គីម ជុង​អ៊ុន ដឹកនាំ​សមយុទ្ធ​យោធា​វាយប្រហារ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង



ខណៈដែល​ស្ថានការណ៍​នៅ​កូរ៉េខាងត្បូង​កំពុង​តានតឹង​ដោយសារ​រឿងអាស្រូវ​ប្រធានាធិបតី នៅ​កូរ៉េខាងជើង​ឯណោះ​វិញ មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន បាន​ដឹកនាំ​សមយុទ្ធ​យោធា​ដែល​ចូលរួម​ដោយ​កងកម្លាំង​ពិសេស ដើម្បី​ធ្វើ​ត្រាប់​វាយប្រហារ​លើ​គោលដៅ​ទាំងឡាយ​នៅ​កូរ៉េខាងត្បូង​។ តាមរយៈ​រូបភាព​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន​កូរ៉េខាងជើង វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ជា​គោលដៅ​ចម្បង​នៃ​ការវាយប្រហារ​ក្នុង​សមយុទ្ធ​នេះ​។​

មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចូលរួម​ពិនិត្យ​ដោយផ្ទាល់​ក្នុង​សមយុទ្ធ​យោធា​មួយ ដែល​សំដៅ​វាយកម្ទេច​គោលដៅ​លើ​ទឹកដី​កូរ៉េខាងត្បូង​។ សមយុទ្ធ​យោធា​នេះ​ចូលរួម​ដោយ​កងកម្លាំង​នៃ​កងពល​ប្រតិបត្តិការ​ពិសេស​មកពី​អង្គភាព​៥២៥ របស់​កងទ័ព​ប្រជាជន​កូរ៉េ​។ ហើយ​គោលដៅ​សំខាន់​នៃ​ការវាយប្រហារ​គឺ វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae ។​

​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​១១ ខែធ្នូ បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង ដែលមាន​ទឹកមុខ​រីក​រាយ បាន​លើកសរសើរ​មេបញ្ជាការ និង​កងកម្លាំង​ពិសេស​ដែល​ខិតខំ​ពង្រឹងសមត្ថភាព​របស់​អង្គភាព​ខ្លួន​។ KCNA បាន​ស្រង់​សំដី​លោក គីម ជុង​អ៊ុន ថា​៖ «​ធ្វើ​បានល្អ​ណាស់​! កងទ័ព​របស់​សត្រូវ នឹង​គ្មាន​កន្លែង​លាក់ខ្លួន​ឡើយ ហើយក៏​គ្មាន​លទ្ធភាព​វាយបក​វិញ​ដែរ​»​។ នេះ​បើ​យោងតាម​ផ្សាយ​របស់​សារព័ត៌មាន Yonhap ។​

​យ៉ាងណាក្ដី ទូរទស្សន៍​រដ្ឋ KCNA មិនបាន​បញ្ជាក់​ពេលវេលា​នៃ​សមយុទ្ធ​នេះឡើយ​។ ប៉ុន្តែ​កាសែត​កូរ៉េខាងជើង Rodong Sinmun បានបង្ហាញ​រូបភាព​កងទ័ព​កូរ៉េខាងជើង ដែល​ត្រូវបាន​គាំទ្រ​ដោយ​កងកម្លាំង​កាំភ្លើង​ធំ បើក​ការវាយប្រហារ​ត្រាប់​លើ​វិមាន Cheong Wa Dae របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​។ វិមាន Cheong Wa Dae ជា​និវេសនដ្ឋាន​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ បើទោះជា​លោកស្រី​ត្រូវបាន​សភា​បោះឆ្នោត​ទម្លាក់​ក៏ដោយ​។​

​ដោយឡែក​កូរ៉េខាងត្បូង ក៏បាន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែរ ខ្លាចក្រែង​កូរ៉េខាងជើង​ឆ្លៀតឱកាស​វាយប្រហារ ខណៈដែល​ស្ថានការណ៍​នយោបាយ​កូរ៉េខាងត្បូង​កំពុង​ផុយស្រួយ​ស្រាប់​ផង​នោះ​។ នាយករដ្ឋមន្ត្រី Hwang Kyo-ahn ដែល​កាន់អំណាច​ជំនួស​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បានចេញ​បញ្ជា​ឲ្យ​កងទ័ព​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ការកម្រិត​ខ្ពស់ ដើម្បី​ការពារ​ការវាយប្រហារ​ណាមួយ ដោយ​រួមទាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែ​។​

​ជារឿយៗ ក្រុង​ព្យុងយ៉ាង តែងតែ​ធ្វើ​សមយុទ្ធ ដើម្បី​វាយប្រហារ​ទីតាំង​លើទឹក​ដី​កូរ៉េខាងត្បូង ជាពិសេស​វិមាន​ប្រធានាធិបតី​។ ក្រុង​សេ​អ៊ូ​ល​វិញ បានចាត់ទុក​សមយុទ្ធ​ទាំងនេះ​ជា​សកម្មភាព​បង្កហេតុ ហើយដោយ​ឃើញ​ស្ថាន​ភាពមិន​ស្រួល​នោះ ក្រុង​សេ​អ៊ូ​ល​ក៏​បើកដៃ​ឲ្យ​អាមេរិក​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស THAAD លើ​ទឹកដី​ខ្លួន​ដើម្បី​ការ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ទៀតផង​៕

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា

No comments: