Showing posts with label កីឡា. Show all posts
Showing posts with label កីឡា. Show all posts

គោព្រៃ​កម្ពុជា ចេញទៅ​ជួប​ស្ទាំង​បៃតង​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទឹកដី​អារ៉ាប់​រួម អេ​មី​រ៉េត​



ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ចាក​ចេញពី​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ដើម្បី​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត​នា​ថ្ងៃទី​១៤ ខែមករា ខាងមុខ​។ ប៉ុន្តែ​មុន​ការចាកចេញ​ក្រុម​គោព្រៃ​កម្ពុជា បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​ក្នុងជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​កាលពី​ម្សិលមិញ​។​

គោព្រៃ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ២-០ នា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​កីឡដ្ឋាន RSN កាលពី​ថ្ងៃទី​១០ ខែមករា ម្សិលមិញ​។ នេះ​ជាការ​ប្រកួត​លើកដំបូង​របស់​ក្រុម​គោព្រៃ​កម្ពុជា​តាំងពី​ធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​កន្លងទៅ​។

​បន្ទាប់ពី​ជំនួប​កំដៅ​សាច់ដុំ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ចាក​ចេញពី​កម្ពុជា​នៅថ្ងៃនេះ ដើម្បី​ត្រៀម​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត (Green Falcons) នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត​នា​ថ្ងៃទី​១៤ ខែមករា​។ ក្រុម​ស្ទាំង​បៃតង​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ក្រុម​ខ្លាំង​មួយ​ដែល​បច្ចុប្បន្នកំពុង​ឈរ​ចំណាត់ថ្នាក់​ទី​៥៤​លើ​ពិភពលោក​។

​ជំនួប​មិត្តភាព​អន្តរជាតិ​នេះ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងការ​ដកស្រង់​បទពិសោធន៍​ដើម្បី​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​របស់ខ្លួន ដើម្បី​ត្រៀម​ប្រជែង​ការប្រកួត​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩​។ ហើយ​វា​ក៏​ជាការ​ពង្រឹង​ផងដែរ​សម្រាប់​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងការ​ប្រជែង​យក​កៅអី​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​។ នៅមុន​ប៉ះ​កម្ពុជា ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយ​ស្លូ​វេ​នី​។​

​ក្រុម​កីឡាករ​ជម្រើស​កម្ពុជា​ដែល​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា រួមមាន អ៊ុំ សេរី​រ័ត្ន​, ឆេង ម៉េង​, នេន សុធា​រ័ត្ន​, សឿ​យ វិសាល​, ណុប តុលា​, រស់ គង់​សំរេច​, កែវ សុខ​សិលា​, លី វ៉ា​ហេ​ទ​, អ៊ិន សូ​ដា​វីត​, ច្រឹង ពលរដ្ឋ​, ទិ​ត្យ ឌី​ណា​, សុះ ស៊ូ​ហា​ណា​, ហួយ ផល្លី​ន​, សុខ សំណាង​, សំអឿន ពិដោរ​, ឈិន ឈឿន​, រស់ សំអឿន​, សឿត បារាំង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កែវ សុខ​ផេង​, ឃួន ឡា​បូ​រ៉ាវី​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ស៊ុន វ៉ាន់​ដេ​ត និង លី មី​ហ្សា​ន​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា គណៈប្រតិភូកីឡាករ ទៅចូលរួមប្រកួតកីឡាទូកក្ដោងលើកទី៣៦ នៅប្រទេសសិង្ហបុរី



(ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទូកក្តោង របស់ប្រទេសសិង្ហបុរី សហព័ន្ធកីឡាទូកក្តោងកម្ពុជា​ បានបញ្ជូនគណៈប្រតិភូកីឡាករមួយ ដឹកនាំដោយលោក ថោង រដ្ឋស័ក្កិ អនុប្រធានសហព័ន្ធ ទៅចូលរួមប្រកូតកីឡាទូកក្តោង 36th Singapore Open Windsurfing Championship ដែលធ្វើឡើងនៅប្រទេស​សិង្ហបុរី ចាប់ពីថ្ងៃទី​១១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៧ខាងមុខនេះ ជាលក្ខណៈអន្តរជាតិ ដែលមានកីឡាករចូលរួមចំនួន​១០០រូប មកពីបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក​។

កីឡាករកម្ពុជា សហព័ន្ធបានបញ្ជូន​ទៅ២រូបនោះ ទី១៖ឈ្មោះ ហៀង ស៊ុនហេង ភេទប្រុស អាយុ​១៤ឆ្នាំ និងទី២៖ឈ្មោះ សូត្រ មេសា ភេទប្រុស អាយុ​១៤ឆ្នាំ ហើយនេះគឺជាលើកដំបូងរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលបានបញ្ជូនកីឡាករ ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ​។

ជាមួយគ្នានោះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏បានបញ្ជូនកីឡាករមួយរូបទៀតដែលមានឈ្មោះ ឌុច ប៊ុនធឿន ទៅចូលរួមប្រកួតទូកក្តោងប្រភេទ Laser 470 នៅប្រទេស​សិង្ហបុរី នោះផងដែ​។

សូមបញ្ជាក់ថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា ចាប់តាំងពីពេលកកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ រហូតពេលនេះមានអាយុត្រឹមតែ​១ឆ្នាំ​ ៤ខែតែប៉ុណ្ណោះ ប៉ុន្តែសហព័ន្ធទទួលបានលទ្ធផលល្អគួរឲ្យកត់សំគាល់​។ កន្លងមកសហព័ន្ធកីឡាទូកក្តោងកម្ពុជា ធ្លាប់បានបញ្ជូនកីឡាករទៅហ្វឹកហាត់ ផ្លាស់ប្តូរបទពិសោធន៍ជាមួយ​កីឡាករជម្រើសជាតិរបស់ ប្រទេសថៃនៅ ទីក្រុងប៉ាតាយា ប្រទេសថៃរយៈពេល២សប្តាហ៌ផងដែរ៕

Fresh News

Buriram ថៃ​បន្ត​គ្រង​ជើងឯក​ពានរង្វាន់ Toyota Mekong Club 2016



ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ Buriram United បាន​បន្ត​គ្រង​ជើងឯក​ពានរង្វាន់ Toyota Mekong Club Championship ប្រចាំឆ្នាំ​២០១៦ ក្រោយ​បំបាក់​ក្រុម​ម្ចាស់​ជើងឯក​របស់​ឡាវ Lanexang United ក្នុង​លទ្ធផល ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២ នៅ​កីឡដ្ឋាន Thammasat កាលពី​យប់​ថ្ងៃទី​៨ ខែមករា ម្សិលមិញ​។​

នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​នៅ​កីឡដ្ឋាន Thammasat កាលពី​ថ្ងៃទី​៨ ខែមករា ម្សិលមិញ កីឡាករ Diogo Luis Santo បា​នរក​គ្រាប់​បាល់​នាំមុខ​ដោយ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ក្រុម Buriram United នៅ​នាទី​៣៨ មុន​កីឡាករ Ko Seul Ki សម្រេច​គ្រាប់​ទី​២​ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​ក្រុម Lanexagn United ២-០ នៅ​នាទី​៥១​។

​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ Buriram United បន្ត​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ Toyota Mekong Club Championship ប្រចាំឆ្នាំ​២០១៦​។ រីឯ​ក្រុម​ជើងឯក​ឡាវ Lanexang United ក្រោយ​ឈ្នះ​(១-០) ១​ជើង និង​ចាញ់​(២-០) ១​ជើង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ក្រុម​ជើងឯក​រង បឹងកេត​អង្គរ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។

​សម្រាប់​ពានរង្វាន់ ក្រុម​ជើងឯក​ថៃ Buriram United ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៧៥,០០០​ដុល្លារ រី​ឯក​ក្រុម​ជើងឯក​រង​ឡាវ Lanexang United បាន​៥​ម៉ឺន​ដុល្លារ​។ ចំណែក​ក្រុម​លេខ​៣ បឹងកេត​អង្គរ ៣​ម៉ឺន​ដុល្លារ ខណៈ​លេខ​៤ មី​យ៉ាន់​ម៉ា ទទួលបាន​១៥,០០០​ដុល្លារ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

ផាន់ គ្រាន់ និយាយ​រឿង​​​ឡើង​ទម្ងន់​ខ្លាំង

កីឡាករជើង​ខ្លាំង​លោក ​​ផាន់ គ្រាន់ (សុខ ឆាយ)

ការប្រកួតដែលបានធ្វើឡើង​កាលពី​ថ្ងៃទី​៨ មករា ​គេ​​សម្គាល់​​​​​​​កីឡាករជើង​ខ្លាំង​លោក ​​ផាន់ គ្រាន់ មានការធ្លាក់​ដៃ​យ៉ាង​ខ្លាំង ដោយសារតែ​លោក​បណ្ដោយ​​ខ្លួនអោយ​​ឡើង​​គីឡូ​​​​​​​​​ខ្លាំង។ ​​នេះជាការប្រែប្រួល​​មួយដែលគួរអោយចាប់អារម្មណ៍ បន្ទាប់ពី​​​​ទម្ងន់​ខ្លួន​របស់ខ្លួន​​​បង្ក​​ផល​ប៉ះពាល់​​​​ដល់​​​សមត្ថភាព​ការ​ប្រកួត​​​​​​​​​​របស់ខ្លួន​​​​​​​​​​​​​​​ រហូត​ធ្វើអោយ​អ្នកគាំទ្រ​​​​​​ខកចិត្ត​ដដែលជាដដែល។

​​​​​​កីឡាករ ​ផាន់ គ្រាន់ សារភាព​​​​ក្រោយ​ប្រកួតចាញ់​កីឡាករថៃ​​ដោយ​ពិន្ទុ​នៅសង្វៀនទូរទស្សន៍​​​អាស៊ី​អាគ្នេយ៍​​​ថា​​ លោក​​ពិតជា​​ស្ទក់ដៃជើងនិង​​​​ឆាប់ហត់​ប្លែក បន្ទាប់ពី​លោក​បណ្ដោយ​​​ខ្លួនអោយ​ឡើង​គីឡូ​​​​​​​ខ្លាំងខុសពីមុន។ ​ការ​​​​​បណ្ដោយ​​​ខ្លួន​អោយ​​ឡើង​គីឡូខ្លាំង លោកថា​មានការ​ប៉ះពាល់​​​​​​ចំពោះ​សមត្ថភាព​​ប្រកួត​​​​​​​​​​ ​បន្ទាប់ពី​លោក​​ហ្វឹកហាត់មិន​បាន​​ជាប់លាប់ ដែល​ជា​ឥទ្ធិពល​បណ្ដាល​មកពីធាត់​បែកសាច់​និង​​ឡើង​ទម្ងន់ខ្លួន​រហូត​​ដល់​​​​ជាង​​៦៩គីឡូក្រាមនា​ពេល​នេះ។

​លោកថា​​​​ គីឡូដើម​របស់​លោក គឺ​ត្រឹមតែ​​​ជាង​​៥០គីឡូក្រាម​ប៉ុណ្ណោះ តែ​​ក្រោយមកលោកក៏​បាន​វិវត្តន៍​​ទៅ​ប្រកួត​ប្រភេទទម្ងន់​​​​៦៣​គីឡូក្រាម​​​​​ដើម្បីបានឡើង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់នៅ​លើ​សង្វៀនទូរទស្សន៍​ ជា​ពិសេស​ការ​ប្រកួត​ក្នុង​ប្រភេទទម្ងន់​​​៦៣,៥​គីឡូក្រាម។​​

​​​លោកថា​​ហេតុ​ផល​ក្នុង​ក្លឹប​​​​​​​​ដែលលោកហ្វឹកហាត់ មិនសូវមាន​ឧបករណ៍​ហ្វឹកហាត់ ក៏ជា​ហេតុធ្វើអោយ​លោកមិនសូវចង់ហ្វឹកហាត់​ផងដែរ ទើប​លោក​ចេះតែ​ប្រហែស​ខ្លួន​​​​បណ្ដោយ​​អោយធាត់​ ហើយ​បណ្ដាល​​អោយ​​ប៉ះពាល់​ដល់​​សមត្ថភាព​​​​ប្រកួត​ក្រោយពេល​បែកសាច់​។

​លោកថា​​​​​​​កីឡាករ​ប្រដាល់ ខុសពី​​​​អាជីព​ផ្សេង​​ទៀត​​ ពោលគឺអោយតែ​​​​​​​​​​​ភ្លាត់​​​ឡើង​ទម្ងន់​នោះ​ប៉ះពាល់​​ភ្លាម ដោយសារតែ​ពេល​បែកសាច់​​គឺ​សរសៃ​សសូង​មាន​ភាពស្ពឹកស្រពន់​​​​​លែង​សូវ​រស់រវើក។

​លោកថា​​​​បើទោះជា​បាន​​ប្រតិបត្តិ​សកម្មភាព​​ហ្វឹកហាត់ដូច​គ្នានឹងមុនពេលឡើ​ងរេញ​មុន​ៗ​ក៏​នៅតែ​​​​​​​មិនសូវ​រស់រវើក​ ដូច​មុនដែល​​​​លោក​​​មិនទាន់​បែកសាច់។

​​លោកថា​ហេតុផល​ផ្ទះឆ្ងាយពីក្លឹបដែល​លោក​ហ្វឹកហាត់ ក៏ជា​ហេតុ​ផលធ្វើឡើង​​លោកមិនសូវ​​​​​​​ចង់​​​​​​​ហ្វឹកហាត់ជាប់លាប់​ផងដែរ ទើប​​​គីឡូ​របស់លោក​​ចេះតែ​​​​​ឡើង​គីឡូក្រោយទប់​មិនជាប់។

​​​ក្នុង​នោះ​​បញ្ហា​​​​ផ្គូរ​ផ្គង​​​មិនសូវ​បានច្រើនដូចមុនក្នុង​មួយខែ​ៗ ក៏ជាមូលហេតុធ្វើអោយ​​លោក​​​​មិនសូវ​​​​​ប្រយ័ត្ន​​ប្រយែង​រឿង​​រក្សា​ទម្ងន់ខ្លួន។

លោកនិយាយថា៖ ​​«​​​​រយៈពេល​​​​មួយ​ឆ្នាំ​​ហ្នឹ​ង​ ក្លឹបដែលខ្ញុំ​​ហ្វឹកហាត់​​អត់សូវ​​មាន​អីហាត់ ហើយ​​​​​ផ្គូរ​ផ្គងក៏មិនសូវ​ច្រើន ទើប​​​ចេះតែ​​បណ្ដោយៗ​​​​​​ចឹងទៅ តែ​លូវ​​អត់​ទុកចឹង ​ព្រោះ​ប៉ះ​ពាល់ច្រើនណាស់​!»។

លោកសារភាព​ថា​ដៃជើង​​ចាប់​ផ្ដើម​​ស្ពឹកៗនិងមាន​​​​​​​​​​សភាពឆាប់​​ហត់ បន្ទាប់ពី​លោក​​​​​បណ្ដោយ​អោយឡើង​គីឡូក្នុងពេលហ្វឹកហាត់​មិនសូវ​ជាប់​លាប់ស្រប​គ្នា។

​លោកប្រកាស​ស្វែង​រកទីតាំង​ហ្វឹកហាត់​​នៅក្នុង​ក្លឹបដែល​ល្អជាង​​ក្លឹប​ចាស់ ដើម្បីកែ​ខៃ​​សមត្ថភាព​ចុះខ្សោយ​​អោយ​ផុត​ពីការ​​​រិះគន់ ​បន្ទាប់ពី​ការ​ប្រកួតនៅលើសង្វៀនកាលពីថ្ងៃទី​​​៨ មករា ​ទទួលបរាជ័យ។

​លោកនិយាយថា​៖ «ចាំមើល​​ខ្ញុំដូរ​ក្លឹប ​​ព្រោះក្លឹប​ខ្ញុំ​​​​​​​ហាត់​រាល់ថ្ងៃ​​​ខ្វះខាតសម្ភារៈ ទើបចេះតែ​ខ្ជិល!»។

​លោក​ប្រកាស​សម្រកទម្ងន់​អោយ​នៅ​​​​ត្រឹម​​៦៤​គីឡូក្រាម​ក្នុ​ង​ពេលខាង​មុខ ​​ដោយ​លោក​​បញ្ជាក់ថា​មិនអាច​បណ្ដាល​ទម្ងន់​​​ខ្លួន​នៅតែ​​​​​ធាត់​​បែបហ្នឹង​បានទេ។

​​​​​​​​​​​​យ៉ាងណា​​លោកក៏សម្ដែង​ក្ដីបារម្ភ​រឿង​សម្រក​ទម្ងន់​​មិន​បាន​​ដូចការគ្រោងទុក ដោយសារតែ​លោក​​យល់ថា​​​​​​​​​ក្នុងរយៈពេលចុង​ក្រោយ បើទោះជា​លោក​មិន​​​​​​​​សូវ​​ហូប​ច្រើននិង​មិនសូវ​ផឹក ​​​​ក៏នៅតែធាត់បែកសាច់​​។ ​លោក​និយាយថា​តាំង​ពី​​ធាត់​ខ្លាំង​មក ​ការប្រកួត​​លែង​មាន​លំនឹង​​ដូចមុនទៀត​ហើយ ជាពិសេស​នៅពេល​​​​​​​​​​​​ដៃជើង​​កក៏​​ស្ទក់​ ហើយ​​​​​នៅពេល​សម្រុកខ្លាំង​ក៏​​​​​ឆាប់ហត់ប្លែក​​​​​​​​​​​​​​​​​​​​​​ មិនខុស​ពី​​​បញ្ជា​ដៃជើ​​​​ង​លែង​សូវ​បាន។ ​

​​​យោង​តាមការប្រកួត​ដែល​បានធ្វើឡើង​​​កីឡាករ​​​​ ផាន់ គ្រាន់ ដែល​ជា​កីឡាករ​ល្បី​ម្នាក់​​​ត្រូវ​បាន​កីឡាករ​ថៃ​ឈ្មោះ​​Phath Say Fa ​វាយ​ត្រូវ​ខ្ចប់ៗ​ បើទោះជា​​​​​​កីឡាករ​កម្ពុជា​បញ្ចេញថ្វីដៃ​​​​មិនសូវ​​ទំនេរ។

លោ​ក ញាណ សុធី អ្នករៀបចំ​​​ព្រឹត្តិការ​ប្រដាល់​ប្រចាំនៅទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ​បាន​អះអាងថា​​ធៀប​នឹងការប្រកួតមុនៗ ​កីឡាករ​​ ​ផាន់ គ្រាន់ ធ្លាក់ដៃ​ខុស​ប្លែក ជា​ពិសេស​បន្ទាប់ពី​កីឡាករកម្ពុជា​រូប​នេះ​ឡើង​ទម្ងន់។ លោកថា​​​​កីឡាករ ​ផាន់ គ្រាន់ ​ធ្លាប់តែ​ប្រកួតក្នុង​ប្រភេទ​ទម្ងន់​​​ក្រោម​​​​​​៦៥​គីឡូក្រាម ចឹង​ហើយទើប​​ក្រោយពេល​​ឡើង​ប្រកួត​​​​ក្នុងប្រភេទ​​​​៦៩​គីឡូក្រាម ​ទើប​​មានការប្រែប្រួល​​​​សមត្ថភាព​​។

​លោក​ថាការប្រកួត​របស់ ផាន់ គ្រាន់ ​​​​​​​​ចាប់​ផ្ដើម​បាត់ភាពទាក់ទាញ ដោយ​​​លោក​ប្រកាស​ថា​​​​តាំង​ពី​​​​​​​​​​ទូរទស្សន៍អាស៊ីអាគ្នេយ៍​​​ប៉ុន្មានលើកចុង​ក្រោយ គឺ​​​​​​​ចាញ់​ច្រើនជាង​ឈ្នះ។ ​លោក​​​​​បាន​ថ្លែងថា ​​​​​លោក​​​កំណត់​អោយ ​ផាន់ គ្រាន់ សម្រកទម្ងន់ ​ដ្បិតថា​​បើ​​​​​​លោកនៅតែ​​​​​​​​ទុក​​​ខ្លួនអោយធាត់បែប​​នោះ គឺគណៈកម្មការ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍នឹង​​ផ្អាក​ផ្គូរផ្គង​​អោយ​​​លោកឡើង​ប្រកួត។

លោកនិយាយ​ថា​​​៖ «​ផាន់​ គ្រាន់​ ប្រកួត​អត់​ល្អ​សោះតាំង​ឡើងគីឡូ តែ​មុនខ្ញុំ​​អោយ​​​​​ស្រកចឹង បើនៅតែ​ចឹង​​​​​អត់​ផ្គូរផ្គង​​ទេ ​​​​ខ្ញុំអោយសម្រក​ព្រោះ​ស្ដាយ​​​វា​​វ៉ៃ​ល្អ!»។ ​​​

កីឡាក​រ​ ផាន់ គ្រាន់ ​ក៏​បាន​​បង្ហាញ​ជំហរសម្រកទម្ងន់​អោយខាន​តែ​បាន ដោយសារតែ​​​​​លោកក៏មិនចង់​​បាត់បង់​អាជីព​​​ប្រដាល់​​ដោយសារឡើង​គីឡូនោះដែរ៕

VOD
ដោយ លោក សុខ ឆាយ

ក្រុមកីឡា​ករ​អត្តពលកម្ម ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងទ័ព​



ក្រោយ​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នៅ​ថ្ងៃទី​៨ ខែមករា ក្រុម​កីឡាករ​អត្តពលកម្ម​បានក្លាយ​ជា​ម្ចាស់​ជើងឯក​លើ​ប្រភេទ​វិញ្ញាសា​ទី​២(​សម្រាប់​មហាជន​) ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០១៧ ដែល​ធ្វើឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​៣៨​នៃ​ជ័យជម្នះ​៧​មករា​។ ចំណែក​ក្រុម​កីឡាករ​មកពី​នាយ​ទា​ហ៊ាន​សកម្ម​ជា​ម្ចាស់​ជើងឯក​លើ​ប្រភេទ​វិញ្ញាសា​ទី​១(​សម្រាប់​កងទ័ព​)​។

ក្រុម​កីឡាករ​អត្តពលកម្ម​បានក្លាយ​ជា​ម្ចាស់​ជើ​ឯ​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០១៧ លើ​វិញ្ញាសា​ប្រភេទ​ទី​២(​សម្រាប់​មហាជន​) គឺ​រត់​កុម្មង់​ដូ ៣ គីឡូម៉ែត្រ​, សែង​ហ្វ្រ​ង់​កា ទម្ងន់​៥០​គីឡូក្រាម​រត់​ចម្ងាយ​១​គីឡូម៉ែត្រ និង​ឆ្លង​ឧបសគ្គ​។ រីឯ​ក្រុម​គុ​រ​សិស្ស​ក្លាហាន​១​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​លេខ​៣​បាន​ទៅ​ក្រុមសាមគ្គី​០០១(NDU)​។

កីឡាការិនី ហេង ម៉ី​ជូ សមាជិក​ម្នាក់​ក្នុងចំណោម​២០​នាក់​របស់​ក្រុម​អត្តពលកម្ម​បានបញ្ជាក់​ថា ខ្លួន​និង​សមាជិក​ក្រុម​ទាំងអស់​បាន​សម្តែង​ការអបអរ​ចំពោះ​លទ្ធផល និង​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បាន​ចូលរួម​ប្រកួត​កីឡា​កងទ័ព​។ ហើយ នាង បាន​បញ្ជាក់ថា ការប្រកួត​នេះ​មានការ​លំបាក​ជាង​ការប្រកួត​ដែល​រូបគេ​បាន​ឆ្លងកាត់​នាពេល​កន្លងមក​។​

​ទោះបី​ការប្រកួត​នេះ​មាន​ស្ថានភាព​លំបាក ប៉ុន្តែ​កីឡាការិនី ហេង ម៉ី​ជូ យល់ថា វា​ជា​ព្រឹត្តិការណ៍​ប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព ព្រោះ​កីឡាករ​ទទួលបាន​បទ​ពិសោធន៍ និង​បច្ចេកទេស​ល្អៗ ជាពិសេស​សាមគ្គីភាព​។ ម្យ៉ាងទៀត វា​ធ្វើ​ឲ្យ​កីឡាករ​មាន​ភាព​អំណត់ តស៊ូ និង​ចេះ​អត់ធ្មត់ ហើយ​ពួកគេ​បាន​បញ្ចេញ​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​មួយ​នេះ​។

ចំណែក​ក្រុម​នាយ​ទា​ហ៊ាន​សកម្ម​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ប្រភេទ​ទី​១(​សម្រាប់​កងទ័ព​) គឺ​រត់​កម្មង់​ដូ​៤​គីឡូម៉ែត្រ សែង​ហ្វ្រ​ង់​កា​ទម្ងន់​៥០​គីឡូក្រាម​រត់​ចម្ងាយ​១,៥​គីឡូម៉ែត្រ និង​ឆ្លង​ឧបសគ្គ​។ រីឯ​ក្រុម​កងពលតូច​ពិសេស​ឆ័​ត្រ​យោង​៩១១​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​លេខ​៣​បាន​ទៅ​ក្រុម​កងពលតូច​កា​ពារ​ឆ្នេរ​កោះ​៣១​។​

​គួរ​បញ្ជាក់ថា ក្រោយ​ប្រកួត​អស់​រយៈពេល​ជិត​មួយថ្ងៃ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដែល​ធ្វើឡើង​ដើម្បី​អបអរ​ទិវា​ជ័យជម្នះ​៧​មករា បានបញ្ចប់​យ៉ាង​ជោគជ័យ​នៅ​ថ្ងៃរសៀល​ថ្ងៃទី​៨ ខែមករា នេះ​។ ព្រឹត្តិការណ៍​មាន​មាន​ចូលរួម​ចំនួន​៣៤​ក្រុម ដែលមាន​អត្ត​ព​លិ​ក​ប្រមាណ​ជាជាង​៦​នាក់ ដែល​មកពី​តាម​បណ្តា​អង្គការ ក្រុមហ៊ុន ស្ថាន​ប័ន និង​អង្គភាព​ផ្សេងៗ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ជា​ផ្លូវការ



ភ្នំពេញ ​៖​ រហូតមកដល់​ម៉ោង​៨ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៧​នេះ ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ បាន​ចាប់ផ្តើម​ក្រោម​អធិបតីភាព​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​។​

មានមតិ​ចូលរួម​ក្នុង​ពិធី​នោះ លោក​ថោង ខុន បាន​លើកឡើងថា សកម្មភាព​នៃ​ការ​ប្រកួត​នេះ គឺ​ដើម្បី​សុខសន្តិភាព​របស់​ប្រជាជន និង​បុព្វហេតុ​ជាតិ។ តាម​លោក ថោង ខុន បើ​គ្មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​អង់អាច​ក្លាហាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ពិតជា​មិនអាច​យកជ័យ​ជម្នះ​លើ​ពួក​ប៉ុល ពត​បានឡើយ ហើយ​បើ​គ្មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកប​ដោយ​ឆន្ទៈ​មោះមុត អង់អាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ និង​គ្មាន​ពលកម្ម​ដ៏​ធំធេង​របស់​អតីត​យុទ្ធជន​ទេ ពិតជា​មិន​អាច​យកជ័យ​ជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ពុំ​អាច​មាន​ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​យើង​ទាំងអស់​គ្នា​ផង​ដែរ។ លោក​បាន​បន្ត​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ និង​ឈ្លាសវៃ​ប្រកបដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​កម្ពុជា​រស់នៅក្នុង​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​កីឡា ត្រូវបាន​រាជរដ្ឋាភិបាល ពិសេស​សម្តេច​នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ជំរុញ និង​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​មានការ​រីកចម្រើន មានការ​ទាក់ទាញ​គាំទ្រ​ពី​យុវជន ពី​មហាជន​យ៉ាង​ផុលផុស និង​តែងតែ​ដណ្តើម​បាន​ជយលាភី​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។​

លោក​ថោង ខុន បាន​បញ្ជាក់​ថា លទ្ធផល និង​សមិទ្ធផល​ដ៏​ធំធេង​លើ​វិស័យ​កីឡា​ជាតិ​នេះ​ ទើប​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ បាន​វាយតម្លៃ​យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​សម្រេច​ប្រគល់​ពានរង្វាន់​ខ្ពស់​បំផុត​របស់​ប្រធាន​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀ នៅ​វិមាន​សន្តិភាព ហើយ​ក្នុងនាម​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏ដូចជា​មហា​គ្រួសារ​មាន​មោទនភាព​ណាស់ ចំពោះ​ពានរង្វាន់​ដ៏​ឧត្ដុង្គឧត្ដម​នេះ​។​

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី​១ ក្រុម​ទាហាន​មាន​១៣​ក្រុម​(​ឯកសណ្ឋាន​ប្រយុទ្ធ​ប៉ា​រ៉ា និង​មួក​ដែក​) និង​ក្រុម​មហាជន មាន​៧​ក្រុម (​ឯកសណ្ឋាន​កីឡា​ដៃ​វែង​) និង​មាន​សាក់​ដាដូ​៥​គីឡូក្រាម​។ ការប្រកួត​នេះ​រត់​លក្ខណៈ​ជា​ក្រុម​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​។​ ប្រភេទ​ទី​២ ក្រុម​ទាហាន​មាន​២​ក្រុម និង​ក្រុម​មហាជន​មាន​១២​ក្រុម៕

កម្ពុជា​​ថ្មី
កោះ​កែវ​

ក្រុម​បាល់ទះ​ជើង​ខ្លាំង​ចំនួន​៦​នឹង​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧



ក្រុម​បាល់ទះ​ជើង​ខ្លាំង​ចំនួន​៦ នឹងធ្វើ​ការប្រកួតប្រជែង​គ្នាដ​ណើ្ត​ម​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​៨ ខែមករា ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧​។ ក្រុម​ទាំងនេះ​នឹង​ប្រកួតប្រជែង​គ្នា​នៅលើ​ទីលាន​៥​ផ្សេងគ្នា ហើយ​ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​ជម្រុះ​វិលជុំ​។​

ក្រុម​បាល់ទះ​ជើង​ខ្លាំង​ចំនួន​៦​ប្រចាំ​កម្ពុជា​រួមមាន​ក្រុម​វិសាខា​, កងពលធំ​អន្តរាគមន៍​លេខ​៣, ខេត្តកំពង់ចាម​, ក្រសួងមហាផ្ទៃ​, ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស នឹងធ្វើ​ការប្រកួតប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ (The 1st Cambodia Beer Volleyball League 2017)​។​

កា​ប្រកួត​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ខែមករា ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ នឹងធ្វើ​ឡើង​តាម​រូបមន្ត​ប្រកួត​ជម្រុះ​វិលជុំ ដោយ​ក្រុម​នីមួយៗ​ត្រូវ​ជួបគ្នា​ម្នាក់​មួយ​ម្តង និង​ធ្វើជា​ម្ចាស់ផ្ទះ​ម្នាក់​ម្តង​ផងដែរ​។ ក្នុងនោះ​ដោយ​ចាប់ផ្តើម​ពី​ខេ​ខេត្តព្រៃវែង បន្ទាប់មក​ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។ ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​វគ្គ​នេះ នឹង​ឡើងមក​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ពាក់ពាន់​ទៅនឹង​ប្រាក់រង្វាន់​ក្រុម​ជើងឯក​ទទួលបាន​៥​ពាន់​ដុល្លារ​, លេខ​២​បាន​៣​ពាន់​ដុល្លារ​, លេខ​៣​បាន​២​ពាន់​ដុល្លារ និង​លេខ​៤​បាន​១​ពាន់​ដុល្លារ ហើយ​ក្រៅពីនេះ​ក៏មាន​រង្វាន់​សម្រាប់​ក្រុម Fair Play និង​កីឡាករ​លេង​បានល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

អាជ្ញាធរខេត្តកែប រៀបចំពិធីប្រណាំងទូក ដែលមានអ្នកចូលរួមប្រមាណជិត១ម៉ឺននាក់



(កែប)៖ អាជ្ញាធរខេត្តកែប នៅព្រឹកថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៦នេះ បាននឹងកំពុងរៀបចំពិធីប្រណាំងទូក ដែលមានអ្នកចូលរួមប្រមាណជិត១ម៉ឺននាក់។

លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានប្រាប់ឲ្យដឹងថា ការរៀបចំប្រណាំងទូកនេះ មានទូកចូលរួម៣៦គូរ ក្នុងនោះទូករបស់ស្នងការដ្ឋាននគរបាលខេត្ត មាន២គូរផងដែរ ហើយការប្រណាំងទូកនេះ គឺដើម្បីអបអរសាទរ​ការឆ្លងឆ្នាំចាស់ចូលថ្មី។

ជាមួយនឹងការប្រណាំងទូក និងការកម្សាន្ដផ្សេងៗ កម្លាំងនគរបាល​បានប្រមូលផ្ដុំជាច្រើននាក់ ដើម្បីត្រៀមលក្ខណៈការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលមកកម្សាន្ដសប្បាយផងដែរ៕

Fresh News

លទ្ធផល​ពី​ជំនួប​របស់​កីឡាករ​បាល់ទាត់ KEISUKE HONDA ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន



នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦​ខែធ្នូ ឆ្នាំ​២០១៦ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ជនជាតិ​ជប៉ុន​គឺ Keisuke Honda ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​រដ្ឋសភា។

​ក្រោយ​ជំនួប​នេះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់​សម្តេច​តេ​ជោ បាន​បង្ហោះ​សង្ខេប​ពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​ដូចតទៅ «​កីឡាករ ជប៉ុន Keisuke Honda បាន​ជម្រាប​សម្ដេច​តេ​ជោ ហ៊ុន សែន អំពី​បំណង​ចង់​មក​ជួយ​យុវជន​កម្ពុជា ក្នុង​វិស័យ​កីឡាបាល់ទាត់​។ ភាព​ជោគជ័យ​ដែល​លោក​ទទួល​បាន​រហូត​មក​ដល់​ថ្ងៃនេះ​ គឺ​ បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ហាត់រៀន ព្រោះ​លោក​ធ្លាប់​មាន​សុ​បិ​ន្ត​គិត​ថា ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ​ម្នាក់​។ បទពិសោធន៍ និង​កេរ្តិ៍ឈ្មោះ​ដែល​លោក​ទទួលបាន​មកដល់​ថ្ងៃនេះ គឺ​លោក​ចង់​ប្រាប់​និង​ផ្ទេរ​ទៅ​ឲ្យ​យុវជន​កម្ពុជា ដែល​មាន​សុ​បិ​ន្ត​ដូច​រូបលោក​ដែរ គឺ​ដើម្បី​យុវជន​កម្ពុជា ទទួល​បាន​ជោគជ័យ​ដូច​រូបលោក​ផងដែរ​»។

ប្រភព​បាន​ស្រង់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ថា «​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​នូវ​បំណង​ល្អ​របស់ លោក ហុងដា (Honda) និង​បាន​ជម្រាប​ជូន​លោក​ផង​ដែរ​ថា បាល់ទាត់​មិន​សំដៅ​ដល់​ប្រទេស​តូច ឬ​ធំ​នោះ​ទេ សំខាន់​គឺ​ជំនឿ​ទុកចិត្ត តស៊ូ និង​ការហ្វឹកហាត់​។ កត្តា​សំខាន់​បំផុត​នោះ គឺ​ជា​មហិច្ឆតា​របស់​យុវជន​ម្នាក់ៗ​។ សម្ដេច​តេ​ជោ ចង់បាន​យុវជន​ទទួលយក​នូវ​បទពិសោធន៍​ពី កីឡាបាល់ទាត់​ជប៉ុន ដ៏​ល្បី​ម្នាក់​នេះ គឺ​ធ្វើ​យ៉ាង​ណា ដើម្បី​ប្រែក្លាយ​សុ​បិ​ន្ត​របស់​ពួកគេ ឲ្យ​ក្លាយ​ទៅជា​ការពិត​ដូច​រូបលោក​»។

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សង្កត់ធ្ងន់​ថា «​សម្ដេច​តេ​ជោ បាន​ស្នើ​ឲ្យ​លោក​ហុងដា ចូលរួម​ផ្សព្វផ្សាយ​ទាក់ទាញ​យុវជន​កម្ពុជា ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង និង​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​»​។ លោក ហុងដា សប្បាយចិត្ត​ចំពោះ​សកម្មភាព​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​។ លោកថា ​នេះ​គឺជា​មោទនភាព​របស់​លោក​ដែល​សម្តេច​តេ​ជោ បាន​ផ្តល់​ជូន​លោក លោក​នឹង​ព្យាយាម​និយាយ​ភាសា​ខ្មែរ​ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ដ៏​មាន​សារៈសំខាន់​ទាំងនេះ។

កីឡាករ Keisuke Honda បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅ​ក្នុង​ក្លិប Nagoya Grampus ក្នុងប្រទេស​កំណើត​រប​ស់​ខ្លួន​ចាប់ពី​ឆ្នាំ ២០០៤ ដល់​២០០៧ ស្រប​ពេល​នៅ​ឆ្នាំ​២០០៧ ដល់​២០០៩ ផ្លាស់​ទៅលេង​ក្នុង​ក្លិប VVV-Venlo ក្នុង​ប្រទេស​ហុ​ល្លង់ ហើយ នៅ​ឆ្នាំ ២០០៩ ដល់ ២០១៣ បាន​ផ្លាស់​ទៅកាន់​ក្លិប CSKA Moscow របស់​ប្រទេស​រុស្សី មុន​ផ្លាស់​ទៅកាន់ AC Milan របស់​អ៊ីតាលី នៅ​ចាប់ពី​ឆ្នាំ ២០១៤ ដល់​បច្ចុប្បន្ន​។

បើ​និយាយ​ពី​ក្នុង​ឈុត​ជម្រើស​ជាតិ​វិញ Honda បាន​ជាប់​ក្នុង​ឈុត​អាយុ​ក្រោម​២០ ឆ្នាំ (U-20) កាលពី​ឆ្នាំ​២០០៥ ហើយ​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០០៨ បាន​ចូលរួម​ជាមួយ​ក្រុម U-23 ជប៉ុន និង​ចាប់ពី​ឆ្នាំ ២០០៨ ដល់​បច្ចុប្បន្ន ជាប់​ក្នុង​ជម្រើស​ជាតិ​ជប៉ុន​ឈុត​ធំ​។ ក្នុង​នោះ​គេ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ឯកត្តជន​ជាច្រើន​ផង​ដែរ។

គោលបំណង​ធ្វើដំណើរ​មក​កម្ពុជា របស់​កីឡាករ​រូប​នេះ​មាន​ច្រើន ហើយ​មួយ​ផ្នែក​សំខាន់​គឺ​រៀបចំ​ព្រឹត្តិការណ៍ «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP នៅ​ប្រទេស​កម្ពុជា​គាំទ្រ​ដោយ TATERU» ដោយមាន​ការ​បង្ហាត់បង្ហាញ់​បាល់ទាត់​ដល់​ក្មេងៗ​ចំនួន ១០០ នាក់​ដោយ​មិន​គិត​ថ្លៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​ម៉ោង ២និង០០នាទី ដល់​ម៉ោង ៤និង០០ រសៀល ក្នុង​ថ្ងៃ​ច័ន្ទ ទី​២៦ ខែធ្នូ៕

កម្ពុជា​ថ្មី
ម៉េង ហួរ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកីឡាករ HONDA ចូលរួម​ផ្សព្វផ្សាយ​ទាក់ទាញ​យុវជនកម្ពុជា ឲ្យចូលរួម​ក្នុងវិស័យ​កីឡា​កាន់តែច្រើន​



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យកីឡាករល្បីលំដាប់ពិភពលោក Keisuke HONDA ចូលរួមបង្ហាត់បង្រៀន និងផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជា ឲ្យចូលរួមក្នុងវិស័យកីឡាបាល់ទាត់កាន់តែច្រើនឡើងបន្ថែមទៀត ស្របពេលបាល់ទាត់ ជាកីឡាដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្នទូទាំងសកលលោក។

ការស្នើសុំនេះដែរ ត្រូវបានធ្វើឡើង ស្របពេលដែលប្រមុខដឹកនាំនៃកម្ពុជា បានអនុញ្ញាតឲ្យកីឡាករជម្រើសជាតិជប៉ុន HONDA និងកំពុងប្រកបអាជីពក្នុងក្លឹប AC Milan របស់ប្រទេសអ៊ីតាលីចូលជួបសំដែងការគួរសម និងសំណេះសំណាលនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

កីឡាករជប៉ុន Keisuke HONDA វ័យ៣០ឆ្នាំ បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិនគិតថា ចង់ក្លាយជាកីឡាករ បាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិ៍ឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់ និងផ្ទេរទៅឲ្យយុវជនកម្ពុជា ដែលមានសុបិន ដូចរូបលោកដែរ គឺដើម្បីឲ្យយុវជនកម្ពុជា ទទួលបានជោគជ័យដូចរូបលោកផងដែរ។

លោកថា នេះគឺជាមោទនភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរ ដើម្បីចូលរួមក្នុងការផ្សព្យផ្សាយ ដ៏មានសារៈសំខាន់ទាំងនេះ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវបំណងល្អរបស់លោក ហុងដា និងបានជម្រាបជូនលោកផងដែរថា បាល់ទាត់មិនសំដៅដល់ប្រទេសតូច ឬធំនោះទេ សំខាន់គឺជំនឿទុកចិត្ត តស៊ូ និងការហ្វឹកហាត់។ កត្តាសំខាន់បំផុតនោះ គឺជាមហិច្ឆតារបស់យុវជនម្នាក់ៗ។ សម្ដេចតេជោ ចង់បានយុវជនទទួលយកនូវបទពិសោធន៍ពី កីឡាបាល់ទាត់ជប៉ុនដ៏ល្បីម្នាក់នេះ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយសុបិនរបស់ពួកគេ ឲ្យក្លាយទៅជាការពិតដូចរូបលោក។

ទន្ទឹមនឹងនោះ សម្ដេចតេជោ បានស្នើឲ្យលោកហុងដាចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជាឲ្យចូលរួមក្នុងវិស័យកីឡាឲ្យបានកាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ លោក ហុងដា សប្បាយចិត្តចំពោះសកម្មភាព ចូលរួមជំរុញការអភិវឌ្ឍសង្គមនៅកម្ពុជា៕

Fresh News

កីឡា​៩​ប្រភេទ​នឹង​បង្ហាញខ្លួន​នៅក្នុង​បុណ្យ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ឆ្នាំនេះ​



កីឡា​វប្បធម៌ និង​កម្សាន្ត​ចំនួន​៩​ប្រភេទ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ដាក់​ឲ្យ​ចូលរួម​ប្រកួតប្រជែង​រយៈពេល​៣​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែធ្នូ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ប្រចាំឆ្នាំ​២០១៦​។ កីឡា​ទាំង​៩​ប្រភេទ​នេះ​នឹងធ្វើ​ការប្រកួតប្រជែង​ទៅតាម​ពេលវេលា និង​ទីតាំង​ឆ្នេរ​ផ្សេងៗ​គ្នា​។

ពិធីបុណ្យ​សមុទ្រ​ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែលមាន​លក្ខណៈ​បែប​ទេសចរណ៍​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣-២៥ ខែធ្នូ ឆ្នាំ​២០១៦​។ ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥​នៅ​ឆ្នាំនេះ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​នេះ​បានសម្រេច​ដាក់​កីឡា​ប្រពៃណី និង​កម្សាន្ត​ចំនួន​៩​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួតប្រជែង ដើម្បី​ឲ្យ​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ទស្សនា​កម្សាន្ត ក៏ដូចជា​ចូលរួម​ប្រកួតប្រជែង​ផងដែរ​។

​កីឡា​ទាំង​៩​ប្រភេទ​នោះ​រួមមាន រត់ប្រណាំង​(៥-១០​គីឡូម៉ែត្រ​), បាល់ទះ​ឆ្នេរ​ខ្សាច់​, បាល់ទាត់​ឆ្នេរ​ខ្សាច់​, ប្រណាំង​កង់​វិលជុំ​(១០-៤០​គីឡូម៉ែត្រ​), ប្រណាំង​ម៉ូ​តួ​ទឹក​, ទូកក្តោង​, កីឡា​ហោះហើរ​, ប្រដាល់​គុន​ខ្មែរ​(​ប្រដាល់សេរី​, ល្បុក្កតោ​) និង​កីឡា​សម្តែង​(​ល្បុក្កតោ​,​ចំបាប់​, តេ​ក្វាន់​ដូ WTF, Jui Jitsu)​។

​កីឡា​បែប​ប្រពៃណី និង​កម្សាន្ត​ទាំង​៩​ប្រភេទ​នេះ​នឹងធ្វើ​ការប្រកួតប្រជែង​ទៅតាម​ពេលវេលា និង​ទីតាំង​ផ្សេងៗ​គ្នា ក្នុងនោះ បាល់ទះ​ឆ្នេរ​ខ្សាច់​, បាល់ទាត់​ឆ្នេរ​ខ្សាច់ និង​កីឡា​ហោះហើរ ធ្វើ​នៅ​ឆ្នេរ​អូ​ឈើទាល​។ រីឯ​រត់ប្រណាំង និង​ប្រណាំង​កង់ ធ្វើ​នៅ​ឆ្នេរ​អូ​ឈើទាល​មុខ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ខណៈ​ការប្រណាំង​ម៉ូតូ​ទឹក​, ទូកក្តោង និង​ប្រដាល់​គុន​ខ្មែរ​ធ្វើ​នៅ​ឆ្នេរ​ឯករាជ​។

​ចំណែក​កីឡា​សម្តែង​រួមមាន​ល្បុក្កតោ ចំបាប់ តេ​ក្វាន់​ដូ WTF និង​កីឡា Jui Jitsu ធ្វើឡើង​នៅលើ​ទីលាន​ពីរ​ផ្សេងគ្នា​គឺ​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​អូ​ឈើទាល​។ ក្រៅពី​ការប្រកួត និង​សម្តែង​កីឡា​ទាំង​៩​ប្រភេទ​នេះ ក៏មាន​ការ​ដង្ហែ​ក្បួនព្យុហយាត្រា​ផែន​កីឡា ល្បុក្កតោ ចំបាប់ ប្រដាល់​គុន​ខ្មែរ បាល់ទាត់ បាល់ទះ Skate Board ប្រណាំង​កង់ និង​កីឡា​ទូកក្តោង ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

តេ​ក្វាន់​ដូ ITF រំពឹង​ឈ្នះ​មេដាយ​ច្រើន​បើ​មាន​វត្តមាន​ក្នុង​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​



ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​កីឡា​តេ​ក្វាន់​ដូ ITF សុទ្ធតែ​មានគំនិត​សុទិដ្ឋិនិយម​ថា ប្រសិនបើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF អាចមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​(SEA Games)​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​អាច​ដណ្តើម​មេដាយ​បាន​ច្រើន​ពី​ព្រឹត្តិការណ៍​នេះ​ជូន​ជាតិ​កម្ពុជា​។ ការរំពឹង​ខ្ពស់​បែបនេះ បន្ទាប់ពី​តេ​ក្វាន់​ដូ ITF កម្ពុជា​ដណ្តើមបាន​មេដាយ​ចំនួន​៥២(​មាស​៣១,​ប្រាក់​១០,​សំរឹទ្ធ​១១) ពី​ការធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍​។​

ក្រោយពី​ដណ្តើមបាន​មេដាយមាស​៣១ ប្រាក់​១០ និង​សំរឹទ្ធ​១១ ពី​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាករ​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១(1st Junior & Senior Southeast Asian Taekwon-Do ITF Championship) ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​១៤ ខែធ្នូ​។ លទ្ធផល​ដ៏​ធំធេង​នេះ បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​ក៏ដូចជា​កីឡាករ​មាន​ជំនឿ​ចិត្ត​ថា ប្រសិនបើ​ប្រភេទ​កីឡា​នេះ​អាចមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កម្ពុជា​នឹង​អាច​ទទួលបាន​មេដាយ​ច្រើន​ពី​ប្រភេទ​កីឡា​មួយ​នេះ​។

​ជាមួយគ្នានេះ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក បួន ហ៊ីង​សុធី​យ៉ា បាន​បញ្ជាក់ថា ប្រសិនបើ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ដាក់​ប្រភេទ​កីឡា​នេះ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​(SEA Games)​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នោះ​កម្ពុជា​នឹង​អាច​មានឱកាស​ច្រើន​ក្នុង​ការទទួល​មេដាយ​។ ព្រោះ​ប​ច្ចុ​ប្ប ITF កម្ពុជា​មានការ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ ជាពិសេស​មាន​ថ្នាល​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​ទេពកោសល្យ​។

អគ្គលេខាធិការ​រូបនេះ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​យើង​មានឱកាស​ចូលក្នុង​ស៊ី​ហ្គេម​មែន យើង​អាចមាន​លទ្ធភាព​ច្រើន​ក្នុង​ការទទួល​មេដាយ​។ ហេតុផល​ទី​១​យើង​បានរៀបចំ​បានល្អ មាន​ថ្នាល មាន​អ្នក​បន្តវេន ហើយ​កីឡាករ​កម្ពុជា​យើង​ភាគច្រើន​ពោរពេញ​ទៅដោយ​ទេពកោសល្យ និង​កាយ​សប្ប​ទា​ល្អ​។ យើង​ខ្វះ​តែ​ឱកាស​នោះទេ ប្រសិន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​អាច​បញ្ចូល​យើង​បាន យើង​សន្យាថា​នឹងធ្វើ​ឲ្យ​បានល្អ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។

​មិន​ខុសគ្នា​ពី​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​នោះឡើយ កីឡាករ ប៉ាល់ ជី​វ័​ន្ត និង​ជា​គ្រូបង្វឹក​ផង​នោះ ក៏បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ផងដែរ​ថា ប្រសិនបើ​តេ​ក្វាន់​ដូ ITF បាន​ចូលក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លោក​រំពឹងថា ក្រុម​កីឡាករ​កម្ពុជា​នឹងធ្វើ​កាន់តែ​ល្អ​ជាង​ការធ្វើជា​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍​។ លើសពីនេះ កម្ពុជា​រំពឹង​ទទួលបាន​ជោគជ័យ​ច្រើន​ពី​ប្រភេទ​កីឡា​នេះ ព្រោះ​ក្នុង​តំបន់​អាស៊ាន​មានតែ​វៀតណាម និង​ម៉ាឡេស៊ី​ប៉ុណ្ណោះ​ដែលមាន​សមត្ថភាព​ប្រហាក់ប្រហែល​កម្ពុជា​។

«​ប្រសិនបើ​កីឡា​នេះ​(​តេ​ក្វាន់​ដូ ITF)​បាន​ចូលក្នុង​ស៊ី​ហ្គេម​វិញ ខ្ញុំ​ជឿជាក់ថា យើង​ធ្វើ​រឹតតែ​ល្អ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​(SEA Games) ព្រោះ​អី​កីឡា​យើង​គ្រាន់តែ​ធ្វើ​លើក​នេះ​(​តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ីអាគ្នេយ៍​) យើង​ទទួលបាន​មេដាយ​ច្រើន ប៉ុន្តែ​លើក​ក្រោយៗ​ទៀត​អាច​នឹង​ផ្លាស់​វេន​ទៅ​ប្រទេស​ណាមួយ យើង​នឹងចូលរួម ហើយ​យើង​នឹង​ស្ទង់​សមត្ថភាព​យើង ថា​តើ​យើង​អាច​ទទួលបាន​មេដាយ​យ៉ាងណា​ក្នុង​ស៊ី​ហ្គេម​»​។ នេះ​ជា​សំដី​របស់ លោក ប៉ាល់ ជី​វ័​ន្ត អគ្គ​ហេរញ្ញិក​របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។

​កត្តា​ដែល​ធ្វើ​ឲ្យ​កីឡាករ ប៉ាល់ ជី​វ័​ន្ត ដែលជា​គ្រូបង្វឹក​កីឡា​តេ​ក្វាន់​ដូ ITF មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុងការ​ទទួលបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដោយសារ​កត្តា​សមត្ថភាព និង​បច្ចេកទេស​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​លោក​បាន​រៀបរាប់ថា​៖«​បើ​យើង​មើល​ពី​បច្ចេកទេស​នៅក្នុង​តំបន់​អាស៊ាន គឺមាន​តែ​ពីរ​ប្រទេស​ប៉ុណ្ណោះ​ដែល​យើង​គិតថា អាច​ខ្លាំង​ត្រ​ដំ​ត្រសង​ជាមួយ​យើង គឺមាន​ម៉ាឡេស៊ី និង​វៀតណាម​»​។

បញ្ហា​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​នៃ​ការដាក់បញ្ចូល​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ត្រូវបាន​លោក បួន ហ៊ីង​សុធី​យ៉ា បកស្រាយ​ថា ដោយសារ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន​មិនបាន​ដាក់សំណើរ​សុំ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​របស់ខ្លួន ម្យ៉ាងវិញទៀត ដោយសារ​មិនមាន​ការប្រមូលផ្តុំ​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។

​គួរ​បញ្ជាក់ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​គ្រោង​នឹងដាក់​កីឡា​ជាច្រើន​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួតប្រជែង ប៉ុន្តែ​ក្នុងនោះ​មិនទាន់មាន​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF នោះឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាននិងកំពុង​ស្វះស្វែង​ធ្វើយ៉ាងណា​ឲ្យ​ប្រភេទ​កីឡា​នេះ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​កីឡាករ សុខ ចាន់​មាន បន្ត​ស្វែងរក​មេដាយ​ជើងឯក​អាស៊ី​នៅ​មី​យ៉ាន់​ម៉ា​



ម្ចាស់​មេដាយមាស​ពិភពលោក​កីឡាករ សុខ ចាន់​មាន រួមទាំង​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា​ចំនួន​១១​នាក់​ផ្សេងទៀត​បាន​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ នេះ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​២០(20th Asian Petanque Championship 2016) នៅ​ប្រទេស​យ៉ាន់​ម៉ា​។ ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែធ្នូ ដោយមាន​១១​ប្រទេស​ចូលរួម​។

ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​ពី​ប្រទេស​ម៉ា​ដា​ហ្កា​ស្កា​(Madagascar) កាលពីពេល​ថ្មីៗ កីឡាករ សុខ ចាន់​មាន បាន​បន្ត​យុទ្ធនាការ​របស់ខ្លួន​ស្វែងរក​មេដាយ​កម្រិត​អាស៊ី​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​ម្តង ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​២០(20th Asian Petanque Championship 2016)​។ ម្ចាស់​មេដាយមាស​ពិភពលោក​រូបនេះ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​អត្ត​ព​លិ​ក​ជាច្រើនរូប​មកពី​១០​ប្រទេស​ក្នុង​តំបន់​អាស៊ី​។



ក្រៅពី​ម្ចាស់​មេដាយមាស​ពិភពលោក​រូបនេះ ក៏មាន​វត្តមាន​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​ពីរ​ជំនាន់ និង​ក្រុម​កីឡាករ​កីឡាការិនី​១០​នាក់​ផ្សេងទៀត​ចូលរួម​ការប្រកួត​នេះ​ផងដែរ​។ ក្នុងចំណោម​អត្ត​ព​លិ​ក​កម្ពុជា​ទាំង​១២​រូប​របស់​កម្ពុជា​ក្នុងនោះ​មាន​ក្រុមយុវជន​៤​នាក់ បុរស​៤​នាក់ និង​នារី​៤​នាក់​។​

​ក្រុមយុវជន​ទាំង​៤​នាក់​រួមមាន​កីឡាករ ទីវ រដ្ឋា​, ឃួន លី​ហ៊​, កុយ សុភ​ក្ត្រា និង ថង់ ហាស​សិទ្ធិ​ទេវរាជ ដែលមាន​លោក អ៊ុក យ៉ា​រី ជា​គ្រូបង្វឹក​។ រីឯ​ក្រុម​បុរស​រួមមាន​កីឡាករ សុខ ចាន់​មាន​, សៀង វណ្ណា​, តឹ​ប ន​រ៉ា និង​កីឡាករ ហេង ថា ដែលមាន​លោក អ៊ឹម ផាត ជា​គ្រូបង្វឹក​។ ចំណែក​ក្រុម​នារី​រួមមាន​កីឡាការិនី កែ ឡេង​, ឃួន យ៉ា​រី​, ស្រ៊ាង សុរ៉ា​ឃីម និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ដែលមាន​លោក សុខ ម៉ុង ជា​គ្រូបង្វឹក​។​

​ការប្រកួត​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ មាន​ប្រទេស​ចូលរួម​ទាំងអស់​ចំនួន​១១​ប្រទេស​ក្នុងនោះ​រួមមាន​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​, កម្ពុជា​, ចិន​, ចិន​តៃប៉ិ​, ជប៉ុន​, ឥណ្ឌា​, ព្រុយ​ណេ​, ឡាវ​, ថៃ​, សិង្ហ​បុរី និង​ម៉ាឡេស៊ី​។ គួររំលឹកថា កាលពី​ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​១៩​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ពេលនោះ​កម្ពុជា​ទទួលបាន​មេដាយមាស​១ ប្រាក់​៣ និង​សំរឹទ្ធ​៤៕



ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

កម្ពុជា​ឈ្នះ​មេដាយមាស​រហូតដល់​ទៅ​៣១ ពី តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ីអាគ្នេយ៍​



ម្ចាស់ផ្ទះ​កម្ពុជា​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១(1st Junior & Senior Southeast Asian Taekwon-Do ITF Championship) ក្រោយ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​៥២(​មាស​៣១, ប្រាក់​១០ និង​សំរឹទ្ធ​១១) ខណៈ​ប្រទេស​ម៉ាឡេស៊ី និង​វៀតណាម​ឈរ​លេខ​រៀង​បន្តបន្ទាប់​។​

ក្រុម​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF កម្ពុជា​ដណ្តើមបាន​មេដាយមាស​ចំនួន​៣១, ប្រាក់​១០ និង​សំរឹទ្ធ​១១ ក្រោយពី​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ថ្ងៃ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​។ ការ​ដណ្តើមបាន​មេដាយ​សរុប​រហូតដល់​៥១​នេះ បានធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១​។

​ចំណែក​ក្រុម​កីឡាករ​កីឡាការិនី​ម៉ាឡេស៊ី​ក្រោយ​ដណ្តើមបាន​មេដាយមាស ៥ ប្រាក់​១០ និង​សំរឹទ្ធ​១៨ បានធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ឈរ​ចំណាត់​លេខ​២ ខណៈ​វៀតណាម​ឈរ​ចំណាត់ថ្នាក់​បន្ទាប់ ក្រោយ​ដណ្តើមបាន​មេដាយមាស​១ ប្រាក់​១៤ និង​សំរឹទ្ធ​១៥​។ រីឯ​ប្រទេស​សិង្ហ​បុរី​ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ដណ្តើមបាន​មេដាយមាស​១​ប្រាក់​៣ និង​សំរឹទ្ធ​៦ ខណៈ​ថៃ​ក្រោយ​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំ​រឺ​ទ្ធ​៦ បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៥​។ ដោយឡែក ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​មិន​ទទួលបាន​មេដាយ​នោះឡើយ​។​

ជាមួយគ្នានេះ លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុម​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF កម្ពុជា​ដណ្តើមបាន​មេដាយ​លើសពី​ការរំពឹងទុក​របស់​ស​ហ​ព័ន្ធ ពោលគឺ​សហព័ន្ធ​រំពឹង​ទទួលបាន​មេដាយមាស​ត្រឹមតែ​ជាង​១០​មេដាយ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង​កម្ពុជា​ដណ្តើមបាន​រហូត​ជាង​៣០​មេដាយមាស​។

​ទន្ទឹមនឹងនេះ កីឡាករ​កីឡាការិនី​ដែលជា​បងប្អូន​បង្កើត​រួមមាន​កីឡាករ បាល់ ជី​វ័​ន្ត ដែល​ឈ្នះ​មេដាយមាស​៤ និង​កីឡាការិនី ប៉ាល់ ឆរ​ស្មី ដែល​ឈ្នះ​មេដាយមាស​៣ សុទ្ធតែ​បានបង្ហាញ​ពី​មោទកភាព​រៀងៗ​ខ្លួន​សម្រាប់​ការ​ដណ្តើមបាន​មេដាយមាស​លើសពី​ការរំពឹងទុក ក្នុង​នាមជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​។

កីឡាការិនី ប៉ាល់ ឆរ​ស្មី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ខ្លាំង​មែនទែន ព្រោះ​អី​សម្រាប់​តេ​ក្វាន់​ដូ ITF នេះ​ខ្ញុំ​មិនដែល​បាន​មេដាយមាស​នោះទេ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​មេដាយមាស ហើយ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។ លើសពីនេះ​សម្រាប់​តេ​ក្វាន់​ដូ ITF ខ្ញុំ​ធ្លាប់បាន​ឈប់​ហ្វឹកហាត់​មួយរយៈ​ពេលនេះ​ខ្ញុំ​បាន​ចូលរួម​ប្រកួត​ជាមួយ​សិស្ស​ប្អូន និង​សិស្ស​ច្បង​ខ្ញុំ​មាន​អារម្មណ៍​រំភើប​មែនទែន​»​។

«​ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង ធ្លាប់តែ​យើង​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដណ្តើមបាន​មេដាយ ប៉ុន្តែ​លើក​នេះ​យើង​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​១ ហើយ​យើង​ដណ្តើមបាន​មេដាយ​ទៀត មេដាយ​នេះ​រឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​ការប្រកួត​នៅក្រៅ​ប្រទេស​ទៀត​បង​»​។ ជាការ​បញ្ជាក់​របស់​កីឡាករ ប៉ាល់ ជី​វ័​ន្ត​។

​ទាំង​លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF និង​កីឡាករ ប៉ាល់ ជី​វ័​ន្ត សុទ្ធ​តែមាន​ជំនឿ​ចិត្ត​ថា ប្រសិនបើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ក្រុម​កីឡាករ​តេ​ក្វាន់​ដូ ITF នឹង​ដណ្តើមបាន​មេដាយ​ច្រើន​ជូន​ជាតិ​កម្ពុជា​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

ប៉ាក់គីអៅ ប្រកាសជួយ​វិស័យកីឡានៅកម្ពុជា

ស្តេចប្រដាល់លោក ប៉ាក់គីអៅ (សុខ ឆាយ)

ក្នុងជំនួបជាមួយប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ ស្តេចប្រដាល់លោក ប៉ាក់គីអៅ (Manny Pacquiao) បានឲ្យដឹងថា លោកនឹងជួយជម្រុញដល់វិស័យកីឡានៅកម្ពុជា។ ជាមួយនឹងការសន្យាដ៏សំខាន់មួយនេះ កីឡាករ ប៉ាក់គីអៅ ក៏បានប្រកាសថា លោកនឹងចុះមកធ្វើជាភ្ញៀវកិត្តិយស ក្នុងពេលប្រទេសកម្ពុជាបើកសម្ពោធព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

តបនឹងសំណើរបស់លោក ថោង ខុន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជាដែលស្នើសុំឲ្យកីឡាករ ប៉ាក់គីអៅ ចុះមកជួយបង្ហាត់បង្ហាញពីបច្ចេកទេសដល់កីឡាករកម្ពុជា កីឡាករ ប៉ាក់គីអៅ បានអះអាងថា លោកនឹងទទួលយកសំណើនេះ ហើយបានប្រកាសថាលោកនឹងលៃពេលវេលាចុះមកជួយក្នុងការបង្ហាត់បង្ហាញដល់កីឡាករកម្ពុជាក្នុងពេលបន្តបន្ទាប់។

លោក ប៉ាក់គីអៅ ថាក្នុងដំណើរចុះមកដល់កម្ពុជាជាលើកទី២ លោកនឹងធ្វើការជជែកលម្អិតលើបញ្ហានេះ និងជួយបណ្ដុះបណ្ដាលដល់កីឡាករកម្ពុជាឲ្យមានសមត្ថភាពលើអាជីពប្រដាល់សកល។ លោកបានថ្លែងថា វិស័យកីឡានៅក្នុងប្រទេសកម្ពុជាមានការរីកចំរើន ហើយបើមានការជួយជម្រុញបំពេញបន្ថែមនោះពិតជាកាន់តែ ចំរើនល្អប្រសើរ អ៊ីចឹងហើយទើបសម្រេចចិត្តទទួលយកសំណើរបស់ថ្នាក់ដឹកនាំកីឡាកម្ពុជាក្នុងគម្រោងចុះមកជួយបង្ហាត់ដល់កីឡាករកម្ពុជានាពេលខាងមុខនោះ។

លោក ប៉ាក់គីអៅ បន្តថាក្នុងពេលខាងមុខ លោកនឹងធ្វើដំណើរមកកាន់កម្ពុជាជាលក្ខណៈផ្លូវការ ដើម្បីមានពេលពិភាក្សាលើកិច្ចការនេះនិងជួយជម្រុញដល់វិស័យកីឡាប្រដាល់នៅកម្ពុជា។ លោកថាខ្លួននឹងជម្រុញឲ្យមានសន្ទុះប្រែប្រួលលើវិស័យកីឡានៅកម្ពុជា ដោយលោករំពឹងពឹងកីឡាករនៅក្នុងប្រទេសកម្ពុជាក៏នឹងមានធនធានអាចក្លាយជាកីឡាករប្រដាល់អាជីពជាអន្តរជាតិបានល្អផងដែរ។

លោក ប៉ាក់គីអៅ ថាលោកនឹងមកចូលរួមនៅពេលប្រទេសកម្ពុជាបើកព្រឹត្តិការណ៍ស៊ីហ្គេមក្នុងឆ្នាំ២០២៣ឲ្យបានដាច់ខាត ដើម្បីចូលរួមលើកស្ទួយដល់វិស័យកីឡានៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកទឹកចិត្តដល់កីឡាករហ្វីលីពីនដែលមកប្រកួតនៅពេលនោះផង។

ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា លោក ថោង ខុន បានបង្ហាញការសារទចំពោះកីឡាករប៉ាក់គីអៅ ដែលបានយល់ព្រមទទួលយកសំណើចុះមកជួយបង្ហាត់បង្ហាញដល់កីឡាករកម្ពុជា។ បើទោះជាពេលវេលាជាក់លាក់នៅមិនទាន់បានកំណត់ ប៉ុន្តែលោកថាកម្ពុជានៅតែរំពឹងយ៉ាងមុតមាំថាស្ដេចប្រដាល់ ប៉ាក់គីអៅ នឹងរៀបចំពេលវេលាណាមួយមកបង្ហាត់ដល់កីឡាករកម្ពុជាតាមការប្រកាសឡើង។ លោកថា វត្តមានរបស់កីឡាករពិភពលោក ប៉ាក់គីអៅ នៅក្នុងប្រទេសកម្ពុជាគឺជារឿងដែលមានមជ្ឈដ្ឋានភាគច្រើនចាប់អារម្មណ៍ចំពោះកម្ពុជា។ ក្នុងនោះវិស័យទេសចរណ៍ក៏មានការទាក់ទាញផងដែរ នៅពេលមានការចុះផ្សាយថាកីឡាករ ប៉ាក់គីអៅ បានចុះមកដល់កម្ពុជាបែបនេះ។

កម្ពុជានឹងស្នើដោយទទូចបន្ថែមឲ្យកីឡាកររូបនេះបានរួមចំណែកលើកស្ទួយដល់វិស័យប្រដាល់នៅកម្ពុជាក្នុងពេលខាងមុខ ដោយលោកជឿថាគម្រោងចុះជួយបង្ហាត់បង្ហាញដល់កីឡាករកម្ពុជារបស់លោក ប៉ាក់គីអៅ នឹងក្លាយជារឿងប្រសើរមួយសម្រាប់វិស័យប្រដាល់នៅប្រទេសកម្ពុជានាពេលអនាគត៕

VOD
ដោយ លោក សុខ ឆាយ​​

ប៉ះគ្នាជើងខ្លាំង​ថៃ ​Reda ៣​ដង ​សារឿន ច័ន្ទ ​​​ខូចជើង​ធ្ងន់ធ្ងរ

កីឡាករ​កម្ពុជា ​សារឿន ច័ន្ទ រងរបួសជើង (សុខ ឆាយ)

ការប្រកួតអន្តរជាតិដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ធ្នូ ក្នុងជំនួបសងសឹករវាងកីឡាករថៃ Reda និងកីឡាករកម្ពុជា សារឿន ច័ន្ទ បានធ្វើអោយមានការចាប់អារម្មណ៍គួរសម បន្ទាប់ពីលទ្ធផលចុងក្រោយ គឺកីឡាករកម្ពុជាត្រូវថៃវាយអោយខូចជើងដែលអាចបាក់ឆ្អឹងផងក៏មិនដឹង។ យ៉ាងណាមិញ លទ្ធផលផ្លូវការនៅមិនទាន់ដឹងនោះទេ ដោយសារតែការថតឆ្អឹងនៅតែមិនទាន់បានធ្វើ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កីឡាករ Reda និងកីឡាករ សារឿន ច័ន្ទ មកពីក្លឹបសំរ៉ែករាជសីហ៍ ជួបគ្នា៣លើករួចមកហើយ ដោយលទ្ធផលនៃការប៉ះគ្នារបស់គូនេះ គឺកីឡាករកម្ពុជាបរាជ័យជាប់រហូតក្នុងជំនួបប៉ះគ្នា។ លោកថាបណ្ដាលមកពីជើងខ្លាំង សារឿន ច័ន្ទ មិនអស់ចិត្ត និងសុំឡើងប្រកួតសងសឹក ទើបការប៉ះគ្នាដល់ទៅ៣លើកត្រូវបានធ្វើឡើង។

លោកថាការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ធ្នូ កីឡាករថៃនិងកម្ពុជា ឡើងកំដៅដាក់គ្នាតាំងពីដើមទឹកទី១ ទើបគ្រាន់តែឈានដល់ទឹកទី២ ក៏រកឃើញចាញ់ឈ្នះ ហើយលទ្ធផលដែលបានស្ដែងឡើង គឺកីឡាករកម្ពុជាខូចជើងធ្ងន់ធ្ងរ។ នេះជាការប៉ះគ្នាដែលមានលទ្ធផលអវិជ្ជមាន បើធៀបនឹង២លើកកន្លងមក ដែលកីឡាករកម្ពុជាចាញ់មែន តែមិនដល់ថ្នាក់ធ្ងន់ធ្ងរបែបនោះ។ ការប្រកួតប៉ះគ្នាលើកដំបូង សារឿន ច័ន្ទ សន្លប់ក្នុងទឹកទី៤ ទើបលោកសម្រេចអោយជួបសងសឹកជាលើកទី២ ដោយក្នុងជំនួបលើកទី២ បើទោះជា សារឿន ច័ន្ទ លេងខ្លាំងជាងមុន បែរនៅតែចាញ់ពិន្ទុចុងក្រោយ។ ធៀបនឹងការប្រកួតលើកមុន លោកថា សារឿន ច័ន្ទ ទ្រមខ្លួនខ្លាំងជាងសម្រាប់ការប្រកួតលើកនេះ ដោយលោកឮថាឆ្អឹងជើងរបស់គេអាចប្រឈមបាក់ឆ្អឹង បើទោះមិនទាន់បានថតនៅពេទ្យនៅឡើយ។

កីឡាករ សារឿន ច័ន្ទ បានអះអាងថា ក្នុងទឹកទី២ កីឡាករថៃបានទាត់សម្រុកលើជើងរបស់លោកយ៉ាងខ្លាំង តែសភាពចុករមួលរហូតបណ្ដាលឲ្យលោកឈរប្រកួតលែងបាន មិនទាន់កើតឡើងនោះទេ គឺរហូតទាល់តែកីឡាករថៃលើកជើងទាត់ខ្លួនពេញទំហឹង ហើយលោកយកជើងធ្វេងរងទើបមានអាការៈចុកប្រកាច់បានកើតមានឡើង។ លោកអះអាងថា សភាពចុករោទិ៍គឺមានសភាពមិនដូចមនុស្សរមួលសាច់ដុំនោះទេ។ សារឿន ច័ន្ទ ត្រូវគេឃើញប្រកាច់ននៀលពេញរេញដោយសូម្បីតែលោកអាជ្ញាកណ្ដាលបានរាប់ដល់១០ក៏នៅតែមិនអាចធូរស្រាល។ បើទោះជាក្រុមគ្រូពេទ្យបានជួយសម្រួលអាការៈក្រោយពីរាប់ដល់១០ ក៏សភាពចុកចាប់និងននៀលឱបជើងរបស់ សារឿន ច័ន្ទ នៅតែមានសភាពធ្ងន់។

លោកត្រូវគេគ្រាដល់ទៅ៣នាក់ឯណោះទម្រាំតែអាចចុះពីលើរេញបាន ដែលនោះគឺបណ្ដាលមកពីសភាពឈឺជើងរបស់កីឡាករកម្ពុជាមានសភាពចុងខ្លាំង។ សារឿន ច័ន្ទ បានប៉ាន់ស្មានថា ជើងរបស់លោកអាចនឹងត្រូវបាក់ឆ្អឹង ទើបមានសភាពចុកខ្លាំងដែលធ្វើអោយលោកពិបាកសូម្បីតែកំរើកជើងក្រោយពេលសម្រួលសរសៃពីក្រុមគ្រូពេទ្យ។ លោកថាជើងធ្វេងរបស់លោកមិនធ្លាប់មានរបួសបែបហ្នឹងពីមុនមកទេ អ៊ីចឹងហើយទើបលោកភ័យរឿងបាក់ឆ្អឹង ដែលអាចប៉ះពាល់ដល់ការប្រកួតរបស់លោកនាពេលខាងមុខ ដែលជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។

លោកប្រកាសមិនធ្វើការប្រកួតជាមួយកីឡាករ Reda ទៀតទេ បន្ទាប់ពីលេចលទ្ធផលផ្លូវការចាញ់កីឡាករថៃរូបនេះ៣លើកផ្ទួនៗ ហើយការបរាជ័យលើកចុងក្រោយគឺនឹងធ្វើឲ្យលោកប្រឈមនឹងបញ្ហាបាក់ឆ្អឹង។ មន្ត្រីជាក្រុមគ្រូពេទ្យប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍មិនហ៊ានឆ្លើយតបចំពោះក្ដីបារម្ភរបស់ សារឿន ច័ន្ទ នោះទេ ដោយលោកបញ្ជាក់ថា ត្រូវបញ្ជូនអោយកីឡាកររូបនេះទៅថតឆ្អឹងជាផ្លូវការសិនទើបអាចអាចប្រាកដថាបាក់ជើងមែនឬក៏អត់។ យ៉ាងណាមិញលោក សារឿន ច័ន្ទ អាចគ្រាន់តែខ្ទាំឆ្អឹងធ្ងន់ធ្ងរក្នុងពេលរងទម្ងន់ គឺមិនដល់ថ្នាក់បាក់ឆ្អឹងក៏ថាបាន ដោយសារតែជើងដែលមានរបួសនោះមិនមានសភាពហើមដូចអ្នកបាក់ឆ្អឹងទូទៅ។

នៅក្នុងព្រឹត្តិការណ៍នោះដែរកីឡាករ យុគ យក្សផ្លែ បានត្រឹមតែស្មើពិន្ទុជាមួយកីឡាករថៃឈ្មោះ Phach Seila ប៉ុណ្ណោះ បន្ទាប់ពីការប្រកួតពេញរយៈពេល៥ទឹករបស់ពួកគេត្រូវបានធ្វើឡើងយ៉ាងក្ដៅគគុកនៅលើសង្វៀន។ នេះជាការប៉ះគ្នាលើកដំបូងរបស់ពួកគេរបស់ពួគគេ ដោយសារតែកីឡាករថៃទើបតែមានវត្តមានមកប្រកួតនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ដោយបានបើកឆាកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍៕

VOD
ដោយ លោក សុខ ឆាយ​​

ម្ចាស់​មេដាយមាស​វ៉ូ​វី​ណា​ម​កម្រិត​អាស៊ី ប៉ាល់ ឆរ​ស្មី ឈ្នះ​មេដាយមាស​ក្នុង ITF ជើងឯក​អាស៊ាន​



កីឡាការិនី​វ៉ូ​វី​ណា​ម ប៉ាល់ ឆរ​ស្មី ម្ចាស់​មេដាយមាស​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ប្រចាំ​ព្រឹត្តិការណ៍ Asian Beach Game នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​ឆ្នាំ​២០១៦ បានបង្ហាញ​ការភ្ញាក់ផ្អើល​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១(1st Junior & Senior Southeast Asian ITF Taekwon-Do Championship) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី​១២ ខែធ្នូ​។​

កីឡាការិនី ប៉ាល់ ឆរ​ស្មី មិន​ត្រឹមតែ​ជា​កីឡាការិនី​ឆ្នើម​លើ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កីឡាការិនី​តេ​ក្វាន់​ដូ ITF ដ៏​ឆ្នើម​មួយរូប​ផងដែរ​។ កីឡាការិនី​រូបនេះ​បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ឯកត្តជន​នារី​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី​១២ ខែធ្នូ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។

​នៅ​ឆ្នាំ​២០១៦ កីឡាការិនី ប៉ាល់ ឆរ​ស្មី ជា​ម្ចាស់​ជើងឯក​មេដាយមាស​កីឡា​វ៉ូ​វី​ណា​ម​លើ​វិញ្ញាសា​សម្តែង​ជា​ក្រុម​មាន​អាវុធ​ប្រចាំ​ព្រឹត្តិការណ៍ Asian Beach Games នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម​។ នៅ​ឆ្នាំ​២០១៤ ឆរ​ស្មី ជា​ម្ចាស់​មេដាយមាស​និង​ប្រាក់​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៣(3rd Southeast Asian Vovinam Championship) នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា​៕



ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

លោក កែវ រ៉េមី​, ខ្សែក្រវាត់ខ្មៅ​៥​ដាន់​, ត្រូវបានតែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ​អាស៊ីអាគ្នេយ៍​



ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ​នេះ សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ​អាស៊ី​បានតែងតាំង​លោក កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ​អាស៊ីអាគ្នេយ៍​។ លោក កែវ រ៉េមី បច្ចុប្បន្ន ទទួលបាន​ខ្សែក្រវាត់ខ្មៅ​កម្រិត​៥​ដាន់​។

​លោក កែវ រ៉េមី បាន​បញ្ចាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​យប់​ថ្ងៃអាទិត្យ​នេះ​ថា កម្រិត​ខ្សែក្រវាត់ខ្មៅ​៥​ដាន់​របស់លោក​ត្រូវបាន​ចែកចេញជា​ពីរ​វគ្គ​។ វគ្គ​ទី​១ លោក​បានធ្វើការ​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក​។ នៅ​ទីនោះ លោក​ទទួលបាន​កម្រិត​៣​ដាន់ រីឯ ខ្សែក្រវាត់​ខ្មៅកម្រិត​៤ និង​៥​ដាន់ គឺ​លោក​បានធ្វើការ​ហ្វឹកហាត់​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ធ្វើ​តេស​ជាមួយ​គ្រូ​ជនជាតិ​កូរ៉េ​។ ខ្សែក្រវាត់​កម្រិត​៥​ដាន់ដែល​លោក កែវ រ៉េមី ទទួលបាន​នេះ គឺជា​ខ្សែក្រវាត់​កីឡា​តេក្វាន់​-​ដូ ប្រភេទ​ប្រយុទ្ធ ពោល គឺ​មិនមែន​ខ្សែក្រវាត់​កិត្តិយស​នោះទេ​។

​ក្រៅពី​តួនាទី​នៅក្នុង​វិស័យ​កីឡា លោក កែវ រ៉េមី មាន​តួនាទី​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ស្តេច​ប្រដាល់​ហ្វីលីពីន Pacquiao ត្រៀម​ជួប​កីឡាករ​ខ្មែរ​ល្បីៗ​នៅ​ថ្ងៃទី​១៣​សប្តាហ៍​ក្រោយ



ភ្នំពេញ​៖ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និង​ស្តេច​ប្រដាល់ Manny Pacquiao នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ថ្ងៃទី​១៣ និង​១៤​ខែធ្នូ​សប្តាហ៍​ក្រោយនេះ​។ ក្រៅពី​គម្រោង​ផ្លូវការ​ចូលគាល់​សម្តែង​ការគួរសម​ជាមួយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, លោក Pacquiao អាច​នឹង​ជួប​កីឡាករ​ខ្មែរ​ល្បីៗ​ជម្រើសជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។

កិច្ចការ​ជាក់ស្តែង​មិនទាន់​ត្រូវបាន​កំណត់​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​បើតាម​គម្រោង​ដែល​បង្ហើប​ឲ្យ​អោយដឹង​ដោយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក Pacquiao សេ្ត​ច​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ហ្វីលីពីន គ្រោង​នឹង​ចំណាយ​ពេលវេលា​របស់លោក​ដើម្បី​ធ្វើការ​សំណេះសំណាល​ជាមួយ​កីឡាករ​ជម្រើសជាតិ​នៃ​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែធ្នូ​។ ទីកន្លែង​ពិតប្រាកដ​អាច​ប្រព្រឹត្តិ​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ឬ​អាច​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

​ទស្សនកិច្ច Pacquiao នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ​នឹងមាន​តម្លៃ​ជា​សកល​សម្រាប់​កីឡាករ​នៅ​អាស៊ី និង​ជាពិសេស នៅ​កម្ពុជា​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃអាទិត្យ​នេះ​ថា​៖«​វត្តមាន​គាត់​នៅ​កម្ពុជា​នឹង​ជំរុញ​ទឹកចិត្ត​កីឡាករ​ខ្មែរ និង​កីឡាករ​នៅ​អាស៊ី​។ អ្វីដែល​ជំរុញ​ទឹកចិត្ត​កីឡាករ​ខ្លាំង​នោះ គឺ​នៅត្រង់ថា គាត់​មាន​មាឌតូច ហើយ​អាច​ក្លាយជា​ស្តេច​ប្រដាល់​បាន​។ ដូច្នេះ វា​ជំរុញ​កីឡាករ​ដែលមាន​មាឌតូច​។ ចំណុច​មួយទៀត គឺថា លោក​កើតចេញពី​គ្រួសារ​កី​ក្រ​។ ជីវិត​ក្រីក្រ តស៊ូ អាច​នាំ​ឲ្យ​ជោគជ័យ​»​។

​ចំណុច​ពីរ​ខាងលើនេះ ត្រូវបាន​លោក វ៉ា​ត់ ចំរើន គិតថា វា​នឹង​ជំរុញ​ទឹកចិត្ត​កីឡាករ​ខ្មែរ​ឲ្យ​ប្រឹងប្រែង​បន្ថែមទៀត​។ ក្រៅពី​ជួប​កីឡាករ​ជម្រើសជាតិ លោក Pacquiao នឹង​ជួប​សំណេះសំណាល​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

​សូមបញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នឹងត្រូវ​ជួប​សំណេះសំណាល​ជាមួយ​ស្តេច​ប្រដាល់​ហ្វីលីពីន​លោក Pacquiao ក្នុង​ក្របខណ្ឌ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នោះ ធ្លាប់​ត្រូវបាន​គេ​ដឹងថា លោក ក៏​ជា​បុគ្គល​ម្នាក់​«​ស្រឡាញ់ និង​គាំទ្រ​»​ការ​ប្រដាល់​របស់លោក Pacquiao ដែរ​៕

ថ្មី​ៗ
អត្ថបទ : ចំណារ

លោក អូន ព័ន្ធមុន្នីរ័ត្ន ក្លាយជា​ប្រធាន​ខេម​រៈ​សហព័ន្ធ​កា​រ៉ា​តេ​-​ដូ​ជា​ផ្លូវការ​នៅថ្ងៃនេះ​



លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​ជ្រើសរើស​នៅ​ថ្ងៃអាទិត្យ​ទី​១១​ខែធ្នូ​ឆ្នាំ​២០១៦​នេះ ឲ្យ​កាន់តំណែង​ថ្មី​ផ្នែក​កីឡា​មួយទៀត គឺប្រធាន​ខេម​រៈ​សហព័ន្ធ​កា​រ៉ា​តេ​-​ដូ ជំនួស​លោក សាយ ណូ​រ៉ា​។

​ក្រោយពី​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ថ្មី​ភ្លាម លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រៀម​ធ្វើ​កិច្ចការ​៤​យ៉ាង​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន​កាន់តែខ្លាំង​។ ទី​១ លោក​ប្រធាន​សហព័ន្ធ​ថ្មី​គ្រោង​រៀបចំ​របៀបរបប​ដឹកនាំ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ទី គ្រោង​សាងសង់​មជ្ឈមណ្ឌល​កីឡា​កា​រ៉ា​តេ​-​ដូ​។ ទី​៣ ត្រៀម​រៀបចំ​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​ផ្នែក​កា​រ៉ា​តេ​-​ដូ និង​ទី​៤ លោក​នឹង​ត្រៀម​ស្វែងរក​ជំនួយ​បច្ចេកទេស​ពី​អន្តរជាតិ ជាពិសេស ពី​ប្រទេស​ជប៉ុន​ដើម្បី​ជួយ​បណ្តុះបណ្តាល​កីឡាករ​ខ្មែរ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ