សាលាបឋមសិក្សា​៣​នៅ​សៀមរាប ចាប់ផ្តើម​«​រៀន​ពេញ​មួយថ្ងៃ​» ក្នុង​គម្រោង​សាកល្បង​



សាលាបឋមសិក្សា​ចំនួន​៣​នៅក្នុង​ស្រុក​អង្គរធំ​នៃ​ខេត្តសៀមរាប បានចាប់ផ្តើម​កម្មវិធី​សិក្សា​ពេញ​មួយថ្ងៃ ដែល​នេះ​គឺជា​គម្រោង​សាកល្បង​របស់​ក្រសួង​អប់រំ​ចាប់ពី​ខែមករា​នេះ​ទៅ​។ សាលាបឋមសិក្សា ដូន​ឪ​, ត្រពាំង​ស្វាយ និង​គោក​គ្រើល ត្រូវបាន​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ ដើម្បី​អនុវត្ត​សាកល្បង​នូវ​កម្មវិធី «​សាលារៀន​ជំនាន់​ថ្មី​» ដែល​តម្រូវ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​សិក្សា​ពេញ​មួយថ្ងៃ​នៅ​សាលារៀន ដោយ​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​សាលារៀន​តែម្តង​។​

លោក រស់ សា​លីន អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គម្រោង​សាកល្បង​ដែល​បន្ថែម​ម៉ោង​រៀន និង​ម៉ោង​បង្រៀន​នេះ គឺជា​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ឯកសារ​ទស្សនទាន​រប​ស់​ក្រសួង​អប់រំ ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ជាតិ​ក្នុងការ​បង្កើន​គុណភាព​ធនធានមនុស្ស​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​ដដែល​បា​នប​ន្យ​ល់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​ក្រសួង​អប់រំ​ចាប់ផ្តើម​អនុវត្ត​គម្រោង​សាកល្បង​ដោយ​បន្ថែម​ការរៀន និង​ការបង្រៀន​ពេញ​មួយថ្ងៃ និង​ផ្តល់​អាហារ​ថ្ងៃត្រង់​ដែលមាន​កម្រិតស្តង់ដារ​មួយ​ស្មើនឹង​ប្រទេស​ក្នុង​តំបន់​ទៅដល់​សិស្សានុសិស្ស​។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ការបង្កើន​គុណភាព​សិស្ស​ថ្នាក់បឋមសិក្សា​»​។​

​គម្រោង​សាកល្បង​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ធនាគារពិភពលោក និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​។​

«​សម្រាប់​អនុវត្ត​គម្រោង​នេះ យើង​ចំណាយ​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ថវិកា​ទាំងនោះ​ត្រូវ​ចំណាយ​ទៅលើ​ការឧបត្ថម្ភ​គ្រូបង្រៀន ការ​បំប៉ន​បច្ចេកទេស ការងារ​ពិនិត្យ​តាមដាន​គម្រោង​នេះ និង​ការចំណាយ​លើ​អាហារ​ថ្ងៃត្រង់ ជាដើម​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក រស់ សា​លីន​។​

​ក្រសួង​អប់រំ​កំពុងធ្វើការ​ងារ​ជាច្រើន​ដើម្បី​កែទម្រង់​ប្រព័ន្ធ​អប់រំ ដែល​ត្រូវបាន​រិះគន់​តាំងពី​យូរ​ឆ្នាំ​មកហើយ​ថា «​នៅ​ខ្សោយ​» ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រសួង​អប់រំ​បានធ្វើ​យុទ្ធនាការ​ចាំបាច់​ជាច្រើន​ដែរ​ដើម្បី​បង្កើន​ការចូល​រៀន​រវាង​សិស្សស្រី និង​សិស្ស​ប្រុស​ឲ្យ​ច្រើន​ដូចគ្នា និង​ពិសេស​ការចុះឈ្មោះ​ចូលរៀន​នៅ​ថ្នាក់បឋមសិក្សា​ដោយ​ឥតគិតថ្លៃ​ជាដើម​។

​យោងតាម​របាយការណ៍​របស់​របស់​ក្រសួង​អប់រំ កុមារ​អាយុ ៦​ឆ្នាំ ឬ​៧០​ខែ ចំនួន​២៧.៥១៤៨​នាក់ បាន​ចុះឈ្មោះ​ចូលរៀន​នៅក្នុង​ឆ្នាំ​សិក្សា​កន្លងទៅ ដែល​ធ្វើ​ឲ្យ​ភាគរយ​នៃ​ការចុះឈ្មោះ​ចូលរៀន​នៃ​កុមារ​កម្ពុជា​កើន​ដល់​៩៩,៤ ភាគរយ​៕

ថ្មី​ៗ
អត្ថបទ : លាង ដឺ​លុច

No comments: