
ភ្នំពេញ: លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់គេហទំព័រ CEN នៅរសៀលថ្ងៃទី១០ ខែធ្នូ ថា ឃាតករដែលបានបាញ់សម្លាប់នារីរងគ្រោះ (សង្សារ) នៅក្នុងផ្ទះសំណាក់ សារីធំ នៅផ្លូវ២៧៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ គឺមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញព័ត៍មានមួយចំនួនបានផ្សព្វផ្សាយថា ឃាតករដែលបានបាញ់សម្លាប់នារីរងគ្រោះ គឺជាមន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ុំ សុផា។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មានករណីផ្ទុះអាវុធបណ្ដាលអោយស្លាប់នារីម្នាក់ នៅវេលាម៉ោង០០និង៤០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះសំណាក់សារីធំ ផ្លូវ២៧៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ស្ត្រីរងគ្រោះឈ្មោះ សុន ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ សពត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ចំភ្នែកខាងស្ដាំស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។
តាមសាក្សីនៅក្នុងហេតុការណ៍នោះឈ្មោះ ឈុត ស្រីមុំ ហៅស្រីម៉ៅ ជាអ្នកមើលការខុសត្រូវផ្ទះសំណាក់បំភ្លឺថា មុនកើតហេតុជនសង្ស័យនិងជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៏ស លេខ៤៣៩៩ មកជួលបន្ទប់គេងលេខ៤០៤ជាន់ឡៅតឿ។ ហើយទាំងពីរនាក់នេះក្នុងមួយខែមកជួលបន្ទប់២ទៅ៣ដង។ នៅម៉ោងកើតហេតុបានលឺសូរផ្ទុះអាវុធ០១គ្រាប់ហើយជនសង្ស័យចុះមកម្នាក់ឯងសន្តិសុខនាំគ្នាឃាត់មិនឲ្យចេញ ដោយបានប្រតាយប្រតប់គ្នា ធ្វើឱ្យជនសង្ស័យជ្រុះមួកសុវត្ថិភាពមានបិតLogo. អ.ហ និងID មានបិតរូបថតស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ មានស្លាកឈ្មោះវរសេនីយ៍ត្រី អ៊ុំ សុផា និងមានអត្តលេខ១៩៩២៧៨ ដោយឃើញជនសង្ស័យសៀតអាវុធខ្លីនៅចង្កេះទើបមិនហ៊ានចាប់ហើយជនសង្ស័យជិះម៉ូតូចេញទៅទិសខាងលិចគេចខ្លួនបាត់។ បន្ទាប់មកឈ្មោះ រតនានិងណាងឡើងទៅបន្ទប់កើតហេតុឃើញជនរងគ្រោះដេកនៅលើគ្រែមានឈាមហូរនិងមានសំបកគ្រាប់០១គ្រាប់នៅលើឥដ្ឋហើយនាំគ្នាបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីធ្វើការជួយសង្គ្រោះ តែពេលទៅដល់ពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្ន សពដំកល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា កម្លាំងជំនាញ កងរាជអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមនីតិវិធី។ ជាពិសេស កម្លាំងជំនាញបានរាយការណ៍តាមឋានានុក្រម ដើម្បីឆែករកអត្តសញ្ញាណឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ឈានដល់ការចាប់ខ្លួន។ ក្រោយមកកម្លាំងជំនាញបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា វរសេនីយ៍ត្រី អ៊ុំ សុផា អត្តលេខ១៩៩២៧៨ ពុំមានទិន្នន័យក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។
លោកបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា ធ្លាប់មានប្រសាសន៍ថា បុគ្គលណា ក៏ដោយឱ្យតែប្រព្រឹត្តបទល្មើសត្រូវតែតាមស្រាវជ្រាវចាប់ខ្លួនបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ ទោះបីបុគ្គលនោះជាអាវុធហត្ថ សក្តិប៉ុន្មានក៏ដោយ យើងមិនរក្សាទុកជនល្មើសក្នុងកងរាជអាវុធហត្ថទេ។កម្លាំងអាវុធហត្ថសហការជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងខិតខំប្រឹងប្រែងស្រាវជ្រាវតាមរកជនដែលប្រព្រឹត្តបទល្មើសនេះ៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment