
ភ្នំពេញ: លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំវេទិកាពិភាក្សាចំនួនបួនប្រធានបទស្ដីពីបញ្ហាសិទ្ធិមនុស្ស ដោយមានអ្នកចូលរួមចំនួន ១២០ រូប អញ្ជើញមកពីស្ថាប័នរដ្ឋ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល សាកលវិទ្យាល័យរដ្ឋ និងឯកជន ព្រមទាំងតំណាងមកពីស្ថានទូតនៃបណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុបនានាផងដែរ។ ពិធីនេះបានធ្វើនៅរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៦ នាស្ថានទូតសហភាពអឺរ៉ុបក្នុងរាជធានីភ្នំពេញ។
ប្រធានបទនៃកិច្ចពិភាក្សារួមមាន (១) តើសិទ្ធិសហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើអាចត្រូវបានការពារអោយបានប្រសើរជាងមុនយ៉ាងដូចម្តេច? (២) តើច្បាប់អាចជួយអ្នកការពារសិទ្ធិមនុស្ស អោយបំពេញតួនាទីរបស់ពួកគាត់បានយ៉ាងដូចម្តេច? (៣) តើចៅក្រមឯករាជ្យអាចធានាអោយមានសិទ្ធិទទួលបានការដោះស្រាយត្រឹមត្រូវតាមផ្លូវច្បាប់យ៉ាងដូចម្តេច? (៤) តួនាទីនៃការប្រឆាំងប្រកប ដោយអត្ថន័យ៖ សិទ្ធិនិងកាតព្វកិច្ច ។
គោលបំណងនៃកិច្ចពិភាក្សានេះ មិនត្រឹមតែដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីផ្ដល់ឱកាសដល់អ្នកចូលរួមធ្វើការពិភាក្សាលើបញ្ហាសិទ្ធិមនុស្សដែលមានសារសំខាន់នៅក្នុងប្រទេសកម្ពុជា អឺរ៉ុប និងអាស៊ានផងដែរ។
លោក ឯកអគ្គរដ្ឋទូត ចច អេដហ្គា បានមានប្រសាសន៍ថា “នៅថ្ងៃនេះ ខ្ញុំមានក្ដីសោមនស្សរីករាយណាស់ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាទាំងបួនក្រុមស្ដីពីបញ្ហាសិទ្ធិមនុស្ស។ សហភាពអឺរ៉ុប គឺជាអ្នកតស៊ូមតិដ៏សំខាន់ចំពោះបញ្ហាសិទ្ធិមនុស្សនៅក្នុងវេទិកាពហុភាគី និងផ្ដល់ការគាំទ្រយ៉ាងពេញចំពោះប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលជាមូលដ្ឋានសម្រាប់កិច្ចការពារសិទ្ធិមនុស្សសកល។ ខ្ញុំជឿជាក់ថា កិច្ចពិភាក្សានៅថ្ងៃនេះនឹងផ្ដល់នូវគំនិតល្អៗជាច្រើនពាក់ព័ន្ធនឹងវិធីសាស្ត្រក្នុងការជំរុញការគោរពសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់”។
នៅក្នុងប្រទេសកម្ពុជា សហភាពអឺរ៉ុបបានផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាច្រើនដែលអនុវត្តដោយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា។ ចាប់តាំងពីឆ្នាំ ២០០៤ មក ហើយសហភាពអឺរ៉ុបក៏បានគាំទ្រដល់គម្រោងសិទ្ធិមនុស្សចំនួនជាង ៧០ ដែលមានទឹកប្រាក់សរុបចំនួន ២០ លានអឺរ៉ូ។ ការគោរពសិទ្ធិមនុស្ស គឺជាផ្នែកដ៏សំខាន់នៃកម្មវិធីកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបទាំងអស់៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment