ធ្លាយ​រឿងអាស្រូវ​ពុករលួយ​របស់​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​សង្គមកិច្ច​

ភ្នំពេញ: លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា បាន​រង​ការចោទប្រកាន់​ពី​មន្ត្រី​មួយចំនួន​ថា បាន​ប្រើ​អំណាច និង​ឥទ្ធិពល​របស់ខ្លួន​បញ្ចូល​កូន​ឈ្មោះ ឡុង ឈន់ ក្នុង​ក្របខណ្ឌ​ពិសេស​ជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​នៅ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​របស់​ក្រសួង​សង្គមកិច្ច​។
​ជាមួយនឹង​ការចោទប្រកាន់​នេះ មន្ត្រីរាជការ​ទាំងនោះ ក៏បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ពិនិត្យ​លើ​ករណីនេះ​ផង​។​

​យោងតាម​លិខិត​ដាក់ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ទទួលបាន បាន​ឲ្យ​ដឹងថា ក្រសួង ស្ថាប័ន មន្ត្រីរាជការ​ចូល​ក្របខណ្ឌ​រដ្ឋ​តាម​ការប្រឡង និង​ការបញ្ចូល​ពិសេស គឺ​ផ្អែកលើ​សមត្ថភាព​បុគ្គល ប៉ុន្តែ​លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញ វត្ថុ នៃ​ក្រសួង​សង្គមកិច្ច បាន​ប្រើ​ឥទ្ធិពល​និង​អំណាច​បញ្ចូល​កូនបង្កើត​ឈ្មោះ ឡុង ឈន់ ក្នុង​ក្របខណ្ឌ​ពិសេស​ដែល​កំពុង​សិក្សា​នៅក្រៅ​ប្រទេស​។

​យោងតាម​លិខិត​ស្នើសុំ​របស់​ក្រសួង​សង្គមកិច្ច និង​អតីតយុទ្ធជន និង​យុវនីតិសម្បទា ទិ​ស្តីការគណៈរដ្ឋមន្ត្រី ផ្តល់​ក្របខណ្ឌ​ពិសេស​ចំនួន ១៩​កន្លែង សម្រាប់​មន្ត្រីរាជការ​ជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច របស់​ក្រសួង​សង្គមកិច្ច ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ តទៅ​។
​ប៉ុន្តែ​ក្របខណ្ឌ​ពិសេស​ចំនួន​១៩​នាក់ អ្នកខ្លះ​មាន​សមត្ថភាព អ្នកខ្លះ​បក្ខពួក (​លុយ​) និង​អ្នកខ្លះ​កូន​អ្នកធំ មាន​ក្របខណ្ឌ ប៉ុន្តែ​គ្មាន​វត្ត​មាននៅ​វិទ្យាស្ថាន​ទេ​។ ជាក់ស្តែង​ឈ្មោះ ឡុង ឈន់ (​កើត​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៩៣) ជា​កូនបង្កើត​លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល​និង​ហរិញ្ញវត្ថុ (​ខ្នងបង្អែក​យ៉ាង​ធំ​នៅ​ក្រសួង​សង្គមកិច្ច​) ប្រើ​ឥទ្ធិពល​និង​អំណាច​បញ្ចូល​កូន​ក្នុង​ក្របខណ្ឌ​ពិសេស​ជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​នៅ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​។

​មន្ត្រី​នៅ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​បានបញ្ជាក់​ថា ឈ្មោះ ឡុង ឈន់ (​កូនបង្កើត​លោក​សួង ម៉េង​ឡុង​) គ្មាន​នៅក្នុង​ស្រុក​ខ្មែរ​ទេ គឺ​សិក្សា​នៅក្រៅ​ប្រទេស​។ បន្ទាប់ពី​មាន​ក្របខណ្ឌ​ជា​គ្រូបង្រៀន​មិនដែល​ឃើញ​មុខ​ទេ ប៉ុន្តែ​ដោយសារ​ខ្នងបង្អែក បក្ខពួក​អ្នកធំ ហើយ​ឪពុក​ប្រើ​ឥទ្ធិពល​និង​អំណាច គឺ​ក្រោយ​បញ្ចូល​ក្របខណ្ឌ បង្គាប់ការ​មក​ធ្វើ​ជំនួយការ​ផ្ទាល់​ឪពុក​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ប៉ុន្តែ​នៅ​សិក្សា​នៅក្រៅ​ប្រទេស គឺ​ខុស​ប្រកាស​ស្តីពី​ការបញ្ជូន​ក្របខណ្ឌ​មន្ត្រីរាជការ សម្រេច​ត្រង់​ប្រការ​២ ត្រូវ​ឆ្លង​កា​តើ​ការធ្វើ​កម្មសិក្សា​រយៈពេល​១២​ខែ​។

​នៅក្នុង​លិខិត​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា នៅក្នុង​ក្រសួង​សង្គមកិច្ច​កើតមាន​អំពើ​អយុត្តិធម៌ និង​បក្ខពួក​ពុករលួយ យ៉ាងខ្លាំង (​រៀបចំ​កូន ប្អូន និង​បក្ខពួក​ជាច្រើន​កន្លែង​សំខាន់ៗ ហើយ​ស៊ី​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា ជំនួយការ ទីប្រឹក្សា ថ្នាក់​ស្មើ​នាយកដ្ឋាន អគ្គនាយក និង​អនុរដ្ឋលេខាធិការ​ជាច្រើន​។

​ជាមួយគ្នានេះ មន្ត្រី​នៅ​ក្រសួង​សង្គមកិច្ច ក៏បាន​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ពិនិត្យ​ករណី​ឈ្មោះ ឡុង ឈន់ អ​អំពី​ការចូល​ក្របខណ្ឌ​ពិសេស ហើយ​អវត្តមាន​បំរើកា​រងារ និង​បក្ខពួក​ពុករលួយ ប្រើប្រាស់​ថវិកា​គ្មាន​តម្លាភាព​របស់​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា ផង​។​

​ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​មិនមាន​អ្នកទទួល​។​

​សូមជម្រាបថា ពាក់ព័ន្ធ​លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា គឺមាន​អាស្រូវ​ជាច្រើន​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ ដែល​នឹងត្រូវ​មន្ត្រីរាជការ​នៅក្នុង​ក្រសួង​លាតត្រដាង​ការពិត ដើម្បី​ឲ្យ​រដ្ឋមន្ត្រីក្រសួង និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានដឹង​ដើម្បី​ចាត់វិធានការ​ត​តាមច្បាប់​៕​

CEN
ដោយ: ឧ​ត្ត​ម​

No comments: