លោក​កឹម សុខា​-​សម្តេច​ក្រឡាហោម ស ខេង គ្រោង​នឹង​ជួបគ្នា​នៅ​សប្តាហ៍​ទី​៣ ខែធ្នូ​



ភ្នំពេញ: លោក​យ៉ែម បុញ្ញឫទ្ធិ អនុប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ នេះ​ថា នៅ​សប្តាហ៍​ទី​៣ ខែធ្នូ ខាងមុខនេះ លោក​កឹម សុខា ប្រធាន​ក្រុម​មតិ​ភាគតិច នឹង​ជួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៅក្នុង​សភា ដើម្បី​ជជែក​ពិភាក្សា​លើ​បញ្ហា​មួយចំនួន ដែល​មិនទាន់​ដោះស្រាយ និង​បញ្ហា​សេសសល់​។​

​ការជួប​នេះ គឺ​បន្ទាប់ពី​លោក​កឹម សុខា និង​សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា​។ លោក​កឹម សុខា ក៏បាន​ជួបពិភាក្សា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​រដ្ឋសភា មុន​កិច្ចប្រជុំពេញអង្គ​សភា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២១៦​។ ដោយ​ការជួបគ្នា​នេះ បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ក្នុងនាម​ជា​ដៃគូរ​ពិភាក្សា​បញ្ហា​ប្រទេសជាតិ​។​

​បន្ទាប់ពី​រដ្ឋសភា​ដំណើរការ​កិច្ចប្រជុំ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​កឹម សុខា បានចេញ​មកជួប​គ្នា​នៅ​ខាងក្រៅ ដែលមាន​រយៈពេល​ប្រមាណ​ជាង ១​ម៉ោង ជជែក​លើ​បញ្ហាសំខាន់ៗ​មួយចំនួន ជាពិសេស​ពាក់ព័ន្ធ​ការស្នើសុំ​ឲ្យ​មានការ​ដោះលែង​លោក​ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មន្ត្រី​សិទ្ធិមនុស្ស និង​លោក​នី ចរិយា អគ្គលេខាធិការរង គជប​។​

​បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​កឹម សុខា បាន​ជួប​ពិភាក្សាគ្នា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៅក្នុង​សភា ដើម្បី​ពិភាក្សា​លើ​បញ្ហា​មួយចំនួន​។​

​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុម​សម្លេង​មតិ​ភាគច្រើន​ក្នុង​សភា បាន​ថ្លែងថា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​កឹម សុខា គឺ​បាន​ឯកភាពគ្នា​ថា ទី​១.​មុន​រាល់​ការប្រជុំ​សភា ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ នៃ​គណបក្ស​ទាំងពីរ នឹង​ជួបគ្នា​ពិភាក្សា​លើ​បញ្ហា​នានា ដែល​ពាក់ព័ន្ធ​និង​ការប្រជុំ​។ ទី​២.​អាច​នឹង​ពិនិត្យ​លទ្ធភាព​មូ​យ​ខែ​ជួបគ្នា​ម្តង និង​ទី​៣.​ឯកភាពគ្នា​ថា នៅ​ចុងខែ​ធ្នូ​នេះ អាច​នឹងមាន​ការជួប​គ្នា​រវាង​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ទាំងពីរ​។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់ ទាក់ទង​ករណី​លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​មន្ត្រី​សិទ្ធិមនុស្ស រួមទាំង​អគ្គលេខាធិការរង គជប គឺ​លោក​កឹម សុខា បាន​ជជែក​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយបើតាម​សម្តេច​ដឹង​មុន​ដំណាច់​ខែធ្នូ​នេះ នឹងមាន​ការដោះស្រាយ​ក​រ​ណី​មន្ត្រី​សិទ្ធិមនុស្ស ហើយ​និង​អគ្គលេខាធិការរង គ​.​ជ​.​ប​។​

​លោក​កឹម សុខា បាន​ថ្លែង​ក្នុង​សភា​ថា លោក​បាន​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ពី​បញ្ហា​ប្រទេសជាតិ ហើយ​បាន​រកឃើញ​លើ​ចំណុចរួម​ខ្លះៗ គឺ​ការ​បង្រួប បង្រួម​ជាតិ ឯកភាព​ជាតិ ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ជាតិ និង​ការរីកចំរើន​របស់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​។ ដូច្នេះហើយ​បានជា​លោក​មក​ប្រជុំ​សភា ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅ​គោលដៅ​។​អ្វីដែល​ជាការ​ខ្វះខាត ឬ​ការខ្វែងគំនិត​គ្នា គឺជា​ការធម្មតា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​អ្វីដែល​ត្រូវធ្វើ​ទៅមុខទៀត គឺ​ស្វែងរក​ឯកភាព​ជាតិ ដើម្បី​ឲ្យ​ជាតិ​បាន​រីកចំរើន​។

​ការរិះគន់​ដោយ​ស្ថាបនា​ប្រកបទៅដោយ​សីលធម៌ សេចក្តីថ្លៃថ្នូរ គឺ​ជៀសវាង​ការជេរប្រមាថ លាប​ពណ៌ ដែល​នាំ​ឲ្យ​មានការ​ឈឺចាប់ និង​នាំ​ឲ្យ​មានការ​បែកបាក់​សង្គម នេះ​គឺជា​អ្វីដែល​លោក​បាន​ជជែក​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ហើយ​យើង​នឹង​ព្យាយាម​ធ្វើការ​ងារ​នេះ​ឲ្យ​បានសម្រេច​ដល់​គោលដៅ​ដែល​យើង​ចង់បាន​ទាំងអស់គ្នា​៕​

CEN
ដោយ: មុនីរាជ​

No comments: