
ភ្នំពេញ: រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាជាង៣សែនដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍវិស័យអាទិភាពនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ បានឲ្យដឹងថា ក្រោម គ្រោងការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(ជំនួយគូសាណូណិ) បានយល់ព្រមផ្តល់ថវិកាសរុប៣៣០.២៦៩ដុល្លារ ដល់អង្គភាពចំនួន៤នៅកម្ពុជា សម្រាប់អភិវឌ្ឍន៍វិស័យអាទិភាពនៅតាមសហគមន៍។
សេចក្តីប្រកាស បានរៀបរាប់ថា ថវិកាចំនួន៨២.១៤៥ដុល្លារ សម្រាប់គម្រោងសាងសង់អគារផ្នែក សម្ពព និងជំងឺកុមារនៅមន្ទីរពេទ្យបង្អែកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានមន្ទីរសុខាភិបាលខេត្តជាអ្នកទទួលអនុវត្តន៍។ ថវិកាចំនួន៨២.៥២៤ដុល្លារ ផ្តល់ទៅឲ្យមន្ទីរធនធានទឹក និងឧត្តុនិយិមខេត្តកំពង់ចាម សម្រាប់អនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រវាលស្តៅ។ ថវិកាចំនួន៨៣.០០០ដុល្លារ ផ្តល់ទៅឲ្យមន្ទីរកសិកម្មខេត្តស្ទឹងត្រែង សម្រាប់អនុវត្តគម្រោង សាងសង់មជ្ឈមណ្ឌលសហគមន៍កសិកម្មក្នុងខេត្ត។ ចំណែក ថវិកាចំនួន៨២.៦០០ដុល្លារ ផ្តល់ទៅឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវ ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
កិច្ចសន្យាផ្តល់ជំនួយទាំងនេះ នឹងត្រូវចុះហត្ថលេខាដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គភាពទាំង៤ នៅស្ថានទូតជប៉ុន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment