
ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា លើកឡើងថា គណបក្សទាំងពីរដែលមានអាសនក្នុងរដ្ឋសភា ត្រូវប្រកាន់យកចំណុច៤រួមគ្នា នោះទើបកម្ពុជាមានការអភិវឌ្ឍរីកចម្រើនពិតប្រាកដ។ អ្នកនាំពាក្យគណបក្សប្រជាជន អះអាងថា ចំណុចទាំង៤ដែលគណបក្សប្រឆាំងលើកឡើងនេះ គឺរដ្ឋាភិបាលបានកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនមកហើយ។
ចំណុចរួម៤ ដែលឯកឧត្តម កឹម សុខា ស្នើឲ្យភាគីដៃគូសន្ទនាខ្លួន ងាកមកពិភាក្សាគ្នារកចំណុចរួមឲ្យបានច្បាស់លាស់នោះ គឺការធានាដល់សិទ្ធិ សេរីភាព សុខសន្តិភាព និងស្ថេរភាព ដល់ប្រជាពលរដ្ឋ។ ចំពោះការការពារសុខសន្តិភាព និងស្ថេរភាពនេះគឺជាការតព្វកិច្ចរបស់រដ្ឋាភិបាល ដែលកំពុងតែអនុវត្តជាច្រើនឆ្នាំមកហើយ ហើយក៏ជាចំណុចល្អដែលឯកឧត្តម កឹម សុខា ទទួលស្គាល់ផងដែរ។ ប៉ុន្តែការធានាដល់សិទ្ធិ និងសេរីភាពជូនពលរដ្ឋនោះ ត្រូវបានប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះ អះអាងថា រដ្ឋាភិបាលនូវមានចំណុចខ្វះខាតច្រើន ដែលមិនទាន់ផ្ដល់សិទ្ធិ និងសេរីភាពពេញលេញសម្រាប់ពលរដ្ឋឡើយ។
ថ្លែងចំពោះមុខអ្នកគាំទ្រខ្លួន នៅក្នុងទិវាអបអរសិទ្ធិមនុស្សលើកទី៦៨ ឯកឧត្តម កឹម សុខា ដែលមើលឃើញរដ្ឋាភិបាលឲ្យតម្លៃលើសុខសន្តិភាព និងស្ថេរភាព ជាងការឲ្យតម្លៃលើសិទ្ធិ និងសេរីភាព ប្រជាពលរដ្ឋនោះ បានបញ្ជាក់ដូច្នេះថា៖«គណបក្សសព្វថ្ងៃមានពីរនៅក្នុងសភា ទោះបីជាមួយរាងផ្អៀងទៅរកសិទ្ធិ សេរីភាព បន្តិចក៏ដោយ ហើយមួយផ្អៀងទៅរកសុខសន្តិភាព ស្ថេរភាព បន្តិចក៏ដោយ អត់អាក្រក់ទេ គឺល្អទាំងអស់គ្នា។ ដូច្នេះនាំគ្នារកចំណុចរួមឲ្យឃើញមក អង្គុយនិយាយគ្នាធ្វើយ៉ាងម៉េចសិទ្ធិ សេរីភាព ក៏នាំគ្នាធានាការពារទាំងអស់គ្នា។ សន្តិភាព និងសេរីភាព ធានាទាំងអស់គ្នា គឺនឹងបានផលទាំងអស់គ្នាហើយ។ នេះជាសំណូមពររបស់ខ្ញុំ»។
បើតាមឯកឧត្តម កឹម សុខា ចំណុចទាំង៤ខាងលើនេះ គឺប្រៀបដូចជាកង់រថយន្ត ដែលមិនអាចខ្វះមួយណាបានឡើយ ។ ជាពិសេសសម្រាប់ការដឹកនាំប្រទេសឆ្ពោះទៅរកភាពរីកចម្រើន តាមបែបប្រជាធិបតេយ្យពិតប្រាកដ។
តែយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន អះអាងថា ចំណុចទាំង៤ដែលគណបក្សប្រឆាំងលើកឡើងនេះ គឺរដ្ឋាភិបាលបានកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនមកហើយ។ ឆ្លើយតបការលើកឡើងរបស់ឯកឧត្តម កឹម សុខា នេះលោក សុខ ឥសាន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«រដ្ឋាភិបាល បានគិតគូដល់សន្តិសុខ និងស្ថេរភាពពិតមែន ប៉ុន្តែសិទ្ធិ និងសេរីភាព ពលរដ្ឋយើងក៏បានគិតគូដែរ។ តែសេរីភាពតវ៉ា ការទាមទារ និងសិទ្ធិបញ្ចេញមតិជាដើមនោះ គឺវាត្រូវស្ថិតក្រោមសំណាញ់ច្បាប់នៃប្រទេសនិតិរដ្ឋ»៕
ថ្មីៗ
អត្ថបទ : រំដួល ចិត្រា
No comments:
Post a Comment