ក្រសួងពាណិជ្ជកម្ម ជ្រើសរើស​ប្រធាន​ក្រុម​ទី​ប្រឹក្សា​ថ្មី ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ឆ្នាំ​២០១៧



ភ្នំពេញ ៖ ក្រុម​ទី​ប្រឹក្សា និង​ជំនួយការ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​មាន​សមាជិក​ចំនួន ២០​រូប បាន​ជួប​ប្រជុំ​គ្នា​ជា​លើកដំបូង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​របស់​ខ្លួន​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង ជាពិសេស​ធានា​បាន​នូវ​ការអនុវត្ត​គោលដៅ​សំខាន់ៗ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ ២០១៧ ឲ្យ​ទទួល​បាន​ជោគជ័យ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា រសៀល​ថ្ងៃទី ១១ ខែមករា ឆ្នាំ​២០១៧​នេះ ក្រុម​ទី​ប្រឹក្សា និង​ជំនួយការ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​មាន​សមាជិក​ចំនួន ២០​រូប បាន​ជួបប្រជុំគ្នា​ជា​លើកដំបូង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​របស់​ខ្លួន ក្រោម​អធិបតីភាព លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។

ក្រសួង​បន្ថែម​ថា គោលបំណង​សំខាន់​នៃ​ការបោះឆ្នោត​ជ្រើសរើស​នេះ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង ជាពិសេស​ធានា​បាន​នូវ​ការអនុវត្ត​គោលដៅ​សំខាន់ៗ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ ២០១៧ ឲ្យ​ទទួល​បាន​ជោគជ័យ​។ ជា​លទ្ធផល បេក្ខជន​ដែល​ត្រូវ​បាន​អង្គប្រជុំ​ផ្តល់​សេចក្តី​ទុកចិត្ត និង​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន គឺ​លោក វ៉ា រុត​សាន ដែល​ជា​មន្ត្រី​ជាន់ខ្ពស់ មាន​ចំណេះដឹង និង​បទពិសោធន៍​យូរ​ឆ្នាំ​ខាង​ការងារ​កម្មសិទ្ធិបញ្ញា និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​ប្រទេស និង​អន្តរជាតិ។

នៅ​ក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​អបអរសាទរ​ចំពោះ លោក វ៉ា រុត​សាន និង​បាន​ថ្លែង​អំណរគុណ​ដល់​ទី​ប្រឹក្សា និង​ជំនួយការ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​ជូន​ក្រសួង​ពាណិជ្ជកម្ម​។ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្ដែផ្ដាំ​ដល់​ប្រធាន​ទីប្រឹក្សា​ថ្មី ឲ្យ​បន្ត​ដឹកនាំ​សមាជិក​ទាំងអស់ ដើម្បី​បំពេញភារកិច្ច​ជូន​ក្រសួង​ប្រកបដោយ​ស្មារតី​យកចិត្ត​ដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់៕

កម្ពុជា​ថ្មី
ឌួង​វិ​រះ​ជ័យ​

No comments: