក នៅពេលមើលឃើញអ្នកទស្សនាដណ្ដើមគ្នា ទិញសំបុត្រមើលរឿង «កំពូលល្ងង់នៅអាស៊ី» និងទទួលដំណឹងថាមួយស្នាដៃរបស់លោកស្រូបបានមួយថ្ងៃ២ម៉ឺន។ រឿងមួយនេះ លោកចំណាយអស់ជាង៦ម៉ឺនដុល្លារ តែលោកហាក់មានពន្លឺថាមិនខាតនោះទេ បន្ទាប់ពីការដាក់បញ្ចំង៤ថ្ងៃគឺលោកទទួលបានចំណែករបស់លោកក្រោយចែកជាមួយ រោងបាន៤ម៉ឺនដុល្លារហើយ។

លោកប្រកាសអរគុណ និងលើកម្រាមដៃដប់តបស្នងដល់អ្នកគាំទ្រដ៏ច្រើនលើសលប់ដែលទិញសំបុត្រទស្សនារឿងរបស់លោក។ បន្ថែមពីលើនោះលោកក៏ទទូចអោយយុវវ័យដែលចូលចិត្តភាពយន្តតាមរោងកុនហើយមិនបានទស្សនាខ្សែរឿងរបស់លោកនៅ ឡើយ ជួយគាំទ្រដល់ស្នាដៃរបស់លោកផង ដើម្បីអោយលោកនឹងមានកម្លំាងចិត្តធ្វើអោយកាន់តែល្អ។

លោកឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាអតីតអ្នកបម្រើការតាមរោងចក្រ នៅក្នុងប្រទេសកូរ៉េ បានអះអាងថាលោកនឹង បន្តយករឿង «កំពូលល្ងង់នៅអាស៊ី» ទៅបញ្ចាំងតាមខេត្តដូចជាបាត់ដំបង និងកំពង់ចាមបន្ថែមទៀត៕



Fresh News

រឿង​«​ពស់​កេងកង​»​បាន​ផលិត​ជា​កុន​ភាគ ដោយមាន​ការសហការ​និង​ក្រុមការងារ​មកពី​បី​ប្រទេស​ផ្សេងគ្នា​



ភ្នំពេញ: ស្ថានីយទូរទស្សន៍​ភី​អិន​អិន បាន​នឹង​កំពុង​រៀបចំ​ផលិត​រឿង​«​ពស់​កេងកង​» ឡើងវិញ​ជា​រឿង​ភាគ ដោយ​រក្សា​នូវ​ទម្រង់​ដើម​ទាំងស្រុង ហើយ​ដំណើរការ​នៃ​ការផលិត​រឿងនេះ​ក្រុមការងារ​ទាំងអស់​មាន​ការសហការ​គ្នា​យ៉ាង​ល្អ និង​មកពី​បី​ប្រទេស​ផ្សេងៗ​គ្នា មានដូចជា ប្រទេស​កាណាដា ហ្វីលីពីន និង​កម្ពុជា​។

​នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ពី​គម្រោង និង​ទិសដៅ​សម្រាប់​ឆ្នាំ ២០១៧ «PNN Showcase 2017»​ដែល​ស្ថានីយទូរទស្សន៍​ភី​អិន​អិន បានរៀបចំ​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅនេះ ក៏បាន​បង្ហាញ​អំពី​ការគាំទ្រ​និង​ជម្រុញ​លើកទឹកចិត្ត​សម្រាប់​ការផលិត​រឿង​ក្នុងស្រុក​អោយ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ហើយ​នៅ​ក្នុងនោះ​រឿង «​ពស់​កេងកង​» ក៏​ជា​រឿង​មួយ​ក្នុងចំណោម​រឿង​ខ្មែរ​ល្បីៗ​ជាច្រើន​ទៀត ដែល​ភី​អិន​អិន​មាន​គម្រោង​នឹង​ផលិត​ចេញ​ជា​រឿង​ភាគ​ដើម្បី​បំរើ​អារម្មណ៍​ប្រិយមិត្ត​ទស្សនិកជន​។

​កញ្ញា​ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​បានអោយដឹងថា​«​សម្រាប់​ភី​អិន​អិន​គឺ​យើង​មាន​ទិសដៅ​គាំទ្រ​នូវ​ស្នាដៃ​ក្នុងស្រុក​ច្រើន ហើយ​កន្លងមក​យើង​ក៏បាន​ជ្រើសរើស​នូវ​សាច់​រឿង​ក្នុងស្រុក​មួយចំនួន​មក​ផលិត​ជា​ភាពយន្ត​ភាគ​រួចមកហើយ​សម្រាប់​រឿង ពស់​កេងកង នេះ​គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​ជាច្រើន​ទៀត ដែល​នឹងត្រូវ​ផលិត​នា​ដើមខែ​មករា ឆ្នាំ​២០១៧​នេះ ដោយ​ដកស្រង់​សាច់រឿង​តាម​លំនាំ​រឿង​ដើម​នា​ឆ្នាំ​១៩៧០ ហើយ​ខ្លឹមសារ​នៃ​រឿងនេះ​គឹ​ឆ្លុះបញ្ចាំង​ពី​ជំនឿ បាប និង​បុណ្យ តម្លៃ​គុណ​ធ​ម៏​កូន​ចំពោះ​ឪពុកម្តាយ ជាពិសេស​ផ្សាភ្ជាប់​មនុស្ស​និង​ធម្មជាតិ ហើយ​នេះ​រឿង​ភាគ​ខ្នាត​ធំ​ដែល​ផលិត​ដោយ​ក្រុម​ផលិតករ​ខ្មែរ​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ រួមជាមួយ​ក្រុម​ជំនាញ​មកពី​ប្រទេស​កាណាដា និង​ហ្វីលីពីន ដើម្បីអោយ​ភាគ​យន្ត​ភាគ​នេះ​ប្រក​ដោយ​គុណភាព​ខ្ពស់​»​។​

​រឿង «​ពស់​កេងកង​» នឹង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧​នេះ ដោយ​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ប្រិយមិត្ត​​ទស្សនិកជន ព្រោះតែ​ការផលិត​រឿងនេះ ត្រូវបាន​សហការ​ផលិត​ជាមួយ​ក្រុមការងារ​ក្រៅប្រទេស​ពោរពេញ​ទៅដោយ​សមត្ថភាព និង​បទពិសោធន៍​ក្នុងការ​ផលិត​រឿង ធានា​មិន​ធ្វើ​អោយ​ប្រិយមិត្ត​ខកបំណង​ក្នុងការ​រង់ចាំ​តាមដាន​ទស្សនា​នូវ​ខ្សែភាពយន្ត​ដ៏​ល្អឥតខ្ចោះ​មួយ​នេះ​។

​ស្ថានីយទូរទស្សន៍​ភី​អិន​អិន មាន​គម្រោង​ចំណាយ​ទុនវិនិយោគ​ជាង ១​លាន​ដុល្លា​អាមេរិក​សម្រាប់​ការផលិត​រឿង​ភាគ​ខ្មែរ​ក្នុង​ឆ្នាំ ២០១៧ និង​ច្រើនជាង​នេះ​ទ្វេ​រដង​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​៕

CEN
ដោយ: PNN

ហ៊ុយ យ៉ាឡេង ប្រកាស​ឲ្យ​​​រឿង​«​​វិកលចរឹត»​ទៅ​​បរទេសមិនគិតថ្លៃ

លោកហ៊ុយ យ៉ាឡេង ផលិតករ ក្នុងដំណើរ​យករឿង«វិកលចរឹត» (រូបថត៖ វង្ស សុម៉ាលីន)

ក្នុងដំណើរ​​យករឿង​​«​វិកលចរឹត»​​​​​ទៅកាន់​មហោស្រព​ភាព​យន្ត​​អន្តរជាតិ​នៅ​ក្នុងប្រទេស​ចិនកាលពីព្រឹកថ្ងៃទី​១៧ធ្នូ ​​លោក​ហ៊ុយ យ៉ាឡេង​ ​ផលិតករ​បានអះអាងថាខ្លួន​នឹង​ផ្ដល់រឿង​​​ដែល​លោក​ផលិត​មួយ​​នេះ​ទៅ​អោយ​បរទេស​​ដោយ​ឥត​គិតថ្លៃ ​​ប្រសិន​​​រឿង​​របស់លោកមិនទទួលបានការចាប់អារម្មណ៍​​​​​ក្នុងការ​ទិញដូរ។ ​លោកថា​​ខ្លួនមាន​បំណង​​ចង់អោយស្នាដៃ​​របស់លោកដែល​​​​​លោកជឿជាក់​ខ្លាំង​​ទៅលើ​គុណភាព ​​​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​ជាសាធារណៈ​ក្នុងក្រសែ​ភ្នែ​កបរទេស។

​លោកហ៊ុយ យ៉ាឡេង បញ្ជាក់ថា ​​​​​ពេញ​មួយ​សប្ដាហ៍​​​​​​ចាប់ពីថ្ងៃទី​១៧ ​ធ្នូ ​​​​​​​មហោស្រព​ភាព​យន្ត​អន្តរជាតិរបស់​​ខេត្ត​ណានជីង​​ក្នុង​ប្រទេស​ចិន​នឹង​ត្រូវ​​ចាប់​​ផ្ដើម​ដោយ​​​រឿង​របស់​លោក​គឺ​រឿង​«​វិកលចរឹត»ក៏​​ត្រូវ​បាន​​​​ជ្រើសជា​ភាព​យន្ត​​​​​​​​តំណាង​​ប្រទេស​កម្ពុជា​​អោយ​ចូល​​រួមប្រកួតប្រជែង​​ក្នុង​ព្រឹត្តិការណ៍​នោះដែរ​។

លោកថា​​ជា​លើកទី​១​ដែល​ស្នាដៃ​របស់លោកត្រូវ​បាន​ក្រសួង​វប្បធម៌​ ​​​​ជា​ពិសេស​គឺ​នាយកដ្ឋានភាព​​យន្ត​​​​​​​​កំណត់អោយ​ភាព​យន្ត​របស់លោក​​បាន​​​បង្ហាញ​ខ្លួន ខណៈដែលលោកក៏ត្រៀម​យុទ្ធសាស្រ្ត​​នឹងធ្វើអោយ​​​រឿង​​របស់លោក​​​​​​​​បាន​បោះ​ជំហាន​​​ចូល​​​អន្តរជាតិ។

​​​​​​មហោស្រព​​​​ភាពយន្ត​របស់​ខេត្ត​ណានជីងនេះ​ លោកថា​ធ្វើឡើង​​​​​រាល់ឆ្នាំ ប៉ុន្តែ​​លោកថា​​​​ភាព​យន្ត​កម្ពុជា​ទើបតែ​មាន​ឱកាសចូល​​​​​​ប្រកួត​ជា​លើកទី​១​​​ប៉ុណ្ណោះ ដោយ​ក្រៅពី​រឿង​របស់លោកក៏មាន​រឿង​​«​គ្រាប់ពេជ្រ»​ដែល​​​ផលិតដោយ​ផលិតករ​ខ្មែរទៅជាមួយដែរ។ ​ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​​ លោកថា​​រឿង​​«​​វិកលចរឹត»​ត្រូវ​បាន​កម្មវិធី​កំណត់​​​​​​ចាក់​​បង្ហាញជា​សាធារណៈ​​​​​អោយ​ក្រុម​ផលិតករ និង​ភ្ញៀវ​កិត្តិយ​​​​​​គ្រប់​ប្រទេស​​វិនិច្ឆ័យ​​​​នៅ​​អំឡុង​ពាក់កណ្ដាលអាទិត្យ​តែ​លោកមិនទាន់ច្បាស់​ថា​​រឿង​​​​​របស់​លោក​​ចាក់​ចំថ្ងៃ​​​២០ ឬ​​​២១​ធ្នូ ​អោ​យ​ប្រាកដ​នោះទេ។

លោក​មិន​ហ៊ាន​សង្ឃឹម​​ពីការឈ្នះពានពី​មហោស្រព​ភាពយន្ត​ដែល​​រឿង​«​វិកលចរឹត»​ចូល​ប្រកួត​នោះ​ទេ ​​ក្នុង​ពេលដែល​លោកក៏យល់ឃើញថា​ ​​​​​ខ្សែរឿង​បរទេសដែល​តំណាង​ដោយ​ប្រទេស​នីមួយៗ​​​​​​​ក៏ពិតជាមាន​គុណភាព​ និង​​​​​សាច់រឿង​ល្អ។ លោក​សង្ឃឹម​ត្រឹមតែ​​​​បាន​​​​ទទួលការ​សរសើរ​​ពីការ​ចូល​រួម​​​​នេះ​ប៉ុណ្ណោះ ​ដោយសារតែ​​​​​​រឿងដែល​លោ​កផលិត​ស្ថិត​ក្នុង​​​​​​​ផ្នត់គំនិតជា​ភាពយន្ត​អន្តរជាតិ​​ភាគច្រើន។

មុន​ចេញ​ទៅចិន លោកថា​រឿង​​«​វិកលចរឹត»​​បាន​​​ដាក់រត់អក្សរ​​​​​អង់គ្លេសរួច​​​​​អស់​ហើយ ដោយ​​​​បទភ្លេង​ក្នុង​រឿងទាំង​មូល​ក៏ត្រូវ​និពន្ធថ្មី​​​​​​​មិនដាក់​បទ​​បរទេស​នោះដែរ ​ដើម្បី​​​​​​​​កុំអោយគណកម្មការ​​ភាពយន្ត​​នៅ​ចិនច្រាន​ចោល​មិនអោយចូល​ប្រកួត។ ​​​​​​​លោកប្រកាសនឹងធ្វើអោយ​​​​​​​​​ផលិតករ​បរទេស​ចាប់អារម្មណ៍​​ខ្សែ​រឿង​របស់​លោក ដោយលោក​​នឹងមាន​ប្រទេស​​ណាមួយ​​ហ៊ានទិញ​​​រឿង​មួយ​នេះ យកទៅ​ផ្សាយជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​​របស់គេ។ ​

យ៉ាងណាក៏​ដោយ​​​​ប្រសិន​បើ​​ក្នុង​ករណី​​ដែលរឿង​របស់លោក​មិនទិញ​​​​​ នោះ​លោក​នឹង​ស្នើ​​​​​​​​ជា​សាធារណៈ​ក្នុង​​​​វេទិកា​សុំ​​​ប្រគល់រឿង​នេះ​អោយ​​ទៅ​​​​ប្រទេស​​ណាមួយ អោយតែ​​​​​​ផលិតករ​របស់ប្រទេស​នោះ​​​​​​​​​​​​​​​ចាក់ផ្សាយ​ ឬ​​បញ្ចាំង​​​​​​ស្នាដៃ​របស់​លោក​​អោយ​​​ប្រជាជន​​​​របស់គេ​បានស្គាល់​​ពីស្នាដៃ​​របស់ខ្មែរ។

លោកនិយាយ​ថា​«​​​រឿង​ហ្នឹង​​(​​​​វិកលចរឹត) ​ខ្ញុំ​រំពឹង​ថា​នឹងមាន​​បរទេស​ទិញ​​​​​​​​​​​ តែ​បើ​​​​​​​​​ថ្ងៃ​ចុង​ក្រោយ​​​មុន​ចប់ពិពណ៌នៅ​តែ​អត់មាន​អ្នកហ៊ាន​អ្នកទិញ ​ខ្ញុំ​នឹង​ប្រកាសឲ្យ​​​​​​​​អត់​យកលុយតែម្ដង ​ហើយ​មិនដែល​​​​​រឿង​​យើង​​ផលិត​ប៉ុណ្ណឹង​ហើយ! ​ឲ្យ​គេ​! គេ​មិន​យកនោះទេ»។

លោកថា​ឲ្យ​​​​ផលិតករ​បរទេស​ណាមួយ ​​​​យល់​ព្រម​​យករឿង​​​របស់លោ​ក​ទៅ​បញ្ចាំង​​ ឬ​​ចាក់​ផ្សាយជា​សាធារណៈអោយ​ប្រជាជន​គេមើល នោះ​លោក​​​​​​នឹង​​ប្រគល់​អោយភ្លាម​គឺ​អត់ចង់​បាន​លុយ​ទេ។

​នេះ​ជា​លើកទី​​១​ដែល​ផលិតករ​ខ្មែរ​ប្រកាស​ប្រគល់​រឿងឲ្យ​​បរទេស​ដោយ​​មិន​ត្រូវ​​​​​​​​លុយកាក់ ជា​ថ្នូរ​នឹង​​ឲ្យ​មាន​​​ការ​បញ្ជ្រៀប​​​ស្នាដៃ​របស់​​​ខ្មែរឲ្យ​​​ជនជាតិ​បរទេស​បាន​ស្គាល់។ ​លោក​ហ៊ុយ យ៉ាឡេង ​​​​បន្ត​​ថា​មាន​តែ​​មធ្យោបាយ​ប្រគល់​រឿង​ឲ្យ​​បរទេស​ប៉ុណ្ណោះ ដែល​​​​​​រឿង​របស់ខ្មែរ​ត្រូវ​បាន​គេ​​ទៅ​ផ្សាយជា​សាធារណៈ​​ ​ហើយអាច​ឲ្យ​​ប្រជន​ជន​របស់​​​​​​​ផលិតករ​​​​ដែល​​លោក​នឹង​ព្រម​ព្រៀង​នោះ​​​​បាន​ឃើញ​​ពី​​​​ការ​ប្រឹង​ប្រែង​​​​​​​​​​ក្នុងវិស័យ​ភាពយន្ត​របស់ខ្មែរ។

​​លោកថា​​​​បើ​រង់ចាំឲ្យ​​​​​​​​បរទេសទិញ គឺ​រឿង​​​ស្មុគស្មាញ ​ប៉ុន្តែ​បើឲ្យ​​​មិនគិត​លុយ គឺ​ច្បាស់​ណាស់ថា​​​​​​​​​​​ផលិតករដែលទទួល​បានរឿង​របស់លោកនឹង​​យកស្នាដៃ​របស់​លោក​ទៅ​​​ធ្វើ​​​​​​​អាជីវកម្ម​។ លោក​ថ្លែង​ថា«​​​​​ខ្ញុំ​នៅតែ​​យល់ថា​រឿងខ្ញុំ​​ចូល​ភ្នែក​​បរទេស ​ហើយខ្ញុំត្រៀម​ហើយថា​បើ​គេ​​​អត់ទិញ ​​ខ្ញុំឲ្យ​​តែ​ម្ដង​​ ​ដោយ​ឲ្យ​​យក​​ទៅធ្វើអាជីវកម្ម​មិចបានដែរសំខាន់ឲ្យ​តែ​គាត់​យក​រឿង​​​​ទៅ​ចាក់ ​​​ឬ​ទៅ​​ផ្សាយ​បន្ត​!»។ ​

លោកមានជំនឿ​​១០០ភាគរយ ​ថា​​រឿង​«​វិកលចរឹត»​នឹង​ក្លាយជា​រឿង​ខ្មែរ​​ទី​១​ដែល​​​​​អាច​​​​​ទាក់​ភ្នែ​ក​បរទេស​​តាម​រយៈ​​​​​​​​​​​ប្រគល់​ឲ្យ​​ផលិតករ​​​យកទៅធ្វើ​អាជីវកម្ម​​ដោយមិន​​​​​សុំ​​​​​​​លុយ​កាក់តបស្នង​។

មកទល់ពេល​នេះ​លោក​ហ៊ុយ ​យ៉ាឡេង ​​​​បានអះអាងថា​ខ្សែ​រឿង​​«​វិកលចរឹត»ទទួល​បាន​​ដើម​​ដែល​បានចំណាយ​រហូត​ដល់​​៤៥០០០​ដុល្លារ​នោះ​វិញ​ហើយ ​​បន្ទាប់ពី​មាន​ក្រុម​ហ៊ុន​ច្រើន​​ឡើង​​​បាន​​​ដឹកនាំ​​​បុគ្គលិករបស់ខ្លួន​​​​​​​​​​​ជា​ទ្រង់ទ្រាយធំៗ​​​​មកទស្សនា​រឿង​​លោក​​​​។ លោក​រំភើបចិត្តដែល​រឿង​​មួយ​នេះ​​​មាន​ការគាំទ្រ ខណៈដែលរឿង​របស់លោកក៏ត្រូវ​​​​​​​សម្រេច​អោយ​​​​​បញ្ចាំង​បន្ត​​​​​ដោយមិនទាន់កំណត់​​​ទម្លាក់ចុះ៕

VOD
ដោយ លោក វង្ស សុម៉ាលីន

សិស្ស​ចំនួន​២,៨០០​នាក់​ប្រណិប័តន៍​ស្តាប់​ព្រះ​ធម្មទេសនា​អំពី​ការដឹងគុណ​មាតាបិតា និង​លោកគ្រូ អ្នកគ្រូ​នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង​​​​​​​​



បើទោះបីជា​បច្ចុប្បន្នភាព​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​មានការ​រីកចម្រើន​លូតលាស់​ឆាប់រហ័ស​យ៉ាងណាក៏ដោយ ក៏​ព្រះពុទ្ធសាសនា​នៅតែ​ដើរតួនាទី​សំខាន់​ក្នុង​ការអប់រំ​សីលធម៌ តាមបែប​ចិត្តសាស្ត្រ​ដ៏​ស្អាតស្អំ និង​រក្សាបាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​សង្គម​ខ្មែរ​យើង​។ នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ​និមន្ត​ប្រគេន​ព្រះសង្ឃ​សម្តែង​ព្រះ​ធម្មទេសនា​ក្រោម​ប្រធានបទ “​ការដឹងគុណ​មាតាបិតា និង​លោកគ្រូ អ្នកគ្រូ​” ជូន​ដល់​ប្អូនៗ​សិស្សានុសិស្ស​ថ្នាក់​ទី​៥ ដល់ទី​១១ ចំនួន​២,៨០០​នាក់ ដើម្បី​ត្រងត្រាប់​ស្តាប់​ការអប់រំ​ទូន្មាន​តាមបែប​ព្រះពុទ្ធសាសនា​រយៈពេល​បី​ថ្ងៃ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​នៅ​បី​សាខា​ផ្សេងគ្នា​។​

លោកស្រី ឡា សុភៈ នាយក​ចាងហ្វាង និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា ការ​និមន្ត​ប្រគេន​ព្រះសង្ឃ​សម្តែង​ព្រះ​ធម្មទេសនា​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​អប់រំ​សីលធម៌ អប់រំ​ចិត្ត និង​រំឭក​ដាស់តឿន​បន្ថែម ដល់​ប្អូនៗ​សិស្សានុសិស្ស​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ប្រណិប័តន៍​ឱ្យ​បានល្អ​ប្រពៃ​ចំពោះ​មាតាបិតា​ដែល​មានគុណ​ធ្ងន់​លើស​ប្រឹថពី​ផ្តល់កំណើត ចិញ្ចឹម​បីបាច់​ថែរក្សា អប់រំ​ទូន្មាន​ប្រៀនប្រដៅ និង​ទំនុកបម្រុង​គ្រប់សព្វ​បែបយ៉ាង​ដល់​កូន​បានមក​រៀនសូត្រ និង​ដើម្បីឱ្យ​សិស្សានុសិស្ស​យល់ដឹង​កាន់តែច្បាស់​ពី​ការខិតខំ​លះបង់​អស់​កម្លាំងកាយ​ចិត្ត​របស់​លោកគ្រូ អ្នកគ្រូ​ផ្តល់នូវ​ចំណេះ​ដ៏​មានតម្លៃ​ថ្លៃថ្លា ក៏ដូចជា​ជំរុញ​ទឹកចិត្ត​ប្អូនៗ​ឱ្យ​បង្កើន​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ស្វាធ្យាយ កុំឱ្យ​រវាត​ឃ្លាត​ចាក​ឆ្ងាយ​ពី​គុណធម៌​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ លោកស្រី​បន្តថា តាមរយៈ​ការ​ស្តាប់​នូវ​ព្រះ​ធម្មទេសនា​នេះ​មិន​គ្រាន់តែ​បានផ្តល់​នូវ​ការអប់រំ និង​ដាស់តឿន​ដល់​ប្អូនៗ​សិស្សានុសិស្ស​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​កតញ្ញូ​កតវេទី​ប៉ុណ្ណោះ​ទេ តែ​ជា​យាន​សន្សំ​បុញ្ញ​កុសល​ផ្សារភ្ជាប់​ព្រះពុទ្ធសាសនា​ទៅនឹង​ស្រទាប់​យុវជន​ជា​ពុទ្ធបរិស័ទ រួមទាំង​បាន​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ឱ្យ​កាន់តែ​រឹងមាំ​គួរ​ជាទីគោរព​សក្ការៈ​។​



ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ភាពយន្ត​ចិន​-​ខ្មែរ​ មាន​អ្នកទស្សនា​ជាង​១០០០​នាក់ ​នៅ​ខេត្តកំពង់ចាម​



ភ្នំពេញ: ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប ​ដែល​ចាក់​បញ្ចាំង​នៅ​ខេត្តកំពង់ចាម​ចំនួន​ពីរ​កន្លែង​ផ្សេងគ្នា ​ត្រូវបាន​បិទ​បញ្ចប់​ហើយ​កាលពី​រាត្រី ថ្ងៃទី​១៥​ឈានចូល​ថ្ងៃទី​១៦​ធ្នូ​នេះ ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ប្រមាណ​ជាង​១​ពាន់​នាក់​។​

​លោក​រតនា​រ៉ា​យុទ្ធ​ប្រធាន​កម្មវិធី​ផ្សាយ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ដែល​ដឹកនាំ​ការចាក់​បញ្ចាំងភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​មានប្រសាសន៍ថា​ការចាក់​បញ្ចាំងភាពយន្ត​ចិន​-​ខ្មែរ​នៅ​ខេត្តកំពង់ចាម​មាន​ពី​កន្លែង​ផ្សេងគ្នា​រួមមាន​ចំណត​ទីមួយ​នៅ​បរិវេណ​ចំណត​ឡាន​ផ្សា​ស្គន់ ស្រុក​ជើងព្រៃ កាលពី​ថ្ងៃទី​១៣​ធ្នូ មាន​អ្នកចូលរួម​ទស្សនា​ជាង​៤០០​នាក់ និង​ចំណ​តទី​២​ចាក់​បញ្ចាំង​នៅ​សួនច្បា​មុខ​សាលាខេត្ត​កំពង់ចាម​ជាមួយនឹង​អ្នក​មក​ទស្សនា​ជាង​៥០០​នាក់​។​

​លោក​បញ្ជាក់ថា ការចាក់​បញ្ចាំងភាពយន្ត​នៅ​ខេត្តកំពង់ចាម​នេះ​ទទួលបាន​លទ្ធផល​ល្អ ដោយមាន​កិច្ចសហប្រតិបត្តិការ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញាធរខេត្ត ដោយបាន​សម្រួល​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទស្សនា​ភាពយន្ត​ចិន​-​ខ្មែរ​ទាំង​នៅ​ស្រុក​ជើងព្រៃ និង​ទី​រួម​ខេត្តកំពង់ចាម​នេះ​មាន​ចំនួន​ជាង​មួយ​ពាន់​នាក់​។

​លោក ចាន់ ផល្លី អភិបាលក្រុង កំពង់ចាម​បាន​មានប្រសាសន៍​ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចាក់​បញ្ចាំងភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​នេះ ពីព្រោះ​វា​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ផ្នែក​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​លោក​បញ្ជាក់ថា នេះ​ជា​មោទនភាព​យ៉ាងខ្លាំង​ដែល​បាន​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ជ្រើសរើស​ខេត្តកំពង់ចាម​ជា​ខេត្ត​ដំបូង​ដើម្បី​ចាក់​បញ្ចាំងភាពយន្ត​ចិន ខ្មែរ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ បាន​ចូលរួម​ទស្សនា​ដោយ​សេរី បន្ទាប់ពី​សម្រាក​ពី​ការងារ​។ ហើយ​លោក​ក៏បាន​បន្ថែមទៀត​ដែរ​ថា​ប្រទេស​ចិន​បាន​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រួមមាន​វិស័យ​ហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល អប់រំ អគ្គីសនី និង​ឧ​ស្សហកម្ម​រោងចក្រ​កាត់ដេរ​ជាច្រើន​ដោយ​បង្កើត​ការងារ​រាប់ម៉ឺន​នាក់​ដល់ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា និង​ក្នុង​ខេត្តកំពង់ចាម​នេះ​។​

​បើ​ប្រទេស​ចិន​ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា គឺ​លោក​ចង់​ឲ្យ​ភ្ញៀវ​ទេសចរណ៍ និង​អ្នក វិនិយោគទុន​ចិន​មក​ទស្សនា និង​មក​បណ្តាក់​ទុនវិនិយោគ​នៅ​ខេត្តកំពង់ចាម​កាន់តែច្រើន ពីព្រោះ​ខេត្ត​នេះ សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ និង​តំបន់​ទេសចរណ៍​ដូច បឹង​ទន្លេមេគង្គ និង​ភ្នំ​ប្រុស ភ្នំ​ស្រី រមណីយដ្ឋាន​ទឹកឆា​ជាដើម​។​

​គួ​រំលឹកថា​កម្ពុជា និង​ចិន​បាន​សម្ពោធ​ការចាក់​បញ្ចាំងភាពយន្ត​ចល័ត "​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​"​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃទី​១១ ធ្នូ នៅ​សាល សន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌ និង​កិច្ចសហប្រតិបត្តិការ​ល្អ នៃ​ប្រទេស​ទាំងពីរ​។​

​កម្មវិធី "​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​" នឹងធ្វើ​រយៈពេល ២៥ ថ្ងៃ ពីថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ ២០១៦​ដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០១៧ ដែល​នឹង​ទៅ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ដ៏​ល្អឆើត​ឆាយ​របស់​ចិន​និង​កម្ពុជា​នៅតាម​ទីតាំង​សរុប​ទាំងអស់ ១៣​កន្លែង​ក្នុង​បណ្តា​រាជធានី​ខេត្ត​ចំនួន​៨ ជុំវិញ​ទន្លេសាប​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទស្សនា​ដោយ​ឥតគិតថ្លៃ​។
​បណ្តា​រាជធានី​ខេត្ត​ចំនួន ៨ រួមមាន រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់​និង​ខេត្តកំពង់ឆ្នាំង​។​
​ខ្សែភាពយន្ត​ចិន​ចំនួន​បួន​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី​លើក​នេះ​មានដូចជា អ្នក​ប្រយុទ្ធ​លើ​វាលស្មៅ ជីវិត​នាង​សុង​ទុន ស្នាមញញឹម​អង្គរ និង​ព្យា​ណូ​ក្នុង​រោងចក្រ និង​រឿង​ខ្មែរ​មានរឿង​បេះដូង​រតនៈ ដើម​ក្រសាំង និង​រឿង​ម​ច្ជុ​រាជ​ពណ៌​សរ​។​

​សូមបញ្ជាក់ថា ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​នេះ រៀបចំឡើង​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ក្រសួង​វប្បធម៌ និង​ចិត្រ​សិ​ល្បះ វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន ដោយមាន​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ កម្មវិធី​នេះ​ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ស្វែងយល់​ពី​ជីវភាព វប្បធម៌​ដ៏​ចំណាស់​និង​សម្បូរបែប​របស់​ប្រទេស​ទាំងពីរ ព្រមទាំង​យល់ដឹង​ពី​ស្មារតី​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ដែលមាន​ភាព​ស្លូតបូត​ពោរពេញ​ទៅដោយ​សុទិដ្ឋិនិយម​និង​ទទួលបាន​នូវ​អារម្មណ៍​សប្បាយរីករាយ​៕

CEN
ដោយ: CEN

អ្នកជំនាញ​ជំរុញ​ឲ្យ​កូន​ខ្មែរ​សិក្សា​ស្វែងយល់​ពី​ប្រភព ប្រវត្តិ​ទីតាំង​តំបន់ ដែល​ពួកគេ​រស់នៅ​ ​



លោក ឈឹម សុខា​ន់​ដា​រា មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើ​បទ​បង្ហាញ​មួយ​ក្រោម​ប្រធានបទ «​ទេសភាព​ស្ថាន​នាម នៅ​ឃុំ​ត្រពាំង​ធំ​ខាងជើង តាម​បរិបទ​ភូមិ​ភាសាវិទ្យា​» នៅក្នុង​កម្មវិធី​បាឋកថា​ប្រចាំខែ​វិច្ឆិកា របស់​វិទ្យាស្ថាន​ពុទ្ធសាសនា​បណ្ឌិត្យ​។ បទ​បង្ហាញ​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា កន្លងមក គឺ​ដើម្បី​លើកឡើង​ពី​ប្រភព​នៃ​ការកំណត់​ឈ្មោះ​ទីតាំង​របស់​ទីកន្លែង​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ស្ថាន​នាម គឺជា​ឈ្មោះ​អាច​ស្គាល់​អំពី​ប្រភព ប្រវត្តិ​នៃ​ទីកន្លែង​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ណាមួយ​។ ជាមួយគ្នានេះ ស្ថាន​នាម ជា​ផ្នែក​មួយ​នៃ​ទេសភាព​នឹង​ភូមិសាស្ត្រ​មនុស្ស​ដែល​បង្ហាញ​អំពី​របាយ​ភូមិសាស្ត្រ ភាសា កេរដំណែល​ធម្មជាតិ និង​វប្បធម៌ ដែលមាន​នៅក្នុង​ភូមិសាស្ត្រ​ទីកន្លែង​។ សំណល់​សកម្មភាព​រប​ស់មនុស្ស នៅ​ទីកន្លែង​មួយ​សុទ្ធតែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចំនុច​សំខាន់​នៃ​បាតុភូត​ភាសា វប្បធម៌ និង​ធម្មជាតិ​។​

​កាលពី​ថ្ងៃ​ពុធ លោក ឈឹម សុខា​ន់​ដា​រា មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើ​បទ​បង្ហាញ​មួយ​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ស្តីពី​ការស្រាវជ្រាវ​នឹង​វិភាគ​អំពី​របាយ​ស្ថាន​នាម​ភូមិ ទាំង​នៅក្នុង​អតីតកាល​ដ៏​យូរលង់ និង​អតីតកាល​ថ្មី នៅក្នុង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ នេះ​គ្រាន់តែ​ជា​គំរូ​មួយ​នៃ​ការស្រាវជ្រាវ​របស់លោក សុខា​ន់​ដា​រា ប៉ុណ្ណោះ ដោយ​គោលបំណង​ដ៏​ធំ​របស់លោក គឺ​ការបកស្រាយ​អំពី​ទំនាក់ទំនង​រវាង​ឈ្មោះ និង​ទីកន្លែង​នៃ​វត្ថុ និង​សំណល់ សកម្មភាព​របស់​មនុស្ស​ដែលមាន​នៅក្នុង​លម្ហ ក្រោម​ឥទ្ធិពល​ភូមិសាស្ត្រ​បរិស្ថាន​ធម្មជាតិ និង​វប្បធម៌ តាម​បរិបទ​ភាសា​។



លោក ឈឹម សុខា​ន់​ដា​រា ដែលជា​អ្នកឯកទេស​បុរាណវត្ថុ​វិទ្យា​ទេសភាព​ផងដែរ​នោះ បាន​លើកឡើងថា បាឋកថា មាន​គោលដៅ​បង្ហាញ​ពី​ទំនាក់ទំនង សកម្មភាព​របស់​មនុស្ស និង​ទីកន្លែង​ដែល​រស់នៅ និង​ការស្វែងរក​ប្រភព​នៃ​ទីតាំង​ដែល​កំពុង​រស់នៅ ។

​លោក ឈឹម សុខា​ន់​ដា​រា បាន​បន្ថែមថា ស្ថាន​នាម​ភូមិ ជា​ឈ្មោះ​ដែល​ទាក់ទង​នឹង​សត្វ ព្រៃឈើ ធម្មជាតិ បរិស្ថាន ទេសចរណ៍ សាសនា វប្បធម៌ កសិកម្ម សេដ្ឋកិច្ច និង​នយោបាយ​ជាដើម​។ ម្យ៉ាងទៀត លោក​បាន​លើក​ឧទាហរណ៍​អំពី​ភូមិ​ជាងទង ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច ដោយ​បញ្ជាក់​ការប្រកបមុខរបរ​រ​បស់​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ​។ លោក ឈឹម សុខា​ន់​ដា​រា បាន​ចុះ​សិក្សា​ផ្ទា​ល់ពី​ស្ថាន​នាម​នៅក្នុង​ក្នុង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​នឹងមាន​គម្រោង​ចុះ​សិក្សា​នៅ​ទីតាំង​ផ្សេងទៀត​ផងដែរ​។​

​មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា​អ្នកឯកទេស​បុរាណវត្ថុ​វិទ្យា​ទេសភាព​រូបនេះ ចង់​ឲ្យ​ប្រជាពលរដ្ឋ និង​កូន​ខ្មែរ​ទាំងអស់ ដែល​រស់នៅក្នុង​ទីតាំង​របស់ខ្លួន ចូលរួម​ថែរក្សា​ឈ្មោះ​ទីតាំង ដែលមាន​តាំងពីដើម​មក​។ បើទោះបី​ឈ្មោះ​នោះ​ល្អ ឬ​មិនល្អ​ក្ដី ព្រោះ​វា​ជា​កេរដំណែល​និង​ចូលរួម​ដាំ​ដើមឈើ ដែល​សំគាល់​ស្ថាន​នាម​ភូមិ​របស់​ពួកគេ ដែលមាន​តាំងពី​បុរាណ​មក​ផងដែរ​។​
​
គួររម្លឹកថា ការរៀបចំ​បាឋកថា​នេះ បានរៀបចំ​ជា​រៀងរាល់ខែ ដោយ​លើកយក​ប្រធានបទ​ផ្សេងៗ​របស់​វាគ្មិន​នីមួយៗ​មក​បកស្រាយ​ពិភាក្សា​វែកញែក និង​ពន្យល់​ដល់​អ្នកចូលរួម​។ បន្ថែម​លើ​នេះ ពុទ្ធសាសនបណ្ឌិត្យ នៃ​ក្រសួង​ធម្មការ និង​សាសនា បាន​សហការ​ជាមួយ​អង្គការ រី​ស្សូ កូ​សី​-​កៃ ក្នុងការ​រៀបចំ​បាឋកថា​នេះ​។ ចំពោះ​ការចូលរួម​ស្ដាប់​បាឋកថា​នេះ អ្នកចូលរួម​ទាំងអស់ បាន​ពិភាក្សា​លើ​ប្រធានបទ​នេះ ដើម្បី​បង្កើន​ការយល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត​៕

ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

យូណេស្កូ​ចុះ​ចាប៉ីដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ ហើយ​ផ្តល់ជំនួយ​ដល់​កម្ពុជា​លើ​ការអភិរក្ស​



ចាប៉ីដងវែង​របស់​ក​ម្ពុ​ជា ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ នា​អំឡុង​កិច្ចប្រជុំ​នៅទីក្រុង Addis Ababa ​ប្រទេស​អេ​ត្យូ​ពី នា​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ​។ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​។​

​ជាមួយគ្នានេះ​ផងដែរ គណៈកម្មាធិការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌អរូបី​របស់អង្គការយូណេស្កូ បានអនុម័ត​លើ​ការស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ ២៣​ម៉ឺន​ដុល្លារ​អាមេរិក របស់​កម្ពុជា សម្រាប់​ការអភិរក្ស​ចាប៉ីដងវែង​៕



ថ្មី​ៗ
អត្ថបទ : ថ្មីៗ

«លឺ​ភ្លេង​ការ ចង់​រៀបការ​ដែរ តែ…»



ភ្នំពេញ៖ ការសម្រេចចិត្ត​ចូល​រោងការ​របស់​យុវជន​សម័យ​សតវត្ស​រ៍​ទី២១នេះ ត្រូវបាន​ពន្យា​ពេលវេលា​យូរ​ជាង​កាលពី​សម័យមុន។ កាលពីមុន យុវជន យុវនារី ជាពិសេស នៅ​ជនបទ ចូល​រោងការ​ភាគច្រើន​នៅក្រោម​អាយុ២០ឆ្នាំ។ តែ​ក្រោយមក ដោយសារតែ​ការវិវត្តន៍​នៃ​សង្គម ការរៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង​ពេក​ត្រូវបាន​ផ្លាស់ប្តូរ? តើ​អ្វីខ្លះ​ដែលជា​ដើមចម​ជំរុញអោយមាន​ការផ្លាស់​ប្តូរ​នេះ?

សង្គម​មាន​ការវិវត្ត​ន៍។ ដូច្នេះ របៀប​រស់នៅ ឬ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី​មួយចំនួន​ក៏មាន​ការផ្លាស់ប្តូ​រដែរ។

ទាក់ទង​ទៅនឹង​សំណួរ​សួ​ថា តើ​ហេតុអ្វី​បានជា​យុវជន យុវនារី សម័យ​បច្ចុប្បន្ននេះ ពន្យា​ពេលវេលា​ចូល​រោងការ​នោះ? មាន​ហេតុផល​មួយចំនួន​ត្រូវបាន​លើកឡើង​ដោយ​យុវជន​ផ្ទាល់​ខ្លួនឯង និង​ម្យ៉ាងទៀត ដោយសារ​កត្តា​សង្គម​ចាប់បង្ខំ។

ចំណុច ទី១ គឺ​ដោយសារ​យុវជន យុវនារី មួយចំនួន​សម្រេចចិត្ត​ចង់​បន្ត​ការសិក្សារ​អោយបាន​ខ្ពស់ជាង​មុន។
ទី២ គឺ​ដោយសារ ពួកគេ ចង់​រស់នៅ និង​សាកល្បង​ស្គាល់គ្នា​អោយ​បានយូរ​បន្តិច មុននឹង​រៀបការ។
ទី​៣ គឺ​ដោយសារ យុវជន យុវនារី បច្ចុប្បន្ន ទទួលបាន​សេរីភាព​ពេញលេញ​ក្នុង​ស្នេហា (អាច​ផ្លាស់ប្តូរ​ដៃគូ​ស្នេហ៍​បាន​ច្រើន)។ សេរីភាព​ពេញលេញ​ក្នុង​ស្នេហា​នេះ ជំរុញ​អោយ​ពួកគេ​មិន​ចង់​រៀបការ​នៅ​វ័យក្មេង​ពេក​ទេ។

ទី៤ គឺ​ដោយសារ ពួកគេ​ប្រាថ្នា​ចង់រក​ថវិកា​ដោយ​ខ្លួនឯង​ដើម្បី​រៀប​អាពាហ៍ពិពាហ៍។
និង​ទី៥ គឺ​ដោយសារ​កត្តា​សង្គម​ចាប់បង្ខំ មានន័យថា យុវជន​ខ្លះ ចង់​រៀបការ​នៅ​វ័យក្មេង​ដូច​កាលពី​សង្គមចាស់​ដែរ តែដោយសារ​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ជា​បណ្ណាការ(ថ្លៃ​ទឹកដោះ) ជូន​គ្រួសារ​ខាង​ស្រី។ បណ្ណាការ (ថ្លៃទឹកដោះ) នៅតាម​បណ្តា​ខេត្ត​អាច​ចាប់ផ្តើម​ពី​ជាង១ពាន់​ដុល្លារ​ដល់១ម៉ឺន​ដុល្លារ​អាមេរិក​អាស្រ័យទៅលើ​ជីវភាព​នៃ​គ្រួសារ​ខាង​ស្រី។ នៅ​ទីក្រុង​ភ្នំពេញ​វិញ ថ្លៃទឹកដោះ អាច​ប្រែប្រួល​ពី៥ពាន់​ទៅ៥ម៉ឺន​ដុល្លារ​អាមេរិក​អាស្រ័យទៅលើ​ជីវភាព​គ្រួសារ​ខាង​ស្រី។

ដោយសារតែ​ថ្លៃ​បណ្ណាការ​មាន​កម្រិត​ខ្ពស់​គួរសម ប្រៀបធៀប​ទៅនឹង​ប្រាក់ខែ​របស់​យុវជន​សម័យ​បច្ចុប្បន្ននេះ (ប្រាក់ខែ​ជា​មធ្យម​របស់​យុវជន​គឺ៣០០ដុល្លារ​អាមេរិក)។ ដូច្នេះ ការរៀប​ការ​របស់​យុវជន យុវនារី ត្រូវតែ​ពន្យា​ពេល។

តើ​មូល​ហេតុអ្វី​បានជា​ថ្លៃ​បណ្ណាការ​ហាក់បីដូច​ឡើង​ថ្លៃ​ជាង​មុន?
ឪពុកម្តាយ​ខាង​ស្រី​មិន​ចង់​ទាមទារ​ថ្លៃទឹកដោះ​ច្រើន​នោះទេ។ ប៉ុន្តែ អ្វីៗឡើងថ្លៃ​ទាំងអស់។ ហាង​ក៏​ថ្លៃ ម្ហូបអាហារ​ក៏​ថ្លៃ សម្អាងការ-ភ្លេង​ការ ឡើងថ្លៃ​ទាំងអស់។ សរុបសេចក្តី​មកវិញ ទាំង​ទំនិញ ទាំង​សេវាកម្ម ឡើងថ្លៃ​កប់​ពពក។

ដោយសារតែ​ប្រាក់ចំណូល​របស់​យុវជន និង​យុវនារី នៅមានកម្រិត ហើយ​ដើម្បី​ចៀសវាង​កុំអោយ​ស្នេហា​របស់​ពួកគេ​ត្រូវបាន​ពន្យា​ពេល​ច្រើន​ឆ្នាំ ឬ​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​នោះ ដំណោះស្រាយ​មួយ​សមរម្យ​ដែល​គួរ​ពិចារណា​គឺថា អាណាព្យាបាល​ខាង​ស្រី និង​ខាង​ប្រុស គួរតែ​ចេញថ្លៃ​បណ្ណាការ​ស្មើគ្នា​ដើម្បី​រៀបការ​ជូន​កូនប្រុស​ស្រី​របស់ខ្លួន៕

ថ្មី​ៗ
អត្ថបទ : ចំណារ

បុណ្យ​ស្រូវ និង​ចំបើង នៅ​សៀមរាប​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ​



​សៀមរាប​៖ បុណ្យ​ស្រូវ និង​ចំបើង លើក​ទី​២ ដែលជា​កិច្ចសហប្រតិបត្តិការ​រៀប​ចំ​ដោយ​កម្ពុជា និង​កូរ៉េ គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​បញ្ជាក់ថា គណៈកម្មការ​រៀបចំ​កំពុង​ជ្រើសរើស​ទីតាំង​២​កន្លែង​នៅក្នុង​ខេត្តសៀមរាប​សម្រាប់​រៀប​ចំ​ពិធី​ថ្មី​មួយ​នេះ​។​

បុណ្យ​ស្រូវ និង​ចំ​ប៉ើង ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន ចាត់ទុកថា​ជា​ផលិតផល​ថ្មី​មួយទៀត សម្រាប់​ខេត្តសៀមរាប​។ លោក​រដ្ឋមន្ត្រី​រំពឹងថា ពិធីបុណ្យ​នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​មក​ទស្សនា​ខេត្តសៀមរាប​។​

​តាម​គម្រោង បុណ្យ​ស្រូវ និង​ចំបើង គ្រោង​ធ្វើ​នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ​។ បុណ្យ​នេះ​នឹង​បង្ហាញ​ឲ្យ​ភ្ញៀវទេសចរ​ដឹងថា ក្រៅពី​ប្រាសាទ ខេត្តសៀមរាប​នៅមាន​វិស័យ​ជាច្រើន​ទៀត រួមមាន ក​សិ​-​ទេសចរណ៍ អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍​។​ល​។ ដែល​សុទ្ធសឹង​ជាទី​ពេញចិត្ត​សម្រាប់​ភ្ញៀវទេសចរ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី​ទេសចរណ៍​។​

​បុណ្យ​ស្រូវ និង​ចំ​ប៉ើង​លើក​ទី​១ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ កាលពីដើម​ខែមករា ឆ្នាំ​២០១៥​។ បុណ្យ​ស្រូវ​លើក​ទី​១ ក្រោម​ប្រធានបទ «​ស្រូវ ជីវិត វប្បធម៌ និង​ទេសចរណ៍​» បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន ជាពិសេស​ទេសចរ​ក្នុងស្រុក​។​

​គួរ​បញ្ជាក់ថា ក្នុង​បទ​សម្ភាស​ដល់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ប្រចាំត្រីមាស​រវាង​ក្រសួងទេសចរណ៍ និង​វិស័យ​ឯកជន​នៅ​ថ្ងៃទី​១២ ធ្នូ លោក ថោង ខុន បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​រយៈពេល​១០​ខែ​ចុងឆ្នាំ​២០១៦​នេះ ប្រទេស​កម្ពុជា​ទទួលបាន​តួលេខ​ភ្ញៀវទេសចរ​ជិត​៤​លាន​នាក់ ហើយ​រំពឹងថា នឹង​កើន​ដល់​ប្រមាណ​៥​លាន​នាក់​ក្នុង​រយៈពេល​២​ខែ​ទៀត​៕

ថ្មី​ៗ
អត្ថបទ : អ៊ីសា រ៉ហានី