ស្តេច​ប្រដាល់​ហ្វីលីពីន Pacquiao ត្រៀម​ជួប​កីឡាករ​ខ្មែរ​ល្បីៗ​នៅ​ថ្ងៃទី​១៣​សប្តាហ៍​ក្រោយ



ភ្នំពេញ​៖ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និង​ស្តេច​ប្រដាល់ Manny Pacquiao នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ថ្ងៃទី​១៣ និង​១៤​ខែធ្នូ​សប្តាហ៍​ក្រោយនេះ​។ ក្រៅពី​គម្រោង​ផ្លូវការ​ចូលគាល់​សម្តែង​ការគួរសម​ជាមួយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, លោក Pacquiao អាច​នឹង​ជួប​កីឡាករ​ខ្មែរ​ល្បីៗ​ជម្រើសជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។

កិច្ចការ​ជាក់ស្តែង​មិនទាន់​ត្រូវបាន​កំណត់​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​បើតាម​គម្រោង​ដែល​បង្ហើប​ឲ្យ​អោយដឹង​ដោយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក Pacquiao សេ្ត​ច​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ហ្វីលីពីន គ្រោង​នឹង​ចំណាយ​ពេលវេលា​របស់លោក​ដើម្បី​ធ្វើការ​សំណេះសំណាល​ជាមួយ​កីឡាករ​ជម្រើសជាតិ​នៃ​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែធ្នូ​។ ទីកន្លែង​ពិតប្រាកដ​អាច​ប្រព្រឹត្តិ​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ឬ​អាច​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

​ទស្សនកិច្ច Pacquiao នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ​នឹងមាន​តម្លៃ​ជា​សកល​សម្រាប់​កីឡាករ​នៅ​អាស៊ី និង​ជាពិសេស នៅ​កម្ពុជា​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃអាទិត្យ​នេះ​ថា​៖«​វត្តមាន​គាត់​នៅ​កម្ពុជា​នឹង​ជំរុញ​ទឹកចិត្ត​កីឡាករ​ខ្មែរ និង​កីឡាករ​នៅ​អាស៊ី​។ អ្វីដែល​ជំរុញ​ទឹកចិត្ត​កីឡាករ​ខ្លាំង​នោះ គឺ​នៅត្រង់ថា គាត់​មាន​មាឌតូច ហើយ​អាច​ក្លាយជា​ស្តេច​ប្រដាល់​បាន​។ ដូច្នេះ វា​ជំរុញ​កីឡាករ​ដែលមាន​មាឌតូច​។ ចំណុច​មួយទៀត គឺថា លោក​កើតចេញពី​គ្រួសារ​កី​ក្រ​។ ជីវិត​ក្រីក្រ តស៊ូ អាច​នាំ​ឲ្យ​ជោគជ័យ​»​។

​ចំណុច​ពីរ​ខាងលើនេះ ត្រូវបាន​លោក វ៉ា​ត់ ចំរើន គិតថា វា​នឹង​ជំរុញ​ទឹកចិត្ត​កីឡាករ​ខ្មែរ​ឲ្យ​ប្រឹងប្រែង​បន្ថែមទៀត​។ ក្រៅពី​ជួប​កីឡាករ​ជម្រើសជាតិ លោក Pacquiao នឹង​ជួប​សំណេះសំណាល​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

​សូមបញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នឹងត្រូវ​ជួប​សំណេះសំណាល​ជាមួយ​ស្តេច​ប្រដាល់​ហ្វីលីពីន​លោក Pacquiao ក្នុង​ក្របខណ្ឌ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នោះ ធ្លាប់​ត្រូវបាន​គេ​ដឹងថា លោក ក៏​ជា​បុគ្គល​ម្នាក់​«​ស្រឡាញ់ និង​គាំទ្រ​»​ការ​ប្រដាល់​របស់លោក Pacquiao ដែរ​៕

ថ្មី​ៗ
អត្ថបទ : ចំណារ

No comments: