សម្តេច ហ៊ុន សែនៈ CPP នៅតែ​រក្សា​ឆន្ទៈ​នយោបាយ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃទី​២២ កក្កដា និង​វប្បធម៌​សន្ទនា​



ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤០ អាណត្តិ​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​រក្សា​ឆន្ទៈ​នយោបាយ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ និង​វប្បធម៌​សន្ទនា ដោយ​ឈរលើ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ប្រឆាំង​ការប្រើប្រាស់​កិច្ចព្រមព្រៀង​នយោបាយ និង​វប្បធម៌​សន្ទនា ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​ច្បាប់​។​

​ជាមួយគ្នានេះ លោក​កឹម សុខា ប្រធាន​ក្រុម​មតិ​ភា​គិ​តិច និង​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៅក្នុង​រដ្ឋសភា គ្រោង​នឹង​ជួបគ្នា​ពិភាក្សាគ្នា ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ មួយចំនួន​ដែល​នៅ​សេសសល់​មិនទាន់​ដោះស្រាយ នៅ​សប្តាហ៍​ក្រោយនេះ​។​

​លោក​យ៉ែម បុញ្ញឫទ្ធិ អនុប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា បាន ឲ្យ​ដឹងថា ការជួបគ្នា​រវាង​លោក​កឹម សុខា និង​សម្តេច​ក្រឡាហោម ស ខេង គឺ​នៅ​មិនទាន់​បានកំណត់​ថ្ងៃ​នៅឡើយ​ទេ​។ ការមិនទាន់កំណត់​ថ្ងៃ ដោយសារ​សម្តេច​ក្រឡាហោម ស ខេង ជាប់រវល់ និង​លោក​កឹម សុខា ចេញទៅ​ពិនិត្យ​សុខភាព​ផ្ទាល់ខ្លួន​នៅ​ប្រទេស​ថៃ​ផង​។​

​លោក​បាន​បញ្ជាក់ថា ការជួបគ្នា​រវាង​ប្រធាន​ក្រុម​មតិ​ភាគតិច និង​មតិ​ភាគច្រើន​នៅក្នុង​សភា សង្ឃឹមថា នឹង​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ​នេ​។ ហើយ​នៅពេលដែល​លោក​កឹម សុខា ត្រឡប់​មកពី​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ​វិញ នឹងធ្វើ​ការទំនាក់ទំនង​គ្នា ដើម្បី​កំណត់​ថ្ងៃ​ជួប​ពិភាក្សាគ្នា​។​

​ការគ្រោង​ជួបគ្នា​នេះ គឺ​បន្ទាប់ពី​លោក​កឹម សុខា និង​សម្តេច​ក្រឡាហោម ស ខេង បាន​ជួបគ្នា​លើកដំបូង​នៅ​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦៕

CEN
ដោយ: មុនីរាជ

No comments: