ក្រៅពី​រម្លឹក​មរតក​ន​យោ​បាយ អូ​បា​ម៉ា អរគុណ​និង​លា​ប្រជាជន​អាមេរិក​ក្នុង​សុន្ទរកថា​ចុងក្រោយ​



ប្រធានាធិបតី​ជិត​ផុត​អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានផ្តល់​សុន្ទរកថា​ជា​លើកចុងក្រោយ​ទៅកាន់​ប្រជាជន​អាមេរិក​មុន​លោក​ផ្ទេរអំណាច​នៅ​ថ្ងៃ ២០ មករា​ខាងមុខ​។ ថ្លែង​សុន្ទរ​ថា​ប្រកបដោយ​មនោសញ្ចេតនា និង​អារម្មណ៍​ជ្រាលជ្រៅ​បំផុត​នោះ ប្រធានាធិបតី​ស្បែក​ខ្មៅ​ដែល​អ្នកផង​ទាំងពួង​ចូលចិត្ត​នេះ​ផ្តោតអារម្មណ៍​លើ​បញ្ហា​ជាច្រើន​តាំងពី​បញ្ហានយោបាយ​ក្នុង​ស្រុង ដល់​បញ្ហា​សន្តិសុខ​,​បញ្ហា​បរិស្ថាន និង សមិទ្ធផល​នយោបាយ​ដែល​លោក​ម្រេច​បាន​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ​។

សូមស្តាប់ពត៌មានលម្អិត


សុន្ទរកថា​ចុងក្រោយ​របស់​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានក្លាយ​ជា​សារ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​អាមេរិក​និង​ប្រជាជន​ទាំងអស់​លើ​ពិភពលោក​។ ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​នេះ ស្ត្រី​ទីមួយ​លោកស្រី Michelle Obama, អនុ​ប្រធានាធិបតី Joe Biden, បណ្តា​មន្ត្រី​ដែល​បំពេញការងារ​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា សុទ្ធ​តែមាន​វត្តមាន​។ ហើយ​សុន្ទរកថា​ចុងក្រោយ​បង្កប់​ដោយ​មនោសញ្ចេតនា និង​អារម្មណ៍​ជ្រាលជ្រៅ​បំផុត ហើយ​វា​បង្ហាញ​ពី​ភាព​អាឡោះអាល័យ​នៅពេលដែល​ប្រធានាធិបតី​ទី ៤៤ ត្រូវ​ចាកចេញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។

​សុន្ទរកថា​ចុងក្រោយ​នេះ ក្រៅពី​រំលឹក​ឡើងវិញ​សមិទ្ធផល​ទាំង​អម្បាលម៉ាន​ដែល​លោក​សម្រេចបាន​ក្នុងពេល ៨​ឆ្នាំ លោក​បាន​ទាញយក​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​។ ប៉ុន្តែ​ប្រធានាធិបតី​រូបនេះ​នៅតែ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​សហរដ្ឋអាមេរិក​ដោយ​លោក​បន្ត​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​បន្ត​ចូលរួម​ឲ្យ​សកម្ម​ក្នុង​រឿង​នយោបាយ និង​បន្ត​ជឿជាក់​លើ​«​ប្រព័ន្ធ​ប្រជាធិបតេយ្យ​»​។ លោក​បញ្ចប់​សុន្ទរកថា​ដោយ​ប្រើ​ពាក្យស្លោក «Yes we can. Yes we did. Yes we can»​។

១.«Chicago» កន្លែង​មាន​អនុស្សាវរីយ៍​ច្រើន​សម្រាប់​លោក អូ​បា​ម៉ា​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានជ្រើសរើស​យក​ទីក្រុង Chicago ដើម្បី​ផ្តល់​សុន្ទរកថា​ចុងក្រោយ មុន​ចេញ​លោក​ចាក​ពី​តំណែង​។ តាមពិតទៅ​ប្រធានាធិបតី​រូបនេះ​បាន​ត្រឡប់​ទៅកាន់​ទីក្រុង Chicago ជា​កន្លែង​ដែល​លោក​ប្រកាស​ជ័យជម្នះ​ក្នុង​ឆ្នាំ ២០០៨​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ Chicago ជា​កន្លែង​ពិសេស​សម្រាប់​លោក​គឺ វា​ក៏​ជា​ស្រុកកំណើត​, ជា​កន្លែង​ដែល​លោក​បាន​ជួប​លោកស្រី Michelle Obama និង​ជា​កន្លែង​ដែល​ចាប់ផ្តើម​ការងារ​សាធារណៈ​មុន​ឈានទៅ​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ដែរ​។

២. អូ​បា​ម៉ា រំលឹក​សមិទ្ធផល​សំខាន់ៗ ៨​ឆ្នាំ​

​ប្រធានាធិបតី អូ​បា​ម៉ា បាន​ឆ្លៀត​លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​រដ្ឋបាល​លោក​សម្រេច​ក្នុងពេល ៨​ឆ្នាំ​។ សមិទ្ធផល​នេះ​មិន​ត្រឹមត្រូវ​ជួយ​ប្រជាជន​អាមេរិក​ឲ្យ​រួច​ផុតពី​បញ្ហាលំបាក​សេដ្ឋកិច្ច​និង​សង្គម​ប៉ុណ្ណោះ​ទេ តែ​វា​ជួយ​រក្សា​សន្តិសុខ​ផង​ដល់​ប្រជាជន​អាមេរិក​ដែរ​។​

​រឿង​សមិទ្ធផល​សេដ្ឋកិច្ច គេ​ចាំបាន​ច្បាស់​ថា ប្រធានាធិបតី​រូបនេះ​ចូលកាន់​តំណែង​ពេលដែល​សេដ្ឋកិច្ច​អាមេរិក​ស្ថិតក្នុង​វិបត្តិ​។ រដ្ឋបាល​លោក​បាន​ប្រឹងប្រែង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ស្ថា​រ​សេដ្ឋកិច្ច​នេះ​ឡើងវិញ​និង​កាត់បន្ថយ​អត្រា​អ្នកគ្មានការងារ​ធ្វើ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះ​។

​សមិទ្ធផល​សំខាន់​ផ្សេងទៀត ដែល បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​ដែរនោះ​មានការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា​វិញ​, ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​, គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស និង​ការ​កម្ចាត់​ក្រុម​ភេរវជន​ក្នុងនោះ​មានការ​សម្លាប់​មេខ្លោង​ក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន​។

​រឿង​ប្រឆាំង​ភេរវកម្ម លោក​បាន​ឆ្លៀត​អួតអាង​ថា រដ្ឋបាល​លោក​បាន​កម្ចាត់​ក្រុម​ភេរវជន​រាប់ម៉ឺន​នាក់​ហើយ​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​បាន​កម្ចាត់​មេខ្លោង​ក្រុម​នេះ​ជា​បន្តបន្ទាប់​និង​បាន​ដណ្តើម​ទឹកដី​បាន​ពាក់កណ្តាល​ពីនេះ​។ លោក​ប្រកាសប្រាប់​អ្នកចូលរួម​ដោយមាន​ជំនឿ​ចិត្ត​ខ្ពស់ ថា​ក្រុម​នេះ​នឹងត្រូវ​កម្ចាត់​ចោល​ឆាប់ៗ ហើយ​«​រាល់​អ្នក​ដែល​គំរាមកំហែង​អាមេរិក​មិនដែល​នៅបាន​សុខសាន្ត​ឡើយ​»​។​

៣.​អូ​បា​ម៉ា នៅ​បារម្ភ​ពី​បញ្ហា​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរស្បែក​ក្នុងសង្គម​អាមេរិក​

​ក្រៅពី​ការជាប់ឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ រឿង​មួយទៀត​ដែល​ធ្វើ​ឲ្យ​លោក អូ​បា​ម៉ា ខ្វាយខ្វល់​គឺ «​ការរើសអើង​ជាតិ​សាសន៍​និង​ពណ៌​សម្បុរស្បែក​»​នៅ​បន្ត​ចាក់ស្រេះ​ក្នុងសង្គម​អាមេរិក​។​

​គេ​ធ្លាប់​គិតថា សមាជិក​ព្រឹទ្ធ​ស្បែក​ខ្មៅ បា​រ៉ា​ក់ អូ​បា​ម៉ា ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឆ្នាំ ២០០៨ ប្រហែលជា​ថ្ងៃ​អ​វ​សាន្ត​នៃ​ការរើសអើង​ជាតិ​សាសន៍​និង​ពណ៌​សម្បុរស្បែក​ហើយ​។ តែ ៨​ឆ្នាំ​មកនេះ បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​នៃ​តែ​លងបន្លាច​អាមេរិក​ទៀត​។​

​ក្នុងពេល​សុន្ទរកថា លោក អូ​បា​ម៉ា ទទួលស្គាល់ថា បែកខ្ញែក​គ្នា​រឿង​ជាតិ​សាសន៍​និង​ព៌​ណ​សម្បុរស្បែក​នេះ​នៅតែ​ធ្ងន់ធ្ងរ​ក្នុងសង្គម​អាមេរិក ដែល​ចាំបាច់​ត្រូវ​កែប្រែ​។​

«​ក្រោយពេល​ខ្ញុំ​ជាប់ឆ្នោត វា​មាន​ការជជែក​គ្នា​ពី​ការប្រែប្រួល​បញ្ហា​ជាតិ​សាសន៍​ក្នុងសង្គម​អាមេរិក (Post-racial America)​។ ប៉ុន្តែ​ការយល់ឃើញ​នេះ​មិន​កើតឡើង​ពិតប្រាកដ​ឡើយ​។ បញ្ហា​ពូជសាសន៍​នៅតែ​ជា​កម្លាំង​ដ៏​ខ្លាំង​បង្ក​ឲ្យ​មានការ​បែកខ្ញែក​គ្នា​ក្នុងសង្គម​យើង​។ ជារួម​ខ្ញុំ​មើលឃើញថា វា​មានការ​ប្រសើរឡើង​ជាង ១០ ឬ​២០​ឆ្នាំមុន​។ ប៉ុន្តែ យើង​មិនទាន់​ទៅដល់​កន្លែង​ដែល​យើង​ត្រូវ​ទៅ​ឡើយ​»​។​

៤ .​អូ​បា​ម៉ា ទទូច​ឲ្យ​ប្រជាជន​បន្ត​ជឿជាក់​លើ «​ប្រជាធិបតេយ្យ​» និង​ប្រឡូក​ក្នុង​នយោបាយ​

​ក្នុងពេល​ថ្លែង​សុន្ទរកថា​នេះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាជន​អាមេរិក​បន្ត​ការជឿជាក់​លើ​របប​ប្រជាធិបតេយ្យ ដោយ​បន្ត​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​បញ្ហានយោបាយ​និង​ឈរឈ្មោះ​ប្រកួត​យក​តំណែង​នយោបាយ​ជាដើម​។ ហើយ​លោក​បាន​អះអាងថា «​ឈ្នះ​ឬ​ចាញ់​ក្នុង​នយោបាយ​» ជា​រឿង​ធម្មតា​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​។

​លោក​ក៏​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ចូលរួម​ប្រកួតប្រជែង​ដោយ​ឈរឈ្មោះ​ដើម្បី​កាន់កាប់​មុខងារ​នយោបាយ​ដើម្បី​កែប្រែ​បញ្ហា​ប្រឈម បើសិន​មិន​ពេញចិត្ត​ចំពោះ​មន្ត្រី​ដែលជា​តំណាង​របស់ខ្លួន​នោះ​។

៥. អូ​បា​ម៉ា ប្រាប់​មន្ត្រី​របស់លោក​៖ «​អ្នក​បាន​ផ្លាស់ប្តូរ​ពិភពលោក​»

​នៅក្នុងពេល​នោះដែរ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​យក​ពេល​ចុងក្រោយ​នៃ​សុន្ទរកថា​ដើម្បី​បង្ហាញ​ការដឹងគុណ និង​អរគុណ​ដល់​មិត្ត​រួមការ​ងារ​និង​ជាម​ន្ត្រី​ក្នុង​រដ្ឋបាល​លោក​ជាពិសេស​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​អនុ​ប្រធានាធិបតី​Joe Biden​ផង​។ លោក​បាន​ប្រាប់​ពួកគេ​ដែលមាន​វត្ត​មាននៅ​ទីនោះ​ថា ពួកគេ​បាន​ជួយ​បាន​ផ្លាស់ប្តូរ​ពិភពលោក​។​

«​អ្នក​ទាំងអស់គ្នា​បាន​ផ្លាស់ប្តូរ​ពិភពលោក​»​។ លោក អូ​បា​ម៉ា ថ្លែង​ចប់ អ្នកចូលរួម​នាំគ្នា​ជូត​ទឹកភ្នែក​។​

​បន្ត​មកទៀត​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ជឿជាក់​លើ​ប្រទេសជាតិ ហើយ​លោក​បាន​ប្រាប់​អ្នកចូលរួម​ថា​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ការវិវត្ត​នៃ​សហរដ្ឋអាមេរិក​។​

«​ខ្ញុំ​ចាក​ចេញពី​ឆាក​នៅ​យប់​នេះ​ដោយមាន​សុទិដ្ឋិនិយម​ចំពោះ​សហរដ្ឋអាមេរិក​ជាង​ពេល​ខ្ញុំ​ចាប់​ផ្តើមដំបូង​។ ខ្ញុំ​សុំ​ឲ្យ​អ្នក​ទាំងអស់គ្នា​ជឿជាក់​។ មិនមែន​លើ​សមត្ថភាព​របស់ខ្ញុំ​ក្នុងការ​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឡើយ តែ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​អ្នក​»​។​

​លោក​បានបញ្ចប់​សុន្ទរកថា ដោយ​លើកយក​ពាក្យស្លោក​ដែល​លោក​ធ្លាប់ប្រើ​ក្នុងពេល​ឃោសនាបោះឆ្នោត​។ ដែល​ពាក្យស្លោក​នោះ​គឹ​«Yes we can. Yes we did. Yes we can»៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ឥណ្ឌា​បើក​មហោស្រព​វប្បធម៌​នៅ​កម្ពុជា ផ្លូវការ​



ភ្នំពេញ​៖ ក្រសួង​វប្បធម៌​ឥណ្ឌា តាមរយៈ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​បើក​មហោស្រព​វប្បធម៌​ឥណ្ឌា ចាប់ពី​ថ្ងៃទី​១០ ខែមករា រហូតដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្តបាត់ដំបង​។​

លោក Naveen Srivastava ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ប្រាប់​ហេតុផល​ដែល​ឥណ្ឌា រៀបចំ​មហោស្រព​វប្បធម៌​នៅ​កម្ពុជា ពីព្រោះ​ឥណ្ឌា​ចង់រឹត​ចំណងមិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ប្រទេស​ទាំងពីរ​ដែលមាន​ទំនាក់ទំនង​ជាង ២​ពាន់​រហូតមក​។

​លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បង្ហើប​ទៀតថា មហោស្រព​វប្បធម៌​ដែល​នឹង​ប្រព្រឹត្តឡើង​ក្នុង​ខេត្ត បាត់ដំបង​ជា​លើកទីមួយ​នេះ ស្របតាម​គោលនយោបាយ​ផ្សព្វផ្សាយ​វប្បធម៌​រវាង​រដ្ឋាភិបាល​ឥណ្ឌា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់ រួមទាំង​កម្ពុជា​ផង​។

​ដោយ​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ឯកអគ្គរដ្ឋទូត​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នៅ​អាស៊ី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់​ឲ្យ ប្រជាជន​ប្រទេស​ទាំងពីរ ពិសេស​គឺ យុវជន​ជំនាន់​ក្រោយ យល់ដឹង​ពី​វប្បធម៌ អរិយធម៌​ដែល​យើង​បាន​ផ្សារភ្ជាប់​កន្លងមក ថែមទៀត​»​។​

​មហោស្រព​ដែល​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី រួមមាន ការសម្តែង​របាំ​បុរាណ​រាមាយណៈ របាំ​បុរាណ​កាតាក់​ឥណ្ឌា របាំ​ប្រពៃណី​ម៉ាន​ងារ ពិធីបុណ្យ​ព្រះពុទ្ធសាសនា និង​បុណ្យ​អាហារ ជាដើម​។ ពិធី​បើក​ព្រឹត្តិការណ៍​មហោស្រព​ឥណ្ឌា​បាន​ប្រព្រឹត្តឡើង កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នា​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ ដោយមាន​ការសម្តែង រាមាយណៈ (​រាមកេរ្តិ៍​) សម្តែង​ដោយ​ក្រុម​សិប្បៈ​ល្បីល្បាញ Kalakshetra និង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ​ជាង ៤០០​នាក់​ចូល​ទស្សនា នៅ​ថ្ងៃ​ដំបូង​។​

​ក្រៅ​គោលបំណង​រឹតចំណង​អរិយធម៌​ភាគី​ទាំងពីរ លោក Naveen Srivastava បន្ថែមថា ឥណ្ឌា​ចូលរួម​សាទរ​ខួប ២៥​ឆ្នាំ នៃ​ទំនាក់ទំនង ការទូត​ឥណ្ឌា និង​អាស៊ាន​ដែល​កម្ពុជា​ជា​សមាជិក​អាស៊ាន​មួយ តែង​ចូលរួម​ជួយ​ជ្រោមជ្រែង​បេស​សកម្ម​ការបរទេស​ឥណ្ឌា​ក្នុង​តំបន់​អាស៊ាន​។​

លោក​ឯកអគ្គរដ្ឋទូត​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ ពិសេស​គឺ យុវជន​ចាប់អារម្មណ៍​ស្វែងយល់​ពី​មហោស្រព​វប្បធម៌​ដែលមាន​ស្រាប់​ថែមទៀត​។ តាម​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ទេសចរ​ឥណ្ឌា​ជាង ១៨​លាន​នាក់​បានធ្វើ​ដំណើរ​ក្រៅប្រទេស ក្នុងនោះ ឥណ្ឌា​ជាង ៣​លាន​នាក់មក​តំបន់​អាស៊ាន និង​ជាង ៣​ម៉ឺន​នាក់មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ ។ កន្លងទៅ រដ្ឋមន្ត្រី​ទេសចរណ៍​លោក ថោង ខុន រំពឹងថា កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ជាង ៧​លាន​នាក់ ក្នុង​ឆ្នាំ ២០២០ ក្នុងនោះ ទេសចរ​ឥណ្ឌា​ជាង ១​សែន​នាក់​៕

ថ្មី​ៗ
អត្ថបទ : រឿន ភារុន

ក្រុមហ៊ុន Spotify ផ្តល់​តំណែង​មួយ​ដល់​លោក​ប្រធានាធិបតី អូ​បា​ម៉ា



បន្ទាប់ពី​និយាយ​លេងសើច​អំពី​ការបម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ផលិតកម្ម​វិធី​ចាក់​ចម្រៀង​ក្រោយពេល​ចប់​តំណែង​ជា​ប្រធានាធិបតី លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា អាចជា​មនុស្ស​តែ​ម្នាក់​គត់​ដែលមាន​លក្ខខណ្ឌ​ការងារ​គ្រប់គ្រាន់​សម្រាប់​តំណែង​ថ្មី​បំផុត​មួយ​នៅក្នុង​ក្រុមហ៊ុន Spotify​។​

លក្ខខណ្ឌ​ការងារ​មួយចំនួន​ក្នុងចំណោម​លក្ខខណ្ឌ​ការងារ​ដទៃទៀត​សម្រាប់​តំណែង​ជា​ប្រធាន​រៀបចំ​បញ្ជី​បទ​ចម្រៀង ឬ​ហៅថា President of Playlists របស់​ក្រុមហ៊ុន Spotify គឺថា «​យ៉ាងហោចណាស់​ត្រូវមាន​បទពិសោធន៍​កាន់តំណែង​ខ្ពស់​មួយ​នៅក្នុង​ប្រទេស​ណាមួយ​អស់​រយៈពេល​៨​ឆ្នាំ​» ហើយ​និង​ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព គឺជា​។ តំណែង​នេះ​ត្រូវ​គ្រប់គ្រង​បញ្ជី​បទ​ចម្រៀង និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​នេះ​នៅ​ទូទាំង​ពិភពលោក​។​

​លក្ខខណ្ឌ​ការងារ​ដែល​ក្រុមហ៊ុន Spotify តម្រូវ​ឲ្យ​មាន​សម្រាប់​តំណែង​នេះ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ មានដូចជា «​ត្រូវ​យល់ដឹង​អំពី Spotify និង​មានបទពិសោធន៍​រៀបចំ​បញ្ជី​បទ​ចម្រៀង​នៅ​កម្រិត​សហព័ន្ធ​ជាដើម​»​។​

​លោក Daniel Ek ប្រធាន​ក្រុមហ៊ុន Spotify បាន​សរសេរ​នៅលើ Twitter ទៅកាន់​លោក អូ​បា​ម៉ា ថា​៖ «​ហេ អូ​បា​ម៉ា ខ្ញុំ​ឮថា​លោក​ចាប់អារម្មណ៍​ការងារ​នៅ Spotify​។ លោក​បានឃើញ ទ្វី​ត​មួយ​នេះហើយ​ឬ​នៅ​?»

​យោងតាម​អ្នកស្រី Natalia Brzezinski អ្នកបង្កើត​កម្មវិធី​ស្តាប់​ចម្រៀង podcast និង​ជា​ភរិយា​របស់​អតីត​ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​នៅ​សហរដ្ឋអាមេរិក លោក អូ​បា​ម៉ា បាន​ប្រាប់​ដល់​ស្វាមី​របស់លោក​ស្រី​នៅឯ​សេត​វិមាន​កាលពី​សប្តាហ៍​មុន​ថា «​ខ្ញុំ​នៅ​កំពុង​រង់ចាំ​ការងារ​ពី​ក្រុមហ៊ុន Spotify ព្រោះ​ខ្ញុំ​ដឹងថា អ្នក​ទាំងអស់គ្នា​ស្រឡាញ់​បញ្ជី​បទ​ចម្រៀង​របស់ខ្ញុំ​»៕

ថ្មី​ៗ
អត្ថបទ : VOA

វិមានក្រឹមឡាំង​​ចេញសេចក្តីថ្លែងការណ៍​ទាត់ចោលរឿង «ការលួចតាមដានព័ត៌មាន​ផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់ លោក ដូណាល់ ត្រាំ» ហើយអះអាងថា វាជាចេតនា​បំផ្លាញទំនាក់ទំនង រុស្ស៊ី-អាមេរិក



(មូស្គូ)៖ ក្រោយពីការផ្ទុះរឿងរ៉ាវដ៏ធំពាក់ព័ន្ធនឹងឯកសារសម្ងាត់ រឿងអាស្រូវការលួចចូលកែលទ្ធផលឆ្នោត និងការលួចព័ត៌មានស្តីពីផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ លោក ដូណាល់ ត្រាំ នោះវិមានក្រឹមឡាំង​បានចេញមុខ​ច្រានចោល​ព័ត៌មានទាំងអស់ ហើយថាវាជាព័ត៌មាន «មិនសមហេតុផលសោះ​តែម្តង»។ នេះបើ​តាម​ការ​ចេញផ្សាយ​ព័ត៌មានដោយ Sky News នៅមុននេះបន្តិច​នាល្ងាចថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

វិមានក្រឹមឡាំង​បានចេញសេចក្តីថ្លែងការណ៍​​យ៉ាងដូច្នេះថា «ការដែលអះអាងថារុស្ស៊ីមានផែនការតាមដាន​រឿង​​សម្ងាត់​របស់​លោក ដូណាល់ ត្រាំ ហើយនឹងផ្ញើសារសម្ងាត់ដើម្បីទាមទារអ្វីមួយ​ជាថ្នូរដើម្បីលាក់បាំង​ព័ត៌មាននោះ​គឺ​ជារឿង​ដែល​មិនពិត​ទាល់តែសោះ ហើយវាជាចេតនា​ដែលចង់បង្កឲ្យ​ទំនាក់ទំនង​រវាង រុស្ស៊ី-អាមេរិកខ្ទេចខ្ទាំ»។ បន្ថែមពីនេះ​រុស្ស៊ីក៏បាន​ច្រានចោលព័ត៌មាន​ដែលថា រុស្ស៊ីបាន​លួចបំផ្លាញ​កេរ្តិ៍​ឈ្មោះ​គូប្រជែងរបស់លោក ត្រាំ ដើម្បីឲ្យលោក ត្រាំ បានជាប់ឆ្នោតនោះផងដែរ។

ជុំវិញ​សំណុំ​រឿងដ៏ចម្រូងចម្រាសនេះ លោក ដូណាល់ ត្រាំ ក៏បានចេញមុខបដិសេធផងដែរ ដោយលោក​បានអះអាងថាអ្វីៗទាំងអស់គឺត្រូវ​បានរៀបចំ និងចងក្រងឡើងដោយចារជនអង់គ្លេសដែលបានចូលនិវត្តន៍​មួយរូប (មិនបញ្ចេញឈ្មោះ) ដែលលោក ត្រាំ ហៅថា «មេធ្មប់ប្រមាញ់នយោបាយ»៕

Fresh News

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា សរសើរអាជ្ញាធរជាតិអប្សរា ដែលបំពេញបេសកកម្មអភិរក្សប្រាសាទអង្គរ ទទួលបានជោគជ័យ



(សៀមរាប)៖ នៅក្នុងជំនួបរវាងលោក សុខ សង្វារ អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយលោក Michael Chan រដ្ឋមន្ត្រីពាណិជ្ជកិច្ចកម្មអន្តរជាតិ នៃរដ្ឋ Ontarioប្រទេសកាណាដា​ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ លោក Michael Chan បានថ្លែងស្ងើចសរសើរចំពោះស្ថាដៃដូនតាខ្មែរ ដែលបានសាងសង់ ប្រាសាទយ៉ាងល្អឥតខ្ចោះ ជាពិសេសលោកពិតជាស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ដែលបំពេញបេសកកម្មដ៏ធំធេង របស់ខ្លួន បានទទួលលទ្ធផលយ៉ាងជោគជ័យ។

លោកបានបញ្ជាក់ថា «មុនចេញដំណើរមក ប្រពន្ធខ្ញុំបានស្វែងរកក្នុងប្រព័ន្ធអ៊ីនធើណិតអំពីអង្គរ ហើយបានដឹងថាអង្គរពិតជាអស្ចារ្យណាស់ យើងបានដឹងថា ថ្មីៗនេះអង្គរបានក្លាយជាគោលដៅទស្សនាដ៏ល្អបំផុតលើលោកទៀតផង»។

លោក Michael Chan រដ្ឋមន្ត្រីពាណិជ្ជកិច្ចកម្មអន្តរជាតិនៃរដ្ឋ Ontario ប្រទេសកាណាដា​ បានមកបំពេញទស្សនកិច្ច និង ស្វែងយល់អំពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

នៅក្នុងឱកាសនោះដែរ លោក សុខ សង្វារ បានបញ្ជាក់ឲ្យដឹងអំពីភាពជោគជ័យ នៃការគ្រប់គ្រងរមណីយដ្ឋានអង្គររយៈពេល ជាង២០ឆ្នាំកន្លងមកនេះ របស់អាជ្ញាធរ ជាតិអប្សរា តាមរយៈយន្តការICC Angkor និងកិច្ចសហប្រតិបត្តិការយ៉ាងល្អពី សំណាក់ដៃគូជាតិ និងអន្តរជាតិជាច្រើនទៀត។ មិនត្រឹមតែជោគជ័យនៅអង្គរទេ យន្តការICC-Angkor ត្រូវបានបណ្តាប្រទេសជាច្រើនយកគំរូទៅអនុវត្តតាមទៀតផង។ ក្រៅពីនេះមន្ត្រីជំនាញ៤រូបផ្សេងទៀត ក៏បានធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី អំពីកិច្ចការអភិរក្សជួសជុលប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ ការអភិវឌ្ឍនិងគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍន៍សហគមន៍ក្នុងរមណីយដ្ឋានអង្គរ និងការគ្រប់គ្រងបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។

ជាមួយគ្នានោះដែរ លោក សុខ សង្វារ ក៏បានបង្ហាញជូនគណៈប្រតិភូកាណាដាអំពីការវិវត្តសំខាន់ៗដែលពាក់ព័ន្ធនឹងការរៀបចំ គ្រប់គ្រង រមណីយដ្ឋានអង្គរ។ លោកបានបន្តថា ចាប់ពីអង្គរត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៩២ មក តាមរយៈឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអង្គរត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាក់ស្តែង ការរៀបចំគណៈកម្មាធិការអន្តរជាតិICC-Angkor ក្នុងឆ្នាំ១៩៩៣ ការកំណត់តំបន់ការពារក្នុងឆ្នាំ១៩៩៤ ការបង្កើតអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ១៩៩៥ ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងបេតិកភណ្ឌក្នុងឆ្នាំ១៩៩៦ គោលនយោបាយបើកលំហជើងមេឃឆ្នាំ១៩៩៧យុទ្ធសាស្ត្រឈ្នះៗដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងក្នុងឆ្នាំ១៩៩៨។ កត្តាទាំងនេះហើយ ដែលជំរុញឲ្យអង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ឆ្នាំ២០០៤៕

Fresh News

នគរបាលអន្ដោប្រវេសន៍ បន្តចាប់ខ្លួនជនជាតិវៀតណាម​១៤នាក់ ដែលចូលមក​រស់នៅ និងធ្វើការ​ខុសច្បាប់ នៅខណ្ឌ​ច្បារអំពៅ



(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនជាតិវៀតណាម​១៤នាក់ ក្នុងនោះស្រីម្នាក់ ដែលចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាត នៅក្នុងសិប្បកម្មឈើ ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើង​ដោយ​សហការជាមួយកម្លាំងនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ បន្ថែមថា ក្រោយត្រួតពិនិត្យនៅក្នុងទីតាំងសិប្បកម្មឈើខាងលើ កម្លាំងជំនាញឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ស្រីម្នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រោយឃាត់ខ្លួនជនទាំងនេះ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដ។

ជាមួយគ្នានោះ លោកប្រធាននាយកដ្ឋានបានឲ្យដឹងថា ក្រោមការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនគរ​បាល​ជំនាញ នឹងបន្ដត្រួតពិនិត្យ និងបណ្ដេញជនបរទេសណា ដែលបានលួចឆ្លងដែន និងធ្វើការដោយគ្មានច្បាប់អនុញ្ញាតិ ពីប្រទេសកម្ពុជាជាបន្ដបន្ទាប់៕

Fresh News

កម្ពុជានិងវៀតណាម សម្រេចចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ស្តីពី​វិស័យការពារជាតិ​សម្រាប់ឆ្នាំ២០១៧



(ហាណូយ)៖ រដ្ឋមន្រ្តីការពារជាតិ​កម្ពុជា​និងវៀតណាម​បានចុះហត្ថលេខា​​រួមគ្នា លើគំរោង​សហប្រតិបត្តិការ​មួយ​សម្រាប់​ឆ្នាំ​២០១៧​ រវាង​​ក្រសួង​​​ទាំង​ពីរ​នៅក្នុង​ជំនួប​សន្ទនា​របស់​រដ្ឋមន្ត្រីទាំងពីរ​កាល​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។ នេះបើ​តាមការ​ដកស្រង់សេចក្តីរាយការណ៍​​ចេញពី​សារព័ត៌មាន​​វៀតណាម Vietnam Net នៅល្ងាច​ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

ជំនួបខាងលើ​បានធ្វើឡើង​នៅទីស្នាក់ការ​នៃទីបញ្ជាការ​យោធា​ជាន់ខ្ពស់​ភូមិភាគ០៥ នៅក្រោយពីពិធី​ទទួលស្វាគមន៍​ត្រូវបានប្រារព្ធ​ឡើង​សម្រាប់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលបានទៅបំពេញទស្សនកិច្ច​ចំនួនបួន​​ថ្ងៃ​ ​​នៅប្រទេសវៀតណាម​ចាប់ពីថ្ងៃទី០៨ ខែមករា​ ហើយនៅក្នុង​កិច្ចសន្ទនា​រវាងរដ្ឋមន្រ្តី​ទាំងពីរូប​ ក៏បានបង្ហាញការ​ពេញ​ចិត្ត​​ពេញ​ថ្លើម​​យ៉ាង​ខ្លាំង​​ចំពោះ​​សមិទ្ធិ​ផល​ដែល​ទទួល​បាន​​ពី​កិច្ច​​សហ​ប្រតិបត្តិការ​យោធា​​ទ្វេភាគី​កាលពី​ឆ្នាំ២០១៦ ជាពិសេស​ការផ្លាស់​ប្តូរគណៈប្រតិភូ, ការបណ្តុះ​បណ្តាល​បុគ្គលិក និងការការពារបន្ទាត់ព្រំដែន។

ក្នុងឱកាសនោះដែរ​នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា​កម្ពុជាតែងតែ​អរគុណ​ជានិច្ច​ចំពោះការ​ជួយជ្រោមជ្រែង​របស់​ភាគី​វៀតណាម ​នៅអំឡុង​គ្រា​លំបាករបស់ខ្លួន​ប្រឆាំងនឹង​របបប្រល័យ​ពូជសាសន៍​ប៉ុលពត និងបុព្វហេតុ​នៃការកសាង​ជាតិ​បច្ចុប្បន្ននេះ ហើយរដ្ឋមន្រ្តីក្រសួង​​ការពារជាតិ​វៀតណាម ​លោក Ngo Xuan Lich ក៏បាន​បង្ហាញពី​ការពេញចិត្តរបស់​លោកចំពោះការ​គាំទ្ររបស់​កម្ពុជាដល់​វវៀតណាម​ក្នុង​ការ​ស្វែងរក​ក៏ដូចជាបញ្ជូនសាកសព​របស់ទាហានស្ម័គ្រចិត្ត​ និងក្រុមអ្នកជំនាញ​វៀតណាមទៅ​កាន់​មាតុប្រទេស​វិញផងដែរ។

ជាចុងក្រោយរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ​បានសង្កត់ធ្ងន់​ថា ​អាទិភាព​ចម្បង​នៃកិច្ចសហប្រតិបត្តិការ​ស្តីពីវិស័យ​ការពារជាតិ​​នៅឆ្នាំ​នេះ​រួមទាំង​ឆ្នាំក្រោយៗ​ទៀត​គឺការរៀបចំ​នៃការផ្លាស់ប្តូរ​គណៈប្រតិភូ, កិច្ចពិភាក្សា​គោលនយោបាយ​ការពារជាតិ​ថ្នាក់​អនុរដ្ឋមន្រ្តី, ការល្បាតរួមគ្នា​​តាមដែនសមុទ្រ, កិច្ចការព្រំដែន, និងការស្វែងរក​សាកសព​ជនជាតិវៀតណាម​ដែលនៅ​សេសសល់៕

Fresh News

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ បុរសដែលមេបក្សប្រឆាំង​នៅកម្ពុជាហៅ​ថាជនផ្តាច់ការ នឹងឡើង​កាន់តំណែង​ជាមេដឹក​នាំ​មហាអំ​ណាច​ពិភពលោក



(អាមេរិក)៖ ថ្ងៃឡើងកាន់តំណែងប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ដែលជាប្រទេសកំពូលប្រជាធិបតេយ្យ និងមហាអំណាចលើពិភពលោក ត្រូវបានរៀបចំ​ឡើងក្នុងរយៈពេលបួនឆ្នាំម្តង។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង បន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅ។ នៅថ្ងៃទី២០​ ខែមករាខាងមុខនេះលោក ដូ ណាល់ត្រាំ ដែលមេបក្សប្រឆាំងនៅកម្ពុជាលោក សម រង្ស៊ី ហៅថាជាជនផ្តាច់ការនោះ នឹងត្រូវស្បថចូលកាន់តំណែងជាមេដឹកនាំមហាអំណាចពិភពលោក។

តាមរយៈគេហទំព័រព័ត៌មាន «ខេមបូឌា ដេលី» ចេញផ្សាយនៅពេលបោះឆ្នោតនៅអាមេរិក លោក សម រង្ស៊ី បានលើកឡើងថា «លោកស្រី គ្លីនតុន មានការអប់រំខ្ពស់ជាង មានចិត្តទូលាយជាងប្រកបដោយ បរិយាប័នជាង។ លោកស្រីហាក់យកចិត្តទុកដាក់ខ្លាំងជាងចំពោះសន្តិសុខសង្គម។ ផ្ទុយទៅវិញ លោក ត្រាំ ដែលមានអត្តចរិតច្រឡោត និងឆេវឆាវ ហាក់មានគ្រោះថ្នាក់ សម្រាប់សន្តិភាពពិភពលោក»។ លោក សម រង្ស៊ី បានបន្តយ៉ាងដូច្នេះ «បក្សីដែលមានរោមដូចគ្នា វានៅផ្ដុំជាមួយគ្នា។ លោក ត្រាំ ហាក់ជឿជាក់លើអំណាចផ្ដាច់ការ របស់លុយ ហើយលោក ហ៊ុន សែន ហាក់ជឿជាក់អំណាចផ្ដាច់ការរបស់កាំភ្លើងបូករួមជាមួយនឹងលុយ។ ត្រាំ និងលោក ហ៊ុន សែន ពិតជាមិនមែនអ្នក ប្រជាធិបតេយ្យនោះទេ»។

កម្មវិធីស្បថចូលកាន់តំណែងរបស់បុរសដែលត្រូវលោក សម រង្ស៊ី ចោទថា ជាជនផ្តាច់ការនោះ នឹងប្រព្រឹត្តទៅនាពេលរសៀលថ្ងៃទី២០ ខែមករា ក្នុងរដ្ឋធានី Washington DC។ វាជាកម្មវិធីនៃការចាប់ផ្តើមអាណត្តិថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលមានរយៈពេលបួនឆ្នាំ។ កម្មវិធីឡើងកាន់អំណាចនេះ ត្រូវបានរៀបចំឡើងសម្រាប់ការចាប់ផ្តើមអាណត្តិនីមួយៗ បើទោះបីជាប្រធានាធិបតីរូបនោះបន្តកាន់អំណាច ក្នុងរយៈពេលអាណត្តិទីពីរក៏ដោយក្តី។

ក្រៅពីកម្មវិធីស្បថចូលកាន់ដំណែង ការថ្លែងសន្ទរកថា និងកម្មវិធីផ្សេងៗនោះ ក៏មានការរៀបចំក្បួនព្យុះហយាត្រាតាមបណ្តោយដងវិថី Pennsylvania ផងដែរ។ ប្រធានាធិបតីថ្មី ទស្សនាការធ្វើព្យុះហយាត្រាដែលមានមនុស្សចូលរួមដង្ហែរាប់ពាន់នាក់។

* កាលបរិច្ឆេទ៖
កម្មវិធីតែងតាំងប្រធានាធិបតីទីមួយរបស់អាមេរិក គឺលោក George Washington ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៧៨៩ នៅសាលសហព័ន្ធ ក្នុងទីក្រុង ញ៉ូវយក ជាកន្លែងដែលលោកបានស្បថចូលកាន់ដំណែង។ តែចាប់តាំងពីឆ្នាំ១៧៩៣រហូតដល់ឆ្នាំ១៩៣៣ កម្មវិធីនេះត្រូវបានប្តូរទៅថ្ងៃទី០៤ ខែមីនា។ តែក្នុងករណីដែល​ថ្ងៃនោះត្រូវចំថ្ងៃអាទិត្យ គេនឹងលើកទៅថ្ងៃចន្ទវិញ គឺថ្ងៃទី០៥ ខែមិនា។

ក្រោយមកគឺឆ្នាំ១៩៣៧ ថ្ងៃឡើងកាន់ដំណែងប្រធានាធិបតីថ្មីរបស់អាមេរិក ត្រូវបានផ្លាស់ប្តូរទៅរសៀលថ្ងៃទី២០ ខែមករា ដោយរដ្ឋធម្មនុញ្ញអាមេរិក។ ប៉ុន្តែប្រសិនបើ​ថ្ងៃទី២០ ខែមករា ត្រូវនឹងថ្ងៃអាទិត្យ ប្រធានាធិបតីតម្រូវឱ្យស្បថក្នុងលក្ខណៈឯកជនជាមួយប្រធានមន្ត្រីយុត្តិធម៌ប៉ុណ្ណោះ បន្ទាប់មកកម្មវិធីស្បថនៅមុខសារធារណជន ត្រូវលើកទៅថ្ងៃចន្ទដែលជាថ្ងៃបន្ទាប់ គឺត្រូវនឹងថ្ងៃទី២១ ខែមករា។

* អ្នកចូលរួម៖
ក្រៅពីសាធារណជន អ្នកចូលរួមក្នុងកម្មវិធីនេះ ជាទូទៅមានដូចជា សមាជិកសភា តុលាការកំពូល មន្ត្រីយោធាជាន់ខ្ពស់ អតីតប្រធានាធិបតី អ្នកទទួលបាន មេដាយ​កត្តិយស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ អតីតប្រធានាធិបតីមុនៗជាទូទៅក៏ចូលរួមក្នុងកម្មវិធីនេះផងដែរ លើកលែងតែក្នុងករណីដែលពួកគេស្លាប់។
កម្មវិធីនេះ​ជាទូទៅ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ច្រើនជាងតាមរដ្ឋធម្មនុញ្ញ លើកលែងតែការធ្វើពាក្យសម្បថ។

តាមទម្លាប់ប្រធានាធិបតីជាប់ឆ្នោតបានមកដល់សេតវិមាន ព្រមទាំងដំណើរការកម្មវិធីនេះរួមជាមួយវត្តមានប្រធានាធិបតីកំពុងកាន់អំណាច។ កម្មវិធីធ្វើពាក្យសម្បថ​ត្រូវបានរៀបចំឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ដោយមានប្រធានមន្ត្រីយុត្តិធម៌ជាអ្នកគ្រប់គ្រង។ យោធាអាមេរិកក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ចាប់តាំងពីការ​ឡើងកាន់អំណាចរបស់អតីតប្រធានាធិបតី Gorge Washington ដោយសារកាលនោះលោកជាមេបញ្ជាការយោធា។

* ទីកន្លែងរៀបចំពិធី៖
កម្មវិធីតែងតាំងប្រធានាធិបតី ស្ទើរទាំងអស់ត្រូវបានរៀបចំនៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ដោយឡែកចំពោះកម្មវិធីធ្វើពាក្យសម្បថវិញ វាអាស្រ័យទៅ​លើអាកាសធាតុ ដែលពេលខ្លះត្រូវបានរៀបចំ នៅខាងក្នុង ឬពេលខ្លះខាងក្រៅនៅខាងក្រៅវិមានកាពីតូល។ និយាយពីកម្មវិធីនៅ​ខាងក្រៅអគារវិញ ពីមុនមកត្រូវបាន​រៀបចំ​ឡើងនៅភាគខាងកើតផ្នែកខាងមុខនៃវិមាន។ តែចាប់តាំងពីខែមិថុនា ឆ្នាំ១៩៨០មក គណកម្មាធិកាបានសម្រេចផ្លាស់ប្តូរទៅភាគខាងលិច នៃវិមានវិញម្តងដើម្បី​សន្សំថវិកា និងផ្តល់ទីតាំងធំទូលាយសម្រាប់អ្នកទស្សនា។

ឈានដល់អាណត្តិលោក Ronald Reagan អតីតប្រធានាធិបតីរូបនេះបានស្នើរៀបចំកម្មវិធីដោយបែរទៅមុខទៅទៅខាងលិចគឺទៅរដ្ឋ California ដែលជារដ្ឋកំណើត​របស់​លោកវិញ។ ចាប់តាំងពីពេល​នោះមក រាល់កម្មវិធីនៅខាងក្រៅវិមានត្រូវបានរៀបចំឡើង បែរមុខទៅទិសខាងលិច។

* អ្នករៀបចំកម្មវិធី៖
ចាប់តាំងពីឆ្នាំ១៩០១មក រាល់កម្មវិធីឡើងកាន់ដំណែង ត្រូវបានរៀបចំឡើងនៅរដ្ឋធានី សហរដ្ឋអាមេរិក ដោយគណកម្មាធិការសភា រួមទទួលបន្ទុកការឡើង កាន់ដំណែង។ គណកម្មាធិការរៀបចំការឡើងកាន់ដំណែងប្រធានាធិបតី ជាអង្គភាពស្របច្បាប់ ក្នុងការរៃអង្គាស និងចូលរួមមូលនិធីសម្រាប់ការរៀបចំ ព្រឹត្តិការណ៍ផ្សេងៗនៅក្នុងកម្មវិធី ជាក់ស្តែងដូចជា ការដើរព្យុះហយាត្រាជាដើម។

* ឥទិ្ធពលនៃកម្មវិធីចំពោះសាធារណជន៖
ថ្ងៃឡើងកាន់ដំណែងនេះ មិនមែនជាថ្ងៃឈប់សម្រាកជាសាធារណៈឡើយ ហើយប្រជាពលរដ្ឋភាគច្រើន នៅតែបន្តធ្វើការដូចធម្មតា។ សាលារៀន ហាងលក់ទំនិញ និងស្ថាប័នផ្សេងៗ ត្រូវបានបើកដំណើរការជាធម្មតា ខណៈដែលប្រព័ន្ធដឹកជញ្ជូន និងសេវាកម្មផ្សេងៗក៏ត្រូវប្រព្រឹត្តទៅតាមគម្រោងរបស់ខ្លួន។ ប៉ុន្តែវាអាចនឹងមានការ​ផ្លាស់ប្តូរចំពោះប្រព័ន្ធផ្សព្វផ្សាយ ដោយសារគ្រប់ព័ត៌មានភាគច្រើននឹងផ្តោតទៅលើកម្មវិធីនេះទាំងស្រុង។

យ៉ាងនេះក្តី ថ្ងៃឡើងកាន់ដំណែងនេះ គឺជាថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិកសហព័ន្ធ ដែលធ្វើការនៅ Washington DC ឬតំបន់ដែលស្ថិតនៅក្បែរនោះ ដោយការឈប់​សម្រាកនេះ ដើម្បីក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ដែលត្រូវរៀបចំកម្មវិធីនេះ។

ចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺនៅក្នុងនិងជុំវិញរដ្ឋធានី Washington DC នឹងរងការរំខានជាខ្លាំងក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ទាំងក្នុងពេល ឬមុន និងក្រោយថ្ងៃឡើង​កាន់ដំណែង។ វាមិនមែនដោយសារការរៀបចំកម្មវិធី និងការដើរព្យុះហយាត្រាប៉ុណ្ណោះទេ ប៉ុន្តែដោយសារការធ្វើបាតុកម្មផ្សេងៗ ដែលត្រូវបានរៀបចំឡើង​នៅថ្ងៃនោះ​ផងដែរ៕

Fresh News

ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ៖ «ខ្ញុំគិតថារុស្ស៊ីជាអ្នកនៅពីក្រោយខ្នងនៃការ Hack លទ្ធផលនៃបោះឆ្នោត» (Video inside)

(អាមេរិក)៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានឱ្យដឹងតាមរយៈការធ្វើសន្និសទីកាសែតជាលើកដំបូងរបស់លោក ចាប់តាំងពីលោកជាប់ឆ្នោតជា ប្រធានាធិបតីថា លោកគិតថាប្រទេសរុស្ស៊ីជាអ្នកនៅពីក្រោយខ្នងការ នៃការប្រហារព័ត៌មានវិទ្យា ឬ Hack លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន ​CNN ចេញផ្សាយនៅយប់ជ្រៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។

លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសន្និសិទកាសែតយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាវាជាប្រទេសរុស្ស៊ី, ប៉ុន្តែខ្ញុំគិតថាពួកយើងមិនមែនទទួលរងការវាយប្រហារ (Hack) ពីប្រទេសរុស្ស៊ីតែមួយទេ មានប្រទេសដទៃ និងអ្នកផ្សេងទៀត»។ «I think it was Russia, But i think we also get hacked by other countries and other people»។

លោកបានបន្ថែមថា ប្រទេសរុស្ស៊ីគឺមិនមែនជាប្រទេសតែមួយគត់ដែល Hack ចំពោះការបោះឆ្នោតអាមេរិក និងចោទប្រកាន់ថា គណបក្សប្រជាធិបតេយ្យ មិនមានវិធានការទប់ស្កាត់គ្រប់គ្រាន់ចំពោះការវាយប្រហារតាមប្រព័ន្ធអ៉ិនធឺណិត។

ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានទាត់ចោលជាថ្មីម្ដងទៀត ការលើកឡើងដែលថា លោកបានរងឥទ្ធិពល និងសម្ពាធពីសំណាក់ រដ្ឋាភិបាលទីក្រុងមូស្គូ។ លោក ដូណាល់​ ត្រាំ​ ដែលនឹងស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ នៅថ្ងៃទី២០ ខែមករា បានសរសេរនៅលើ Twitter ដូច្នេះថា៖ «រុស្ស៊ីមិនដែលបានព្យាយាមដាក់សម្ពាធមកលើខ្ញុំនោះទេ។ ខ្ញុំគ្មានទំនាក់ទំនងអ្វីជាមួយទីក្រុងមូស្គូ គ្មានទំាងកិច្ចសន្យា គ្មានទំាងកម្ចី គឺទទេស្អាតតែម្ដង!»។

ក្រោយពីការផ្ទុះរឿងរ៉ាវដ៏ធំពាក់ព័ន្ធនឹងឯកសារសម្ងាត់ រឿងអាស្រូវការលួចចូលកែលទ្ធផលឆ្នោត និងការលួចព័ត៌មានស្តីពីផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ លោក ដូណាល់ ត្រាំ នោះ, វិមានក្រឹមឡាំង​បានចេញមុខ​ច្រានចោល​ព័ត៌មានទាំងអស់ ហើយថាវាជាព័ត៌មាន «មិនសមហេតុផលសោះ​តែម្តង»។ នេះបើ​តាម​ការ​ចេញផ្សាយ​ព័ត៌មានដោយ Sky News ​នាល្ងាចថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

វិមានក្រឹមឡាំង​បានចេញសេចក្តីថ្លែងការណ៍​​យ៉ាងដូច្នេះថា «ការដែលអះអាងថារុស្ស៊ីមានផែនការតាមដាន​រឿង​​សម្ងាត់​របស់​លោក ដូណាល់ ត្រាំ ហើយនឹងផ្ញើសារ សម្ងាត់ដើម្បីទាមទារអ្វីមួយ​ជាថ្នូរដើម្បីលាក់បាំង​ព័ត៌មាននោះ​គឺ​ជារឿង​ដែល​មិនពិត​ទាល់តែសោះ ហើយវាជាចេតនា​ដែលចង់បង្កឲ្យ​ទំនាក់ទំនង​រវាង រុស្ស៊ី-អាមេរិកខ្ទេចខ្ទាំ»។ បន្ថែមពីនេះ​រុស្ស៊ីក៏បាន​ច្រានចោលព័ត៌មាន​ដែលថា រុស្ស៊ីបាន​លួចបំផ្លាញ​កេរ្តិ៍​ឈ្មោះ​គូប្រជែងរបស់លោក ត្រាំ ដើម្បីឲ្យលោក ត្រាំ បានជាប់ឆ្នោតនោះផងដែរ។

ជុំវិញ​សំណុំ​រឿងដ៏ចម្រូងចម្រាសនេះ លោក ដូណាល់ ត្រាំ ក៏បានចេញមុខបដិសេធផងដែរ ដោយលោក​បានអះអាងថាអ្វីៗទាំងអស់គឺត្រូវ​បានរៀបចំ និងចងក្រងឡើងដោយចារជនអង់គ្លេស ដែលបានចូលនិវត្តន៍​មួយរូប (មិនបញ្ចេញឈ្មោះ) ដែលលោក ត្រាំ ហៅថា «មេធ្មប់ប្រមាញ់នយោបាយ»៕



Fresh News

Facebook បង្កើតគំរោងថ្មី ដើម្បីលើកស្ទួយ​ទំនាក់ទំនង ជាមួយ​បណ្តាញ​សារព័ត៌មាននានា និងទប់ស្កាត់​ព័ត៌មានឆបោក



(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានបង្កើតគំរោងថ្មីមួយឈ្មោះថា «Journalism Project» នៅ​ថ្ងៃ​​​​ព្រហស្បតិ៍នេះ​ដោយសារតែ​ក្រុមហ៊ុន​បណ្តាញ​ទំនងទំនង​សង្គម​ដ៏ធំជាងគេលើពិភពលោកមួយនេះ​កំពុងព្យាយាមធ្វើឲ្យ​ទំនាក់ទំនង​របស់ខ្លួនជាមួយនឹង​បណ្តាស្ថាប័ន​ព័ត៌មាននានា​មានភាពស៊ីជម្រៅ​ជាងមុន​កាន់​តែ​ខ្លាំង។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

Facebook បានឲ្យដឹងថា​ក្រុមហ៊ុននឹង​ចូលរួម​សហការ​ជាមួយបណ្តា​ស្ថាប័ន​ជាភាគី​ទីបី​ដើម្បីលើកកម្ពស់ «អក្ខរកម្មព័ត៌មាន» និងជួយដល់​អ្នក​ប្រើប្រាស់ចំនួនប្រហែលជាង ២ពាន់លាននាក់របស់ខ្លួនក្នុងការ​សម្រេច​ចិត្ត​ជ្រើសរើសថា​តើប្រភព​ពត៌មាន​ណាមួយ​ដែលអាចឲ្យ​ជឿទុកចិត្ត​​បាន​ ហើយបន្ថែម​ពីនេះ​ក្រុមហ៊ុន​នឹងនៅតែ​បន្តធ្វើយ៉ាងណា​ដោះស្រាយ ​ជាមួយបញ្ហា​នៃការផ្សព្វ​ផ្សាយ​ដំណឹង​ឆបោក​នៅលើបណ្តាញ​ទំនាក់ទំនង​សង្គមដ៏ធំនេះ​ផងដែរ។

គួរបញ្ជាក់ថា​សេចក្តីប្រកាសនេះ​ត្រូវបានធ្វើឡើង​មិនដល់មួយ​សប្តាហ៍នោះ​ឡើយ បន្ទាប់ពី​ក្រុមហ៊ុន Facebook បានអះអាងថា​កំពុង​ចរចា​​ជាមួយ​អតីត​អ្នកសារព័ត៌​មាន ​ក៏ដូចជាអ្នក​សម្របសម្រួល​កម្មវិធី​នៃស្ថានីយ៍​ទូរទស្សន៍ CNN គឺលោកស្រី Campbell Brown ដើម្បី​ឲ្យ​​មក​ធ្វើ​ជា​​អ្នក​ដឹក​នាំ​​ក្រុម​​នៃ​ភាព​ជាដៃ​គូ​​ព័ត៌មាន​​របស់ក្រុមហ៊ុន៕

Fresh News

លោក បារ៉ាក់ អូបាម៉ា៖ «គូប្រជែងដូចជា​រុស្ស៊ី​និងចិន មិនអាចប្រៀបធៀប​​នឹងឥទ្ធិពល របស់​សហរដ្ឋ​អាមេរិក​បានឡើយ»



(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានទទួល​ស្គាល់ពី​បរាជ័យ នៃ​នយោបាយ​ការបរទេស​មួយ​ចំនួនរបស់​លោក​ជា​ពិសេសគឺសង្រ្គាម​ស៊ីរីតែម្ដង ប៉ុន្តែព្រមពេលជាមួយគ្នា លោក អូបាម៉ា នៅតែអះអាងថា​សហរដ្ឋអាមេរិកគឺ​ជាមហាអំណាចលេខ១ នៅលើពិភពលោក​ហើយ​គូប្រជែង​ដូចជាចិននិងរុស្ស៊ី គ្មាន​សមត្ថភាពអ្វីមកប្រកួតប្រជែងនឹងសហរដ្ឋអាមេរិកបាននោះឡើយ។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ​២០១៧។

ការលើកឡើងរបស់​លោក អូបាម៉ា ដូចខាងលើនេះ​ធ្វើឡើងនៅក្នុងឱកាស​ថ្លែងសុន្ទរកថា​ជាលើកចុងក្រោយ នៅថ្ងៃអង្គារ​ម្សិលមិញ​នៅឯទីក្រុង Chicago។ លោក អូបាម៉ា កត់សម្គាល់​ដូច្នេះថា «គូប្រជែងដូចជា​រុស្ស៊ី ឬមួយ​ក៏ចិន​មិនអាចប្រៀបធៀប​នឹងឥទ្ធិពល​របស់​សហរដ្ឋអាមេរិក នៅទូទាំង​ពិភពលោក​បានឡើយ (...) ត្បិតយើង​​មិនដែលបោះបង់​ចោលអ្វី​ដែលយើង​ត្រូវការពា​រនោះទេ ហើយយើង​ក៏មិនមែន​ត្រឹមតែជាប្រទេស​​មហាអំណាច​ចូលចិត្ត​ដើរគំរាម​ប្រទេសតូចៗ​នោះដែរ»។ លោក អូបាម៉ា បន្ថែមថា «បើសិន​ជា​ការគោរព​នីតិរដ្ឋ​នៅតែបន្តធ្លាក់ចុះ ខណៈលទ្ធភាពសង្រ្គាម​រវាងប្រទេស​និងប្រទេស​មានការកើនឡើង​នោះប្រាកដ​ណាស់​ថា វាគឺជាការគំរាមកំហែង​ដល់សេរីភាព​របស់​សហរដ្ឋ​អាមេរិក»។

គួរបញ្ជាក់ថា នៅក្រោម​រដ្ឋបាល​លោក អូបាម៉ា ទំនាក់ទំនង​រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានទទួលរងនូវ​ភាពតាន​តឹង​យ៉ាងខ្លំាង​ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើការចោទប្រកាន់ក៏ដូចជា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ទីក្រុងមូស្គូ សម្រាប់ការលូកដៃចូលក្នុងជម្លោះ​នៅភាគខាងកើត​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ២០១៤ ហើយជាងនេះ​ទៅទៀត​កាលពីពេលថ្មីៗនេះ លោក អូបាម៉ា ក៏បានសម្រេចចិត្ត បណ្ដេញ​មន្ត្រីទូត​រុស្ស៊ី​ ៣៥នាក់​ចេញ​ពី​សហរដ្ឋអាមេរិក​ផងដែរ ដោយសារ​តែ​រឿង​ជ្រៀតជ្រែត​ចូលក្នុងកិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក បើទោះបីជារុស្ស៊ីបានបដិសេធ​ជាច្រើន​ដងហើយក៏ដោយ៕

Fresh News

ថៃ នរៈសត្យា មិន​​ការពារ ​​ថៃ នរៈ​​វិទូ រឿង​​​​ពាក់ព័ន្ធ​គ្រឿង​ញៀន



​ក្រោយ​ការ​ចាប់ខ្លួន​លោក ​ថៃ នរៈវិទូ ជាអតីតតារា​សម្ដែង ​​និងជាអតីត​ហ្វ្រេស៊ី ​លោក​ថៃ នរៈសត្យាជា​​​ឪពុក ដែលមាននាទី​ជា​​​រដ្ឋលេខាធិកា​របស់​ក្រសួង​​វប្បធម៌ និង​វិចិត្រ​​សិល្បៈ ​បានអះអាងថា​​​លោកមិន​​លូកដៃ​​​ក្នុងរឿង​កូនប្រុស​ត្រូវ​តុលាការ​ខេត្ត​បាត់ដំបង​​​ចោទប្រកាន់​ពីបទ​​​​ពាក់ព័ន្ធ​​​​រឿង​គ្រឿង​ញៀន​នៅ​នោះ​​ឡើយ។ យ៉ាងណាមិញ លោកថា​ទឹកចិត្ត​ជា​ឪពុក គឺអាណិត ហើយ​​ឈឺចាប់​​​​​​ តែ​មិនអាច​ល្មើស​ច្បាប់​​​​​បណ្ដាលឲ្យមានការ​រិះគន់នោះឡើយ។

​​​លោក​បាន​ផ្ដល់សម្ភាសន៍​ថា ​លោកមិនបានដឹង​រឿង​​​ពាក់ព័ន្ធ​នឹង​រឿង​កូនប្រុស​ ភ្លើត​ភ្លើន​រហូត​​​​​​​​​​​បាន​ក្លាយជា​បក្សពួក​របស់​​ក្រុម​​អ្នកជួញដូរ​គ្រឿង​ញៀន​នៅខេត្ត​បាត់ដំបង​នោះទេ ដោយសារតែ​ពេលកន្លងមក​​​​លោក និ​​​ង​​លោក ថៃ ​នរៈវិទូ ​ជា​កូនប្រុស ​​​​​​ស្ថិត​នៅ​ក្រៅ​បន្ទុកពីគ្នា​​​ចាប់តាំង​ពី​​​​​​លោករៀប​​​ការ​​​ឲ្យកូនប្រុស​មានគ្រួសាររៀង​ខ្លួន។ លោកថា​​ការងារ​រវល់ គឺជាមូលហេតុដែល​មិនអាច​ឲ្យ​លោក​បានដឹង​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​​​​រឿង​កូនប្រុស ប៉ុន្តែ​លោក​ក៏មិនបាន​ប្រកែក​​ថា​​​លោក ថៃ នរៈវិទូ ​រង​ការ​ប្រកាន់ ហើយ​​​មិនបានពាក់ព័ន្ធ​នឹងរឿងជួញ​ដូរ​គ្រឿង​ញៀន​នោះឡើយ។ លោកថា ​មិនមានគម្រោង​​​ជួយ​ដោះ​កូនប្រុស​ពីការ​ចោទប្រកាន់​នោះទេ បើទោះជា​លោក​មាន​​​​​​​​​​​​​​នាទី​ជាមន្ត្រី​​ដែលមាន​ឥទ្ធិពលម្នាក់​នៅ​​​ក្នុង​ក្រសួង​មួយ។ ​

លោកនិយាយថា៖ ​«​​​ទឹកចិត្ត​​ឪពុក​បានត្រឹមតែ​អាណិត ​តែ​​បើឲ្យខ្ញុំទៅធ្វើអី​​ខុស​នឹង​ច្បាប់​​​ខ្ញុំមិនធ្វើទេ ខ្ញុំ​​ទុកសិទ្ធិអោយ​​​តុលាការ​គាត់ដោះស្រាយ​​ ​ធ្វើ​មិច​បើ​កូន​​យើង​​ចឹង​​!»។

​លោក​បដិសេធ​ឡើង​ទៅ​ខេត្ត​បាត់ដំបង ​ទៅ​​មើលកូនប្រុស​ដែលត្រូវ​​​​​​​​អាជ្ញាធរ​ចាប់ខ្លួន​​​ ​​ដោយថា​វត្តមានរបស់​លោកនឹងអាច​ធ្វើឲ្យចំណាត់​ការ​ផ្លូវ​ច្បាប់​មានភាព​ស្ទាក់ស្ទើរ ឬទើស​ទាល់​សម្រាប់​ក្រុម​សមត្ថកិច្ច​។ ​​​លោកថា ​ខ្លួន​បាន​ត្រឹមតែ​មាន​តំណាង​គ្រួសារ​ឡើង​ទៅមើល​​​​​​​ដើម្បី​ជួយលើកទឹកចិត្ត​ដល់​កូនប្រុស​កុំឲ្យឯកោ​ប៉ុណ្ណោះ តែ​​សម្រាប់​​​​​​​​​​​​​​វិធានការ​​​​​ការពារ​កូនប្រុស​អោយ​នៅ​ក្រៅឃុំ​គឺ​លោកមិនធ្វើ​នោះទេ ដើម្បី​បញ្ចៀស​នូវ​ការ​រិះគន់​​​។

លោកនិយាយថា៖ ​«​លូវ​ហ្នឹង​​ខ្ញុំមានការ​ទៅ​ប្រជុំនៅ​ខេត្ត​ផ្សេង ​​រឿង​ហ្នឹង​ប្រហែលគ្រួសារ​ខ្ញុំ(ប្រពន្ធ កូន) ​ទៅ​​​​​​មើល តែ​​មិនមែនទៅដោះស្រាយ​ទេ គឺ​​យើង​ទុកអោយច្បាប់​​​​​គាត់ចាត់ចែង ​​​​សម្រាប់ខ្ញុំជា​ឪពុក​​​ ខ្ញុំ​អត់ចង់ឃើញ​កូន​​ត្រូវ​​​ជាប់ឃុំចឹងទេ​ ហើយក៏រឹត​មិនចង់​​​អោយ​កូនប្រុស​​​​​ស្អុយ​ឈ្មោះ​ចឹងទៀត តែ​ធ្វើមិច​​បើ​​​​​​ច្បាប់​​​​រកឃើញ​ចឹង​ ចឹង​​យើង​រង់ចាំ​​​​​​​​​ស្ដាប់​ការ​ដោះស្រាយ​​របស់​​​ច្បាប់​វិញ ​​​​​យើងអត់​​​​ទៅធ្វើអ្វី​លើស​ពី​និតិវិធីច្បាប់​បាន​ទេ​!»។ ​​

លោកមិនហ៊ានរំពឹងថា​លោក ថៃ នរៈវិទូ ​​រួច​ផុត​ពីការ​ចោទ​ប្រកាន់នោះទេ ​បន្ទាប់ពីខាង​សមត្ថកិច្ច​រកឃើញ​​​​​​ជន​​ពាក់ព័ន្ធ​​​គ្រឿង​ញៀន​មួយ​ក្រុម​ធំនៅ​ខេត្ត​​​បាត់ដំបង​​​​មានគ្នា​​​៦​នាក់ ហើយ​​ក្រោយសារភាព​​​​​​គឺ​​​លោកថៃ នរៈវិទូ ​​ក៏ជា​​​​​​​​​បក្ស​ពួក​​ក្នុង​​​​​រឿង​​ប្រើប្រាស់ និងចែកកចាយ​គ្រឿង​ញៀនម្នាក់ដែរ។ ​

លោកនិយាយថា៖ ​​«​​​​ខ្ញុំអត់ដឹងថា​​​​គេ​(ថៃ​ នរៈវិទូ) ធ្វើ​អីខ្លះ​ទេរាល់ថ្ងៃ ​តែខ្ញុំ​អត់ថា​​​​​​​​​កូនខ្ញុំ​ត្រូវទេ ចាំ​​មើលនិតិវិធីច្បាប់សិន!»។

យោងតាមព័ត៌មានចុះផ្សាយ គឺ​​​លោក ថៃ​​ នរៈវិទូ និង​បក្ស ពួក​ត្រូវ​បាន​​​​​​​​មន្ត្រី​ប៉ូលីស​​​​​ខេត្ត​បាត់ដំបង​​​ចាប់បាន​​​កាលពី​​​រសៀលថ្ងៃទី​​​១០ខែមករា ​​​នៅ​ក្នុង​​ហាងមួយ​​​​ ក្រោមការ​ដឹកនាំដោយ​ លោក ប៉ង់ ចាន់សុយុទ្ធារា ​មន្ត្រីជាន់ខ្ពស់​​​បង្រ្កាប​គ្រឿង​ញៀននៅខេត្តបាត់ដំបង។

ព័ត៌មានផ្សាយថា ទីតាំងខារ៉ាអូខេយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV) ត្រូវបានប៉ូលិសចុះបង្ក្រាប ហើយបានរកឃើញសារធាតុញៀនជាច្រើន និង​មនុស្សពាក់ព័ន្ធចំនួន​​​៦​នាក់។

លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យចំនួន៦នាក់ គឺទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះ ថៃ នរៈពិទូ (អតីតតារាសម្ដែង) ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។ ទី៥ ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង គឺជាមុខសញ្ញាដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទាំងនោះ។ លោកថា វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ) ៣ថង់ ទម្ងន់០,៨៨ក្រាម។ ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀនអ៊ិស្តាស៊ីចំនួន២។ ថ្នាំអំពូលDiazepam ២អំពូល ថ្នាំគ្រាប់ ZEPAM ១៦បន្ទះ និងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

លោក ស៊ាន សុណាល់ ថា លោក ថៃ នរៈវិទូ និងជនសង្ស័យដែលត្រូវចាប់បាន៥រូបទៀត នឹងប្រឈមជាប់ពន្ធនាគារ ប្រសិនបើរកឃើញថាពិតជាជាប់ពាក់ព័ន្ធលើករណីចែកចាយគ្រឿងញៀនដូចអ្វីដែលបានចោទប្រកាន់។ អ៊ីចឹងហើយទើបម្នាក់ៗមានការ​កោត​សរសើរ​​ បន្ទាប់ពី​លោក​ថៃ នរៈសត្យា ជា​​មន្ត្រី​ជាន់ខ្ពស់ ប្រកាស​ថា​មិន​​​​​​​​​​ការពារ​​កូនប្រុស​ក្រោយការ​ចាប់ខ្លួន ​​​​​​​ហើយទុកអោយច្បាប់​ដោះស្រាយ៕

VOD
ដោយ លោក វង្ស សុម៉ាលីន​​