ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងសៀងហៃ អន្តរាគមន៍ជួយនារីខ្មែររងគ្រោះ៣នាក់ ត្រលប់មកកម្ពុជាវិញ ដោយសុវត្ថិភាព នៅថ្ងៃទី១៨ ខែធ្នូ



(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ដែល មេខ្យល់បោកបញ្ឆោតយកទៅរៀបការជាមួយបុរសជនជាតិចិន ឲ្យបានត្រឡប់មកកម្ពុជាវិញដោយ សុវត្ថិភាព។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ឲ្យដឹងថា នារីទាំង៣នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង២៣៖១៥នាទី តាមជើងយន្តហោះMU759 ។ អំឡុងពេលរង់ចាំមកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានរ៉ាប់រងផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគ ដល់នារីរងគ្រោះទាំង៣នាក់ផងដែរ។

នារីខ្មែររងគ្រោះទាំង៣នាក់រួមមាន ទី១ ឈ្មោះ ឆ.ព អាយុ២៧ឆ្នាំ មកពីខេត្តកំពង់ចាម ទី២ ឈ្មោះ ធ.ម.ល អាយុ១៦ឆ្នាំ មកពីខេត្តកំពង់ចាម និងចុងក្រោយឈ្មោះ ស.ដ.ន អាយុ២៦ឆ្នាំ មកពីខេត្តព្រៃវែង។

ជាមួយគ្នានោះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់សូមមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេខ្យល់ឬជនណាដែលប្រើលាភសក្ការៈ ដើម្បីអូសទាញ បញ្ចុះបញ្ចូល និងបោកបញ្ឆោត ប៉ុនប៉ងយកទៅរៀបការជាមួយជនបរទេស ឬធ្វើការខុសច្បាប់នៅតាមប្រទេសនានា៕



Fresh News

No comments: